អានតួអត្ថបទ

ឥណ្ឌូណេស៊ី​ធ្វើ​មហាបាតុកម្ម​ប្រឆាំង​នឹង​ការទទួលស្គាល់​ក្រុង​ហ្ស៊េរុយសាឡិម

ប្រជាពលរដ្ឋ​អ៊ីស្លាម​ឥណ្ឌូណេស៊ី​រាប់​សិប​ពាន់​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ នៅ​ទីក្រុង​ហ្សាការតា នា​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​សម្តែង​ការ​ប្រឆាំង​នឹង​សេចក្តីសម្រេច​របស់​លោក​ដូណាល់ ត្រាំ ទទួល​ស្គាល់​ក្រុង​ហ្ស៊េរុយសាឡិម ជា​រដ្ឋ​ធានី​របស់​អ៊ីស្រាអែល។ ឥណ្ឌូណេស៊ី​ ប្រទេស​កាន់​សាសនា​អ៊ីស្លាម​ដ៏​ធំ​ជាគេ​នៅ​លើ​ពិភពលោក​ គាំទ្រ​និង​មាន​សាមគ្គី​ភាព​បំផុត​ជាមួយ​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន។

ឥណ្ឌូណេស៊ី​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់លោក​ត្រាំ​ទទួល​ស្គាល់​ហ្ស៊េរុយសាឡិម​ជា​រដ្ឋធានី​អ៊ីស្រាអែល
ឥណ្ឌូណេស៊ី​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់លោក​ត្រាំ​ទទួល​ស្គាល់​ហ្ស៊េរុយសាឡិម​ជា​រដ្ឋធានី​អ៊ីស្រាអែល REUTERS/Beawiharta
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​បាតុកម្ម​ដ៏​ធំ​បំផុត​មិន​ធ្លាប់​​មាន​ទេ នៅ​ឥណ្ឌូណេស៊ី គិត​ចាប់​តាំង​ពី​លោក​ ដូណាល់ ត្រាំ បាន​ធ្វើ​សេចក្តី​ប្រកាស​ទទួលស្គាល់​ក្រុង​ហ៊្សេរុយសាឡិម​​ជា​រដ្ឋធានី​អ៊ីស្រាអែល​មក។ ចូល​រួម​ដោយ​​បាតុករ​រាប់​សិប​ពាន់​នាក់ (៨ម៉ឺន​នាក់បើ​តាម​ប៉ូលិស) និង​ក្នុង​ភាព​ស្ងប់​ស្ងាត់​ទេ ប៉ុន្តែ​អាជ្ញាធរ​បាន​ពង្រាយ​កម្លាំង​ប៉ូលិស និងយោធា ជាង​ពីរ​ពាន់​នាក់ ធ្វើ​ជា​រនាំងបាំង​ និង​គៀង​ក្បួន​បាតុកម្ម ​មិន​ឱ្យ​ទៅ​ក្បែរ​ស្ថានទូត​អាមេរិក។

រដ្ឋមន្ត្រី​ក្រសួង​សាសនា និង​អភិបាល​ក្រុង​ហ្សាការតា ក៏​បាន​បង្ហាញ​វត្តមាន​ក្នុង​ហ្វូង​បាតុករ ដែល​ភាគ​ច្រើន​នាំ​គ្នា​ស្លៀក​ពាក់​អាវ​ស ​កាន់​ទង់​ជាតិ​ប៉ាឡេស្ទីន និង​បដា ស្រែក​ទាមទារ​ សន្តិភាព សេរីភាពភាព ឱ្យ​​ប៉ាឡេស្ទីន។ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បាន​សន្យា​ប្រឹង​​ឱ្យ​អស់​ពី​សមត្ថភាព​ជួយ​ប៉ាឡេស្ទីន​ឱ្យ​បាន​ទទួល​សិទ្ធិ​សេរីភាព​និង​ឯករាជភាព។

សេចក្តី​សម្រេច​​របស់​លោក​ដូណាល់​ត្រាំ ទទួល​ស្គាល់ក្រុង​ហ្ស៊េរុយសាឡិម​ជា​រដ្ឋ​ធានី​អ៊ីស្រាអែល បាន​បំផុស​កំហឹង​ប៉ាឡេស្ទីន​ និង​បាតុកម្ម​ក្នុង​ពិភពលោក​​អ្នក​កាន់​សាសនាអ៊ីស្លាម​ស្ទើរ​ពី​គ្រប់​ទិស​ទី ព្រមទាំង​ប្រតិកម្ម​បរិហារ​ថ្កោល​ទោស​ស្ទើរ​ជា​ឯកច្ឆ័ន្ទ​ពី​សហគមន៍​អន្តរជាតិ ក្នុង​នោះ​ក៏​មាន​រូប​លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ម្នាក់​ផង។

ទន្ទឹម​គ្នា​នេះ នៅ​អង្គការ​សហប្រជាជាតិ​វិញ ក្រុមប្រឹក្សា​សន្តិសុខ​កំពុង​ត្រួត​ពិនិត្យ​សំណើ​ សេចក្តីសម្រេច​ ដោយ​គ្រោងនឹង​អនុម័ត​​ច្រាន​ចោល​ចំណាត់ការ​​របស់​ប្រធានាធិបតី​​អាមេរិក​ស្តី​ពី​ការ​ទទួល​ស្គាល់​ក្រុងហ្ស៊េរុយសាឡិម​ នៅ​ថ្ងៃ​ចន្ទ​ខាង​ស្អែក​។ ជា​គម្រោង​សេចក្តី​សម្រេច​ស្នើ​ឡើង​ដោយ​អេហ្ស៊ីប មិត្ត​ជំនិតម្នាក់​ទៀត​របស់​ប៉ាឡេស្ទីន ដើម្បី​រំលឹក​អំពីជំហរ​របស់​សហគមន៍​អន្តរជាតិ​ចំពោះ​​លក្ខន្តិកៈ​នៃ​ក្រុង​ហ្ស៊េរុយសាឡិមផង និង​ដើម្បី​រំលឹក​ថា​សេចក្តី​សម្រេច​ជា​ឯកតោភាគី​ខ្លះ​ជា​ទង្វើ​ខុស​ច្បាប់​ដែល​ត្រូវ​ថយ​វិញ។

គម្រោង​សេចក្តី​សម្រេច​អង្គការ​សហប្រជាជាតិ​នេះ ដែល​មាន​តម្លៃ​ជា​និម្មត្តរូប​​នៃការ​ដាក់​រដ្ឋបាល​អាមេរិក​ឱ្យ​នៅ​ឯកា គ្មាន​សំណាង​ចេញ​រួច​ទេ ព្រោះ​អាមេរិក​របស់​លោក​ត្រាំ​ពិត​ជា​នឹង​ប្រើ​សិទ្ធិ​ប្រឆាំងវេតូជាក់​ជាពុំ​ខាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ