ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/05 12h00 GMT
អាស៊ី

ហ្វីលីពីន ស្លាប់​២៦​នាក់ និង​បាត់ខ្លួន​ជាច្រើន​នាក់​ក្រោយ​ព្យុះ​ត្រូពិក Kai-Tak

media  
ម្តាយ​និង​កូន​ ជាពលរដ្ឋ​ហ្វីលីពីន​រស់​នៅ​លើ​កោះ​សាម៉ារ ដែល​កំពុង​រង​ព្យុះភ្លៀង ALREN BERONIO / AFP

មាន​ស្លាប់​យ៉ាង​ហោច​ណាស់​២៦​នាក់ នៅក្នុង​គ្រោះ​ហូរ​បាក់​ដី បង្ក​ឡើង​ដោយ​ខ្យល់​ព្យុះ​ត្រូពិក កៃតាក់ ដែល​កំពុង​បោកបក់​លើ​ភាគ​កណ្តាល​និង​ភាគ​ខាង​កើត​នៃ​ហ្វីលីពីន តាំង​ពី​ថ្ងៃ​សៅរ៍​មក។ មនុស្ស​២៣​នាក់ផ្សេង​ទៀត កំពុង​បាត់​ខ្លួន។ កាល​ពី​ថ្ងៃ​សៅរ៍​ជា​កិច្ច​ការពារ អាជ្ញាធរ​បាន​ជម្លៀស​ប្រជាពល​រដ្ឋ​​ប្រមាណ​៨៨០០០​នាក់។

​ព្យុះ​សង្ឃរា​​ កៃតាក់ អស់​អំណាច​និង​​បាន​ក្លាយ​​ជាព្យុះ​ភ្លៀង​ត្រូពិក​វិញ នៅ​ថ្ងៃអាទិត្យ​ និង​ពេល​បោកបក់​លើ​ដែន​ដី​គោក​ហ្វីលីពីន។ ប៉ុន្តែយោល​ទៅ​លើ​​កម្លាំង​ខ្យល់ និង​ទឹក​ភ្លៀង​ដ៏​ជោគជាំ​ខ្លាំង រយៈ​ពេល​បី​ថ្ងៃ​បីយប់ បាន​បង្ក​​ឱ្យ​​ផ្ទាំង​ថ្មធំៗ​ប៉ុន​ឡាន​ក៏​​​រលំទាំង​ផ្ទាំងៗ បុក​បំបែក​ផ្ទះ​ថ្ម​ ... នេះ​ជា​ការ​រៀប​រាប់​របស់​អាជ្ញាធរ​ហ្វីលីពីនដែល​​បាន​ព្រមានបន្ថែម​​អំពី​គ្រោះ​ហូរ​បាក់​ដី និង​​ទឹក​ជំនន់នៅ​ថ្ងៃបន្ត​បន្ទាប់។

ព្យុះ​កៃតាក់​លែង​សូវ​កំណាច​មែន ប៉ុន្តែ​រសាត់​ចេញ​យឺតៗ​ ​ជា​ហេតុធ្វើ​សង្កាត់​ខ្លះ នៃ​កោះ​ Samar ​ត្រូវ​ប្រឈម​នឹង​គ្រោះ​ទឹក​ជំនន់​​យ៉ាង​គំហុក​ សង្កាត់​ខ្លះ​ទៀត​​នៃ​កោះ​Leyte ត្រូវ​លង់​លិចអស់​ចំនួន​ជាង​៨០%​​។

បើ​តាម​ភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​ធម្មជាតិ​ ការ​ខូច​ខាត​ជា​សម្ភារៈមាន​ទំហំ​ ចរន្ត​អគ្គីសនី​ត្រូវ​កាត់​ផ្តាច់​ក្នុង​មូល​ដ្ឋាន​ចំនួន​៣៩នៃ​កោះ ស្ពាន ផ្លូវ​ថ្នល់​ ជា​ច្រើន​ត្រូវ​ខូច​ខាត។ អ្នក​ដំណើរ​ជាង​១៥០០​០​នាក់ ដែល​ភាគ​ច្រើន​ជា​អ្នក​កាន់​សាសនា​គ្រឹស្ត ចង់​ទៅ​ជួប​ជុំ​គ្រួសារ​ដើម្បី​បារព្វ​ពិធី​បុណ្យ​ណូអែល​និង​ចូល​ឆ្នាំសកល កំពុង​ជាប់​កុន​ នៅ​កណ្តាល​ទី​អស់​ជា​ច្រើន​ថ្ងៃ​មក​ហើយ ព្រោះ​ចរាចរណ៍ផ្លូវ​ទឹក​ឆ្លង​សាឡាង ត្រូវ​បាន​ផ្អាក និង​កាត់​ផ្តាច់​។

កាន់​តែ​ធ្ងន់​ធ្ងរ​ជាង​នេះ​ទៀត ចំនួន​អ្នក​រងគ្រោះ​ដល់​ស្លាប់ ដោយ​កម្លាំង​ទឹក​ភ្លៀង​ហូរ​ច្រោះ​បាក់​ដី​ ​បាន​កើន​ឡើង​ឥត​ឈប់។ អភិបាល​ខេត្ត​បាន​ជូន​ដំណឹង តាម​កញ្ចក់​ទូរទស្សន៍​ថា​​គិត​មក​ត្រឹម​ល្ងាច​ថ្ងៃអាទិត្យ​នេះ ចំនួន​មនុស្ស​ស្លាប់​បាន​ឡើង​ដល់ ២៦​នាក់ និង​បាត់​ខ្លួន​២៣​នាក់​។

សូម​បញ្ជាក់​ថា កោះ​សាម៉ា Samar និងកោះ​​លៃតេ Leyte របស់​ហ្វីលីពីននេះ ធ្លាប់​ជួប​គ្រោះ​មហន្តរាយ​ដ៏​ធ្ងន់ធ្ងរ​ខ្លាំង​កាលពី​ឆ្នាំ​២០១៣ ដោយ​ព្យុះ​កំណាច ហៃយ៉ាន ដែល​បាន​សម្លាប់​ជីវិត​មនុស្ស​អស់​ជាង ៧៣៥០​នាក់។ ប្រជាជនមួយ​ភាគ​ធំ​មិន​ទាន់​ស្តារ​ជីវភាព​ ​បាន​រួច​ផង។ ​ក្នុង​មួយ​ឆ្នាំៗ ហ្វីលីពីន​ត្រូវ​ព្យុះ​សង្ឃរា​ទីហ្វុង​ប្រមាណ​ជាង​២០៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ