អានតួអត្ថបទ
បង់ក្លាដែស-ភូមា​-រ៉ូហ៊ីងយ៉ា

ការ​​បញ្ជូន​​ជន​​ភៀសខ្លួន​​រ៉ូហ៊ីងយ៉ា​​ទៅ​​​​​ភូមា​​​នឹង​​​ត្រូវ​​​ចាប់​​​ផ្តើម​​​​​ពី​​​ខែ​​​មករា​​​​​​ទៅ​​

រដ្ឋាភិបាល​ប្រទេស​បង់ក្លាដែស​និង​ភូមា​ បាន​បញ្ជាក់​ពី​ឆន្ទៈ​រួម​គ្នា​​កាលពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​​នៅ​លើ​​​ការ​​ចាប់​ផ្តើម​ដឹកបញ្ជូន​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​ដែល​បានភៀសខ្លួន​ចេញ​​ពី​​ភូមា​​ទៅ​ជ្រកកោន​នៅ​បង់ក្លាដែស អោយ​វិល​​ត្រឡប់មកភូមាវិញ​​ចាប់ពីខែមករាខាងមុខនេះទៅ។ ក៏ប៉ុន្តែ​ក្តី​មន្ទិលសង្ស័យ​​ជាច្រើន​នៅ​តែ​បន្ត​ចោទ​ឡើង​​ពាន់ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ​របស់​ជន​ភៀសខ្លួន​​រ៉ូហ៊ីងយ៉ា​​នៅ​ពេលវិល​ចូល​ទៅ​​​ក្នុង​ភូមា​វិញ។

កុមារ​រ៉ូហ៊ីងយ៉ា​ឈរ​នៅ​មុខ​ជម្រក​បណ្តោះ​អាសន្ន​របស់​ពួក​គេ​នៅ​ឯ​ជំរុំ​ជនភៀសខ្លួន​​​មួយ​នៅ​​ក្បែរ​​ប្រទេស​បង់ក្លាដែស​​ថ្ងៃ​ទី ​១៩ ​ខែ​ធ្នូ​​ឆ្នាំ​ ២០១៧​
កុមារ​រ៉ូហ៊ីងយ៉ា​ឈរ​នៅ​មុខ​ជម្រក​បណ្តោះ​អាសន្ន​របស់​ពួក​គេ​នៅ​ឯ​ជំរុំ​ជនភៀសខ្លួន​​​មួយ​នៅ​​ក្បែរ​​ប្រទេស​បង់ក្លាដែស​​ថ្ងៃ​ទី ​១៩ ​ខែ​ធ្នូ​​ឆ្នាំ​ ២០១៧​ REUTERS/Marko Djurica
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រី​ការបរទេសប្រទេស​បង់ក្លាដែស​និង​​​ភូមា បាន​ជួប​ប្រាស្រ័យ​គ្នា​កាលពី​ម្សិលមិញ​នៅ​ទីក្រុង ​Dhaka ​ក្នុង​ប្រទេស​បង់ក្លាដែស​​ ដើម្បី​បញ្ចប់​កិច្ច​ព្រមព្រៀង​ដែល​បាន​ចុះ​ហត្ថលេខា​កាលពី​ថ្ងៃ​ទី​២៣​វិច្ឆិកា​មុន ស្តីពី​ការវិលត្រឡប់​​ដោយ​ស្ម័គ្រចិត្ត​​មកកាន់ភូមា​របស់​ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ប្រមាណ​ជិត​មួយ​លាន​ដែល​សព្វ​ថ្ងៃ​កំពុង​រស់​នៅ​​ក្នុង​ជំរំ​ជនភៀសខ្លួន​ក្នុងប្រទេស​​បង់ក្លាដែស។

រដ្ឋមន្ត្រីការបរទេស​បង់ក្លាដែស បានថ្លែង​ប្រាប់​ដល់​ក្រុម​សាព័ត៌មានដែរ​​ថា “ក្រុម​ការងារ​ថ្មី​មួយ​ដែល​មាន​គោលដៅ​ធានា​ដល់​ការ​ចាប់ផ្តើម​មាតុភូមិនិវត្តន៍ ចាប់ពី​ខែ​មករា​ខាងមុខ​នេះ​ទៅ​ ​នឹងត្រូវ​​រៀបចំឡើង​នូវ​ប្រតិទិន​មួយ​ដើម្បី​បន្ត​ការ​ត្រួតពិនិត្យ​​អត្តសញ្ញាណ​នៃ​ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា​​​ និង​​​ការ​ចាត់ចែងលើ​​ការ​វិលត្រឡប់​របស់​ពួកគេ​មក​កាន់​ភូមា​វិញ។

ក៏ប៉ន្តែ​ទោះបីជា​បង់ក្លាដែស​និង​ភូមា បាន​បង្ហាញ​ពី​​ឆន្ទៈ​របស់ខ្លួន​ដូច​ខាង​លើ​​នេះ​ក្តី ​ក៏​មាន​​​សំណួរ​ជាច្រើន​នៅ​តែ​ចោទ​ឡើង​ជានិច្ច ​ពាក់​ព័ន្ធ ​​ពី​ ​បញ្ហា​​សន្តិសុខ​របស់​ជន​ភៀសខ្លួន​​រ៉ូហ៊ីងយ៉ា​ នៅ​ពេល​ដែលគេ​​ត្រូវ​វិល​ត្រឡប់​ចូល​ទៅ​ក្នុង​​​ប្រទេស​ភូមា​វិញ ។ ដោយ​ហេតុថា​ យោង​តាម ​អង្គការ​ ​គ្រូពេទ្យ​គ្មាន​ព្រំដែន ​ប្រជាជន​ រ៉ូហ៊ីងយ៉ា ជិត ​៧០០០​នាក់​​ត្រូវ​បាន​យោធាភូមា​​កាប់​សម្លាប់ឥតត្រាប្រណី​​នៅ​រវាង​ចុង​ខែ​សីហា​និង​ចុង​ខែ​កញ្ញា​កន្លង​ទៅ​នេះ។ ទន្ទឹមនេះទៀត អ.ស.ប.​ ក៏ធ្លាប់​បាន​​ចោទ​ប្រកាន់​ដែរ​ថា ​​របប​ភូមា ​ធ្វើ​ការ​បោស​សំអាត​ជាតិ​ពិន្ធុ​​។ ក៏​ប៉ុន្តែ រដ្ឋាភិបាល​ភូមា​វិញ តែងតែ​ ​បដិសេធ​ថា គ្មានទេ​​អំពើ​ឃោរឃៅ​ប្រឆាំងទៅ​​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា​ និង​បាន​បរិហារទៅ​លើ​នយោបាយ និង​ភាព​លំអៀង​របស់​អង្គការ​សហប្រជាជាតិ​ ដែលតែងតែ​​ធ្វើការ​​​រិះគន់និង ទិតៀនភូមា​​ជា​រឿយៗ​នៅលើបញ្ហាហិង្សា​នេះ។

ម្យ៉ាងទៀត យោងតាម​របាយការណ៍​មួយ​របស់​អង្គការ​ការពារសិទ្ធមនុស្ស​ឈ្មោះ Human Rights Watch ដោយសំអាង​ទៅ​លើ​រូបភាព​តាម​ផ្កាយរណប ​ក៏​បាន​គូស​បញ្ជាក់ដែរ ​ថា អំពើ​ហិង្សា​នានា​​នៅ​តែ​បន្ត​មាន​នៅ​ក្នុង​ខែ​តុលា​និង​វិច្ឆិកាកន្លង​ទៅនេះ ​​នៅ​ក្នុង​ភូមិ​ចំនួន​ជាង​​៤០​កន្លែង​ របស់​ប្រជាជន​រ៉ូហ៊ីងយ៉ា​ ជាទីដែល​ត្រូវ​បានពួក​​ទ័ព​ភូមា​ធ្វើការ​ដុត​បំផ្លាញ​ចោលអស់​។​

ចំណែក ឯលោក Hussein ស្នងការ​ជាន់​ខ្ពស់​របស់​អ.ស.ប.​ទទួល​បន្ទុក​ខាង​សិទ្ធិ​មនុស្ស វិញ​ក៏​​ បាន​គូស​បញ្ជាក់​កាល​ពី​ថ្ងៃ​ចន្ទដែរ​មុន​ថា" លោក​នៅ​តែ​មាន​ក្តី​មន្ទិល​សង្ស័យ​ខ្លាំង​ណាស់​​ ថា​តើ​​ក្រុម​អ្នក​សង្កេតការណ៍​អន្តរជាតិ​ ​នឹង​អាច​​​​មាន​លទ្ធភាព​ ចូលទៅ​​កាន់​​​​តំបន់​របស់​​​សហគមន៍រ៉ូហ៊ីងយ៉ាដែរឬទេ​ ពីព្រោះកន្លងមក អាជ្ញាធរភូមា​ ពុំ​ដែលបាន​​​បើក​​ការ​អនុញ្ញាត​​អោយក្រុមអ្នកសង្កេតការអន្តរជាតិចូល​ទៅ​ក្នុងតំបន់​កើតហេតុ​នោះ​ឡើយ៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ