អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​រឹតបន្តឹង​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​កូរ៉េខាងជើង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​សុក្រ ទី២២ ធ្នូ ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្តីសម្រេចចិត្ត​មួយ​ដាក់​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​នឹង​កូរ៉េខាងជើង​ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ និង​គ្រាប់មីស៊ីល។ នេះ​ជា​ទណ្ឌកម្ម​លើកទី៣ គិត​តាំង​ពី​ដើម​ឆ្នាំ ២០១៧ នេះ ហើយ​ជា​លើកទី១០ បើ​គិត​តាំង​ពី​ឆ្នាំ ២០០៦ មក។ អ្វី​ជា​ការ​កត់សម្គាល់ នៅ​ក្នុង​ចំណោម​ទណ្ឌកម្ម​ទាំង ១០លើក​អនុម័ត​ដោយ​ក្រុមប្រឹក្សាសន្តិសុខ មាន ៣ចុង​ក្រោយ​ជា​ទណ្ឌកម្ម​ដែល​បាន​ស្នើ​ឡើង​ដោយ​អាមេរិក និង​ដោយ​មាន​ការ​ជជែក​ពិគ្រោះ​យោបល់​គ្នា​ជាមួយ​ប្រទេស​ចិន​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​កូរ៉េខាងជើង។ កូរ៉េខាងជើង​ដែល​នៅ​មិន​ទាន់​មាន​ប្រតិកម្ម​អ្វី​តប​នឹង​ទណ្ឌកម្ម​ចុង​ក្រោយ​នេះ​នៅ​ឡើយ​ទេ។

ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​រឹតបន្តឹង​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​កូរ៉េខាងជើង
ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​រឹតបន្តឹង​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​កូរ៉េខាងជើង REUTERS/Brendan McDermid
ផ្សាយពាណិជ្ជកម្ម

ទណ្ឌកម្ម​ថ្មី​លើកទី១០ ប្រឆាំង​កូរ៉េខាងជើង​អនុម័ត​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​ពេល​នេះ​បាន​សំដៅ​លើ​ផ្នែក​ច្រើន តែ​សំខាន់​មាន​ពីរ ទណ្ឌកម្ម​ទី១ គឺ​សំដៅ​លើ​ពលករ​កូរ៉េខាងជើង​ជា​ច្រើន​ពាន់នាក់​ដែល​កំពុង​ស្នាក់នៅ​ធ្វើ​ការងារ​នៅ​បរទេស ពិសេស​នៅ​ក្នុង​ប្រទេស​ចិន និង​ប្រទេស​រុស្ស៊ី។ ចូរ​កុំ​ភ្លេច​ថា ពលករ​កូរ៉េខាងជើង​នៅ​បរទេស ជា​ប្រភព​ចំណូល​មួយ​យ៉ាង​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ជីវភាព​ក្រុម​គ្រួសារ​របស់​ពួក​គេ​នៅ​ក្នុង​ស្រុក តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ក្រៅ​ពី​ចែក​ប្រាក់ខែ​របស់​ខ្លួន​ទៅ​ឲ្យ​ក្រុម​គ្រួសារ ពលករ​កូរ៉េខាងជើង​ម្នាក់ៗ​ក៏​ត្រូវ​ដក​ប្រាក់ខែ​ខ្លួន​មួយ​ចំណែក​ទៅ​ឲ្យ​រដ្ឋ​ដែរ។

ក្រុមប្រឹក្សា​សន្តិសុខ​យល់​ឃើញ​ថា របប​ក្រុង​ព្យុយ៉ាង​មិន​បាន​យក​លុយ​ប្រមូល​ពី​ពលករ​ខ្លួន​នៅ​បរទេស​ដើម្បី​ជួយ​លើក​ដំកើង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​ទេ តែ​បែរ​ជា​យក​ទៅ​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ និង​ផលិតគ្រាប់មីស៊ីល​ទៅ​វិញ។ សេចក្តីសម្រេចចិត្ត​នៅ​ថ្ងៃ​សុក្រ ទី២២ ធ្នូ​បាន​ហាម​មិន​ឲ្យ​ទទួល​ពលករ​កូរ៉េខាងជើង​ជា​ថ្មី និង​បាន​តម្រូវ​ឲ្យ​មាន​ការ​បញ្ជូន​ពលករ​កូរ៉េខាងជើង​នៅ​បរទេស​ទាំង​អស់​ឲ្យ​ត្រឡប់​ទៅ​កាន់​ស្រុក​កំណើត​វិញ​ចាប់​ពី​ពេល​នេះ​ទៅ​ដល់​ដំណាច់​ឆ្នាំ ២០១៩។ ចំណែក​ទណ្ឌកម្ម​សំខាន់​ទី២ គឺ​សំដៅ​លើ​ការ​ទិញ លក់​ប្រេង​ឥន្ធនៈ​ទៅ​ឲ្យ​របប​ក្រុង​ព្យុងយ៉ាង។

វិធានការ​មួយ​នេះ​ធ្លាប់​បាន​ចែង​នៅ​ក្នុង​ទណ្ឌកម្ម​លើក​មុន​រួច​ហើយ គ្រាន់​តែ​មាន​ការ​រឹតបន្តឹង​បន្ថែម​ទៀត​នៅ​ក្នុង​ទណ្ឌកម្ម​លើក​នេះ។ ការ​លក់​ប្រេងឆៅ និង​ប្រេងចម្រាញ់រួច​ទៅ​ឲ្យ​កូរ៉េខាងជើង​នឹង​ត្រូវ​កាត់​បន្ថយ​ចំនួន ៧៥%។ សេចក្តីសម្រេចចិត្ត​ថ្មី​បាន​កម្រិត​ឲ្យ​មាន​ការ​បញ្ជូន​ប្រេងឆៅ​ទៅ​ឲ្យ​កូរ៉េខាងជើង​ត្រឹម ៤លានបារីល​ក្នុង​១ឆ្នាំ ហើយ​ការ​នាំ​ចូល​ប្រេងចម្រាញ់​រួច​នឹង​ត្រូវ​កម្រិត​ត្រឹម​តែ ៥០០ ០០០បារីល​នៅ​ឆ្នាំ ២០១៨ ទល់​នឹង ២លានបារីល​នា​ពេល​កន្លង​មក។ សេចក្តីសម្រេចចិត្ត​ដដែល​បាន​ព្រមាន​ថា បើ​របប​ក្រុង​ព្យុងយ៉ាង​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ ឬ​បាញ់​គ្រាប់មីស៊ីល​ជា​ថ្មី នោះ​ក្រុមប្រឹក្សាសន្តិសុខ​នឹង​កាត់​បន្ថយ​ថែម​ទៀត​លើ​ការ​នាំ​ចូល​ផលិតផល​ប្រេង​ទៅ​ឲ្យ​កូរ៉េខាងជើង។

ទណ្ឌកម្ម​ជា​គំនាប​ដើម្បី​បង្ខំ​ឲ្យ​កូរ៉េខាងជើង​ត្រឡប់​ចូល​តុ​ចរចា

គិត​តាំង​ពី​ដើម​ឆ្នាំ ២០១៧ នេះ​ជា​ទណ្ឌកម្ម​លើកទី៣ ហើយ​បើ​គិត​តាំង​ពី​ឆ្នាំ ២០០៦ គឺ​ជា​ទណ្ឌកម្ម​លើកទី១០ ដែល​ក្រុមប្រឹក្សាសន្តិសុខ​បាន​ដាក់​លើ​កូរ៉េខាងជើង។ តែ​គេ​សង្កេត​ឃើញ​ជា​ទូទៅ​ថា ទណ្ឌកម្ម​ទាំង​អស់​នោះ​មិន​ត្រឹម​តែ​មិន​បាន​ធ្វើ​ឲ្យ​កូរ៉េខាងជើង​រាងចាល​ទេ តែ​បែរ​ជា​បន្ត​ផ្គើន​សហគមន៍​អន្តរជាតិ​កាន់​តែ​ខ្លាំង​ថែម​ទៀត។ ចូរ​កុំ​ភ្លេច​ថា​រហូត​មក​ដល់​ពេល​នេះ ពោល​តាំង​ពី​កូរ៉េខាងជើង​បាន​យក​នុយក្លេអ៊ែរ និង​គ្រាប់មីស៊ីល​ផ្គើន​សហគមន៍​អន្តរជាតិ​មក ក្រុមប្រឹក្សា​សន្តិសុខ​ហាក់​មាន​ជម្រើស​តែ​ពីរ​គត់ ឬ​មួយ​ថ្កោលទោស និង​ស្វែង​រក​ទណ្ឌកម្ម​ថ្មី​ដាក់​លើ​របប​ក្រុង​ព្យុងយ៉ាង ឬ​មួយ​ក៏​ឈរ​ក្រពាត់ដៃ​មើល​ការ​ផ្គើន​របស់​ក្រុង​ព្យុងយ៉ាង​ដោយ​មិន​បញ្ចេញ​ប្រតិកម្ម​អ្វី​ទាំង​អស់។

ពិត​ណាស់​ថា ទណ្ឌកម្ម​ដាក់​លើ​កូរ៉េខាងជើង​អាច​ធ្វើ​ឡើង​ជា​លក្ខណៈ​ឯកតោ​ភាគី​ពី​ប្រទេស​បស្ចិមលោក​មួយ​ចំនួន ដូច​យ៉ាង​អាមេរិក​ជា​ដើម។ តែ​ការ​ស្វែង​រក​កុងសង់ស៊ុស​រួម​ជា​លក្ខណៈ​អន្តរជាតិ​មិនមែន​ជា​រឿង​ងាយស្រួល​ប៉ុន្មាន​ទេ ពិសេស​ជាមួយ​ប្រទេស​មាន​សិទ្ធិវ៉េតូ​ដូច​យ៉ាង​ចិន និង​រុស្ស៊ី​ដែល​កំពុង​ទទួល​បាន​ប្រយោជន៍​ច្រើន​ពី​កូរ៉េខាងជើង។ នៅ​ក្នុង​សេចក្តី​សម្រេចចិត្ត​លើក​នេះ ចិន និង​រុស្ស៊ី​បាន​បោះឆ្នោត​គាំទ្រ តែ​ចិន​បាន​បញ្ជាក់​ត្រង់ៗ​ថា ទណ្ឌកម្ម​គ្រាន់​ជា​មធ្យោបាយ​មួយ​ដែល​គេ​មិន​អាច​ដោះស្រាយ​ជម្រៅ​នៃ​បញ្ហា​បាន​ទេ។ ចំណែក​ខាង​រុស្ស៊ី​បាន​អះអាង​ថា គ្រប់​ភាគី​មាន​កាតព្វកិច្ច​ជំរុញ​ឲ្យ​មាន​កិច្ចចរចា​ជា​បន្ត​ទៀត។

គេ​អាច​និយាយ​បាន​ថា ទណ្ឌកម្ម​លើកទី១០ និង​ប្រហែល​មិនមែន​ជា​លើក​ចុងក្រោយ​ពេល​នេះ​គ្រាន់​ជា​សារ​មួយ​ថ្មី​បន្ថែម​ទៀត​ដែល​សហគមន៍​អន្តរជាតិ​ចង់​បញ្ជូន​ទៅ​កាន់​មនុស្ស​ខ្លាំង​កូរ៉េខាងជើង​លោក​គីម ជុនអ៊ុន​ប៉ុណ្ណោះ។ សូម្បី​តែ​អាមេរិក​ខ្លួន​ឯង​ដែល​ជា​អ្នក​ផ្តួចផ្តើម​ឲ្យ​មាន​ទណ្ឌកម្ម​លើក​នេះ​ក៏​បាន​ទទួល​ស្គាល់​ចំពោះ​បញ្ហា​នេះ​ដែរ។ ដូច្នេះ​ប្រយោជន៍​ទណ្ឌកម្ម​ជា​ហូរហែ គ្រាន់​ជា​គំនាប​ដើម្បី​បង្ខំ​ឲ្យ​លោក​គីម ជុនអ៊ុន​វិល​ត្រឡប់​ចូល​កាន់​តុចរចា​ជា​ថ្មី​នៅ​ថ្ងៃ​ណា​មួយ​ប៉ុណ្ណោះ។ កូរ៉េខាងជើង​មិនងាយ​នឹង​បោះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ និង​គ្រាប់​មីស៊ីល​ដោយ​ងាយៗ​នោះ​ទេ ព្រោះ​សម្រាប់​លោក​គីម ជុងអ៊ុន នេះ​ជា​ដង្ហើម​នៃ​របប​ខ្លួន និង​ក៏​ជា​ជន្ទល់​ដើម្បី​មាន​ប្រៀប​នៅ​ក្នុង​ការ​ចរចា​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ