ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/05 12h00 GMT
អាស៊ី

គ្រោះអគ្គីភ័យ​សម្លាប់​មនុស្ស​នៅ​ក្នុង​ផ្សារទំនើប​មួយ​ក្នុង​ទីក្រុង​ដាវ៉ាវ​ស្ថិត​ប៉ែក​ខាងត្បូង​ហ្វីលីពីន

media  
គ្រោះអគ្គីភ័យ​សម្លាប់​មនុស្ស​នៅ​ក្នុង​ផ្សារទំនើប​មួយ​ក្នុង​ទីក្រុង​ដាវ៉ាវ​ស្ថិត​ប៉ែក​ខាងត្បូង​ហ្វីលីពីន Reuters

នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ទន្ទឹម​គ្នា​នឹង​ខ្យល់ព្យុះសង្ឃរា​សម្លាប់​មនុស្ស​ជាង ២០០នាក់ និង​បន្សល់​ទុក​ជនភៀសខ្លួន​ជា​ច្រើន​ម៉ឺននាក់​នៅ​តំបន់​ប៉ែកខាងជើង គ្រោះ​អគ្គីភ័យ​មួយ​បាន​ឆាបឆេះ​នៅ​ក្នុង​ផ្សរទំនើប​នៃ​ទីក្រុង​ដាវ៉ាវ​ស្ថិត​ប៉ែក​ខាង​ជើង​ប្រទេស​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៣៧នាក់ និង​របួស​ជា​ច្រើន​នាក់​ផ្សេង​ទៀត។ លោក​ប្រធានាធិបតី​ហ្វីលីពីន​ឌុយទែរតេ​ដែល​មាន​ដើមកំណើត និង​ធ្លាប់​ធ្វើ​ជា​ចៅហ្វាយ​ក្រុង​អស់​ជា​ច្រើន​ទសវត្ស​រ៍បាន​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​រងគ្រោះ​នា​យប់​ថ្ងៃ​សៅរ៍​ឆ្លង​ចូល​ថ្ងៃ​អាទិត្យ ទី២៤ ធ្នូ​ដើម្បី​ពិនិត្យ​ស្ថានការណ៍ និង​សួរ​សុខទុក្ខ​ជនរងគ្រោះ។

ទីក្រុង​ដាវ៉ាវ​ដែល​មាន​ចម្ងាយ​ប្រមាណ​ជា ១ ០០០គីឡូម៉ែត្រ​ស្ថិត​លើ​កោះ​មីនដាណាវ គឺ​ជា​ទីក្រុង​ដ៏​ធំ​ជាង​គេ​របស់​ហ្វីលីពីន​នៅ​ប៉ែក​ខាងត្បូង​ដែល​មាន​ពលរដ្ឋ​រស់នៅ​ប្រមាណ​ជា ១លាន ៥សែន​នាក់។ ថ្លែង​នៅ​ចំពោះ​ជនរងគ្រោះ លោក​ឌុយទែរតេ​បាន​បញ្ជាក់​ពី​ក្តី​អស់​សង្ឃឹម​ក្នុង​ការ​រក​ឃើញ​អ្នក​រស់រាន​មាន​ជីវិត​ពី​គ្រោះ​អគ្គីភ័យ​ដែល​បាន​ឆាបឆេះ​នៅ​ក្នុង​ផ្សារទំនើប​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី២៣ ធ្នូ​នៅ​ជាន់ទី៤ ដែល​ជា​ជាន់​ចុង​ក្រោយ។ ចៅក្រុង​ដាវ៉ាវ​លោកស្រី​សារ៉ា ឌុយទែរតេ​ដែល​ជា​កូនស្រី​លោក​ឌុយទែរតេ​បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី២៤ ធ្នូ​នេះ​ថា ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​បាន​ទាញ​យក​សាកសព​បណ្តើរៗ និង​ថា គ្រោះ​អគ្គីភ័យ​បាន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ក្រុម​អ្នក​ពន្លត់​ភ្លើង​ពិបាក​នឹង​ចូល​ទៅ​ខាង​ក្នុង​ដើម្បី​ពិនិត្យ​មើល​ឲ្យ​បាន​ច្បាស់លាស់​ដើម្បី​ចង់​ដឹង​ពី​ចំនួន​មនុស្ស​ដែល​ជាប់​កុន​ស្លាប់​ក្នុង​អណ្តាតភ្លើង ពិសេស​ចង់​ដឹង​ថា​តើ​អាច​នៅ​សល់​អ្នក​រស់រាន​មាន​ជីវិត​ឬ​អត់។ លោក​ប៉ាវឡូ ឌុយទែរតេ ចៅហ្វាយក្រុងរង និង​ជា​កូនប្រុស​ម្នាក់​របស់​លោក​ឌុយទែរតេ​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម Facebook ថា អាច​មាន​មនុស្ស​ស្លាប់​ចំនួន ៣៧នាក់​នៅ​ក្នុង​គ្រោះអគ្គីភ័យ​នោះ។ ខណៈ​នេះ គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ពិត​នៃ​ការ​ឆាបឆេះ​នោះ​នៅ​ឡើយ​ទេ តែ​អ្នក​ទទួល​ខុសត្រូវ​ម្នាក់​នៃ​ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​បាន​អះអាង​ថា អណ្តាតភ្លើង​អាច​ផ្តើម​ចេញ​ពី​ជាន់ទី៣ ដែល​សម្បូរ​ផលិតផល​វាយភ័ណ្ឌ គ្រឿងសង្ហារឹម​ធ្វើ​ពី​ឈើ និង​ផលិផល​ប្លាស្ទិក។

សាក្សី​ម្នាក់​ដែល​ជា​បុគ្គលិក​នៅ​ក្នុង​ផ្សារទំនើប​នោះ​បាន​និយាយ​ប្រាប់​ប៉ូលិស​ថា ផ្សារទំនើប​បាន​សង់ឡើង​បិទ​ជិត​ដោយ​គ្មាន​បង្អួច និង​គ្មាន​បំពាក់​ដោយ​ប្រព័ន្ធ​ខ្យល់​ចេញ ចូល​ទេ ហើយ​នៅ​ពេល​ដែល​ក្រុម​អ្នក​ពន្លត់​ភ្លើង​ព្យាយាម​ចូល​ទៅ​ខាង​ក្នុង ពួក​គេ​ត្រូវ​បាន​រុញ​ច្រាន​ដោយ​អណ្តាតភ្លើង និង​ផ្សែង​យ៉ាង​ក្រាស់ខ្មឹក។ នៅ​ហ្វីលីពីន គ្រោះ​អគ្គីភ័យ​ស្រដៀង​គ្នា​នេះ​ឧស្សាហ៍​កើត​មាន​ញឹកញាប់​ណាស់។ ក្នុង​ឆ្នាំ ១៩៩៦ ភ្លើងឆាបឆេះ​ក្នុង​រង្គសាល​មួយ​នៅ​ទីក្រុង​ម៉ានីល​បាន​ផ្តាច់​ជីវិត​មនុស្ស ១៦២នាក់។ ក្នុង​ឆ្នាំ ២០១៥ មាន​មនុស្ស​ស្លាប់ ៧២នាក់​នៅ​ក្នុង​គ្រោះ​អគ្គីភ័យ​នៅ​ក្នុង​រោងចក្រ​ផលិត​ស្បែកជើង​មួយ​ក្នុង​ទីក្រុង​ម៉ានីល៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ