ហ្វីលីពីនបើកការស៊ើបអង្កេតគ្រោះអគ្គិភ័យផ្សារទំនើបក្រុង Davao
អាជ្ញាធរហ្វីលីពីនបានប្រកាសថា បានរាប់ឃើញសាកសពមនុស្សសរុប៣៧នាក់ ដែលបានស្លាប់ក្នុងគ្រោះអគ្គិភ័យនៅផ្សារទំនើប រឺក៏ហៅថា អគារពាណិជ្ជកម្ម កាលពីថ្ងៃសៅរ៍ នៅក្រុងDavao នៅភាគខាងត្បូងប្រទេស។ អាជ្ញាធរបានរកឃើញសាកសពទី៣៧ នៅថ្ងៃអាទិត្យកន្លងទៅ ហើយថ្ងៃចន្ទនេះ អាជ្ញាធរបានប្រកាសបើកការស៊ើបអង្កេត ដើម្បីដាក់ទោសក្រុមជនបង្កហេតុ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អាជ្ញាធរហ្វីលីពីនកំពុងមមាញឹកការងារទាំងត្រូវដោះស្រាយមហន្តរាយបង្កឡើងដោយព្យុះសង្ឃរា Tembin ទាំងត្រូវបើកការស៊ើបអង្កេតលើគ្រោះអគ្គិភ័យសម្លាប់មនុស្ស នៅភាគខាងត្បូងប្រទេស។ អគ្គិភ័យនេះ កើតឡើងកាលពី ថ្ងៃសៅរ៍ នៅផ្សារទំនើបនៅក្រុង Davao រាលដាលដល់កន្លែងក្រុមហ៊ុនផ្នែកសិក្សាទីផ្សារ SSI របស់អាមេរិក។ ល្ងាចថ្ងៃអាទិត្យ កន្លងមក ក្រុមហ៊ុនបានប្រកាសថា បុគ្គលិក៣៧នាក់ ក្នុងចំណោមបុគ្គលិក៥០០នាក់របស់ក្រុមហ៊ុន រងគ្រោះក្នុងអគ្គិភ័យ នៅផ្នែកខាងជាន់លើជាងគេបង្អស់នៃផ្សារទំនើប។
មជ្ឈមណ្ឌលពាណិជ្ជកម្មរឺក៏ផ្សារទំនើបមួយនេះ ទំនងជាគ្មានច្រកចេញបន្ទាន់ ករណីមានគ្រោះកើតឡើងទេ។ រឺក៏អាចថា ច្រកចេញត្រូវបានរាំងស្ទះ។ ប៉ុន្តែ ខាងផ្នែកពន្លត់អគ្គិភ័យគូសបញ្ជាក់ថា អាជ្ញាធរគួរតែរកមូលហេតុអោយបានច្បាស់។ បើតាមក្រុមពន្លត់អគ្គិភ័យ មជ្ឈមណ្ឌលពាណិជ្ជកម្មមួយនេះ បិទជិត ហើយគ្មានប្រព័ន្ធខ្យល់ចេញចូលទេ។ ខាងផ្នែកទំនាក់ទំនងសាធារណៈរបស់អគារពាណិជ្ជកម្ម បានចេញមុខបដិសេធការចោទប្រកាន់ ដោយលើកឡើងថា បើយោងតាមមនុស្សដែលគេចចេញពីភ្លើងឆេះ កាលពីថ្ងៃសៅរ៍នោះ អគារនេះមានច្រកចេញ។ ខាងតុលាការហ្វីលីពីនលើកឡើងថា ការដាក់ទោសក្រុមជនបង្កហេតុការណ៍នេះ គឺជាគំរូដើម្បីកុំអោយមានគ្រោះដូច្នេះ កើតឡើងលើកក្រោយទៀត។
នៅតាមតំបន់សំណង់អាណាធិបតេយ្យ នៅហ្វីលីពីន គ្មានការអនុវត្តបទបញ្ជាការពារគ្រោះអគ្គិភ័យទេ។ ដូច្នេះ ងាយនឹងមានអគ្គិភ័យកើតឡើង។ អគ្គិភ័យសម្លាប់មនុស្សច្រើនជាងគេ គឺកើតឡើងនៅឆ្នាំ១៩៩៦ នៅក្លឹបរាត្រីមួយកន្លែង ក្នុងទីក្រុងម៉ានីល ធ្វើអោយមនុស្សស្លាប់១៦២នាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ