អានតួអត្ថបទ
វៀតណាម

វៀតណាម​ដាក់​ក្រុម​អធិការ​ដើម្បី​ពង្រឹង​ការ​ត្រួតពិនិត្យ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធ័រនែត​

អង្គការ​​​ការពារ​​សិទ្ធ​មនុស្ស ​Human Rights Watch   បាន​​វាយ​តម្លៃ​​ថា​“របប​កុម្មុយនិស្ត​វៀតណាម បាន​​ដាក់​​ក្រុម​អធិការ​​ខាង​​ប្រព័ន្ធ​អ៊ីនធ័រនែត​​ចំនួន​​ជាង​​ ១០ ០០០​​នាក់​​ដើម្បី​​ប្រយុទ្ធ​​ប្រឆាំង​ទល់​នឹង​​ក្រុម​អ្នក​ប្រឆាំង​នឹង​របប​កុម្មុយនិស្ត​វៀតណាម នៅ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត។ នយោបាយ​ត្រួតពិនិត្យ​ប្រព័ន្ធ​អ៊ីនធ័រនែត​​នេះ គឺ​ពិត​ជា​ការ​បំបិទ​សិទ្ធ​សេរីភាព​យ៉ាង​ពេញ​ធំហឹង​​នៅ​ក្នុង​ការ​បញ្ចេញ​​មតិ​នៅក្នុងប្រទេសកុម្មុយនិស្តនេះ។​

វៀតណាម​ដាក់​ក្រុម​អធិការ​ដើម្បី​ពង្រឹង​ការ​ត្រួតពិនិត្យ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធ័រនែត​
វៀតណាម​ដាក់​ក្រុម​អធិការ​ដើម្បី​ពង្រឹង​ការ​ត្រួតពិនិត្យ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធ័រនែត​ REUTERS
ផ្សាយពាណិជ្ជកម្ម

អង្គភាពអធិការថ្មី​នេះ​ដែល​ទទួល​បន្ទុក​ខាង​ត្រួតពិនិត្យ​ប្រព័ន្ធ​អ៊ីនធ័រនែត​​ដែល​​គេ​​ដាក់​​ឈ្មោះ​អោយ​ថា « Force 47 ឬ​​​ "កម្លាំង​លេខ​៤៧ » ​មាន​តួនាទីធ្វើការ​តាម​ដាន​​​​រាល់​ការបញ្ចេញ​មតិ​នានា​ដែលមាននិន្នាការ​​ប្រឆាំង​នឹង​របប​កុម្មុយនិស្ត​-នេះ​បើ​យោង​តាម​ការ​ពន្យល់​របស់​ឧត្តមសេនីយ​វៀតណាម​មួយ​រូប​ដែល​ដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយ​ផ្លូវការវៀតណាម។​

ក៏ប៉ុន្តែ យោងតាម ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP វិញ គេ​ពុំ​មាន​ព័តមានអ្វីជា​​លំអិតទេ​​ស្តីពី​​ក្រុមអធិការ​ខាង​ត្រួតពិនិត្យ​អ៊ីនធ័រនែត​នេះ ពីព្រោះ ​រដ្ឋាភិបាល​​វៀតណាម បាន​បដិសេធ​ពុំ​ធ្វើ​អត្ថាធិប្បាយ​អ្វីទាំងអស់ទាក់ទងនឹងព័ត៌មាននេះ​។

បើយោង​តាម​លោក Phil Robertson អ្នកទទួលបន្ទុក​នៃអង្គការ​ការពារសិទ្ធមនុស្ស​ Human Rights watch វិញ ការ​ដាក់​ពង្រាយ​ក្រុម​អធិការ​​ត្រួតពិនិត្យ​​ប្រព័ន្ធ​អ៊ីនធ័រនែត​នៅ​​​វៀតណាម​នេះ គឺ​​ជា​នយោបាយ​​ថ្មីមួយ​​​​គួរ​ឲ្យ​ស្លុត​ចិត្ត​​ ​នៅ​​​ក្នុង​ការ​វាយ​បង្រ្កាប​អ្នកប្រឆាំងនៅ​ក្នុងប្រទេស។​

គួររំលឹកថា​ ​ប្រព័ន្ធ​អ៊ីនធ័រនែត និង​ជាអាទិ៍​ប្រព័ន្ធ​សង្គម ដែល​ពុំ​មាន​ការ​ហាម​ឃាត់នោះ​​ផ្ទុយពី​ប្រទេស​ចិន​ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ធ្វើការ​តាមដាន​ជា​យូ​ពេល​រួច​មក​ហើយដែរ​​​ ហើយ របប​វៀតណាម ក៏​​មិនដែល​ ​រួញរា​ឡើយ នៅ​​ក្នុង​ការ​តាម​ចាប់ ​អ្នក​រិះគន់​ខ្លួន ​​យកទៅ​ដាក់​នៅ​ក្នុង​ពន្ធនាគារ​​ជារឿយៗ។

ចំណែក​លោក ​Shawn Crispin ​ដែល​ជា​អ្នក​តំណាង​របស់​គណៈកម្មាធិការ​ដើម្បី​​ការពារ​សិទ្ធិសេរីភាព​អ្នកសាព័ត៌មាន​នៅ​​តំបន់​អាស៊ីភាគ​អាគ្នេយ៍វិញ ​បាន​​គូស​បញ្ជាក់​ដែរ​ថា​”នយោបាយ​​​ថ្មី​​របស់​​របប​វៀតណាម​នេះ ​ក៏គ្រាន់តែ​​ជា​ផ្នែកចុង​ក្រោយ​នៃ​យុទ្ធនាការ​មួយរបស់ខ្លួន ដែល​មាន​គោលដៅធ្វើការ​​រិត​បន្តឹង​​ដល់​កម្រឹតនៅ​​លើ​សិទ្ធិ​សេរីភាព​តាម​​ប្រព័ន្ធអ៊ីន​ធឺនែត"​។

រីឯ អង្គការ ​Freedom House វិញ ដែល​ជា​អង្គការ​​ខាង​​ត្រួតពិនិត្យ​​ប្រព័ន្ធ​អ៊ីនធ័រនែត ​ បានគូសបញ្ចាក់​អោយដឹង​ដែរថា  “អ៊ីនធ័រនែតនៅ​វៀតណាម​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ពុំ​មាន​សេរីភាព​ទេ ដោយ​​​ដាក់​ចំណាត់​ថ្នាក់​ប្រទេស​វៀតណាមឲ្យស្ថិត​នៅក្រោយប្រទេសចិន​​​នៅ​ក្នុង​តំបន់អាស៊ី៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ