ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/08 12h00 GMT

ទណ្ឌកម្មលើកូរ៉េខាងជើង ៖ កូរ៉េខាងត្បូង ចាប់​នាវា​ដឹក​ប្រេង​ចិន

ទណ្ឌកម្មលើកូរ៉េខាងជើង ៖ កូរ៉េខាងត្បូង ចាប់​នាវា​ដឹក​ប្រេង​ចិន
 
នាវា Lighthouse Winmoreរបស់​ហុងកុង​ដែល​កូរ៉េខាងត្បូង​ឃាត់ចាប់ AFP

កូរ៉េខាង​ត្បូង​ទើប​បាន​ជូន​ដំណឹង​នៅ​ថ្ងៃ​សៅរ៍​នេះ អំពី​ការ​ចាប់​​បាន​នាវា​ដឹកប្រេង​ហុងកុង​មួយ​គ្រឿង ដែល​ទំនង​ជា​កំពុង​ប្រព្រឹត្ត​សកម្មភាព​រំលោភ​សេចក្តី​សម្រេច​អង្គការ​សហប្រជាជាតិ រកស៊ី​លក់​ប្រេង​ឱ្យ​កូរ៉េខាងជើង។ ហើយ​ក្នុង​ពេល​ជា​មួយ​គ្នា​នេះ​ដែរ ប្រភព​ព័ត៌មាន​មក​ពី​ខាង​អឺរ៉ុប បាន​ទម្លាយ​ឱ្យ​ដឹង​ថាមាន​ការ​ផ្តោះប្តូរ​លក់​ប្រេង​រុស្ស៊ីទៅ​ឱ្យ​កូរ៉េខាងជើង នៅ​កណ្តាល​សមុទ្ទ។

នាវា​ហុងកុង​នោះ ត្រូវ​បាន​​កូរ៉េខាងត្បូង​ ​ឃាត់​ចាប់​ តាំង​ពី​ថ្ងៃទី ២៤​ វិច្ឆិកា មក​ម្ល៉េះ ប៉ុន្តែ​សេអូល ទើប​ប្រកាស​ជូន​ដំណឹង​នៅ​ថ្ងៃ​សៅរ៍​នេះ​ទេ។ មាន​ឈ្មោះ​ថា Lighthouse Winmore នាវា មាន​ផ្ទុក​ប្រេង​ដល់​ទៅ​៦០០តោន ​ យក​ទៅ​​លក់ឱ្យ​កូរ៉េខាងជើង​ តាម​រយៈ​ការ​ផ្ទេរ​ប្រេង​ពី​នាវា​មួយ​ទៅ​មួយ ក្នុង​ដែន​ទឹក​អន្តរជាតិ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ឆ្នេរឡើយ។

នៅ​ក្នុង​នាវា​គេ​សង្កេត​ឃើញ​មាន​អ្នក​ធ្វើ​ការ​​ចំនួន​២៥​នាក់ ក្នុង​នោះ​២៣​នាក់​ជា​ជនជាតិ​ចិន ២​នាក់​ជា​ភូមា។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​​អ្នក​ទទួល​ខុស​ត្រូវ​កូរ៉េខាង​ត្បូង នៅ​កំពង់​ផែ Yeosu ដែល​បដិសេធ​មិន​លម្អិត​ទេ ថា​តើ​ជនជាតិចិន​២៣​នាក់​នោះ​ជា ចិន​មក​ពី​ចិនដីគោក ឬ​ចិន​ហុងកុង។

ក្រុម​អធិការកិច្ចគយ​​កូរ៉េខាង​ត្បូង បាន​សួរ​ចម្លើយ ព្រមទាំង​ឃាត់​ខ្លួន​​អ្នក​ធ្វើការ​ក្នុង​នាវា​ទាំង​អស់​ និង​ចុះ​ទៅ​ត្រួត​ពិនិត្យ​ដល់​ក្នុង​នាវា​​តែម្តង។ ​នាវា​នេះ បាន​ដឹកប្រេង​ចេញ​ជប៉ុន​ សំដៅ​ទៅ​លក់​ឱ្យ​តៃ​វ៉ាន់​ទេ ប៉ុន្តែ​ទាំង​នេះ មាន​តែ​លើក្រដាស​ទេ ! ពេល​ចេញ​ដល់​ពាក់​កណ្តាល​ផ្លូវ Lighthouse Winmore ក៏​ផ្ទេរ​ប្រេងឱ្យ​នាវា​កូរ៉េខាង​ជើង ហើយ​បក​ចូលមក​ផែ​កូរ៉េខាង​ត្បូង ទើប​ត្រូវ​អាជ្ញាធរ​រឹបអូស​ទុក​អង្កេត​សិន​​។

​​របាយការណ៍​របស់​​​សារព័ត៌មាន បាន​សង្កត់​ធ្ងន់​បន្ថែម​ទៀត​ថា បើ​តាមផ្កាយ​រណប​ចារកិច្ច​អាមេរិក​ ទង្វើ​ផ្ទេរ​ប្រេង​កណ្តាល​សមុទ្ទ​មាន​ដល់​ប្រមាណ​៣០​ដង​គិត​ចាប់​តាំង​ពី​ខែ​តុលាមក។ ​ក្រសួងការបរទេស​កូរ៉េខាងត្បូង បាន​អះអាង​ថា​នឹង​បញ្ជូន​លទ្ធផល​អង្កេត​ ​ទៅ​ឱ្យ​គណៈកម្មាធិការ​អង្កេត​​​​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ដាក់​ទណ្ឌកម្ម​។

ភស្តុតាង​ដាក់បន្ទុក​​ចិន​​?

ចិន​​បដិសេធ​ ! ថា​ពុំ​ដែល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ណា ឬ​បុគ្គលណា​រកស៊ី​ជាមួយ​កូរ៉េខាង​ជើង រំលោភ​ទណ្ឌកម្ម​អង្គការ​ប្រជាជាតិ។ តាម​រយៈ​អ្នក​នាំពាក្យ​ក្រសួងការបរទេស ប៉េកាំង ​បាន​បន្ទោស​សហរដ្ឋ​អាមេរិក និង​លោក​ត្រាំ ថា​ពាក្យ​ចោទ​ប្រកាន់​មក​លើ​ចិន​ មិន​ត្រូវ​គ្នានឹង​​​រឿង​ហេតុចាប់​នាវា​នេះ​ទេ។

​ចិន​អាច​មាន​លទ្ធភាព​ដោះសារ​បាន ព្រោះ​​ថា នាវា​ Lighthouse Winmore ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ក្រុមហ៊ុន​នៅ​​ហុងកុង និង​មាន​ម្ចាស់​ពីរ​នាក់ ជា​ចិន​រស់​នៅ​ក្រុង​កង់តុង ភាគ​ខាង​ត្បូង​ប្រទេស​ចិន​មែន ប៉ុន្តែ​នាវា​នេះ​ត្រូវបាន​​ជួល​ផ្តាច់​ទៅ​ឱ្យ​តៃវ៉ាន់រកស៊ី។ នាវា​នេះលែង​​បង្ហាញ​វត្តមានសោះ​នៅតាម​កំពង់ផែ​ចិន (ចិនដីគោក) តាំង​ពី​ខែ​សីហាមក​។

​នាវា​ Lighithouse Winmore ជានាវា​មួយ​ក្នុង​ចំណោម​នាវា​១០​ដែល​អាមេរិក​បាន​ស្នើ​អង្គការ​សហប្រជាជាតិ ឱ្យ​​ដាក់បញ្ជូល​ក្នុង​បញ្ជី​ខ្មៅ​ជាប់​​ទណ្ឌកម្ម​។ ប៉ុន្តែ​នៅ​ទី​បំផុត អង្គការ​សហប្រជាជាតិ​បាន​បញ្ជូន​តែ​នាវា​បួន​គ្រឿង​ប៉ុណ្ណោះ ក្នុង​បញ្ជី​ខ្មៅ ក្នុង​បី​ជារបស់​កូរ៉េខាង​ជើង និង​មួយ​គ្រឿង​ជា​របស់ Palau ដែល​ជាប់​ចោទ​ថា​បាន​ដឹកទំនិញ​ទៅ​ឱ្យ​របប​ព្យុងយ៉ាង។

បណ្តាញ​រក​ស៊ី​ខុស​ច្បាប់រុស្ស៊ី

ប្រភព​ព័ត៌មាន​អឺរ៉ុប​ពីរ​ដាច់​ដោយ​ឡែក​ពីគ្នា បាន​បញ្ជាក់​ថា ពិត​ជា​មាន​ការ​ផ្ទេរ​ផលិតផល​ប្រេងគីមី​រុស្ស៊ី​ទៅ​ឱ្យ​កូរ៉េខាង​ជើង​ រំលោភ​បំពាន​ទណ្ឌកម្ម​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​មែន​​ ប៉ុន្តែ​គ្មាន​ប្រភព​ណា​មួយ​ អាច​បង្ហាញ​ភស្តុតាង​បាន​ទេ។ ​ប្រភពព័ត៌មាន​ទីមួយ ​​បានអះអាងថា​ នាវា​រុស្ស៊ី​លក់​ប្រេង​ទៅ​កូរ៉េខាង​ជើង ដោយ​បណ្តាញ​រក​ស៊ីខុស​ច្បាប់។ ឯ​ចំណែក​ប្រភព​ព័ត៌មាន​មួយ​ទៀត ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដូច​គ្នា បាន​អះអាង​បន្ថែម​ថា​គ្មាន​សញ្ញា​ណា​មួយ​អាច​បញ្ជាក់​ពី​ការ​លូក​ដៃ​របស់​រដ្ឋាភិបាលម៉ូស្គូ ក្នុង​ជំនួញ​ការ​លក់​ដូរ​ប្រេង​រុស្ស៊ី​ទៅ​ឱ្យ​របប​ព្យុងយ៉ាងទេ ក៏​ប៉ុន្តែ​បណ្តាញ​នាវា​ប្រេង​រុស្ស៊ីខុស​ច្បាប់​នេះ បាន​ជួយ​ស្រោចស្រង់​កូរ៉េខាង​ជើងពីទណ្ឌកម្ម​បាន​ច្រើន​មែនទែន។​

ប្រភព​ព័ត៌មាន​អឺរ៉ុប​ទាំង​ពីរ អាចផ្តល់​សេចក្តី​​សន្និដ្ឋាន ដោយ​យោង​លើ​ព័ត៌មាន​ផ្តល់​ដោយ​ភ្នាក់ងារ​ចារកិច្ចយោធា និង​រូបភាព​ផ្កាយ​រណប។

ក្រសួងការបរទេស និង​ភ្នាក់ងារ​គយ​​រុស្ស៊ី បាន​បដិសេធ​មិន​បញ្ចេញ​ប្រតិកម្ម​អ្វី​ទាំង​អស់។ ឯ​ចំណែក​ម្ចាស់​នាវា​ដែល​ជាប់​សង្ស័យ​ថា​ជា​បណ្តាញ​រកស៊ី​ខុស​ច្បាប់​ បាន​ច្រាន​ចោល​រាល់​ពាក្យ​ចោទ​ប្រកាន់​ទាំង​អស់​នោះ។

​មាន​ន័យ​ថា​ពេល​នេះ ថ្វីបើ​ជាប់​ទណ្ឌកម្ម​ពី​ក្រុមប្រឹក្សា​សន្តិសុខ​ក្តី ក៏​កូរ៉េខាង​ជើង អាច​ត្រដរ​រស់​បាន ដោយ​សារ​តែ​បណ្តាញ​ខុស​ច្បាប់ ជួយ​ផ្គត់ផ្គង់ប្រេង​ដែល​ជា​ប្រភព​ថាមពល​ដ៏​ចាំបាច់ សម្រាប់​សេដ្ឋកិច្ច​​ក៏​ដូច​ជា​ការ​អភិវឌ្ឍន៍​កម្មវិធីនុយ​ក្លេអ៊ែរ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    អង្គការ​​សហប្រជាជាតិ​​បញ្ចូល​​​នាវា​​កូរ៉េខាងជើង​​៤គ្រឿង​​ក្នុង​​បញ្ជី​ខ្មៅ

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    រដ្ឋមន្ត្រី​ការទូត​អាមេរិក ​និង​រុស្ស៊ី ​និយាយ​គ្នា​ថា​ដល់​ពេល​ដែល​ត្រូវ​រក​វិធី​ចរចា ជាមួយ​កូរ៉េខាងជើង​

    ស្វែងយល់បន្ថែម

  • កូរ៉េខាងជើង

    កូរ៉េខាងជើង​បាន​ចាត់​ទុក​ទណ្ឌកម្មថ្មី​របស់​ក្រុមប្រឹក្សាសន្តិសុខ​ថា​ជា​ទង្វើ​សង្រ្គាម

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​រឹតបន្តឹង​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​កូរ៉េខាងជើង

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ