អានតួអត្ថបទ

អាហ្វហ្កានីស្ថាន​ឆ្លង​ឆ្នាំ​សកល​ជាមួយ​នឹង​ភេរវកម្មអត្តឃាត​ ​ស្លាប់ជនស៊ីវិល​​១៨នាក់

ក្នុង​ខណៈ​ដែល​ពិភពលោក​កំពុង​អបអរ​សាទរ​បុណ្យ​ឆ្លង​ឆ្នាំចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី ២០១៨ អាហ្វហ្កានីស្ថាន បន្ត​រងគ្រោះ​ក្នុង​ទង្វើ​ភេរវកម្ម​បង្ហូរ​ឈាម​​មួយ​ថ្មី​ទៀត​នៅ​ថ្ងៃអាទិត្យ​ទី ៣១​ធ្នូ។ ​​ផ្ទុះ​ឡើង​នៅចំ​ពិធី​បុណ្យ​សព​មួយ ភេរវកម្ម​ដែល​ពុំ​ទាន់​មាន​ក្រុម​ណា​ចេញ​មុខ​ទទួល​ធ្វើ​ បាន​សម្លាប់​ជីវិតមនុស្ស​អស់​យ៉ាង​ហោច​១៨​នាក់ និង​របួស​១៣​នាក់។

ប៉ូលិស​អាហ្វហ្កានិស្ថាន​កំពុង​ពិនិត្យ​កន្លែង​រង​ភេរវកម្ម​អត្តឃាត​បំផ្ទុះម៉ូូតូ
ប៉ូលិស​អាហ្វហ្កានិស្ថាន​កំពុង​ពិនិត្យ​កន្លែង​រង​ភេរវកម្ម​អត្តឃាត​បំផ្ទុះម៉ូូតូ © Reuters
ផ្សាយពាណិជ្ជកម្ម

ភេរវកម្ម​បាន​ផ្ទុះ​ឡើង​ក្នុងពេល​មាន​ពិធី​បុណ្យ​បញ្ចុះ​សព​មួយ​ នៅ​ភាគ​ខាង​កើត​ប្រទេស។ ជា​ការ​វាយប្រហារ​ដោយ​អត្តឃាតជន នេះ​បើ​តាម​ការសេចក្តី​ជូន​ដំណឹង​ដំបូង​របស់​​​អាជ្ញាធរ​​​មុន​នឹង​គូស​បញ្ជាក់​ជា​ថ្មី​ថា​ជា​ការ​វាយប្រហារ​ដោយ​បំផ្ទុះ​ម៉ូតូ។ ចំណែក​ចំនួន​ជន​រង​គ្រោះ​ស្លាប់​ក៏​បាន​កើន​ឡើង​រហូត​ដែរ។ ជា​ការ​វាយប្រហារ​ភេរវកម្ម​ដ៏​ធ្ងន់ធ្ងរ​បំផុត​មួយ សម្រាប់​ថ្ងៃ​បុណ្យ​ដំណាច់​ឆ្នាំ​សកល បើ​យោល​ទៅ​តាម​រូប​ភាព​ សណ្ឋាន​និង​ទិដ្ឋភាព​នៅ​កន្លែង​កើត​ហេតុ។

គ្មាន​ក្រុម ឬ​ជន​ណា ចេញ​មុខ​ទទួល​ស្គាល់​ស្នាដៃ​ភេរវកម្មនៅ​ក្រុង​Nangarhar ​នេះ​ឡើយ។ ពួក​តាលីបង់​ដែល​មាន​ទម្លាប់​បង្ក​ហេតុ​ជា​ញឹកញយ​នោះ បាន​ចេញ​សារ​Twitter បដិសេធ​ថា​គ្មាន​ពាក់ព័ន្ធ​នឹង​ភេរវកម្ម​សម្លាប់​ជន​ស៊ីវិល​នេះ​ទេ។

ភេរវកម្ម​នេះ​បាន​ផ្ទុះ​ឡើង​តែ​បី​ថ្ងៃ​ក្រោយ​ភេរវកម្ម​អត្តឃាត​នៅ​ទីក្រុង​កាប៊ូល ប្រឆាំង​នឹង​មជ្ឈមណ្ឌល​វប្បធម៌​អ៊ីស្លាម​ឈីអ៊ីត ដែល​បាន​បង្ក​ឱ្យ​ស្លាប់​៤១​នាក់​ និង​របួស​៨១​នាក់ ព្រមទាំង​ការ​វាយប្រហារ​មួយ​ទៀត នៅ​កាប៊ូល​ដែរ ក្នុង​ថ្ងៃ​បុណ្យ​ណូអែល ប្រឆាំង​នឹង​ការិយាល័យ​ភ្នាក់ងារ​ស៊ើប​អង្កេត​អាហ្វហ្កានិស្ថាន ដែល​បាន​ផ្តាច់ជីវិត​មនុស្ស​អស់​៦​នាក់​។ ភេរវកម្ម​ទាំង​ពីរ​ជា​ស្នាដៃ​របស់ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម។

អង្គការ​រដ្ឋ​អ៊ីស្លាម បាន​ជ្រៀត​ចូល​មក​អាហ្វហ្កានីស្ថាន នៅ​ឆ្នាំ​២០១៥ និង​បាន​បង្កើន​សកម្មភាព​ធ្វើ​ភេរវកម្ម​ច្រើន​ឡើង​ៗ​ក្នុង​ពេញ​​ផ្ទៃ​ប្រទេស ឆ្លៀត​ឱកាស​ដែល​ពួក​ តាលីបង់ បណ្តាញ​ភេរវនិយមសម្លាប់​ជន​ស៊ីវិល​យ៉ាង​ច្រើនដែរ កំពុង​សង្ខើញ​វាយប្រហារ​លើ​កង​កម្លាំង​រក្សា​សន្តិសុខ​ជាតិ។

បើតាមការ​ប៉ាន់​ស្មាន ឆ្នាំ​២០១៧​ទំនង​ជា​ឆ្នាំ​ដែល​មាន​ជន​ស៊ីវិល​អាហ្វហ្កានីស្ថាន​ស្លាប់​ច្រើន​ជាងគេ ​គិត​ចាប់​តាំង​ពី​របប​តាលីបង់​ដួល​រលំ​នៅ​ឆ្នាំ​២០០១មក។ ព្រោះ​ក្នុង​រយៈ​ពេល​៩​ខែ​ដំបូង នៃ​ឆ្នាំ​២០១៧​ អង្គការ​សហប្រជាជាតិ​បាន​រាប់​ឃើញ​មាន​ស្លាប់​និង​របួស​ជនស៊ីវិល​ដល់​ទៅ​ជាង​៨ពាន់​នាក់។ កាលពី​ឆ្នាំ​២០១៦ មានពលរដ្ឋ​អាហ្វហ្កានីស្ថាន​១១៤១៨​នាក់​បាន​រងគ្រោះ​ក្នុង​នោះ​៤៥០០​នាក់​ស្លាប់។ ជា​ចំនួន​ដ៏​ច្រើន​បំផុត​ស្រាប់​ទៅ​ហើយ​ បើ​គិត​ចាប់ពី​អង្គការ​សហប្រជាជាតិ​ធ្វើ​ជំរឿន នៅ​ឆ្នាំ​២០០៩​មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ