អានតួអត្ថបទ
ប៉ាគីស្ថាន-អាមេរិក

ប៉ាគីស្ថាន​កោះហៅ​ឯកអគ្គរដ្ឋទូត​អាមេរិក​ទៅ​សួរ​ពី​ការ​ព្រមាន​​របស់​លោក​ដូណាល់ ត្រាំ

នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន ក្រសួង​ការបរទេស​បាន​កោះហៅ​ឯកអគ្គរដ្ឋទូតអាមេរិក​លោក David Hale ប្រចាំ​ទីក្រុង​អ៊ីស្លាម៉ាបាត​ទៅ​សួរនាំ​នា​យប់​ថ្ងៃ​ចន្ទ ទី១ មករា។ សួរនាំ​ពី​ពាក្យ​ព្រមាន​របស់​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ដែល​បាន​ប្រកាស​ចង់​ផ្តាច់ជំនួយ​អាមេរិក​ឲ្យ​ប៉ាគីស្ថាន។ លោក​ត្រាំ​បាន​យល់​ឃើញ​ថា អាមេរិក​បាន​ឲ្យ​លុយ​ប៉ាគីស្ថាន​ច្រើន​ណាស់ តែ​អាមេរិក​មិន​ដែល​បាន​ទទួល​អ្វី​សោះ​ពី​ប៉ាគីស្ថាន ពោល​ប៉ាគិស្ថាន​មិន​បាន​ចូលរួម​ឲ្យ​បាន​មោះមុត​ទេ​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ភេរវនិយម។

លោក Shahid Khaqan Abbasi នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន
លោក Shahid Khaqan Abbasi នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន REUTERS/Faisal Mahmood
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំពាក្យ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​ប៉ាគីស្ថាន​បាន​បញ្ជាក់​ថា លោក David Hale បាន​ទៅ​ក្រសួង​ការបរទេស​តាម​ការ​កោះ​ហៅ និង​បាន​ជួប​សន្ទនា​ជាមួយ​ថ្នាក់ដឹកនាំ​មួយ​ចំនួន។ តែ​អ្នក​នាំពាក្យ​រូប​នេះ​ដដែល​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាក់ទង​នឹង​ខ្លឹមសារ​នៃ​ជំនួប​នោះ​ទេ។ ចំណែក​ក្រសួង​ការបរទេស​ប៉ាគីស្ថាន​ក៏​មិន​ចង់​បញ្ចេញ​ប្រតិកម្ម​អ្វី​ដែរ។ ទោះ​ជា​យ៉ាង​នេះ​ក្តី​គេ​ដឹង​ថា ការ​ដែល​រដ្ឋអំណាច​ប៉ាគីស្ថាន​បាន​កោះ​ហៅ​លោក David Hale ទៅ​សួរ​នាំ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​ព្រមាន​ពី​ការ​ផ្តាច់ជំនួយ​អាមេរិក​ឲ្យ​ប៉ាគីស្ថាន។

លោក​ត្រាំ​បាន​សរសេរ​នៅ​ក្នុង​បណ្តាញ​សង្គម Tweeter នា​ថ្ងៃ​ចន្ទ ទី១ មករា​ថា ក្នុង​រយៈពេល ១៥ឆ្នាំ​ចុងក្រោយ​នេះ អាមេរិក​បាន​ផ្តល់​លុយ​ឲ្យ​ប៉ាគីស្ថាន​ដោយ​ឆោតល្ងង់​ចំនួន ៣៣លានដុល្លារ តែ​អាមេរិក​មិន​ដែល​បាន​ទទួល​អ្វី​ពី​ប៉ាគីស្ថាន ក្រៅ​ពី​ពាក្យ​ភូតភរ និង​ពុតត្បុត រួច​បន្ថែម​ថា ប៉ាគីស្ថាន​បាន​ចាត់​ទុក​ថ្នាក់ដឹកនាំ​អាមេរិក​ជា​មនុស្ស​ល្ងីល្ងើ មិន​ដឹង​ខ្សល់​អី។ តាម​លោក​ត្រាំ ប៉ាគីស្ថាន​បាន​ជ្រកកោណ​ពួក​ភេរវជន​ដែល​អាមេរិក​បណ្តេញ​ចេញ​ពី​អាហ្វហ្កានីស្ថាន។ ជា​ការ​ឆ្លើយ​បក​វិញ​នឹង​សារ​របស់​លោក​ត្រាំ ក្រសួង​ការពារជាតិ​ប៉ាគីស្ថាន​បាន​អះអាង​ថា ខ្លួន​បាន​ជួយ​អាមេរិក​ឲ្យ​កំចាត់​មេអាល់កៃដា តែ​បែរ​ជា​ទទួល​បាន​វិញ​នូវ​ភាព​ទ្រគោះបោះបោក និង​ភាព​មិន​ទុកចិត្ត​ទៅ​វិញ។

សូម​រម្លឹក​ជូន​ថា ប៉ាគីស្ថាន​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​តាំង​ពី​សម័យ​សង្រ្គាមត្រជាក់​តែង​ច្រានចោល​ការ​ចោទ​ប្រកាន់​ពី​អាមេរិក និង​បន្ទោស​អាមេរិក​ពី​ការ​ធ្វើ​ព្រងើយ​ចំពោះ​ការ​ស្លាប់​ប្រជាជន​ប៉ាគីស្ថាន​ជា​ច្រើន​ពាន់​នាក់​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​ភេរវនិយម។ ក្រោយ​ថ្ងៃ ១១ កញ្ញា ២០០១ ប្រទេស​ទាំង​ពីរ​បាន​កសាង​ដៃគូ​យុទ្ធសាស្រ្ត​ដើម្បី​កំចាត់​ក្រុមប្រដាប់អាវុធ​អ៊ីស្លាមនិយមជ្រុល​នៅ​ក្នុង​តំបន់។ តែ​អាមេរិក​ក៏​ដូច​អាហ្វហ្កានីស្ថាន​តែង​ចោទ​ប៉ាគីស្ថាន​ពី​បទ​គាំទ្រ​ពួកឧទ្ទាម​តាលីបង់​នៅ​អាហ្វហ្កានីស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ