អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូរ៉េខាងត្បូង​ស្វាគមន៍​ការចូលរួម​របស់​​កូរ៉េខាងជើង​នៅ​​អូឡាំពិក​នៅ​ព្យុងឆាង

ចុះផ្សាយ​នៅ​ថ្ងៃ៖

កូរ៉េខាងត្បូង នៅថ្ងៃ​អង្គារ​ទី​២ មករា បាន​ឆ្លើយតប​យ៉ាង​វិជ្ជមាន​ទៅ​នឹង​សំណើ​របស់​កូរ៉េខាងជើង ដែល​ចង់​បង្កើន​ទំនាក់ទំនង​ល្អប្រសើរ​ជាមួយ​កូរ៉េខាងត្បូង។ នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី នៅថ្ងៃ​នេះ លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង មូន ចៃអ៊ីន​បាន​បញ្ជារ​ឲ្យ​រដ្ឋមន្រ្តី​កីឡា ហើយ​និង​រដ្ឋមន្រ្តី ទទួលបន្ទុក​បង្រួបបង្រួម​កូរ៉េ ចាត់វិធានការ​បន្ទាន់ ដើម្បី រៀបចំ​ឲ្យ​បាន​ឆាប់ ជំនួប​ទ្វេភាគី ជាមួយ​កូរ៉េខាងជើង។

កីឡាករ​ទឹកកក​កូរ៉េខាងជើង Ryom Tae-Okនិង​ Kim Ju-Sikដែល​អាច​ទៅចូលរួម​នៅក្នុង​ការប្រកួត​កីឡាអូឡាំពិក​រដូវត្រជាក់​នៅ​កូរ៉េខាងត្បូង នៅខែ​កុម្ភៈ​២០១៨
កីឡាករ​ទឹកកក​កូរ៉េខាងជើង Ryom Tae-Okនិង​ Kim Ju-Sikដែល​អាច​ទៅចូលរួម​នៅក្នុង​ការប្រកួត​កីឡាអូឡាំពិក​រដូវត្រជាក់​នៅ​កូរ៉េខាងត្បូង នៅខែ​កុម្ភៈ​២០១៨ ©Christof STACHE / AFP
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​កូរ៉េខាងត្បូង នៅថ្ងៃ​អង្គារ​បាន​ប្រកាស​ស្វាគម ទទួល​យក​សំណើ​របស់​មេដឹកនាំ​កូរ៉េខាងជើង ដែល​កាល​ពីថ្ងៃ​ចន្ទ បាន​ថ្លែង​ចង់​បញ្ជូន គណៈប្រតិភូ​កីឡា ទៅ​ក្នុង​ការប្រកួត​កីឡាអូឡាំពិក រដូវត្រជាក់ ដែល​រៀបចំ នៅ​ក្រុង​ព្យុងឆាង ក្នុង​ទឹកដី​កូរ៉េខាងត្បូង នៅ​ថ្ងៃទី ៩​កុម្ភៈ ខែក្រោយ។ សម្រាប់លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង កូរ៉េខាងជើង​បាន​ឆ្លើយតប​នឹង​ការចង់​បាន​របស់​កូរ៉េខាងត្បូង​ដែល​ចង់​ឲ្យ​ការប្រកួត​កីឡាអូឡាំពិក នៅ​ព្យុងឆាង​ជាព្រឹត្តិការណ៍ បដិវត្ត​ដើម្បី​សន្តិភាព។

នៅថ្ងៃ​អង្គារនេះ នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី លោក​មូន ចៃអ៊ីន​បាន​បញ្ជា​ឲ្យ​មន្រ្តី​រដ្ឋាភិបាល ដុតដៃ ដុតជើង ធ្វើយ៉ាងណា រៀបចំ​ឲ្យ​បាន​ឆាប់ ជំនួប​ទ្វេភាគី​ជាមួយ កូរ៉េខាងជើង ដើម្បី រៀបចំ​ការចូលរួម​របស់​កីឡាករ​កូរ៉េខាងជើង ក្នុង​ការប្រកួត​កីឡាអូឡាំពិក។ រដ្ឋមន្រ្តី​កូរ៉េខាងត្បូង ទទួល​បន្ទុក​ការបង្រួប​បង្រួម បាន​ប្រាប់​អ្នកកាសែតថា រដ្ឋាភិបាល​បើក​ទទួល​ជានិច្ច​ការចរចា ជាមួយ កូរ៉េខាងជើង មិនថា នៅ​ពេលណា ឬ​នៅ​កន្លែង​ណាទេ។ នៅ​ថ្នាក់​មូលដ្ឋាន​វិញ ចៅហ្វាយ​ខេត្ត​កូរ៉េខាងត្បូង​ម្នាក់ នៅ​បាន​ស្នើ​ឲ្យ​កប៉ាល់ជើងទឹក​កូរ៉េខាងត្បូង ចេញ​ទៅ​ដឹក​យក​កីឡាករ និង​គណៈប្រតិភូ កូរ៉េខាងជើង​ទៀតផង។

នៅ​ថ្ងៃនេះ រដ្ឋមន្រ្តី​កូរ៉េខាងត្បូង ទទួលបន្ទុក បង្រួបបង្រួម​កូរ៉េទាំងពីរ បាន​ស្នើ​ឲ្យ​មាន​ជំនួប​កូរ៉េទាំងពីរ​នៅថ្ងៃទី​៩​មករា សប្តាហ៍ក្រោយ។ សូមបញ្ជាក់ថា នៅក្នុង​សារ​ស្វាគម​ឆ្នាំ ថ្មី នៅថ្ងៃ​ចន្ទ​ម្សិលមិញ មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន បាន​ថ្លែងថា លោក​នឹង​បញ្ជូន​កីឡាករ​កូរ៉េខាងជើង ឲ្យ​ទៅចូលរួម នៅក្នុង​ការប្រកួត​កីឡា​អូឡាំពិក ដែល​រៀបចំឡើង​នៅ​កូរ៉េខាងត្បូង ពីថ្ងៃទី ៩​ដល់​ថ្ងៃទី ២៥​កុម្ភៈ ខាងមុខ។ សម្រាប់​មន្រ្តី​កូរ៉េខាងត្បូង​ដែល​ទទួល​បន្ទុក​រៀបចំ​កីឡាអូឡាំពិក​រដូវទឹកកក មេដឹកនាំ​កូរ៉េខាងជើង​កំពុង​ធ្វើ​អំណោយ​ឆ្នាំថ្មី ដល់​កូរ៉េខាងត្បូង ដែល​ជា​ម្ចាស់ផ្ទះ និង​ដែល​ចង់​ឲ្យ​កូរ៉េខាងជើង ចូលរួម មានមុខ នៅក្នុង​ការប្រកួត​កីឡាអូឡាំពិក នៅ​ក្រុង​ព្យុងឆាង នៅកូរ៉េខាងត្បូង។

តាំង​ពី​ដើមមក សេអ៊ូល និង​អ្នករៀបចំ​កីឡាអូឡាំពិក​រមែង​ចង់​ឲ្យ​កូរ៉េខាងជើង ចូលរួម​នៅក្នុង​ការប្រកួត​កីឡាអូឡាំពិក នៅ​ព្យុងឆាង ដែល​គេ​ចាត់ទុក​ជា​ព្រឹត្តិការណ៍ ដើម្បី​សន្តិភាព។

កន្លងមក កូរ៉េខាងជើង​មិនដែល​និយាយ​ថា ខ្លួន​នឹង​ចូលរួម​នៅក្នុង​កីឡាអូឡាំពិក នៅ​កូរ៉េខាងត្បូង​នោះទេ។ គ្មាន​ចម្លើយ ពី​ខាងកូរ៉េខាងជើង បូកផ្សំ​នឹង​ភាពតានតឹង​ដែល កើន​ឡើង​ខ្លាំង ដោយសារ​ការបាញ់​សាកល្បង​គ្រាប់បែក​នុយក្លេអ៊ែរ និង​មីស៊ីល របស់​កូរ៉េខាងជើង គេ​សឹង​មិន​សង្ឃឹម​ផង​ទេ​ថា ការប្រកួត​កីឡា​អូឡាំពិក នៅ​កូរ៉េខាងត្បូង អាច​ដំណើរការ​ទៅ​ដោយ​រលូន ទេ ព្រោះ​ថា កូរ៉េខាងជើង តែងតែ​គំរាម​ជានិច្ច វាយប្រហារ​មីស៊ីល​ដាក់​កូរ៉េខាងត្បូង។ មួយវិញទៀត កូរ៉េខាងត្បូង​សឹង​មិន​ជឿ​នឹង​ត្រចៀក​ទេ​ថា មេដឹកនាំ​កូរ៉េខាងជើង​លើកនេះ សុខចិត្ត ​បញ្ជូន​កីឡាករ​របស់ខ្លួន ឲ្យ​ទៅ​ចូលរួម​ប្រកួតកីឡាអូឡាំពិក នៅ​កូរ៉េខាងត្បូង។

កូរ៉េខាងជើង ធ្លាប់​បាន​ពហិការ​ មិន​ទៅចូលរួម នៅកីឡាអូឡាំពិក នៅ​ក្រុង​សេអ៊ូល នៅ​ឆ្នាំ ១៩៨៨។

កូរ៉េខាងជើង​បាន​ទាមទារ ចង់​ចូលរួម រៀបចំ​កីឡាអូឡាំពិក​ជាមួយ កូរ៉េខាងត្បូង ប៉ុន្តែ ទាំង​កូរ៉េខាងត្បូង និង​គណៈកម្មការ​អូឡាំពិក​អន្តរជាតិ​មិន​យល់ព្រម។ លើកនេះ គេ​មិន​បាន​លឺ​មេដឹកនាំ​កូរ៉េខាងជើង​ទាមទារ​អ្វីទេ គ្រាន់តែ​ចង់​ចូលរួម​ដើម្បី​ជំរុញ​ឲ្យ​ការរៀបចំ​អូឡាំពិក​នៅកូរ៉េខាងត្បូង​បាន​សម្រេច​តែប៉ុណ្ណោះ។

កូរ៉េខាងត្បូង​ចង់​បាន​ខ្លាំង ឲ្យ​កីឡាករ​កូរ៉េខាងជើង មាន​មុខ នៅក្នុង​ការប្រកួត​កីឡាអូឡាំពិក ព្រោះថា វត្តមាន​របស់​គណៈប្រតិភូ​កូរ៉េខាងជើង នៅ​អូឡាំពិក គឺ​ស្មើ​នឹង​សំបុត្រ​ធានា​សន្តិសុខ មិន​ឲ្យ​កូរ៉េខាងជើង អាច​វាយប្រហារ​លើ​កូរ៉េខាងត្បូង នៅពេល​កំពុង​រៀបចំ​កីឡាអូឡាំពិក​យ៉ាង​ដូច្នោះដែរ។

ហេតុអ្វី​បាន​ជា​មេដឹកនាំ​កូរ៉េខាងជើង​ចង់​ចរចា ជាមួយ​កូរ៉េខាងត្បូង នៅ​ពេល​នេះ?

មេដឹកនាំ​កូរ៉េខាងជើង លោកគីម ជុងអ៊ុន វ័យក្មេង ប៉ុន្តែ ក៏​វ័យឆ្លាត​ណាស់ដែរ។ ដោយ​សម្រេច​បញ្ជូន​កីឡាករ​កូរ៉េខាងជើង ទៅ​ក្នុង​ការប្រកួត​កីឡាអូឡាំពិក​នៅ​កូរ៉េខាងត្បូង លោក​ចង់​បញ្ចុះបញ្ចូល​មតិមហាជន​ក្នុង​ស្រុក​ថា លោក​បាន​យកចិត្តទុកដាក់ ផ្តល់​តម្លៃ​ដល់មុខមាត់​របស់​ប្រទេស នៅក្នុង​ការប្រកួត​កីឡាអន្តរជាតិ។

ប៉ុន្តែ ជាមួយគ្នានេះ ដោយសារ​តែ​កូរ៉េខាងត្បូង ប៉ង​ចង់​ឲ្យ​កីឡាករ​កូរ៉េខាងជើង ចូលរួម នៅក្នុង​ការប្រកួត​កីឡាអូឡាពិក​លើកនេះ លោក​គីម ជុងអ៊ុន​ក៏​ចង់​យក​រឿងនេះ មក​ធ្វើជា រឿង​សំខាន់ នៅក្នុង​ការចរចា​ជាមួយ កូរ៉េខាងត្បូង។ នៅ​លើ​តុ​ចរចា លើកនេះ កូរ៉េខាងជើង​មាន​ប្រៀប​គ្រប់បែបយ៉ាង​លើ​កូរ៉េខាងត្បូង។ នៅក្នុង​ការចរចា​លើកនេះ កូរ៉េខាងជើង នឹង​ចរចា ក្នុង​នាម​ជាប្រទេស​មហាអំណាច​នុយក្លេអ៊ែរ។ កូរ៉េខាងជើង អាច​ដាក់​លក្ខខណ្ឌ​ថា ដើម្បី​ឲ្យ កូរ៉េខាងជើង ទៅ​ចូលរួម នៅ​កីឡាអូឡាំពិក ឬ​ចរចា​សន្តិភាព​បង្រួបបង្រួម ជាមួយ កូរ៉េខាងត្បូង នោះ​កូរ៉េខាងត្បូង​ត្រូវ​ធ្វើ​សម្បទាន​ជាច្រើន មិន​ថា ផ្នែក​យោធា ឬ​សេដ្ឋកិច្ច។ គេ​វាយតម្លៃថា ក្រុង​ព្យុងយ៉ាង​ទំនង​ចង់​ទាមទារ​ឲ្យ​កូរ៉េខាងត្បូង ផ្អាក​មិនធ្វើ​សមយុទ្ធ​ជាមួយ អាមេរិក ដែល​ត្រូវ​ធ្វើ​នៅ​ខែ​កុម្ភៈ ខែក្រោយ។ ម្យ៉ាងទៀត ព្យុងយ៉ាង​ចង់​ឲ្យ​កូរ៉េខាងត្បូង ផ្តល់​ជំនួយ​មនុស្សធម៌ និង​បើកឡើងវិញ តំបន់​សេដ្ឋកិច្ច កេសុង នៅ​ព្រំដែន​ប្រទេស​ទាំងពីរ​ដែល​គ្រប់គ្រង​ដោយ​កូរ៉េខាងត្បូង ប៉ុន្តែ បាន​ផ្តល់​ការងារ​ធ្វើ​ដល់​ប្រជាជន​កូរ៉េខាងជើង។

មួយវិញទៀត គេ​ជឿដែរថា ដោយ​ប្រកាស​ចង់​ចរចា ជាមួយ កូរ៉េខាងត្បូង ដែល​បាន​ជាប់​គាំង តាំង​ពី​ឆ្នាំ ២០១៥មក កូរ៉េខាងជើង កំពុង​ចង់​ទាក់ទាញ កូរ៉េខាងត្បូង ឲ្យ​ដើរ​ឆ្ងាយ​ពី​អាមេរិក ដែល​មេដឹកនាំ​កូរ៉េខាងជើង ចាត់ទុក​ជា​សត្រូវ ចង់ឈ្លានពាន យក​ទឹកដី​កូរ៉េ។ នៅ​ខាងភាគី កូរ៉េខាងត្បូង វិញ លោក​ប្រធានាធិបតី​មូន ចៃអ៊ីន​ស្វាគមន៍​ទទួល​យក​សំណើ​របស់​មេដឹកនាំ​កូរ៉េខាងជើង​ទាំង​ដៃពីរ ប៉ុន្តែ ជាមួយ​លក្ខខណ្ឌ។ ពោល​គឺ​ការចរចា​ដើម្បី​សន្តិភាព​រវាង​កូរ៉េទាំងពីរ​អាច​ធ្វើទៅបាន លុះត្រា​ណា​តែ​កូរ៉េខាងជើង​ដោះស្រាយ​បញ្ហា​អាវុធ​នុយក្លេអ៊ែរ​ជាមុនសិន ឬ​អាច​ថា កូរ៉េខាងជើង​ត្រូវ​លះបង់​ចោល​មហិច្ឆតា​ផលិត​អាវុធ​នុយក្លេអ៊ែរ។ លក្ខខណ្ឌ​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង ប្រហែល​ជាមិនអាច​ចូលក្នុង​ត្រចៀក ខួរក្បាល​ពិចារណា​របស់មេដឹកនាំ​កូរ៉េខាងជើង​នោះទេ ព្រោះថា អាវុធ​នុយក្លេអ៊ែរ ជា​មធ្យោបាយ​តែមួយ​គត់ ដែល​កូរ៉េខាងជើង ខ្នះខ្នែង ប្រឹង​ផលិត​បាន ដែល​បើ​តាម​កូរ៉េខាងជើង គឺ​ដើម្បី ការពារ​ខ្លួន ទប់ទល់​នឹង​ការវាយប្រហារ​នុយក្លេអ៊ែរ​របស់​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ