អានតួអត្ថបទ
ចិន-ស្រីលង្កា

ចិន​ជូន​ដំណឹង​​​អំពី​​​​​ការ​​បង្កើន​​វិនិយោគ​ទុន​​របស់​​ខ្លួន​​នៅ​​ប្រទេស​​ស្រីលង្កា​

អាជ្ញាធរ​ចិន ទើប​បាន​ជូន​ដំណឹង​កាលពី​​ម្សិលមិញ​អំពីការ​បង្កើន​វិនិយោគទុន​របស់​ខ្លួន​នៅ​ប្រទេស​ស្រីលង្កា​ក្នុង​ទឹក​ប្រាក់​ចំនួន​ជាង ១ ០០០​លាន​ដុល្លារ​នៅ​ក្នុង​ការ​សាង​សង់​អគារ​​៣​​ដែល​មាន​កំពស់ ៦០​ជាន់​នៅ​ក្នុង​​គម្រោង​សាងសង់​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដ៏​ចម្បង​មួយ​ដែល​ស្ថិត​នៅ​ជិត​កំពង់​ផែ​​របស់​ស្រីលង្កា​។​

កម្មករ​ម្នាក់​ធ្វើការ​នៅ​កន្លែង​សាងសង់​ស្ពាន​នៅ​លើ​មហាសមុទ្រ​កូឡុំបូ​ប្រទេស​ស្រីលង្កា​ថ្ងៃ​ទី​ ៣​ ខែ​មករា​ឆ្នាំ​២០១៨​​
កម្មករ​ម្នាក់​ធ្វើការ​នៅ​កន្លែង​សាងសង់​ស្ពាន​នៅ​លើ​មហាសមុទ្រ​កូឡុំបូ​ប្រទេស​ស្រីលង្កា​ថ្ងៃ​ទី​ ៣​ ខែ​មករា​ឆ្នាំ​២០១៨​​ REUTERS/Dinuka Liyanawatte
ផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​កំពង់​ផែ​ចិន China Harbour ​នឹង​​វិនិយោគ​ទុន​​ជាង ១០០០​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ការ​សាងសង់​អគារ​ដ៏​ខ្ពស់​ស្កឹមស្កៃ​ចំនួន​៣ ដែល​ស្ថិត​នៅ​ក្បែរ​កំពង់​​ផែ​ដ៏​ចម្បង​របស់​ស្រីលង្កា-នេះបើយោង​តាម​ការ​ជូនដំណឹង​របស់​រដ្ឋមន្ត្រី​ទទួល​បន្ទុក​អភិវឌ្ឈទីក្រុង​នៅ​ទីក្រុង​ Colombo លោក Champika Ranawaka​ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ។

យោងតាម​ការ​អះអាង​របស់​លោក​រដ្ឋមន្ត្រី​ស្រីលង្កា​ដដែល ​អគារ​ទាំង​៣​នោះ​ ដែល​មាន​កំពស់​ ​៦០​ជាន់​នឹង​អាច​​ទាក់ទាញ​ក្រុមហ៊ុន​បរទេស​ជាច្រើន​បន្ថែម​ទៀតមកដាក់វិនិយោគ​​នៅ​​ស្រីលង្កា។

សេចក្តី​ជូន​ដំណឹង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​​ការធ្វើ​​វិនិយោគ​ទុន​លើក​មុន​​របស់​​ចិន ​ក្នុង​​ទឹកប្រាក់​ចំនួន ​១៤០០​លាន​ដុល្លារ​អាមេរិក​ ​នៅ​ក្នុង​ការ​សាងសង់​តំបន់​ហិរញ្ញវត្ថុ​ពិសេស​​មួយ​ក្រោមឈ្មោះថា Colombo ​ International Financialy City ( CIFC) ​នៅ​ជិត ​កំពង់ផែ​​ដ៏​ចម្បង​របស់​ប្រទេស​ស្រីលង្កា។

​អ្នកទទួលខុសត្រូវ​ស្រីលង្កា​រូបនេះដដែល បានគួសបញ្ជាក់ទៀត​ថា ​​​៦០% នៃ​​ផ្ទៃដី​​ចំនួន ​២៦៩ ​ហិកតា ត្រូវ​បាន​ត្រៀម​សាងសង់​រួចរាល់​អស់​ហើយ ហើយ​​ការងារសរុប ​ប្រហែល​នឹងត្រូវ​ធ្វើឡើងនៅឆ្នាំក្រោយ​ជាមួយនឹង​ការសាងសង់​កំពង់ផែ​មួយ​ដែល​មាន​អគារ​លំនៅដ្ឋាន​​ដ៏​ខ្ពស់​ស្កឹមស្កៃ​ រួម​ ទាំង​ផែ ​មួយ​សម្រាប់​អ្នក​រស់នៅទីនោះ​ប្រើប្រាស់ផង។​

​ជាផ្លូវការ​​គម្រោង​វិនិយោគ​របស់​ចិន​ ត្រូវ​បានចាប់​​ផ្តើម​ឡើង​​​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​មួយ​នៅ​ទីក្រុង​កូឡុំបូ​របស់​ប្រធានាធិបតីចិន លោក​ស៊ីជីនពីង ​កាលពីឆ្នាំ​២០១៤ ​តែត្រូវ ​បាន​លើក​ផ្អាកវិញ ​នៅខណៈ​ពេល​ដែល​​​រដ្ឋបាលថ្មី​ស្រីលង្កា​បានចូល​កាន់​មុខ​តំណែង​នៅ​ឆ្នាំ​​២០១៥។​ ក៏ប៉ុន្តែ​​គម្រោងសាងសង់​នេះ ​ត្រូវ​បានចាប់ផ្តើមឡើងវិញ ក្រោយ​ពី​​ការ​សម្រេច​បាន ​លើ​កិច្ចព្រមព្រៀង​ថ្មី​មួយ​រវាង​រដ្ឋាភិបាលថ្មី​ស្រីលង្កានិង​ក្រុមហ៊ុន​យក្ស​ចិន​ឈ្មោះ​BTP China​ Communications Construction Company (CCCC) កាលពី​ខែ​សីហា​ឆ្នាំ​២០១៦។​

ហើយយោងតាម​ក្រុមហ៊ុនយក្ស​ចិន ​CCCC ​នេះ គម្រោង​សាងសង់លើក​​នេះ នឹង​ជួយ​បង្កើតការងារ​ចំនួន​៨​ម៉ឺន​៣០០០​​ការងារ​និង​ជួយរួមចំណែក​ក្នុង​ការទាក់ទាញ​វិនិយោគទុន​បរទេស​ក្នុង​ទឹក​ប្រាក់​ចំនួន​ជាង​១ម៉ឺន​៣០០០​លានដុល្លារ​ផង៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ