អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នៅ​ថ្ងៃ​បុណ្យ​ឯករាជ្យ ប្រធានាធិបតី​ភូមា អំពាវនាវ​ឲ្យ​កែប្រែ រដ្ឋធម្មនុញ្ញ​របស់​ពួកយោធា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេស​ភូមា នៅថ្ងៃ​ព្រហស្បតិ៍នេះ ប្រារព្ធ​បុណ្យ​ឯករាជ្យ​ជាតិ លើកទី​៧០ ដែល​បាន​រួចចាក​ចេញ​ផុត ពី​ក្រោម​អាណានិគមនិយម​អង់គ្លេស។ នៅឆ្នាំនេះ បុណ្យ​ឯករាជ្យ​ជាតិ​នៅភូមា គ្របដណ្តប់​ដោយ​វិបត្តិជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា និង​អំពើហិង្សា​នៅ​រដ្ឋរ៉ាឃីន។ កាលពី​៧០​ឆ្នាំ មុន គឺ​លោកអ៊ុងសាន ដែល​ជា​ឪពុក​របស់លោកស្រី​អ៊ុងសាន ស៊ូជី ដែល​ជា​វីរបុរស​ទាមទារ​ឯករាជ្យ​ពី​អង់គ្លេស​ឲ្យ​ប្រទេស​ភូមា។ នៅ​៧០​ឆ្នាំ​ក្រោយ ទទួល​បាន​ឯករាជ្យ​ពី​អង់គ្លេស តើកូនស្រី​របស់​លោក​អ៊ុងសាន អាច​ដើរតាម​គំរូ​របស់​ឪពុក ដើម្បី​ដឹកនាំ​ភូមា ទៅ​រក​ឯកភាព និង​សេរីភាព រុងរឿង​ដែរឬទេ?

នៅថ្ងៃទី​៤​មករា ១៩៤៨ ទង់ជាតិ​ភូមា​ជំនួស​ឡើង​ដោយ​ទង់ជាតិ​របស់​អង់គ្លេស ដែល​បាន​យល់ព្រម​ប្រគល់​ឯករាជ្យ​ឲ្យ​ភូមា
នៅថ្ងៃទី​៤​មករា ១៩៤៨ ទង់ជាតិ​ភូមា​ជំនួស​ឡើង​ដោយ​ទង់ជាតិ​របស់​អង់គ្លេស ដែល​បាន​យល់ព្រម​ប្រគល់​ឯករាជ្យ​ឲ្យ​ភូមា Universal History Archive/UIG via Getty Images
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​អបអរ​ខួប​៧០​ឆ្នាំ នៃ​បុណ្យឯករាជ្យ​ជាតិ ប្រធានាធិបតី​ភូមា លោក​ទីន ចរ បាន​អំពាវនាវ​ឲ្យ​មាន​យុត្តិធម៌ សម្រាប់​រាល់​ជនជាតិភាគតិច ទៅតាម​ប្រព័ន្ធ​សហព័ន្ធ។ ប៉ុន្តែ លោក​មិន​បាន​លើកនិយាយ​សូម្បី​មួយម៉ាត់​ពី​បញ្ហា​ជនជាតិភាគតិច រ៉ូហ៊ីងយ៉ា ក្រុម​ប្រជាជន​កាន់សាសនា​អ៊ីស្លាម ដែល​កំពុង​រត់ភៀសខ្លួន​ចេញពី​អំពើហិង្សា​នៅ​រដ្ឋរ៉ាឃីន ភាគខាងជើង​ភូមា​នោះទេ។

រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី​អ៊ុងសាន ស៊ូជី​កំពុង​រងការរិះគន់​ពី​សហគមន៍​អន្តរជាតិ ថា អសមត្ថភាព ក្នុង​រឿង​ប្រព្រឹត្ត​ហិង្សា នៅ​រដ្ឋរ៉ាឃីន ដែល​បាន​ធ្វើ​ឲ្យ​ជនជាតិ​ភាគតិច រ៉ូហ៊ីងយ៉ា រាប់សែន​នាក់​រត់ភៀសខ្លួន​ទៅ​ទឹកដី​បង់ក្លាដែស។ អង្គការ​សហប្រជាជាតិ បាន​ចោទប្រកាន់​កងទ័ព​ភូមា​ថា កំពុង​ធ្វើ​នយោបាយ​បោសសម្អាត​ជាតិពិន្ធុ តាមរយៈ ការដុតបំផ្លាញ និង​សម្លាប់​ជនជាតិ​រ៉ូហ៊ីងយ៉ា នៅ​រដ្ឋរ៉ាឃីន។

មេទ័ព​ភូមា ធ្លាប់​បាន​និយាយ​បដិសេធ​មិនទទួល​ស្គាល់​ជនជាតិ​រ៉ូហ៊ីងយ៉ា នៅភូមា ដោយ​ចាត់ទុក​ពួកគេ​ជា​ជនជាតិ​បង់ហ្កាល​ពី​បង់ក្លាដែស ដែល​អាជ្ញាធរ​ អង់គ្លេស បាន​នាំ​ទៅ​ភូមា នៅ​សម័យ​អាណានិគមអង់គ្លេស។ គ្មាន​ភ្លើងខៀវ​ពី​យោធា​ភូមា រដ្ឋាភិបាល​របស់លោកស្រី​ស៊ូជី ពិបាក​នឹង​បិទ​បញ្ចប់​វិបត្តិ​ជនភៀសខ្លួន រ៉ូហ៊ីងយ៉ា។

កំណែទម្រង់​រដ្ឋធម្មនុញ្ញ​របស់​ពួកយោធា

នៅថ្ងៃ​បុណ្យ​ឯករាជ្យជាតិ ប្រមុខ​រដ្ឋាភិបាល​ស៊ីវិល​ភូមា ដែល​ជា​មនុស្សសំខាន់ របស់លោកស្រី​អ៊ុងសាន ស៊ូជី ​បាន​អំពាវនាវ​ផងដែរ ឲ្យ​មាន​ការធ្វើ​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ ដែល​ពួកយោធា បាន​តាក់តែងឡើង កាលពី​ឆ្នាំ ២០០៨។ ទៅតាម​រដ្ឋធម្មនុញ្ញ​របស់​ពួកយោធា​ភូមា យោធា​មាន​សិទ្ធិ​កាន់កាប់ ដោយ​ស្វ័យប្រវត្តិ​កៅអី​របស់​សភា ប្រមាណ ២៥ភាគរយ។

លោកអ៊ុងសាន បិតា​ទាមទារ​ឯករាជ្យ​ឲ្យភូមា

មុន​នឹង​ទទួល​បាន​ឯករាជ្យ ពេញលេញ និង​ជា​ផ្លូវការ នៅថ្ងៃទី ៤ មករា ឆ្នាំ ១៩៤៨ ភូមា​ធ្លាប់​ស្ថិត​នៅ​ក្រោម​ការត្រួតត្រា​របស់​ចក្រភព​អង់គ្លេស​អស់​៦០​ឆ្នាំ។ សូមបញ្ជាក់ថា អង់គ្លេស​ដែល​ធ្វើ​អាណានិគម​ទៅលើ​ប្រទេស​ឥណ្ឌា ប្រទេស​ជិតខាង​របស់​ភូមា បាន​ចាប់អារម្មណ៍​ខ្លាំង​លើ​រ៉ែមាស ត្បូងពេជ្រ​របស់​ភូមា និង​បាន​ធ្វើ​សង្រ្គាម​បីដង ជាមួយ ភូមា មុន​នឹង​ឈាន​ចូល​ទៅ​ត្រួតត្រា ពេញទី លើ​ភូមា នៅ​ឆ្នាំ ១៨៨៥។

ចាប់តាំង​ពី​មាន​ផ្ទុះ​សង្រ្គាម​លោក​លើក​ទី២ ក្រុមជាតិនិយម ដូចជា ឧត្តមសេនីយ៍ អ៊ុងសាន ដែល​ជា​ឪពុក​របស់​លោកស្រី​អ៊ុងសាន ស៊ូជី មេដឹកនាំ​ភូមាបច្ចុប្បន្ន និង​មន្រ្តី​យោធា​ជាង​១០​នាក់ ផ្សេង​ទៀត បាន​ចូលរួម​ជាមួយ​កងទ័ព​ជប៉ុន ដើម្បី ធ្វើ​សង្រ្គាម​បណ្តេញ​អង់គ្លេស​ចេញពី​ភូមា។ នៅក្រោយ​សង្រ្គាម​លោកលើក​ទី២​បាន​បិទបញ្ចប់ ពោល​គឺ​នៅ​ឆ្នាំ ១៩៤៧ លោក​អ៊ុងសាន បាន​ប្រកាស​ទាមទារ​ឯករាជ្យ​ពី​ប្រទេស​អង់គ្លេស។ ប៉ុន្តែ ជាអកុសល លោក​ត្រូវ​បាន​គេ​លួចធ្វើឃាត នៅខែ កក្កដា ឆ្នាំ ដដែល ពោល​គឺ​ប៉ុន្មាន​ខែ​មុន​ដែល​ភូមា បាន​ទទួល​ឯករាជ្យ​ជា​ផ្លូវការ​ពីអង់គ្លេស នៅឆ្នាំ ១៩៤៨។ សម្រាប់​ប្រជាជន​ភូមា លោក​អ៊ុងសាន ឪពុក​របស់​លោកស្រី​អ៊ុងសាន ស៊ូជី ជា​វីរបុរស ជា​បិតា​ទាមទារ​ឯករាជ្យ​ឲ្យ​ភូមា ដែល​គេ​កត់ត្រា​ទុក​ជានិច្ច ក្នុង​ប្រវត្តិសាស្រ្តភូមា។

៧០​ឆ្នាំ មកហើយ ក្រោយ​ទទួល​ឯករាជ្យ ភូមា​នៅតែ​មិន​ចម្រុងចម្រើន

នៅ​ក្រោម​អាណានិគមនិយម​អង់គ្លេស សេដ្ឋកិច្ច​របស់​ភូមា​ប្រែប្រួល រីកចម្រើន ដោយ​ភូមា នៅ​ឆ្នាំ ១៩៣៩ បាន​ក្លាយ​ជា​ប្រទេស​នាំចេញ​អង្ករ​ដ៏​សំខាន់​មួយ នៅក្នុង​ពិភពលោក។ នៅ​ឆ្នាំ​១៩៤៨ ភូមា​បាន​ទទួល​ឯករាជ្យ លែង​ស្ថិតនៅក្រោម​ចំណុះ​ដឹកនាំ​របស់​អង់គ្លេស​មែន ប៉ុន្តែ ប្រជាជន​ភូមា​មិន​បាន​ទទួល​ផលផ្លែផ្កាពី​ឯករាជ្យ​នោះទេ។ សេដ្ឋកិច្ច​របស់​ភូមា​បាន​ធ្លាក់​ដាំក្បាល​ចុះ ដោយសារ​តែ​អំពើពុករលួយ ដោយសារ​តែ​សង្រ្គាម​ស៊ីវិល។ ប្រទេស​ភូមា​ចាប់ផ្តើម​ស្គាល់​សា​ជា​ថ្មី សង្រ្គាម​ប្រយុទ្ធគ្នា រវាង​ក្រុម​ជនជាតិភាគតិច ហើយ​និង​ក្រុម​យោធា ។ នេះ​គេ​នៅមិនទាន់​និយាយ​ពី​ អំណាច​ផ្តាច់ការ​របស់ក្រុម​យោធា​ភូមា ដែល​បានគ្រប់គ្រង​ភូមា ជិត​៥០ឆ្នាំ​មក​នោះទេ។

លោកស្រី​អ៊ុងសាន ស៊ូជី​ចង់ដើរ​តាម​ផ្លូវ​របស់​ឪពុក ដើម្បី​ធ្វើ​នយោបាយ​បង្រួបបង្រួម​ភូមា

លោក​អ៊ុងសាន បាន​ទាមទារ​ឯករាជ្យ​ឲ្យ​ភូមា។ មុន​នឹង​ត្រូវ​គេ​ធ្វើ​ឃាត នៅ​ឆ្នាំ ១៩៤៧ លោក​អ៊ុងសាន ​ដែល​ចង់​បាន​ឯកភាព​ជាតិ​ឲ្យ​ភូមា បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ បណ្តា​ក្រុមឧទ្ទាម​ជនជាតិ​ភាគតិច ដើម្បី​បិទបញ្ចប់​ជម្លោះ​ប្រដាប់អាវុធ ក្នុង​ប្រទេស​ភូមា។ ប៉ុន្តែ កិច្ចព្រមព្រៀង​បិទបញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ​ រវាង​ក្រុមជនជាតិ​នៅ​ភូមា បាន​ស្លាប់​ទៅ​ជាមួយ លោកអ៊ុងសាន ដោយ​គ្មាន​ភាគី​ណា​អនុវត្ត​តាម​នោះទេ។

លោកស្រី​អ៊ុងសាន ស៊ូជី​ដែល​ចង់​ដើរ​តាមផ្លូវ របស់​ឪពុក បាន​ព្យាយាម សើរើ ឡើងវិញ ដើម្បី ​បិទបញ្ចប់​ការប្រយុទ្ធគ្នា រវាង​ក្រុមទាហាន​រដ្ឋាភិបាល និង​ក្រុមប្រដាប់អាវុធ​ជនជាតិ​ភាគតិច។ ប៉ុន្តែ យ៉ាងណាក៏ដោយ ទោះជា​លោកស្រី ស៊ូជី បាន​ជោគជ័យ ចូលកាន់​អំណាច​នៅភូមា តាម​រយៈ​ការឈ្នះឆ្នោត នៅ​ឆ្នាំ ២០១៥មែន ប៉ុន្តែ លោកស្រី ស៊ូជី គ្មាន​អំណាច​ផ្តាច់មុខ ដើម្បី អារកាត់​រឿងនេះ​តែម្នាក់នោះទេ។ ក្រុមយោធា​ភូមា​ទោះ​ជា​យល់ព្រម​បើកផ្លូវ​ឲ្យ​លោកស្រី​អ៊ុងសាន ស៊ូជី ចូល​ដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល មែន ប៉ុន្តែ នៅតែ​ក្រាញ រក្សា​អំណាច​ផ្តាច់មុខ​របស់ខ្លួន នៅក្នុង​រដ្ឋាភិបាល និង​សភា។

ដរាបណា កងទ័ព​ភូមា​នៅតែ​ដើរតួ​សំខាន់​នៅក្នុង​ការសម្រេច​របស់​រដ្ឋាភិបាល ​ភូមា នឹង​មិន​អាច​ផ្លាស់ប្តូរ​មុខមាត់​ច្រើន​នោះទេ។ សង្រ្គាម​ស៊ីវិល​ដែល​បន្សល់​ទុក ​តាំង​ពី​តែ​ថ្ងៃ​ប្រកាស​ឯករាជ្យ​ភូមា នៅ​ញាំញី ភូមា រហូត​ដល់​សព្វថ្ងៃ។ រដ្ឋធម្មនុញ្ញ​ដែល​ផ្តល់​អំណាច​ដល់​ក្រុម​យោធា នៅ​តែ​មាន​សុពលភាព ពោល​គឺ​ យោធា​ភូមា​នៅតែ​មាន​សិទ្ធិ​គ្រប់គ្រង​កៅអី​២៥ភាគរយ​របស់​សភា ភូមា។

លោកស្រី អ៊ុងសាន ជា​ឪពុក​មាន​ឧបសគ្គ​ច្បាស់លាស់​ដែល​ត្រូវ​ជំនះ នោះ គឺ​ការទាមទារ​ឯករាជ្យ។ សត្រូវ​របស់​ភូមា​របស់​លោកអ៊ុងសាន គឺ​ពួកចក្រពត្តិ។ ប៉ុន្តែ ខុសពី​ឪពុក លោកស្រី​អ៊ុងសាន ស៊ូជី​មានសត្រូវ​ដែល​ប្រែប្រួលមុខមាត់ មិនច្បាស់លាស់ ពោល​គឺ​រាល់​អ្នកដែលប្រឆាំង​នឹង​លទ្ធិប្រជាធិបតេយ្យ។ នេះ​បើតាម​ក្រុមគាំទ្រលោកស្រី នៅ​ប្រទេស​ភូមា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ