អានតួអត្ថបទ

នាវា​អ៊ីរ៉ង់អាច​នឹង​​ផ្ទុះ​ឬ​លិច​នៅ​ក្នុង​សមុទ្ទ​ចិន​ ហើយបង្កមហន្តរាយធម្មជាតិធ្ងន់ធ្ងរ

នាវាដឹកប្រង​អ៊ីរ៉ង់ ដែល​មាន​គ្រោះថ្នាក់​បុកគ្នា​ជាមួយ​នាវា​ចិន កាលពី​ថ្ងៃ​សៅរ៍ កំពុង​បន្ត​ឆាប​ឆេះ ដោយ​អគ្គីភ័យ កណ្តាលមហាសាគរ​នៃ​​សមុទ្ទ​ចិន​ខាង​កើត។ នាវា​នេះ​អាច​នឹង​ផ្ទុះ​ ឬ​លិច​ ហើយបង្ហៀប្រេង​បំពុលបរិស្ថាន ដែល​ជា​តំណាង​មហន្តរាយធម្មជាតិ​យ៉ាងធ្ងន់ធ្ងរ មិនធ្លាប់​មាន។ នេះ​បើ​តាមសេចក្តី​ប្រកាស​ព្រមាន​របស់​អាជ្ញាធរ​ចិន នៅ​ថ្ងៃចន្ទទី ៨ មករា ២០១៨។

បើតាមអាជ្ញាធរចិន នាវាដឹកប្រេង​អ៊ីរ៉ង់ Sanchi អាច​នឹង​ផ្ទុះ ឬ​លិច
បើតាមអាជ្ញាធរចិន នាវាដឹកប្រេង​អ៊ីរ៉ង់ Sanchi អាច​នឹង​ផ្ទុះ ឬ​លិច China Central Television (CCTV) via REUTERS
ផ្សាយពាណិជ្ជកម្ម

ក្រុមសង្គ្រោះចិន ដែល​បាន​សាកល្បង​ចូល​ទៅ​ជួយ​រក​អ្នក​ធ្វើការលើ​នាវាប្រេង​អ៊ីរ៉ង់ ទាំង​៣២នាក់ បានបង្ខំ​ចិត្ត​​នាំ​គ្នា​ដក​ថយ​វិញ ព្រោះ​មិន​អាច​យក​ឈ្នះ​លើ​ផ្សែង​ពុលក្រាស់ឃ្នឹក​បាន។ ម្យ៉ាង​វិញ​ទៀត អាកាសធាតុ​​មិន​អំណោយ​ផល​សោះ សម្រាប់​ធ្វើ​ការសង្គ្រោះនិង​ស្វែង​រក​ជនបាត់​ខ្លួន​។

រហូត​មក​ទល់​នឹង​ព្រឹក​ថ្ងៃ​ចន្ទ​ទី ៨​មករា អគ្គីភ័យ​នៅ​តែ​បន្ត​ឆាបឆេះ ​​​​អណ្តាត​ភ្លើង​​កំពុង​​ខាំ​ត្របាក់​នាវា ប្រវែង ២៧៤ម៉ែត្រ ដែលនឹង​អាច​ធ្វើ​ឱ្យ​នាវា​នេះ ​ផ្ទុះ ឬ​លិច​បាន​ គ្រប់​ពេលវេលា។ នេះ​បើ​តាមប្រភព​ព័ត៌មាន​​ចិន ដែល​បាន​អះអាង​ទៀត​ថា ឃើញ​មាន​សាកសព​ កំណត់​អត្តសញ្ញាណមិន​ទាន់​បាន​ម្នាក់ អណ្តែត​នៅ​ចម្ងាយ​ប្រមាណ​ពីរបី​គីឡូម៉ែត្រ​ពី​នាវា។

សូមអាន ៖ គ្រោះថ្នាក់នាវាពីរ​បុក​គ្នា​នៅ​សមុទ្ទ​ចិន

ក្រៅ​អំពី​ការ​ខិត​ខំប្រែង​សង្គ្រោះ​ជនបាត់​ខ្លួន អាជ្ញាធរ​ចិន​កំពុង​រិះរក​មធ្យោបាយ​ បញ្ចៀស​គ្រោះ​មហន្តរាយ​ធម្មជាតិ ព្រោះ​នាវា​អ៊ីរ៉ង់ Tanker Sanchi នេះ មាន​ផ្ទុក​ប្រេងឆៅ​ដល់​ទៅ​ជាង​១​លាន​ធុង​បារីស។ ក្រុម​អ្នក​ជំនាញ​បរិស្ថាន Greepeace បាន​សម្តែងការ​ព្រួយ​បារម្ភ​រួច​ជា​ស្រេច​ទៅ​ហើយ អំពី​គ្រោះមហន្តរាយ​ធម្មជាតិ បង្ក​ឡើង​ដោយ​ការ​ធ្លាយ​ប្រេង។

ប្រសិន​បើ​នាវាដឹកប្រេង​អ៊ីរ៉ង់ ពិត​ជា​ត្រូវ​ផ្ទុះ និង​លិច​ ហើយ​បរិមាណ​ប្រេង​ទាំង​១៣៦​តោន​ត្រូវ​ធ្លាយ​ហូរ​ក្នុង​សមុទ្ទ​មែន នោះ​មាន​ន័យ​ថារលក​សមុទ្ទ​នឹង​បង្ក​មហន្តរាយបរិស្ថានដ៏​អាក្រក់​បំផុត​មិន​ធ្លាប់​មាន ក្នុង​រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ។ ជីវិត​សត្វ​និង​រុក្ខជាតិ ក្នុង​ទឹក​ ក្នុង​ផ្ទៃក្រឡា ដ៏​ធំ​ធេង នឹង​ត្រូវ​បំផ្លាញ​គ្មាន​សល់​ឡើយ ! នេះ​បើ​តាមការ​គូស​បញ្ជាក់​របស់​អ្នក​បរិស្ថាន​នៃ​សាកលវិទ្យាល័យ​Tsinghua នា​ទីក្រុង​ប៉េកាំង។ប៉ុន្តែ​បើ​ទោះ​បី​ជា​គេ​មាន​សំណាង​ខ្ពស់​អាច​ទប់​ស្កាត់​មហន្តរាយ​បាន​យ៉ាងណា​ក៏​ដោយ ក៏​គេត្រូវ​ការ​ពេល​វេលា​យូរ​ទម្រាំ​សមុទ្ទ​វិល​ត្រលប់​មក​ជីវិត​ធម្មតា​វិញ​បាន។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ចន្ទ​នេះ នាវា​ពិសេស​ចិន​ពីរ​គ្រឿង​ បាន​បញ្ជូន​ទៅ​ដល់​កន្លែងកើត​ហេតុ​ហើយ ដើម្បី​ចាំសាក​ល្បង​ទប់ការ​ធ្លាយ​ប្រេង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ