ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/06 12h00 GMT
អាស៊ី

វៀតណាម៖​តុលាការ​បើក​សវនាការ​កាត់ទោស​លោក Trinh Xuan Thanh ពីបទ​ពុករលួយ

media វៀតណាម៖​តុលាការ​បើក​សវនាការ​កាត់ទោស​លោក Trinh Xuan Thanh ពីបទ​ពុករលួយ VNA/Doan Tan via REUTERS

នៅ​ក្នុង​ប្រទេស​វៀតណាម តុលាការ​ក្រុង​ហាណូយ​បាន​បើក​សវនាការ​កាត់​ទោស​លោក Trinh Xuan Thanh នា​ថ្ងៃ​ចន្ទ ទី៨ មករា​នេះ។ លោក Thanh ជា​អតីត​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​រដ្ឋ​រហូត​ដល់​ឆ្នាំ ២០១៣ និង​ដែល​ទើប​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​រដូវ​ក្តៅ​ឆ្នាំ ២០១៧ ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់។ របប​កុម្មុយនិស្ត​ក្រុងប​ហាណូយ​បាន​ចោទ​លោក Thanh ពី​បទ​ប្រព្រឹត្តិ​អំពើ​ពុករលួយ និង​អាច​ទទួល​ទោស​ប្រហារ​ជីវិត។

គឺ​នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ ២០១៧ ដែល​លោក Trinh Xuan Thanh ត្រូវ​បាន​ជន​ប្រដាប់អាវុធ​មួយ​ក្រុម​ចាប់​ខ្លួន​នៅ​សួនច្បារ​សាធារណៈ​មួយ​ស្ថិត​ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់។ ព្រឹត្តិការណ៍​កាល​ណោះ​បាន​បង្ក​ឲ្យ​មាន​វិបត្តិការទូត​ធ្ងន់ធ្ងរ​រវាង​រដ្ឋាភិបាល​ក្រុង​ហាណូយ និង​រដ្ឋាភិបាល​ក្រុង​ប៊ែរឡាំង។ វិបត្តិការទូត​ដោយ​រដ្ឋអំណាច​អាល្លឺម៉ង់​យល់​ឃើញ​ថា ការ​ចាប់​ខ្លួន​ជនជាតិ​វៀតណាម​រូប​នោះ​ក្នុង​ទឹកដី​របស់​ខ្លួន​បាន​រៀបចំ​ឡើង​ដោយ​ក្រុម​ចារបុរស​វៀតណាម។ តែ​វៀតណាម​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​លើ​ការ​សង្ស័យ​នេះ។

ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក គេ​ក៏​បាន​ឃើញ​រូប​លោក Trinh Xuan Thanh បង្ហាញ​ខ្លួន​នៅ​ក្នុង​កញ្ចក់​ទូរទស្សន៍ជាតិ​នៅ​វៀតណាម​ដោយ​បាន​ថ្លែង​សារភាព​ថា ខ្លួន​លោក​បាន​ធ្វើ​ដំណើរ​ត្រឡប់​ចូលស្រុក​ដោយ​ស្ម័គ្រចិត្ត ពោល​គ្មាន​ការ​ចាប់ខ្លួន​ពី​រដ្ឋអំណាច​វៀតណាម​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ក្រុមអ្នក​សង្កេតការណ៍​បាន​មើល​ឃើញ​ថា ចម្លើយ​សារភាព​របស់​លោក​ Trinh Xuan Thanh បាន​ធ្វើ​ឡើង​ដោយ​មាន​ការ​ចាប់​បង្ខំ​ឲ្យ​ឆ្លើយ។

សូម​ជម្រាប​ជូន​ថា លោក Trinh Xuan Thanh បាន​ដឹកនាំ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​មួយ​យ៉ាង​សំខាន់​របស់​រដ្ឋ​​រហូត​ដល់​ឆ្នាំ ២០១៣។ ក្រៅ​ពី​រូប​លោក Trinh Xuan Thanh សវនាការ​ពេល​នេះ​ក៏​មាន​ការ​កាត់ទោស​លើ​ថ្នាក់ដឹកនាំ​ម្នាក់​ទៀត​ក្នុង​ក្រុមហ៊ុន​តែ​មួយ និង​អ្នក​ទទួល​ខុសត្រូវ​ម្នាក់​ដ៏​សំខាន់​របស់​គណបក្ស​ដែល​ជា​អតីត​សមាជិក​ការិយាល័យ​នយោបាយ​មជ្ឈិមបក្ស។ អ្នក​ទាំង​ពីរ​ចុង​ក្រោយ​អាច​នឹង​កាត់ទោស​ដេក​គុក​ចំនួន ២០ឆ្នាំ​ពី​បទ​គ្រប់គ្រង​មិន​ល្អ ចំណែក​លោក​ Trinh Xuan Thanh អាច​នឹង​ទទួល​ទោស​ប្រហារជីវិត​ក្នុង​បទ​ពុករលួយ។

គួរ​បញ្ជាក់​ជូន​ថា​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ របប​កុម្មុយនិស្ត​ក្រុង​ហាណូយ​បាន​បើក​ប្រតិបត្តិ​កំចាត់​ក្រុម​ប្រឆាំង​ខ្លួន និង​មិន​ញញើត​នឹង​ដាក់​ទោស​ធ្ងន់ធ្ងរ​លើ​ថ្នាក់ដឹកនាំ​ណា​ដែល​មាន​កំហុស។ ក្រុម​អ្នកសង្កេតការណ៍​បាន​មើល​ឃើញ​ថា អ្នក​ដែល​នៅ​ពី​ក្រោយ​ប្រតិបត្តិការ​មួយ​នេះ គឺ​គ្មាន​នរណា​ក្រៅ​ពី​អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​លោក Nguyen Phu Trong។ លោក Trong ដែល​កំពុង​បន្ត​ជម្រះ​បញ្ជី​លើ​ក្រុម​មនុស្ស​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អតីត​គូប្រជែង​លោក គឺ​អតីត​នាយករដ្ឋមន្រ្តី​លោក Nguyen Tan Dung៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ