ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/08 12h00 GMT

២ឆ្នាំ​ក្រោយ​មក កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​បាន​ចាប់ដៃ និយាយ​រកគ្នា​ជា​ថ្មី

២ឆ្នាំ​ក្រោយ​មក កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​បាន​ចាប់ដៃ និយាយ​រកគ្នា​ជា​ថ្មី
 
២ឆ្នាំ​ក្រោយ​មក កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​បាន​ចាប់ដៃ និយាយ​រកគ្នា​ជា​ថ្មី Reuters

នៅ​ថ្ងៃ​អង្គារ ទី៩ មករា​នេះ ក្រុម​អ្នកតំណាង​ជាន់ខ្ពស់​មក​ពី​កូរ៉េខាងត្បូង និង​ពី​កូរ៉េខាងជើង​បាន​ជួប​ជជែក​គ្នា​ក្នុង​ស្រុក Panmunjom ស្ថិត​ក្នុង​ទឹកដី​កូរ៉េខាងត្បូង។ នេះ​ជា​ការ​ជួប​សន្ទនា​លើកទី១ រវាង​បងប្អូន​បង្កើត​គូសត្រូវ​ទាំង​ពីរ គិត​តាំង​ពី​ឆ្នាំ ២០១៥។ នៅ​ក្នុង​ជំនួប​ថ្ងៃ​នេះ ភាគី​កូរ៉េខាងជើង​បាន​ថ្លែង​ពី​ការ​ត្រៀម​ខ្លួន​បញ្ជូន​ក្រុម​កីឡាករ និង​ប្រតិភូជាន់ខ្ពស់​ទៅ​ចូលរួម​នៅ​ក្នុង​ល្បែងកីឡាអូឡាំពិក​រដូវរងារ​រៀបចំ​នៅ​កូរ៉េខាងត្បូង​នា​ខែ​កុម្ភៈ​ខាង​មុខ។

ក្រៅ​ពី​រឿង​កីឡា ភាគី​កូរ៉េខាងត្បូង​ក៏​បាន​ឆ្លៀត​ស្នើ​ភាគី​កូរ៉េខាងជើង​ឲ្យ​លើក​យក​ប្រធានបទ​ផ្សេង​ទៅ​ជជែក​ដែរ។

បរិយាកាស​រួម​នៃ​ជំនួប​រវាង​បងប្អូន​បង្កើត​កូរ៉េ​ទាំង​ពីរ​ក្នុង​ថ្ងៃ​នេះ គឺ​ល្អ​ទាំង​ការ​ជួប​ប្រាស្រ័យ​គ្នា​ក៏​ដូច​ជា​លទ្ធផល​ដែល​ទទួល​បាន។ នៅ​ក្នុង​កិច្ចសន្ទនា​នោះ ភាគី​កូរ៉េខាងត្បូង​ដឹកនាំ​ដោយ​លោក​ចូ យ៉ុង យ៉ុន រដ្ឋមន្រ្តី​ទទួល​បន្ទុក​កិច្ចការ​បង្រួបបង្រួម និង​ភាគី​កូរ៉េខាងជើង​ដឹកនាំ​ដោយ​លោក រី សុន វ៉ុន ប្រធាន​គណៈកម្មការ​ដើម្បី​ការ​បង្រួបបង្រួម​ប្រទេស​ដោយ​សន្តិភាព។ កំណត់​សម្គាល់​មួយ​ទៀត ជំនួប​នោះ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ក្នុង « ផ្ទះ​សន្តិភាព » ដែល​ស្ថិត​ក្នុង​ស្រុក Panmunjom នៃ​ទឹកដី​កូរ៉េខាងត្បូង។

ជម្រើស​យក​ស្រុក Panmunjom ព្រោះ​ជា​ស្រុក​ដែល​ស្ថិត​ក្នុង​តំបន់​គ្មាន​កងទ័ព និង​ជា​ទីកន្លែង​ដែល​បងប្អូន​បង្កើត​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​យុទ្ធសន្តិភាព​ដើម្បី​បិទបញ្ចប់​សង្រ្គាម​រវាង​គ្នា​ចន្លោះ​ឆ្នំា ១៩៥០ ១៩៥៣។ គួរ​បញ្ជាក់​ថា ទោះ​បី​ជា​សង្រ្គាម​កូរ៉េ​បាន​បិទបញ្ចប់​អស់​រយៈពេល​ជាង​កន្លះ​សតវត្ស​ក៏​ដោយ ក៏​ជា​លក្ខណៈ​បច្ចេកទេស ភាគី​ទំាង​ពីរ​កំពុង​បន្ត​មាន​សង្រ្គាម​ជាមួយ​គ្នា​ជានិច្ច។ មូលហេតុ មក​ពី​ភាគី​ទាំង​ពីរ​នៅ​ពុំ​ទាន់​មាន​សន្ធិសញ្ញា​សន្តិភាព​រវាង​គ្នា​នៅ​ឡើយ។

ជា​រួម ជំនួប​ថ្ងៃ​នេះ​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​ភាព​ស្និទ្ធិស្នាល និង​រាក់ទាក់ ហើយ​ភាគី​នីមួយៗ​សុទ្ធ​បាន​បង្ហាញ​ចេញ​នូវ​ក្តីសង្ឃឹម និង​ឆន្ទៈ​ចង់​បាន​សន្តិភាព និង​ចង់​ឲ្យ​មាន​ការ​ផ្សះផ្សា​រវាង​បងប្អូន​បង្កើត​ឡើង​វិញ។ ភាគី​កូរ៉េខាងជើង​លោក រី សុន វ៉ុន​បាន​ថ្លែង​នា​ពេល​ផ្តើម​កិច្ចសន្ទនា​ដោយ​សង្ឃឹម​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ជូន​ពលរដ្ឋ​កូរ៉េ។ ចំណែក​ភាគី​កូរ៉េខាងត្បូង​លោក​ចូ យ៉ុង យ៉ុន​បាន​ឆ្លើយ​តប​វិញ​ដោយ​ចង់​ឃើញ​មហោស្រព​ល្បែងកីឡាអូឡាំពិក​ខាង​មុខ​ក្លាយ​ជា​មហោស្រព​សន្តិភាព និង​ជា​ជំហាន​ទី១ ឆ្ពោះ​ទៅ​បង្កើន​ទំនាក់ទំនង​រវាង​កូរ៉េ​ទាំង​ពីរ។

ភាគី​ទាំង​ពីរ​បង្ហាញ​ពី​ការ​ចង់​ជជែក​លើ​ប្រធានបទ​ផ្សេង​ក្រៅ​ពី​កីឡា

លទ្ធផល​នៃ​ជំនួប​ថ្ងៃ​នេះ កូរ៉េខាងជើង​បាន​បញ្ជាក់​ពី​ការ​ត្រៀមខ្លួន​បញ្ជូន​ក្រុមកីឡាករ​របស់​ខ្លួន រួម​ទាំង​ប្រតិភូ​ជាន់ខ្ពស់​ទៅ​ចូលរួម​នៅ​ក្នុង​ល្បែងកីឡាអូឡាំពិក​រដូវរងារ​រៀបចំ​ក្នុង​ទឹកដី​កូរ៉េខាងត្បូង​ពី​ថ្ងៃទី៩ ដល់​ថ្ងៃទី២៥ កុម្ភៈ​ខាង​មុខ។ តែ​ឆ្លៀត​ឱកាស​នោះ ភាគី​កូរ៉េខាងត្បូង​ក៏​សុំ​ឲ្យ​កូរ៉េខាងជើង​លើក​យក​រឿង​ផ្សេង​ទៅ​ជជែក​ដែរ ពិសេស​ការ​រៀបចំ​ឲ្យ​មាន​ឡើង​វិញ​នូវ​ជំនួប​រវាង​ក្រុមគ្រួសារ​កូរ៉េ​ដែល​ព្រាត់ប្រាស​នៅ​ក្រោយ​សង្រ្គាម។

ទន្ទឹម​គ្នា​នេះ ក៏​មាន​ការ​ឯកភាព​គ្នា​ឲ្យ​មាន​ជំនួប​ថ្នាក់​យោធា​ដើម្បី​បញ្ជៀស​ភាព​ប្រទូស្រ្តាយ និង​ការ​ប្រឈម​មុខ​ដាក់​គ្នា​ជា​ថ្មី​នា​ពេល​ខាង​មុខ ឬ​មួយ​ក៏​ជំនួប​រវាង​កាកបាទក្រហម​រវាង​គ្នា​ដើម្បី​រៀបចំ​ពី​ជំនួយ​ក៏​ដូច​ជា​ការ​ជួបជុំ​រវាង​ក្រុមគ្រួសារ​កូរ៉េ​ដែល​បែកបាក់​គ្នា។ រឿង​ក្រុមគ្រួសារ​កូរ៉េ​បែកបាក់​នៅ​ក្រោយ​ចប់​សង្រ្គាម​ជា​សំណុំរឿង​មួយ​ក្នុង​ចំណោម​សំណុំរឿង​ផ្សេង​ទៀត​ដែល​សល់​ពី​សម័យ​សង្រ្គាម តែ​ជា​សំណុំរឿង​ក្តុកក្តួល​ខ្លាំង​ជាង​គេ​សម្រាប់​ពលរដ្ឋ​កូរ៉េ​ទូទៅ មិន​ថា​អ្នក​រស់​នៅ​ខាង​ជើង ឬ​ខាង​ត្បូង​ទេ។

ព័ត៌មាន​ឲ្យ​ដឹង​ថា ក្រុម​ប្រតិភូជាន់ខ្ពស់​ដែល​ក្រុង​ព្យុងយ៉ាង​គ្រោង​បញ្ជូន​ទៅ​អាច​មាន​ប្អូនស្រី​របស់​លោក​គីម ជុងអ៊ុន​ឈ្មោះ យ៉ូ ជុង​ដែល​ជា​ថ្នាក់ដឹកនាំជាន់ខ្ពស់​នៃ​គណបក្ស​កុម្មុយនិស្ត។ អ្វី​ដែល​គេ​កំពុង​រង់ចាំ​មើល​បន្ថែម​នៅ​ក្នុង​ជំនួប​រវាង​គ្នា​នា​ពេល​ខាង​មុខ​នោះ​គឺ​ថា តើ​អាច​មាន​ប្រធានបទ​ទាក់ទង​នឹង​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង ឬ​មួយ​សមយុទ្ធ​ប្រចាំឆ្នាំ​រវាង​កូរ៉េខាងត្បូង និង​អាមេរិក​ឬ​អត់។

ជំនួប​ថ្ងៃ​នេះ​បាន​មក​ពី​ការ​បោះដៃ​រក​គ្នា​ទៅវិញ​ទៅ​មក​​រវាង​លោក​គីម ជុងអ៊ុន និង​លោក​មូន ចៃអ៊ីន

ភាព​ល្អូកល្អឺន​បន្តិច​រវាង​កូរ៉េ​ទាំង​ពីរ​ពេល​នេះ​បាន​មក​ពី​ការ​បោះដៃ​មុន​គេ​របស់​ប្រមុខដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុនអ៊ុន​តាម​រយៈ​សារ​ជូន​ពរ​ចូលឆ្នាំ​សកល​ឆ្នាំ ២០១៨។ ក្រៅ​ពី​ជូនពរ​ពលរដ្ឋ​ខ្លួន​ឯង លោក​គីម ជុនអ៊ុន​ក៏​បាន​បោះដៃ​រក​កូរ៉េខាងត្បូង​ដោយ​ជូនពរ​ឲ្យ​ការ​រៀបចំ​ល្បែងកីឡាអីឡាំពិក​រដូវរងារ​នៅ​កូរ៉េខាងត្បូង​នា​ពេល​ខាង​មុខ​ទទួល​បាន​ជោគជ័យ​ធំធេង និង​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ត្រៀម​ខ្លួន​បញ្ជូន​ក្រុមកីឡាករ​កូរ៉េខាងជើង​ឲ្យ​ទៅ​ចូលរួម​ដែរ។ បន្ទាប់​មក លោក​គីម ជុងអ៊ុន​បាន​និយាយ​ត្រង់ៗ​ដោយ​មិន​លាក់លៀម​ថា នៅ​ក្នុង​ឱកាស​ល្បែងកីឡាអូឡាំពិក​នោះ រដ្ឋអំណាច​កូរ៉េខាងជើង និង​ខាងត្បូង​អាច​នឹង​ជួប​ជជែក​គ្នា​បាន។

សារ​របស់​លោក​គីម ជុងអ៊ុន​ពេល​នោះ​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល និង​ដែល​លោក​ប្រមុខរដ្ឋ​កូរ៉េខាងត្បូង​មូន ចៃអ៊ីន​មិន​ទុក​ឲ្យ​រំលង​បាន ២៤ម៉ោង​ទេ។ លោក​ចៃអ៊ីន​ក៏​បាន​បោះដៃ​ត្រឡប់​វិញ​ដោយ​ស្វាគមន៍​សំណើ​របស់​លោក គីម ជុនអ៊ុង​ភ្លាមៗ។ គួរ​បញ្ជាក់​ជូន​ថា​តាំង​ពី​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង​ក្នុង​ខែ​ឧសភា​មក លោក​មូន ចៃអ៊ីន​តែង​ប្រកាន់​យក​នយោបាយ​ត្រជាក់ ទន់ភ្លន់ អត់ធ្មត់ និង​មិន​ឆេវឆាវ​ដូច​ប្រធានាធិបតី​កូរ៉េខាងត្បូង​មុនៗ​ទេ នោះ​បើ​ទោះ​បី​ជា​លោក​គីម ជុងអ៊ុន​បន្ត​ផ្គើន​សហគមន៍​អន្តរជាតិ​តាម​រយៈ​នុយក្លេអ៊ែរ ឬ​គ្រាប់មីស៊ីល​ក្តី។ ជានិច្ចកាល លោក​មូន ចៃអ៊ីន​តែង​បង្ហាញ​ពី​ឆន្ទៈ​ចង់​ឲ្យ​បន្ត​កិច្ចសន្ទនា​រវាង​កូរ៉េ​ទាំង​ពីរ។ នេះ​ក៏​អាច​និយាយ​បាន​ថា ជា​ការ​បោះដៃ​របស់​លោក​មូន ចៃអ៊ីន​ដែល​លោក​គីម ជុង​អ៊ុន​បាន​បោះ​ត្រឡប់​វិញ​ដែរ។

តែ​សំណួរ​កំពុង​បន្ត​ចោទ​ជុំវិញ​ភាព​ស្មោះត្រង់ និង​សុឆន្ទៈ​ពិត​ប្រាកដ​របស់​លោក​គីម ជុងអ៊ុន​ដោយ​មាន​ការ​លើក​ឡើង​ថា មនុស្សខ្លាំង​កូរ៉េខាងជើង​រូបនេះ​កំពុង​ព្យាយាម​អូសទាញ​កូរ៉េខាងត្បូង​ឲ្យ​ចេញ​ពី​អាមេរិក៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • កូរ៉េខាងជើង

    កូរ៉េ​ខាង​ជើង សម្រេច​បញ្ជូន​អត្តពលិក​ទៅ​ចូល​រួម​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងារ​នៅ​កូរ៉េ​ខាង​ត្បូង

    ស្វែងយល់បន្ថែម

  • ឧបទ្វីបកូរ៉េ

    នៅ​ឧបទ្វីបកូរ៉េ ក្រុងសេអ៊ូល​ចង់​ឲ្យ​ក្រុង​ព្យុងយ៉ាង​រៀបចំ​ឡើងវិញ​នូវ​ជំនួប​រវាង​ក្រុមគ្រួសារ​ដែល​ព្រាត់ប្រាស​គ្នា​

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    កូរ៉េទាំងពីរ ​យល់ព្រម​ជួប​ចរចា​គ្នា ជា​សញ្ញា​នៃ​ការ​ខិត​ទៅរក​ភាព​ធូរស្រាល

    ស្វែងយល់បន្ថែម

  • កូរ៉េខាងជើង-កូរ៉េខាងត្បូង

    កូរ៉េខាងត្បូង​ស្វាគមន៍​ដែល​កូរ៉េខាងជើង ​ចង់​ចូលរួម នៅ​ការប្រកួត​អូឡាំពិក នៅ​ព្យុងឆាង

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ