អានតួអត្ថបទ
ប្រេង-ចិន

កាសែត​អាមេរិក៖ រដ្ឋអាជ្ញាពិសេស​គ្រោង​នឹង​ជួប​សាកសួរ​លោកដូណាល់ ត្រាំ

លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ​នឹង​ផ្តល់​ចម្លើយ នៅក្នុង​ការស៊ើបអង្កេត​ទៅលើ​ការលូកដៃ​របស់​រុស្ស៊ី នៅក្នុង​ការបោះឆ្នោត​អាមេរិក? តាម​ការចុះផ្សាយ​របស់​កាសែត Washington Post និង​ទូរទស្សន៍ NBC រដ្ឋអាជ្ញាពិសេស លោក​Robert Mueller ដែល​កំពុង​ដឹកនាំ​ការស៊ើបអង្កេត លើ​ទំនាក់ទំនង​រុស្ស៊ី ហើយ​និង​ក្រុមឃោសនា​បោះឆ្នោត​របស់​លោកដូណាល់ ត្រាំ គ្រោង​នឹង​ជួបសាកសួរ​លោក​ដូណាល់ ត្រាំ នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខ។ សេតវិមាន​វិញ បាន​បដិសេធ មិនឆ្លើយ​បញ្ជាក់​ព័ត៌មាន​ចុះផ្សាយ​របស់​កាសែត​អាមេរិក។

អតីតប្រធាន​ប៉ូលិស​សហព័ន្ធ​FBI​បាន​ក្លាយ​ជា​រដ្ឋអាជ្ញាពិសេស​ស៊ើបអង្កេត​លើ​ការលូកដៃ​របស់​រុស្ស៊ី នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី អាមេរិក ឆ្នាំ ២០១៦
អតីតប្រធាន​ប៉ូលិស​សហព័ន្ធ​FBI​បាន​ក្លាយ​ជា​រដ្ឋអាជ្ញាពិសេស​ស៊ើបអង្កេត​លើ​ការលូកដៃ​របស់​រុស្ស៊ី នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី អាមេរិក ឆ្នាំ ២០១៦ © REUTERS/Yuri Gripas/File Photo
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ការចាក់ផ្សាយ​របស់​ទូរទស្សន៍​អាមេរិក NBC​នៅថ្ងៃ​ចន្ទ​ម្សិលមិញ ក្រុមមេធាវី​របស់​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ បាន​និយាយ​ថា កាលពី​​ចុង​ខែធ្នូ​កន្លងទៅ គេ​បាន​ជួប​អ្នកតំណាង​របស់​ការិយាល័យ​ស៊ើបអង្កេត​របស់​រដ្ឋអាជ្ញាពិសេស ដើម្បី ពិភាក្សា ពី​របៀបរបប​ដែល រដ្ឋអាជ្ញា​ពិសេស លោក Robert Mueller ត្រូវ​ជួប​សាកសួរ​លោក​ដូណាល់ ត្រាំ នៅក្នុង​ក្របខ័ណ្ឌ នៃ​ការស៊ើបអង្កេត ស្តី​ការជាប់​ពាក់ព័ន្ធ​របស់​រុស្ស៊ី។ នៅ​ទូរទស្សន៍​NBC មេធាវី​របស់​លោក​ដូណាល់ ត្រាំ និយាយ​ថា គេ​ចង់​ឲ្យ​ដូណាល់ ត្រាំ ផ្តល់​ចម្លើយ ជា​លាយល័ក្ខ​អក្សរ ច្រើន​ជាង​ជួប​សម្ភាសន៍​ផ្ទាល់មាត់ ជាមួយ​រដ្ឋអាជ្ញា​ពិសេស លោក​ Robert Mueller។

ការលើកឡើង​របស់​មេធាវី​របស់​លោក​ដូណាល់ ត្រាំ បាន​បញ្ជាក់​ព័ត៌មាន​ចុះផ្សាយ​ដោយ​កាសែត អាមេរិក Washington Post ដែល​បាន​សរសេរ​ថា ដំណើរការ​សាកសួរ​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ នៅក្នុង​ក្របខ័ណ្ឌ​នៃ​ការស៊ើប​អង្កេត លើ​ការលូកដៃ​របស់​រុស្ស៊ី នឹង​ធ្វើ​ឡើង នៅក្នុង​ពេល​ឆាប់ៗ គឺ​នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខ។ ទាំង​ការិយាល័យ​ស៊ើបអង្កេត​របស់​រដ្ឋអាជ្ញាពិសេស និង​សេតវិមាន បាន​បដិសេធ​រហូតមក​ មិន​ទម្លាយ​ឲ្យ​ដឹង​ពី​លទ្ធភាព​នៃ​ជំនួប​សាកសួរ រវាង​រដ្ឋអាជ្ញា និង​លោកប្រធានាធិបតី​អាមេរិក​នោះទេ។

ប៉ុន្តែ តាម​កាសែត​Washington Post ដែល​បាន​ស្រង់​សំដី​របស់​អ្នកស្និទ្ធិ​នឹង​លោក​ដូណាល់ ត្រាំ កាលពី​ខែ​ធ្នូ​កន្លងទៅ រដ្ឋអាជ្ញា​ពិសេស លោក​ Robert Mueller​បាន​និយាយ​ប្រាប់​ក្រុម​អ្នកច្បាប់​របស់​ប្រធានាធិបតី ពី​គម្រោង​ចង់​ជួប​សាកសួរ​លោក​ដូណាល់ ត្រាំ។

សូម​អាន៖កាសែត​សរសេរ​ថា លោកដូណាល់ ត្រាំ ជាប់សំណាញ់​ស៊ើបអង្កេត​របស់​រដ្ឋអាជ្ញាពិសេស

ចាប់​តាំង​បើក​ការស៊ើបអង្កេត ទៅលើ​ការលូកដៃ​របស់​រុស្ស៊ី នៅក្នុង​ការបោះឆ្នោត ហើយ​និង​ទៅលើ​ការជាប់​ពាក់ព័ន្ធ​គ្នា រវាង​ក្រុង​ម៉ូស្គូ និង​ក្រុមធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​ដូណាល់ ត្រាំ នៅពាក់​កណ្តាលឆ្នាំ ២០១៧ មនុស្ស​ជំនិតៗ​ជាច្រើន​នាក់​របស់​លោកដូណាល់ ត្រាំ បាន​ជាប់​ក្នុង​សំណាញ់​ស៊ើបអង្កេត​របស់​រដ្ឋអាជ្ញាពិសេស លោក​ Robert Mueller។ អតីត​ទីប្រឹក្សា​ផ្នែក​សន្តិសុខ​ជាតិ របស់​លោកដូណាល់ ត្រាំ លោក​ Michael Flynn ត្រូវ​ចោទប្រកាន់​ថា បាន​និយាយ​កុហក​ក្រុម​ប៉ូលិស​FBI ចំណែក​ប្រធាន​ក្រុម​ឃោសនា​បោះឆ្នោត​របស់​លោកដូណាល់ ត្រាំ រង​បទ​ចោទប្រកាន់​ចំនួន ១២ ដែល​នៅក្នុង​នោះ​មាន​ផង​ដែរ ការឃុបឃិត ដើម្បី​ប្រឆាំង​អាមេរិក។

សូមបញ្ជាក់ថា នៅ​ខែ​មករា ឆ្នាំ ២០១៧ ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក​បាន​ចេញផ្សាយ​ជាសាធារណៈ របាយការណ៍​សម្ងាត់​មួយ ដែល​នៅក្នុង​នោះ ចារកិច្ច​អាមេរិក​បាន​ចោទ​រុស្ស៊ី​ថា បាន​អន្តរាគមន៍ លូកដៃ ដើម្បី ជួយ​ក្រុម​លោកដូណាល់ ត្រាំ ឲ្យ​ឈ្នះឆ្នោត​ប្រធានាធិបតី នៅ​ឆ្នាំ ២០១៦។ លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ ដែល​អះអាង​​ដដែល ជាដដែល ថា គ្មាន​ជាប់ពាក់ព័ន្ធ​នឹង​រុស្ស៊ី និង​ចាត់ទុក​ការស៊ើបអង្កេត​ទៅលើ​សំណុំរឿងនេះ ថា ជា​ការប្រមាញ់​មេធ្មប់​នោះ បាន​ប្រាប់អ្នកកាសែត កាលពី​ថ្ងៃ​សៅរ៍ សប្តាហ៍​មុន​ថា លោក​នឹង​ជួប​ក្រុមស៊ើបអង្កេត​របស់​រដ្ឋអាជ្ញា​ពិសេស។ “នៅពេល​ដែល​យើង​គ្មាន​បានធ្វើ​អ្វីខុស យើង​នឹង​និយាយ​ប្រាប់​ដោយ​ស្មោះត្រង់ និង​ចង់ឲ្យ​រឿងនេះ​ចប់​ឆាប់ៗ” នេះ​ជា​ប្រសាសន៍​របស់​លោកដូណាល់ ត្រាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ