អានតួអត្ថបទ
ចិន

គ្រោះមហន្តរាយ​ធំៗ នៃ​ការលេច ហៀរប្រេង​នៅលើ​សមុទ្រ

គ្រោះថ្នាក់​បុកកប៉ាល់​ដឹកប្រេង ជាមួយ​កប៉ាល់​ដឹកទំនិញ នៅ​សមុទ្រ​ចិន​ខាងកើត​កាលពី​ថ្ងៃ​សៅរ៍​ទី​៦​មករា កំពុង​ធ្វើ​ឲ្យ​គេ​កើតក្តី​បារម្ភ​ពី​គ្រោះមហន្តរាយ​លេច​ធ្លាយ ហៀរប្រេង មួយ​ទៀត នៅក្នុង​មហាសាគរ។ អាជ្ញាធរ​ចិន​ដែល​កំពុង​ខ្លាច​ក្រែង នាវា​ដឹកប្រេង​ផ្ទុះ បាន​ដុតដៃ ដុតជើង​ចាត់វិធានការ​ដើម្បីទប់កុំ​ឲ្យ​ប្រេងលេច​ហូរហៀរ នៅលើ​ផ្ទៃសមុទ្រ។

ស្រ្តី​បារាំង សម្អាត​ឆ្នេរ​នៅ​ភាគខាងជើង​បារាំង នៅថ្ងៃទី ២៦​ធ្នូ ១៩៩៩ដែល​បង្កឡើង​ដោយ​កប៉ាល់​ដឹកប្រេងរបស់​ប្រទេស​​ម៉ាល់ ឈ្មោះ EriKa.
ស្រ្តី​បារាំង សម្អាត​ឆ្នេរ​នៅ​ភាគខាងជើង​បារាំង នៅថ្ងៃទី ២៦​ធ្នូ ១៩៩៩ដែល​បង្កឡើង​ដោយ​កប៉ាល់​ដឹកប្រេងរបស់​ប្រទេស​​ម៉ាល់ ឈ្មោះ EriKa. ©VALERY HACHE / AFP
ផ្សាយពាណិជ្ជកម្ម

តាម​ក្រសួង​ដឹកជញ្ជូន​ចិន រហូត​មក​ដល់​ពាក់កណ្តាល​ថ្ងៃ​អង្គារ កប៉ាល់​ដឹកប្រេង ដែល​មាន​ដោត​ទង់ជាតិ​ប៉ាណាម៉ា នៅតែ​រង​ឆាបឆេះ សន្ធោសន្ធៅ នៅ​ប្រមាណ តែ​៣០០​គីឡូម៉ែត្រ​ពី​ឆ្នេរ​សៀងហៃ។ កប៉ាល់Sachi ដឹកប្រេង​ប្រមាណ ១៣៦ ពាន់​តោន ពី​ប្រទេស​អ៊ីរ៉ង់ សំដៅ​ប្រទេស​ចិន បាន​ជួប​គ្រោះថ្នាក់​បុកកប៉ាល់​ហុងកុង ដែល​ដឹកចំណី​អាហារ​ពី​សហរដ្ឋអាមេរិក។

តាម​ការវាយតម្លៃ​របស់​អង្គការ​ការពារ​បរិស្ថាន​Green Peace ភ្លើង​ឆេះ​នៅ​លើ​កប៉ាល់​កំពុង​ជួយ​កាត់បន្ថយ​បរិមាណ​ប្រេង កុំ​ឲ្យ​លេច​ហៀរ​ចេញ​ទៅក្នុង​សមុទ្រ។ ប៉ុន្តែ បើសិន​កប៉ាល់ផ្ទុះ លិច​ទៅក្នុង​សមុទ្រ នៅមុន​ប្រេង​ត្រូវ​ឆាបឆេះ អស់​ដោយប្រេង នោះ​បេសកកម្ម បូមសម្អាត​ប្រេង ដែល​ខ្ទាត អណ្តែត នៅ​លើ​សមុទ្រ នឹង​ស្មុគស្មាញ​បំផុត។ សមុទ្រ​ចិន​កំពុង​ប្រឈម​នឹង​ការផ្ទុះ កប៉ាល់​ដឹកប្រេង ដែល​នឹង​អាច​បង្ក​ឲ្យ​មាន​គ្រោះមហន្តរាយ មិនថា ដល់​បរិស្ថាន ជីវិត​សត្វនៅក្នុង និង​នៅ​លើ​ទឹកសមុទ្រ។ នេះ​មិនមែន​ជា​លើក​ទី១​ទេ ដែល មហាសាគរ​រងបំផ្លាញ​ដោយសារ​តែ​គ្រោះថ្នាក់ ផ្ទុះ លេច​ហៀរប្រេង។ ចាប់តាំង​ពី​ឆ្នាំ ១៩៦៧ គេ​បាន​រកឃើញ គ្រោះមហន្តរាយ អណ្តែត​ប្រេង​សំខាន់ៗ ជាង​១០ នៅក្នុង​ពិភពលោក។

១-នៅ​ឆ្នាំ ១៩៦៧ កប៉ាល់​ដឹកប្រេង​របស់​ប្រទេស​លីបេរីយ៉ា​ឈ្មោះ Torrey Canyon បាន​លិច​នៅក្បែរ​ប្រជុំកោះ ប៉ែកនិរតី​របស់​ប្រទេស​អង់គ្លេស។ ប្រេងអណ្តែត​លើ​ផ្ទៃសមុទ្រ​រហូត​ដល់​ទឹកសមុទ្រ​បារាំង។ ដើម្បី​សំអាត ប្រេង​នៅលើ​សមុទ្រ គេ​បាន​បាច​ម្សៅគីមី ម្យ៉ាង ដែល​មាន​ប្រសិទ្ធិភាព​បំបែក​ប្រេង ជា​បរិមាណ​តូចៗ ងាយស្រួល​នឹង​ប្រមូល បូមសម្អាត។ ប៉ុន្តែ ការសិក្សា​បាន​បង្ហាញ​ថា ថ្នាំគីមី មាន​ជាតិពុល​ខ្លាំង​ជាង​ប្រេង ដែល​អណ្តែត​នៅ​សមុទ្រ​ទៅទៀត។

២- នៅ​ឆ្នាំ ១៩៧៨ កប៉ាល់​ដឹកប្រេង​Amoco Cadiz របស់​ប្រទេស​លីបេរីយ៉ា​ដដែល បានលិច និង​បង្ក​ឲ្យលេច​ហៀរប្រេង​ជាង ២សែន​តោន ទៅក្នុង​សមុទ្រ​បារាំង។ ប្រេងឆៅ​បាន​អណ្តែត​លើ​ផ្ទៃសមុទ្រ​ប្រវែង ៤០០​គីឡូម៉ែត្រ នៃ​ឆ្នេរសមុទ្រ​ភាគខាងលិច​របស់​បារាំង។

៣- នៅ​ឆ្នាំ ១៩៧៩ នៅ​សមុទ្រ​ការ៉ាអ៊ីប កប៉ាល់​ដឹក​ប្រេង​ធំៗពីរ Atlantic Empress និង​Aegean Captain របស់​ប្រទេស​ក្រិក ដែល​មាន​ដឹកប្រេង​សរុប ជិត​៥សែន​តោន បាន​បុក​ជល់ គ្នា និង​ឆេះសន្ធោសន្ធៅ​បង្ក​ឲ្យ​មាន​គ្រោះមហន្តរាយ អណ្តែតប្រេង​ដ៏​សំខាន់មួយ នៅក្នុង​លោក។ គ្រោះថ្នាក់​នេះ​បាន​សម្លាប់​ផងដែរ ជីវិត​មនុស្ស​៣០​នាក់ ដែល​ធ្វើការ​នៅលើ​កប៉ាល់​ដឹកប្រេង​ទាំងពីរ។

៤-នៅ​ឈូង​សមុទ្រ ម៉ិចស៊ិក ការផ្ទុះអណ្តូងប្រេង បាន​បញ្ចេញ​ប្រេង​ជាង​១លាន​តោន ឲ្យ​អណ្តែត​នៅលើ​សមុទ្រ។ គេ​បាន​ចំណាយ​ពេល​ជាង​៩ខែ ដើម្បី​សំអាត​ប្រេង​នៅក្នុង​សមុទ្រ​ម៉ិចស៊ិក។

៥-នៅ​ខែ វិច្ឆិកា ឆ្នាំ ១៩៨៨ កប៉ាល់​ដឹកប្រេង របស់​អង់គ្លេស Odyssey​បាន​លិច ក្នុង​មហាសមុទ្រ​អាត្លង់ទិក នៅ​ចម្ងាយ ជាង​១៣០០​គីឡូម៉ែត្រ​ពី​ប្រទេស​កាណាដា។ ហេតុការណ៍នេះ​បាន​ធ្វើ​ឲ្យ​ប្រេង ១៣២​ពាន់​តោន អណ្តែត នៅលើសមុទ្រ។

៦- នៅ​ឆ្នាំ ១៩៩១ ដោយសារ​សង្រ្គាម​ឈ្លានពាន​របស់​អ៊ីរ៉ាក់​ទៅលើ​ប្រទេស​កូវ៉ែត ប្រេងឆៅ ជាង ១លាន​តោន​បាន​ហូរ​ចេញ​ពី​អាងស្តុកប្រេង ទៅ​អណ្តែត​ត្រៀបត្រា​ក្នុង​សមុទ្រ​ពែក្ស។ ឆ្នេរសមុទ្រ​ជាង ៥៦០​គីឡូម៉ែត្រ​ត្រូវ​បាន​បំផ្លាញ​យ៉ាងធ្ងន់ធ្ងរ។

៧-កប៉ាល់​ប្រេង​របស់​ស្ហ៊ីប បាន​ផ្ទុះ​ឆេះ ជា​បី​បំណែក នៅ​ខែ​មេសា ឆ្នាំ ១៩៩១ ដោយ​បាន​សម្លាប់ នាវិក ៦​នាក់។ ប្រេងអណ្តែត​លើទឹក​បាន​ប៉ះពាល់​ដល់​ឆ្នេរទេសចរណ៍​របស់​ទឹកដី​ភាគខាងត្បូង​របស់​បារាំង និង​អ៊ីតាលី។ អាជ្ញាធរ​អ៊ីតាលី​បាន​ព្យាយាម​បិទបញ្ចប់​បញ្ហានេះ ដោយ​សម្រេច​ដុតប្រេង​អណ្តែត​លើ​ផ្ទៃទឹក។ ជាលទ្ធផល គ្រោះមហន្តរាយ​នេះ​បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​ជីវចម្រុះ។ នៅ ប៉ុន្មាន​ឆ្នាំក្រោយ​ឧប្បត្តិហេតុនេះ គេនៅ​តែ​ប្រទះឃើញ​កំណកប្រេង នៅ​ក្នុង​ជម្រៅ​ទឹក​សមុទ្រ​ប្រមាណ ៥០០​ម៉ែត្រ។

៨-នៅប៉ុន្មានខែ​ក្រោយមក នៅ​ក្នុង​ឆ្នាំ ១៩៩១ដដែល ប៉ុន្តែ នៅ​សមុទ្រ​អាហ្វ្រិក​វិញម្តង។ កប៉ាល់​ដឹក​ប្រេង របស់​ប្រទេស​លីបេរីយ៉ា បាន​ផ្ទុះ នៅចម្ងាយ ១៣០០​គីឡូម៉ែត្រ​ពី ឆ្នេរ​Angola។ កប៉ាល់​ដឹកប្រេង​បាន​ឆេះ​រយៈពេល​បីថ្ងៃ មុន​នឹង​លិច​ចូល​ទៅក្នុង​សមុទ្រ​ជាមួយ​នឹង​ប្រេង​ជាង​សែនតោន។

៩- មានករណី​លិច​កប៉ាល់​ប្រេង​មួយចំនួន ទៀត​ដែល​គេ​មិន​បាន​លើក​យក​ទៅ​និយាយ​នៅក្នុង​កាសែត ប៉ុន្តែ ដែល​បាន​បង្ក​គ្រោះមហន្តរាយ​ធម្មជាតិ​យ៉ាងធ្ងន់ធ្ងរ ដូចជាExxion Valdez នៅ​អាឡាស្កា នៅ​ឆ្នាំ ១៩៨៩។ កប៉ាល់​ប្រេង Sea Empress នៅ​Pays de Galles និង​កប៉ាល់ប្រេង​Erika នៅ​ប្រទេស​បារាំង​នៅឆ្នាំ ១៩៩៩។

១០- គ្រោះថ្នាក់​អណ្តែតប្រេង​ចុងក្រោយ ដែល​គេ​នៅ​ចាំមិនភ្លេច គឺ​នៅ​សមុទ្រ​ម៉ិចស៊ិក​ដែល​បង្ក ឡើង​ដោយ​ការផ្ទុះឆេះ​ស្ថានីយ៍ បូមប្រេង របស់​ក្រុមហ៊ុន​បូមប្រេង​អង់គ្លេស BP។ នៅថ្ងៃទី ២០​ខែ​មេសា ២០១០ ក្រៅតែ​ពី​សម្លាប់​មនុស្ស​១១​នាក់ គ្រោះថ្នាក់​នៅស្ថានីយ៍​បូមប្រេង នៅក្នុង​សមុទ្រ​ម៉ិចស៊ិក​បាន​ធ្វើ​ឲ្យ​ប្រេង​ពី ៧២ ទៅ ១១៣​លាន​លីត្រ អណ្តែត​លើ​សមុទ្រ រហូត​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ឆ្នេរសមុទ្រ​របស់​អាមេរិក នៅក្នុង​រដ្ឋ​ល្វីស៊ីយ៉ាណា មីស៊ីស៊ីពី អាឡាបាម៉ា និង​Florida។ នៅ​ខែ​កក្កដា ២០១០ ក្រុមហ៊ុន​BP​បាន​អះអាងថា គេ​បាន​សម្រេច​បិទ​ខ្ទប់ បំពង់​បង្ហូរ​ប្រេង​ដែល​ខូច និង​ជា​ដើមហេតុ​នៃ​ការលេច​ហៀរ​ប្រេង​ចូល​សមុទ្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ