អានតួអត្ថបទ
បារាំង-ចិន

លោក​អេម៉ានុយអែល ម៉ាក្រុង៖​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​បារាំង និង​ចិន​នៅ​មិន​ទាន់​ស្មើភាព​គ្នា​ទេ

ថ្ងៃ​អង្គារ ទី៩ មករា​ជា​ថ្ងៃ​ទី២ នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​បារាំង​អេម៉ានុយអែល ម៉ាក្រុង​នៅ​ក្នុង​ប្រទេស​ចិន។ កម្មវត្ថុ​នៃ​ទស្សនកិច្ច​ក្នុង​ថ្ងៃទី២ បាន​ផ្តោត​ពិសេស​លើ​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​បារាំង និង​ចិន។ ទំនាក់ទំនង​ដែល​លោក​ម៉ាក្រុង​យល់​ថា នៅ​មិន​ទាន់​ស្មើ​ភាព​គ្នា​នៅ​ឡើយ​ទេ។ សម្រាប់​លោក​ម៉ាក្រុង ចិន​ត្រូវ​តែ​បោះទុន​វិនិយោគ​បន្ថែម​នៅ​ក្នុង​ប្រទេស​បារាំង ព្រោះ​ទឹកប្រាក់​នៃ​ការ​នាំ​ទំនិញ​ពី​ចិន​ចូល​បារាំង​មាន​ច្រើន​ខ្លាំង​ណាស់​បើ​ធៀប​នឹង​ទឹកប្រាក់​នៃ​ការ​នាំ​ទំនិញ​ពី​បារាំង​ទៅ​ចិន។

លោក​ប្រធានាធិបតី​បារាំងម៉ាក្រុង​នា​ដំណើរ​ទស្សនកិច្ច​ក្នុង​ប្រទេស​ចិន ថ្ងៃទី៩ មករា ២០១៨
លោក​ប្រធានាធិបតី​បារាំងម៉ាក្រុង​នា​ដំណើរ​ទស្សនកិច្ច​ក្នុង​ប្រទេស​ចិន ថ្ងៃទី៩ មករា ២០១៨ 路透社。
ផ្សាយពាណិជ្ជកម្ម

« មាន​ទំនាក់ទំនង​មិន​ស្មើ​ភាព​ចំនួន​ពីរ​រវាង​បារាំង និង​ចិន​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច ទី១ គឺ​ក្នុង​ផ្នែក​វិនិយោគ។ វិនិយោគ​ចិន​ក្នុង​ប្រទេស​បារាំង​មាន​តិច​ជាង​វិនិយោគ​បារាំង​ក្នុង​ប្រទេស​ចិន។ ពិត​ជា​រឿង​មួយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល បើ​ធៀប​នឹង​ទំហំ​ទីផ្សារ​របស់​បារាំង។ ត្រង់​ចំណុច​នេះ គេ​ត្រូវ​ពិនិត្យមើល​ថា តើ​ក្នុង​វិស័យ​ណា​ខ្លះ​ដែល​យើង​ត្រៀម​ខ្លួន​ដើម្បី​ឲ្យ​មាន​ការ​វិនិយោគ​បន្ថែម​ពី​ប្រទេស​ចិន។

បន្ទាប់​មក​នៅ​មាន​វិសមភាព​ពាណិជ្ជកម្ម​ដែល​បញ្ច្រាស​មក​វិញ មាន​ន័យ​ថា ឱនភាព​ពាណិជ្ជកម្ម​ទី១ របស់​យើង​គឺ​មាន​ជាមួយ​ចិន។ បារាំង​បាន​នាំ​ទំនិញ​ចូល​ពី​ចិន​ក្នុង​ទឹកប្រាក់​ប្រមាណ​ជា ៤៥ ០០០លានដុល្លារ ចំណែក​ការ​នាំ​ទំនិញ​ពីបារាំង​ទៅ​ចិន​វិញ​មាន​ទឹកប្រាក់​ប្រមាណ​ជា ១៥ ០០០លានដុល្លារ។ ដូច្នេះ​ដើម្បី​ធ្វើ​ឲ្យ​មាន​សមភាព​រវាង​គ្នា បារាំង​ត្រូវ​តែ​នាំ​ចេញ​បន្ថែម​ទៀត។

នៅ​ក្នុង​ន័យ​នេះ បារាំង​ត្រូវ​តែ​ទទួល​បាន​ទីផ្សារ​ចិន​ឲ្យ​បាន​ច្រើន និង​ប្រសើរ​ជាង​ពេល​សព្វថ្ងៃ។ នេះ​ជា​ប្រធានបទ​នៃ​ការ​ចរចា​នយោបាយ​ដែលយើង​មាន​ជាមួយ​ចិន។ ខ្ញុំ​មិន​ធ្វើ​អ្វី​ដើម្បី​ការពារ​ទេ តែ​ខ្ញុំ​ធ្វើ​តាម​របៀប​ឈ្នះ ឈ្នះ។ គេ​ត្រូវ​ជួយ​ជ្រោមជ្រែង​រោងចក្រ សហគ្រាស​បារាំង​ឲ្យ​ធ្វើ​ការ​អភិវឌ្ឍន៍​ដើម្បី​ទទួល​បាន​ទីផ្សារ​ចិន។ ក្នុង​វិស័យ​កសិចំណីអាហារ យើង​កំពុង​ពិនិត្យ​មើល​ឡើង​វិញ​ដែល​សម្រាប់​ខ្ញុំ វា​ពិត​ជា​ប្រធានបទ​មួយ​សំខាន់​ខ្លាំង​ណាស់​នៃ​ដំណើរ​ទស្សនកិច្ច​នេះ។

ខ្ញុំ​ដឹង​ថា យើង​មាន​ទីផ្សារ​សម្រាប់​លក់​សាច់​បសុបក្សី និង​បន្លែ ហើយ​ឥឡូវនេះ​ទៀត យើង​កំពុង​ទទួល​បាន​ទីផ្សារ​សម្រាប់​សាច់គោ។ នៅ​ទីនេះ ខ្ញុំ​មាន​ការទូត​ផ្នែក​កសិកម្ម និង​កសិចំណីអាហារ​ជា​មូលដ្ឋាន ហើយ​រូប​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​ពិត​ជា​មាន​ចិត្ត​រំភើប​ណាស់​ក្នុង​រឿង​នេះ។ ខ្ញុំ​គិត​ថា យើង​នឹង​ទទួល​បាន​លទ្ធផល​ពិតប្រាកដ​នៅ​ប៉ុនា្មន​ខែ​ខាង​មុខ​ទាក់ទង​នឹង​សំណុំរឿង​មួយនេះ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ