ប្រធានាធិបតីកូរ៉េខាងត្បូងអរគុណលោកត្រាំដែលបានជួយឱ្យមានជំនួបចរចាជាមួយកូរ៉េខាងជើង
កិច្ចចរចារវាងបងប្អូនគូសត្រូវនឹងគ្នា កូរ៉េខាងជើង-ត្បូង កំពុងចាប់ផ្តើម ! ប៉ុន្តែព្យុងយ៉ាងនឹងទទួលទណ្ឌកម្មកាន់តែធ្ងន់បន្ថែមទៀត បើហ៊ានផ្គើនសាកល្បងនុយក្លេអ៊ែរថ្មីទៀត។ នេះជាប្រសាសន៍របស់លោកប្រធានាធិបតីកូរ៉េខាងត្បូង ដែលបានអះអាង នៅថ្ងៃពុធនេះ បន្ថែមទៀតថា កិច្ចចរចារវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើងអាចធ្វើទៅបាន គឺដោយសារតែបានលោកដូណាល់ត្រាំជួយដាក់សម្ពាធលើរបបព្យុងយ៉ាង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៣៧
បន្ទាប់ពីមានភាពតានតឹងខ្លាំងអស់រាប់ខែជុំវិញការសាកល្បងកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលបាលីស្ទិករបស់ព្យុងយ៉ាងមក កិច្ចចរចាផ្លូវការអន្តរកូរ៉េ ដែលបានកាត់ផ្តាច់តាំងពីខែធ្នូ២០១៥មក បានចាប់ផ្តើមឡើងវិញ នៅថ្ងៃអង្គារម្សិលមិញ ហើយប្រទេសទាំងពីរបានព្រមព្រៀងពិភាក្សាគ្នា ជាបន្តបន្ទាប់ទៀត រាប់ទាំងវិស័យការពារជាតិផង។
នៅក្នុងសុន្ទរកថា ជូនពរឆ្នាំថ្មីដល់ប្រជាពលរដ្ឋ លោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ចែអ៊ីន បានឆ្លៀតលើកសរសើរនិងសម្តែងការដឹកគុណចំពោះលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដោយចំៗផង។ សម្រាប់លោក មូន ចែអ៊ីន កិច្ចចរចារវាងកូរ៉េខាងជើងនិងខាងត្បូងនេះ អាចកើតចេញជារូបរាងបាន ក៏ដោយសារតែមានសម្ពាធពីអាមេរិកលើព្យុងយ៉ាង។
ទាក់ទងនឹងដំណើរការកិច្ចចរចាវិញ លោកប្រធានាធិបតីបានប្រកាសថា មានការជឿនលឿនទៅមុខល្អ ! តែជំហររបស់សេអ៊ូលនៅដដែល ! ការរំសាយអាវុធនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េនៅតែជាកម្មវត្ថុ ដែលមិនអាចបោះបង់ចោលបានទេ ព្រោះជាផ្លូវតែមួយគត់ដែលនាំដល់សន្តិភាព។ ដោយគ្មានឆន្ទៈចង់បង្រួមបង្រួមកូរ៉េទាំងពីរភ្លាមៗ លោកប្រធានាធិបតី មូន ចែអ៊ីន សង្ឃឹមចង់ដោះស្រាយវិបត្តិនុយក្លេអ៊ែរជាមួយកូរ៉េខាងជើងឱ្យបានមុនដាច់អាណត្តិ ! ហើយក្នុងពេលរង់ចាំនិងចរចា ទណ្ឌកម្មដាក់លើរបបព្យុងយ៉ាងត្រូវតែរក្សាទុកដដែល។
ជាចុងក្រោយលោក មូន ចែអ៊ីន បានប្រកាសត្រៀមខ្លួនបើកជំនួបកំពូលជាមួយនឹងគីម ជុងអ៊ុន ប្រមុខដឹកនាំកូរ៉េខាងជើងផង ប្រសិនបើមានលក្ខខណ្ឌគ្រប់គ្រាន់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ