អានតួអត្ថបទ

ប្រធានាធិបតី​កូរ៉េខាងត្បូង​អរគុណ​​លោក​ត្រាំ​ដែល​បាន​​ជួយ​ឱ្យ​មាន​ជំនួប​ចរចា​ជាមួយ​កូរ៉េ​ខាងជើង

កិច្ចចរចា​រវាង​បងប្អូនគូ​សត្រូវ​នឹង​គ្នា កូរ៉េខាង​ជើង-ត្បូង កំពុង​​ចាប់​ផ្តើម ! ប៉ុន្តែ​ព្យុងយ៉ាង​នឹង​ទទួល​ទណ្ឌកម្ម​កាន់​តែ​ធ្ងន់​បន្ថែម​ទៀត បើ​ហ៊ាន​ផ្គើន​សាកល្បង​នុយក្លេអ៊ែរថ្មី​ទៀត។ នេះ​ជា​ប្រសាសន៍​របស់​​លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង ដែល​បាន​​អះអាង នៅ​ថ្ងៃពុធ​នេះ​​ បន្ថែម​ទៀត​ថា កិច្ចចរចា​រវាង​កូរ៉េ​ខាង​ត្បូង និង​កូរ៉េ​ខាង​ជើង​អាច​ធ្វើ​ទៅបាន គឺ​ដោយសារ​តែ​បាន​លោក​ដូណាល់ត្រាំ​ជួយដាក់​សម្ពាធ​លើ​របប​ព្យុងយ៉ាង។

សុន្ទរកថា​របស់​ប្រធានាធិបតី​កូរ៉េខាង​ត្បូង ថ្ងៃទី ១០ មករា ២០១៨
សុន្ទរកថា​របស់​ប្រធានាធិបតី​កូរ៉េខាង​ត្បូង ថ្ងៃទី ១០ មករា ២០១៨ Yonhap via REUTERS
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​មាន​ភាព​តានតឹង​ខ្លាំង​អស់​រាប់​ខែ​ជុំ​វិញការ​សាកល្បង​​កម្មវិធី​នុយក្លេអ៊ែរ​និង​មីស៊ីល​បាលីស្ទិក​របស់​ព្យុងយ៉ាងមក កិច្ចចរចាផ្លូវការ​អន្តរកូរ៉េ ដែល​បាន​កាត់​ផ្តាច់​តាំង​ពី​ខែ​ធ្នូ​២០១៥​មក បាន​ចាប់​ផ្តើម​ឡើង​វិញ នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ ហើយ​ប្រទេស​ទាំ​ងពីរ​បាន​ព្រមព្រៀង​ពិភាក្សា​គ្នា ជា​បន្ត​បន្ទាប់ទៀត ​​រាប់​ទាំង​​វិស័យ​ការពារ​ជាតិផង។

នៅ​ក្នុង​សុន្ទរកថា ជូនពរ​ឆ្នាំ​ថ្មី​ដល់​ប្រជាពលរដ្ឋ ​​លោក​ប្រធានាធិបតី​កូរ៉េខាង​ត្បូង មូន ចែអ៊ីន ​បាន​ឆ្លៀត​លើក​សរសើរនិង​សម្តែង​ការ​ដឹកគុណ​ចំពោះ​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ដោយ​ចំៗផង។ សម្រាប់​លោក មូន ចែអ៊ីន កិច្ច​ចរចា​រវាង​កូរ៉េខាង​ជើង​និង​ខាងត្បូង​​នេះ អាច​កើត​ចេញ​ជា​រូប​រាង​បាន​ ក៏​ដោយ​សារ​តែមាន​​សម្ពាធ​ពី​អាមេរិក​លើ​ព្យុងយ៉ាង។

ទាក់ទង​នឹង​ដំណើរ​ការ​កិច្ចចរចាវិញ លោក​ប្រធានាធិបតី​បាន​ប្រកាស​ថា ​មានការ​ជឿន​លឿន​ទៅមុខល្អ​ ​! តែ​​​ជំហរ​របស់​សេអ៊ូល​នៅ​ដដែល ! ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរចេញ​ពី​ឧបទ្វីប​កូរ៉េ​នៅតែ​ជា​កម្មវត្ថុ​ ដែល​មិន​អាច​បោះ​បង់​ចោល​​បាន​ទេ ព្រោះ​ជា​ផ្លូវ​តែ​មួយ​គត់​ដែល​នាំ​ដល់​សន្តិភាព។ ដោយ​គ្មាន​ឆន្ទៈ​ចង់ប​ង្រួមបង្រួម​កូរ៉េ​ទាំង​ពីរ​​ភ្លាមៗ លោកប្រធានាធិបតី មូន ចែអ៊ីន សង្ឃឹមចង់​​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​ជាមួយ​កូរ៉េខាង​ជើង​ឱ្យ​បាន​​​មុន​ដាច់​អាណត្តិ​ ! ហើយ​ក្នុង​ពេល​រង់ចាំ​និង​ចរចា​ ទណ្ឌកម្ម​ដាក់​លើ​របប​ព្យុងយ៉ាង​ត្រូវ​តែ​រក្សា​ទុក​ដដែល។

ជា​ចុងក្រោយ​លោក មូន ចែអ៊ីន បាន​ប្រកាស​ត្រៀម​ខ្លួន​បើក​ជំនួប​កំពូល​ជាមួយ​នឹង​គីម ជុងអ៊ុន ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើងផង ប្រសិន​បើ​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ