អានតួអត្ថបទ

សមាគមបារាំងដាក់បណ្តឹង​ប្រឆាំង​ក្រុមហ៊ុន​សាំស៊ុង ថា​រំលោភ​សិទ្ធិមនុស្ស​នៅចិន

សមាគមបារាំង​ចំនួន​ពីរ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ក្រុង​ប៉ារីស នៅ​ថ្ងៃ​ព្រហស្បតិ៍​ បរិហារ​​ក្រុមហ៊ុន​អេឡិចត្រូនិករបស់​កូរ៉េខាង​ត្បូង សាំស៊ុង ពីបទធ្វើ​ពាណិជ្ជកម្ម​បន្លំ ដោយ​​ប្រព្រឹត្ត​អំពើ​រំលោភ​សិទ្ធិមនុស្ស ក្នុង​រោង​ចក្រ​នៅ​ប្រទេស​ចិន។ បើ​តាម​សមាគមទាំង​ពីរ ក្រុមហ៊ុន​បាន​ប្រើ​កម្មករ​ចិន ជា​ក្មេង​មិន​ទាន់​ពេញ​វ័យ រោងចក្រ​មាន​ជាតិ​ពុល លក្ខខណ្ឌ​នៃ​ការ​រស់​នៅ​មិន​សម​ជាមនុស្ស ...

ទីស្នាក់ការ​ក្រុមហ៊ុន​ Samsung នៅទីក្រុង​សេអ៊ូល
ទីស្នាក់ការ​ក្រុមហ៊ុន​ Samsung នៅទីក្រុង​សេអ៊ូល REUTERS/Kim Hong-Ji
ផ្សាយពាណិជ្ជកម្ម

ដោយ​ប្រមូល​​ឯកសារ​បាន​​ច្រើនជា​ភស្តុតាងថ្មីៗ ពី​សកម្មជន​អង្គការ​ក្រៅរដ្ឋាភិបាល​ចិន China Labor Watch ដែល​បន្លំ​ខ្លួន​ចូល​ធ្វើការ​ក្នុង​រោង​ចក្រ​របស់​ក្រុមហ៊ុន​សាំស៊ុង​ពី​ឆ្នាំ​២០១២-២០១៦ អង្គការ​Peuple Solidaire និង Sherpa បានប្រកាស​ដាក់​ពាក្យ​បណ្តឹង​នៅ​ទីក្រុង​ប៉ារីស ប្រឆាំង​ក្រុមហ៊ុន​មេ Samsong Monde​ និង​សាខានៅ​បារាំង​ Samsung Electronics France ពី​បទ​ធ្វើ​ពាណិជ្ជកម្មបោកបញ្ឆោត មិន​គោរព​ពាក្យ​សន្យា​របស់​ខ្លួន។

នៅ​ក្នុង​បណ្តឹង​កម្រាស់ ៤០​ទំព័រ ជា​សក្ខីកម្ម ជា​រូបថត ជា​ខ្សែអាត់​វីដេអូ សមាគម​ការពារ​ពលករ​ បាន​បន្ទោស​​ក្រុមហ៊ុន​យក្ស​កូរ៉េខាង​ត្បូង ថា​ធ្វើ​ផ្ទុយ​នឹងវិធាន​របស់​ខ្លួន។ នៅលើ​វិបសៃត៍​ សាំស៊ុង​បានតាំង​ខ្លួន​ជា​ក្រុមហ៊ុន​មួយ​ដែល​មាន​សីលធម៌​ខ្ពស់​ជាង​គេ​នៅ​លើ​ពិភពលោក។ ប៉ុន្តែ​នៅ​ក្នុង​ស្ថានភាពជាក់ស្តែង​ នៅ​តាម​រោងចក្រវិញ ក្រុមហ៊ុន​បាន​ប្រើ​ក្មេង​អាយុ​ក្រោម​១៦​ឆ្នាំ ពេលម៉ោង​ធ្វើ​ការ​​៧២ម៉ោងឬ​ច្រើន​ជាង​នេះ​ផង​​ក្នុងមួយ​​សប្តាហ៍ ទល់​នឹង​៤៤ម៉ោងក្នុងមួយ​សប្តាហ៍​បើ​តាម​ច្បាប់​នៅ​ប្រទេស​ចិន។ លក្ខខណ្ឌការងារ​ និង​ស្នាក់នៅ គ្មាន​បទដ្ឋាន​សុវត្ថិភាព​គ្រប់គ្រាន់ និង​ខ្វះសព្វ​ខ្វះគ្រប់ មិនសក្តិសម​រស់​ជាមនុស្ស​ទេ។

ជាង​នេះ​ទៅ​ទៀត បើ​តាម​សមាគម​ដដែល រោងចក្រ​របស់​ក្រុមហ៊ុន​សាំស៊ុង ដែលមាន​ទីតាំង​នៅ​ចម្ងាយ​តែ​ប្រមាណ​១២០គីឡូម៉ែត្រ​ពី​ទីក្រុងប៉េកាំង មាន​ប្រើ​សារធាតុ​គីមី Benzène Methanol នៅ​ក្នុង​រោងចក្រ។ សារធាតុ​នេះ ជា​ភ្នាក់ងារ​បង្ក​ជំងឺ​ព្យាបាល​មិន​ជា​ដល់​កម្មករ​ជា​ច្រើន​នាក់។

​​ដើម្បីមាន​ភាព​ប្រកួត​ប្រជែង​ខ្លាំង ក្រុមហ៊ុន​សន្យា “​ផ្សេង​ តែធ្វើ​ផ្សឹង”! នេះ​ជា​ការ​រក​ស៊ី​បោកប្រាស់អតិថិជនបារាំង ! ពាក្យ​ និង​ទង្វើ​ជាក់ស្តែងមាន​គម្លាត​គ្នា​ឆ្ងាយ​ណាស់​ ហេតុ​ដូច្នេះហើយ​បាន​ជា​ Sherpa និង​ Peuple Solidaire យល់​ថា​ក្រុមហ៊ុន​ខ្នាត​អន្តរជាតិ​មួយ​​គួរ​ត្រូវ​បាន​ទទួល​ទោស​ព្រហ្មទណ្ឌបារាំង។

សូម​បញ្ជាក់​ថា​កាលពី​ឆ្នាំ​២០១៤ សមាគមពីរ​នេះ​ធ្លាប់​បាន​ដាក់​ពាក្យ​បណ្តឹង​ម្តង​ហើយ ប្រឆាំង​នឹង​ក្រុមហ៊ុនសាំស៊ុង​ពីបទ​រំលោភ​សិទ្ធិមនុស្ស​ ប៉ុន្តែ​មិន​បាន​សម្រេច​ដោយ​បញ្ហានីតិវិធី។ សមាគម​ទាំងពីរ ដែល​តស៊ូ​ប្រឆាំង​នឹង​ភាព​គ្មាន​ទោស​របស់​ក្រុមហ៊ុន​ធំៗពហុជាតិ កំពុង​ចរចា​ជាមួយ​អង្គការ​សហប្រជាជាតិ ដើម្បី​ចេញ​ជា​សន្ធិសញ្ញា​បង្ខំ​ឱ្យ​ក្រុមហ៊ុន​អន្តរជាតិ​ទាំងអស់​គោរព​សិទ្ធិ​មនុស្ស​ តាំង​ពីដើមរហូត​ដល់​ដៃ​អតិថិជន។

ក្រុមហ៊ុនសាំស៊ុងសាខា​នៅ​បារាំង​ពុំ​ទាន់​មាន​បញ្ចេញ​ប្រតិកម្ម​អ្វី​នៅ​ឡើយ​ទេ​នា​ពេល​នេះ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ