លោកស្ហ៊ីនហ្សូ អាបេជានាយករដ្ឋមន្រ្តី ជប៉ុនលើកដំបូងគេដែលធ្វើទស្សនកិច្ច នៅក្នុងប្រទេសសមុទ្របាល់ទិក។ នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការទៅអឺរ៉ុបកណ្តាល ដូចជានៅប្រទេសអេស្តូនី លីទុយអានី ឡេតូនី ប៊ុហ្ការី ស៊ែប៊ី និងរូម៉ានី ប្រមុខរដ្ឋាភិបាលជប៉ុនគ្រោងស្វែងរកការគំាំទ្រ ពីបរទេស ក្នុងការដាក់សម្ពាធលើកូរ៉េខាងជើង។
នៅមុនចាកចេញពីទីក្រុងតូក្យូ នៅថ្ងៃសុក្រ នេះ លោកនាយករដ្ឋមន្រ្តីជប៉ុនបាននិយាយថា ជាមួយរដ្ឋាភិបាលរបស់ប្រទេសដែលលោកអញ្ជើញទៅធ្វើទស្សនកិច្ច លោកចង់បញ្ជាក់ការសហការរបស់ជប៉ុន នៅក្នុងសំណុំរឿងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ហើយនិងសំណុំរឿងបន្ទាន់ផ្សេងទៀត ដែលសហគមន៍អន្តរជាតិកំពុងប្រឈមនាពេលបច្ចុប្បន្ន។
នៅក្នុងដំណើរទស្សនកិច្ចទៅប្រទេសចំនួន ៦ នៅអឺរ៉ុបកណ្តាល នាយករដ្ឋមន្រ្តីជប៉ុន មានអមដំណើរផងដែរដោយថ្នាក់ដឹកនាំក្រុមហ៊ុនធំៗរបស់ជប៉ុនចំនួន៣០។ ក្រុមហ៊ុនពាណិជ្ជកម្មតាមអ៊ីនធ័រនែតរបស់ជប៉ុន គឺ Rakuten នឹងផ្តោតសំខាន់លើប្រទេសអេស្តូនី ដែលអភិវឌ្ឍន៍នាំមុខគេ នៅក្នុងតំបន់ ខាងផ្នែកបច្ចេកវិទ្យា ព័ត៌មានវិទ្យា និងសេវាតាមអ៊ីនធ័រនែត។ នៅប្រទេសអេស្តូនី ជប៉ុនសង្ឃឹមចង់បង្កើនការសហការនៅក្នុងវិស័យបច្ចេកវិទ្យា ហើយនិងសន្តិសុខព័ត៌មានវិទ្យា។ នេះបើតាមមន្រ្តីទូតជប៉ុនម្នាក់ ដែលបានរំលឹកពីសារៈសំខាន់របស់ប្រទេសអេស្តូនី ដែលមានតាំងនូវមជ្ឈមណ្ឌលសន្តិសុខព័ត៌មានវិទ្យារបស់អង្គការអូតង់។
ដោយធ្វើទស្សនកិច្ចទៅអឺរ៉ុបកណ្តាល នាយករដ្ឋមន្រ្តីជប៉ុន ចង់ស្រោចស្រង់មុខមាត់របស់ប្រទេសជប៉ុន ដើម្បី ប្រកួតប្រជែងនឹងចិន ដែលបានជំរុញ បុកគ្រឹះវត្តមានរបស់ខ្លួន នៅអឺរ៉ុបកណ្តាល។ ជាក់ស្តែង ប្រទេសទាំង៦ ដែលលោកស្ហ៊ីនហ្សូ អាបេត្រូវធ្វើទស្សនកិច្ច ចាប់ពីថ្ងៃសុក្រនេះ គឺជាប្រទេសដែលស្ថិតនៅក្នុងចំណោមប្រទេសទាំង១៦ ដែលតែងតែបើកិច្ចប្រជុំកំពូលជារៀងរាល់ឆ្នាំ ជាមួយប្រទេសចិន។ ចិនបានបោះទុនវិនិយោគ ១ពាន់ ពាន់លានដុល្លារ សម្រាប់គម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ដែលនៅក្នុងនោះមានការសាងសង់កំពង់ផែ ផ្លូវរទេះភ្លើង ដែលរត់កាត់ពីអាស៊ី ទៅអឺរ៉ុប ដោយឆ្លងកាត់អឺរ៉ុបកណ្តាល៕