អានតួអត្ថបទ
ភូមា

អ៊ុងសាន ស៊ូជី ស្វាគម​ការទទួល​ស្គាល់​របស់​កងទ័ព ក្នុង​ការ​សម្លាប់​ជនជាតិ​​រ៉ូហ៊ីងយ៉ា​១០​នាក់

ប្រមុខដឹកនាំ​របស់ភូមា លោកស្រី​អ៊ុងសាន ស៊ូជី នៅល្ងាច​ថ្ងៃ​សុក្រទី​១២​មករា បាន​ចាត់ទុក ការសារភាព​របស់​កងទ័ព​ភូមា ថា ជា​ចំណុច​វិជ្ជមាន និង​ជាការបោះជំហាន​ទៅមុខ នៅក្នុង​ការគោរព​អនុវត្ត​ច្បាប់​របស់​ប្រទេស។ នៅថ្ងៃ​ពុធ កងទ័ព​ភូមា បាន​ទទួល​ស្គាល់ ជា​លើកទី១ ថា ទាហាន​របស់ភូមា បាន​ចូលរួម ជាមួយ​អ្នកភូមិ ក្នុង​ការសម្លាប់ ប្រហារជីវិត ជនជាតិ​រ៉ូហ៊ីងយ៉ា ១០​នាក់ កាលពី​ខែ​សីហា​កន្លងទៅ នៅ​រដ្ឋរ៉ាឃីន។

Myanmar's leader Aung San Suu Kyi speaks during a news conference with Japanese Foreign Minister Taro Kono in Naypyidaw, Myanmar January 12, 2018.
Myanmar's leader Aung San Suu Kyi speaks during a news conference with Japanese Foreign Minister Taro Kono in Naypyidaw, Myanmar January 12, 2018. ©REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពីបដិសេធ ទាត់ចោល ការចោទប្រកាន់ អស់​រាប់ខែ កងទ័ព​ភូមា នៅ​ថ្ងៃ​ពុធសប្តាហ៍​នេះ បាន​សារភាព​ពី​ការចូលរួម ពាក់ព័ន្ធ​របស់​កងទ័ព នៅក្នុង​ការសម្លាប់​រង្គាល​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា។

នៅថ្ងៃ​ពុធ នៅ​លើ​ទំព័រហ្វេសប៊ុក​របស់​ការិយាល័យ របស់​ប្រមុខ​កងទ័ព​ភូមា គេ​បាន​សរសេរ​ថា នៅក្នុង​ការស៊ើបអង្កេត​ផ្ទៃក្នុង គេ​រកឃើញថា កងកម្លាំង​ភូមា​ចំនួន​៤នាក់ បាន​រួមដៃគ្នា​ជាមួយ អ្នកភូមិ ក្នុង​ការចាប់​សួរចម្លើយ និង​សម្លាប់​ភេរវជន​រ៉ូហ៊ីងយ៉ា ចំនួន ១០នាក់ មុន​នឹង​កប់​សាកសព​របស់​ពួកគេ​នៅក្នុង​រណ្តៅរួម។ ចាប់តាំង​ពី​មាន​អំពើហិង្សា រហូត​ឈាន​ទៅដល់​ការរត់ភៀសខ្លួន​របស់​ជនជាតិ​រ៉ូហ៊ីងយ៉ា ពី​រដ្ឋរ៉ាឃីន ​នេះ​ជាលើក​ទី១ ដែល​កងទ័ព​ភូមា បាន​ទទួល​ស្គាល់ថា មាន​ការប្រហារជីវិត​ក្រៅផ្លូវ​តុលាការ ទៅលើ​ជនជាតិ​រ៉ូហ៊ីងយ៉ា។ ជាលើកទី១ មិនធ្លាប់​មាន​ផងដែរ ដែល​កងទ័ព​ភូមា​ទទួល​ស្គាល់​ថា ពិតជា​រណ្តៅ​សាកសព​រួម នៅក្នុង​រដ្ឋរ៉ាឃីន។

នៅល្ងាច​ថ្ងៃ​សុក្រ ពីរថ្ងៃ​ក្រោយ ការបង្ហោះសារ​ហ្វេសប៊ុក​របស់​កងទ័ព ប្រមុខ​ដឹកនាំ​ភូមា លោកស្រី អ៊ុងសាន ស៊ូជី​បាន​ចាត់ទុក ការសារភាព​មិនធ្លាប់​មាន​របស់​កងទ័ព ថា ជា​ចំណុច​វិជ្ជមាន។ “ នៅទីបំផុត ការទទួល​ខុសត្រូវ​របស់​ប្រទេស​ភូមា គឺ​ធ្វើ​ឲ្យ​មាន​ការអនុវត្ត​ច្បាប់​នៅ​ក្នុង​ប្រទេស” នេះ ជា​សំដី​របស់លោកស្រី​អ៊ុងសាន ស៊ូជី ដកស្រង់​ដោយ​កាសែត​ភូមា នៅថ្ងៃ​សៅរ៍នេះ។

ចាប់តាំង​ពី មាន​ផ្ទុះអំពើហិង្សា នៅរដ្ឋរ៉ាឃីន កងទ័ព​ភូមា​តែងបដិសេធ​ជានិច្ច ថា គ្មាន​បាន​រំលោភ​អំណាច ប្រព្រឹត្ត​អំពើ​ហិង្សា​ទៅលើ​ជនភាគតិច រ៉ូហ៊ីងយ៉ា​នោះទេ។ យោធា​ភូមា​គ្រាន់​តែ​លើក​និយាយ​ពី​ការសម្លាប់​ភេរវជន​៤០០​នាក់ ដែល​ជា​ក្រុមឧទ្ទាម ដែល​បាន​បើក​ការវាយប្រហារ​ទៅ​លើ​ប៉ូលិស​ភូមា។ អង្គការ​សហប្រជាជាតិ និង​សហរដ្ឋអាមេរិក​បាន​ចោទប្រកាន់​កងទ័ព​ភូមា ថា បាន​បើក​ប្រតិបត្តិការ សម្លាប់​បោសសម្អាត ជាតិពិន្ធុ។ ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស​វិញ បាន​រិះគន់​ខ្លាំងៗ លោកស្រី​អ៊ុងសាន ស៊ូជី ជ័យលាភី​ណូបែល​សន្តិភាព ថា បាន​បរាជ័យ មិនហ៊ាន​ចេញមុខ ថ្កោលទោស​សកម្មភាព​សម្លាប់​មនុស្ស​របស់​ក្រុមកងទ័ព​ភូមា នៅ​រដ្ឋរ៉ាឃីន។

សូមអាន៖វិបត្តិរ៉ូហ៊ីងយ៉ា ៖ ហេតុអ្វី លោកស្រី អ៊ុងសានស៊ូជី មិន​ជំទាស់​ទង្វើ​របស់ពួកយោធា ?

សម្រាប់​អង្គការ​ការពារ​សិទ្ធិមនុស្ស ក្នុង​ស្រុក និង​អន្តរជាតិ កងទ័ព​ភូមា បាន​ទទួល​ស្គាល់​ដោយ​ចុងមាត់ ចុងក មែន ប៉ុន្តែ វា​បាន​បញ្ជាក់​ពី​សញ្ញា វិវឌ្ឍ​មួយ​ដ៏សំខាន់ នៅក្នុង​ប្រទេស​ភូមា ជាទី ដែល គ្មានទេ តម្លាភាព និង​ការទទួល​ស្គាល់​កំហុស​របស់​ក្រុមដឹកនាំ​យោធា។ ការសារភាព​របស់​កងទ័ព បាន​បញ្ជាក់​ពី​ទោសឧក្រិដ្ឋ របស់​ទាហាន និង​មេបញ្ជាការ ភូមា នៅក្នុង​ការសម្លាប់​ទ្រង់ទ្រាយធំ។ សម្រាប់​អ្នកតាមដាន​ជាច្រើន ចម្លើយ​សារភាព​របស់​កងទ័ព នៅក្នុង​រឿងសម្លាប់​រង្គាល​ជនជាតិ​រ៉ូហ៊ីងយ៉ា ទាំង​១០​នាក់ អាច​មាន​ជាប់​ទាក់ទង នឹង​ការចាប់ខ្លួន អ្នកកាសែត​ពីររូប​របស់​ទីភ្នាក់ងារ​ព័ត៌មាន​Reuters ដែល​ត្រូវ​បាន​តុលាការ​ចោទប្រកាន់ ពី​បទ​រំលោភ​ការសម្ងាត់​របស់​រដ្ឋាភិបាល។ តាម​កាសែត​ក្នុង​ស្រុក​ភូមា អ្នកកាសែត ​របស់​Reuters​ធ្លាប់​បាន​ចុះ​ទៅ​អង្កេត​លើ​ការសម្លាប់​រង្គាល និង​រណ្តៅសាកសព នៅ​រដ្ឋរ៉ាឃីន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ