អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើគេ​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​មហន្តរាយ​ហៀរ​ប្រេង​លើ​សមុទ្ទ​បាន​យ៉ាង​ដូចម្តេច ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កប៉ាល់​ដឹក​ប្រេង​អ៊ីរ៉ង់ បាន​លិច កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ ​ក្នុង​សមុទ្ទចិន​ខាងកើត បន្ទាប់​ពី​ផ្ទុះ​ឆេះ​អស់​រយៈ​ពេល​ជាង​មួយសប្តាហ៍។ បើ​តាម​អាជ្ញាធរ​ជប៉ុន និង​សារព័ត៌មាន​ជប៉ុន ការលិច​នាវា​នេះ បាន​​បង្ហៀរ​ប្រេង​ពេញ​ផ្ទៃ​សមុទ្ទ ប្រវែង​ជិត​២០​គីឡូម៉ែត្រ​។ ក្រុម​អ្នកការពារ​បរិស្ថាន បាន​សម្តែង​ការព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ព្រោះ​នេះ​ជា​មហន្តរាយ​ហៀរប្រេង​ក្នុង​សមុទ្ទ​ដ៏ធ្ងន់ធ្ងរបំផុត​មួយ នៅ​លើ​ពិភពលោក គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩១មក។

កប៉ាល់ Sanchi ផ្ទុះ​ឆេះ​និង​លិច​ នៅ​ថ្ងៃទី​១៤​មករា ២០១៨
កប៉ាល់ Sanchi ផ្ទុះ​ឆេះ​និង​លិច​ នៅ​ថ្ងៃទី​១៤​មករា ២០១៨ China Daily via REUTERS
ផ្សាយពាណិជ្ជកម្ម

ទាំង​ចិន ទាំង​ជប៉ុន និង​កូរ៉េ សុទ្ធ​តែ​បាន​នាំ​គ្នា​ទាញ​សញ្ញា​អាសន្ន​ នៅ​ចំពោះ​មុខ​មហន្តរាយ​កប៉ាល់​ដឹកប្រេង​អ៊ីរ៉ង់លិច​ កាលពី​ម្សិលមិញ​ទាំ​ងអស់​គ្នា។ ក្រោម​កម្លាំង​ខ្យល់​ដ៏​កំណាច កប៉ាល់​អណ្តែត​រុល​ទៅ​រក​តំបន់​ពាណិជ្ជកម្ម​ជប៉ុន មុន​នឹង​លិច ហើយ​ពេល​នេះ​រលកប្រេង​កំពុង​អណ្តែត​ត្រា​ រាល​ធំឡើង​ៗ​លើ​ផ្ទៃ​សមុទ្ទ​​។

កប៉ាល់​នេះ​ មានផ្ទុក​ប្រេង​ឆៅ ១៣៦​តោន ជា​ប្រភេទ​ប្រេង​ដ៏​ស្រាល​និង​ងាយ​ឆេះ​បំផុត ! ប្រេង​នេះ​​​បាននិង​កំពុង​​ហៀរ​មក​ក្រៅ និង​កំពុង​បន្តឆេះ​លើ​ផ្ទៃ​ទឹក ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប្រតិបត្តិការ​សម្អាត​មាន​ការ​លំបាក​ខ្លាំង។ ​កាន់​តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត ​នៅពេល​លិច ប្រេង​ម៉ាហ្ស៊ូត​សម្រាប់​ចាក់​ ម៉ាស៊ីន​កប៉ាល់​ Sanchi​ ប្រមាណ​ជាង​១ពាន់​តោន ក៏​បាននិង​កំពុង​ធ្លាយ​ហៀរ​មក​ក្រៅ​ដែរ។ ​ម៉ាហ្សូត ជា​ប្រេង​ដែល​កខ្វក់​និ​ង​ពុល​ខ្លាំង​ បំផ្លាញ​សរីរាង្គជីវៈសមុទ្ទ​ខ្លាំង​បំផុត។

ដូច្នេះនេះ​ជា​ការ​បន្ថែម​មហន្តរាយ​មួយ​ជាន់​ទៀត។​ ​ក្រុម​អ្នក​ការពារ​បរិស្ថាន បាន​អះអាង​នៅ​ថ្ងៃចន្ទ​នេះ​ថា គេ​នៅ​មិន​ទាន់​ដឹង​ថា​តែ​មាន​ប្រេង​ប៉ុន្មាន​តោន​បាន​ធ្លាយ​ហៀរ​មក​ក្រៅ និង​រាល​អណ្តែត​លើ​សមុទ្ទ​ក្នុង​ទម្រង់​ណាទេ។ មាន​ន័យ​ថា​គេ​នៅ​មិន​ទាន់​អាចវាយ​តម្លៃ​អំពី​គ្រោះ​មហន្តរាយ​ហៀរប្រេង​នេះ បាន​ដោយ​ពេញ​លេញ​នៅ​ឡើយ​ទេ។ យ៉ាងណា​ក៏​ដោយ​ ក៏​មហន្តរាយ​នេះ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ខ្លាំង មិន​ធ្លាប់​មាន​នៅ​លើ​ពិភពលោក គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩១​មក និង​ជាប្រវត្តិសាស្ត្រ​តែ​ម្តង​សម្រាប់​សមុទ្ទ​ចិន​ខាងកើត ដែល​សម្បូរ​ធនធាន​ធម្មជាតិ​ខ្លាំង ជា​ជម្រក​របសឮ​រុក្ខជាតិ​សត្វ បាឡែន អណ្តើក សត្វស្លាប តែ​ក៏​ជា​សមុទ្ទ​ដ៏​ពុល​ខ្លាំង​ជាង​ស្រាប់​ទៅ​ហើយ​ផង។

មហន្តរាយ​ សម្រាប់​បរិស្ថាន​និង​មនុស្សជាតិ ?

មនុស្ស​លោកត្រូវការ​ជា​ចាំបាច់​ប្រេង ប៉ុន្តែ​ប្រេង​ជា​គ្រោះ​ថ្នាក់ សម្រាប់​បរិស្ថាន។ បើ​វា​ធ្លាយ​ហៀរ​ក្នុង​សមុទ្ទ នោះវា​នឹង​បង្ក​​​មហន្តរាយ​ដល់​បរិស្ថាន យ៉ាងធ្ងន់ធ្ងរ ទាំង​ក្នុង​ពេល​រយៈ​ពេល​ខ្លី មធ្យម និង​យូរ លើ​ជីវិត​សត្វ​និង​រុក្ខជាតិសមុទ្ទ។ ប្រភព​ចំណី​អាហារ​នៅ​ក្នុង​ទឹក​ នឹង​ត្រូវ​រលាយ​រលត់​បាត់​ផុត​ពូជ​តែ​ម្តង នៅ​ក្នុង​តំបន់​រងគ្រោះ​ ដែល​មាន​ផ្ទៃ​ធំ ឬ​តូច​ទៅ​តាម​បរិមាណ​នៃ​ប្រេង​និង​កម្លាំង​ហូររាល។ ការ​បង្ក​កំណើត​របស់​សត្វ​ក្នុង​ទឹក នឹង​ត្រូវ​ថយ​ចុះ ហើយ​នឹងអាច​​មានបម្រែបម្រួល​ហ្សែន​ទៀត។ ចំពោះ​បក្សាបក្សី​វិញ អាច​នឹង​ត្រូវ​ទទឹក​ជាប់ប្រេង ហើយ​ស្លាប់​បាន​ដោយ​ពុល​ឬ​ថប់​នឹង​ជាតិ​ប្រេង។

បើ​ប្រេង​ហៀរ​ដល់​តំបន់​ព្រៃលិច​ទឹក​វិញ នោះ​មហន្តរាយ​ នឹង​កាន់​តែធំ ព្រោះ​ជា​តំបន់​​ជម្រក​សត្វបង្ក​កំណើត​ផង និង​តំបន់​ស្តុក​ចំណីអាហារ​សត្វ​ផង ហើយ​ជាង​នេះទៅ​ទៀត​ជាតិ​ប្រេង (ពុល) អាច​នៅ​ត្រាំត្រែង​យូរ​ណាស់ អាច​រហូត​ដល់​១០​ឆ្នាំ ទម្រាំ​នឹងស្រូប​អស់។

ចំពោះ​មនុស្ស​ ជួនកាល​គេ​មិន​សូវ​នឹង​គិត​ដល់​ទេ ព្រោះ​យល់​ថា​នៅ​ក្នុង​មហាសាគរ​ឆ្ងាយ​ពី​ពី​ដៃ​ពីជើង ប៉ុន្តែ​ការ​ហៀរប្រេង​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង និង​យូរ​ផង ដល់​ប្រព័ន្ធ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​​តំបន់។ ឆ្នេរ​អាច​លែង​ស្អាត ទេសចរអាច​គេច​ទៅ​រក​កន្លែង​មាន​បរិស្ថាន​បរិសុទ្ធ​ជាង ការនេសាទ​អាច​នឹង​ត្រូវ​ហាមឃាត់ ព្រោះ​ប្រេង​នឹង​ធ្វើ​ត្រី​ និង​គ្រឿង​សមុត្ទ​ បង្កង​ក្តាម មិន​ស្អាត​សម្រាប់​បរិភោគ។

នេះ​មិន​ទាន់​រាប់​និង​គិត​ដល់​តម្លៃ​ដែល​ត្រូវ​ចំណាយ ដើម្បី​សម្អាត​សមុទ្ទ​និង​តំបន់​ប៉ះពាល់​ពីការហៀរប្រេង​នេះ​ផង។

​ការ​​ប្រយុទ្ធ​​​នឹង​មហន្តរាយហៀរប្រេង​

ដើម​ហេតុ​នាំ​ឱ្យ​មាន​គ្រោះមហន្តរាយបំពុល​សមុទ្ទ ​ហៀរប្រេងមាន​ពីរ​ធំៗ គឺ​ដោយសារឧស្សាហកម្ម​បូមប្រេង​ក្នុង​សមុទ្ទ និង​ជា​ញឹកញយ ដោយ​សារ​តែ​គ្រោះថ្នាក់​ចរាចរណ៍​លើ​សមុទ្ទ។ ​​​

បច្ចុប្បន្ននេះ ដោយ​សារ​មធ្យោបាយ​និង​បច្ចេកវិទ្យា​​ជឿន​លឿន​ខ្លាំង​ គេ​អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​នាវា​ដឹក​ប្រេង​បានច្រើន ដោយ​មា​ន​កំរិត​ត្រឹម​ 0,000៣% តែប៉ុណ្ណោះ។

ចំពោះ​វិធី​ដោះស្រាយ​វិញ ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ហៀរ​ប្រេង​ក៏​កាន់​តែ​ទំនើប​ដែរ។ នៅក្នុង​ករណី​មាន​ការ​ហៀរ​បំពុល​ទ្រង់ទ្រាយ​តូច លើ​ទីតាំង​ច្បាស់​លាស់ គេ​អាច​ប្រើវិធីស្រូប​បូម​ប្រេង​ ដែល​អណ្តែត​លើ​ទឹក​សមុទ្ទ គឺ​ដូច​យក​អេប៉ុង​ទៅ​បឺត​ពី​ផ្ទៃទឹក។

ក្នុង​ពេល​ទន្ទឹម​គ្នា​នោះត្រូវ​​មាន​ប្រតិបត្តិការ​ទប់​ស្កាត់​នៅ​ប្រភពដើម​​នៃ​ការ​ធ្លាយ​ និង​ធ្វើ​ប្រតិបត្តិការ​ដៅ​លើ​ការ​អណ្តែតនៃ​ប្រេង​ផង។ បើ​ពុំ​មាន​ការ​គំរាម​កំហែង​ដល់ឆ្នេរ ឬតំបន់​រសើបៗ​ទេ នោះ​ពុំ​សូវ​មាន​ភាព​បន្ទាន់​ប៉ុន្មាន​ឡើយ គេ​តាមដាន​ដំណើរអណ្តែត​រសាត់​ តាម​ផ្កាយ​រណប​ តាម​អាកាស និង​ទុក​ប្រេង​រលាយ​ដោយ​ធម្មជាតិ​ច្រើន​ជាង។

ប៉ុន្តែ​បើ​មាន​ការ​គំរាមកំហែង​ដល់​ឆ្នេរ ដល់​ជីវិត​សត្វ​ កម្មវត្ថុត​ចំបង​និង​បន្ទាន់​គឺ​ទប់​កុំ​ឱ្យ​ផ្ទៃ​ប្រេង​រីក​ធំ​ទៅ​ប៉ះដល់​តំបន់​ទាំង​នោះ និង​បើ​វិធី​ពីរ យ៉ាង ទី​មួយ ប្រើ​ផលិត​ផល​គីមី បាញ់​បង្ក​ប្រេង ឬ​ដោយ​ដុត។ វិធី​ទាំង​ពីរ​នេះ ប្រើ​តែ​ក្នុង​មហន្តរាយ​ធំ ខ្លាំង ហើយ​បន្សល់​ទុក​នូវ​គ្រោះថ្នាក់​សម្រាប់​ជីវិត​សត្វ​និង​រុក្ខជាតិ​សមុទ្ទ​ដូច​គ្នា​។ ហើយ​ជា​ចុងក្រោយ គឺ​ត្រូវ​​សម្អាត​ឆ្នេរ និង​ព្យាបាល​សត្វ​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ