ឥណ្ឌាស្វាគមនាយករដ្ឋមន្ត្រីអ៊ីស្រាអែលយ៉ាងកក់ក្តៅនៅឱកាសដំណើរទស្សនកិច្ច៥ថ្ងៃនៅឥណ្ឌា
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benyamin Netanyahu បានចាប់ផ្តើមទស្សនកិច្ចផ្លូវរដ្ឋចំនួន៥ថ្ងៃនៅឥណ្ឌាចាប់ពីថ្ងៃអាទិត្យទី១៤មករាទៅ។ នៅនាឱកាសនោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប៉ុនប៉ងស្វែងរកការពង្រឹងទំនាក់ទំនងជាមួយរដ្ឋាភិបាលជាតិនិយមឥណ្ឌារបស់លោក Narendra Modi ដែលជាអ្នកកាន់សាសនា Hindou។នៅទីក្រុង New Delhi លោក Narendra Modi បានទទួលស្វាគមន៍នាយករដ្ឋមន្ត្រីអ៊ីស្រាអែលយ៉ាងកក់ក្តៅជាទីបំផុត។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:២០
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Nerendra Modi លែងខ្ចីខ្វល់ពីបញ្ហាពិធីសារដែលជាទំនៀមទម្លាប់របស់ប្រទេសឥណ្ឌាទៀតហើយ។ ពីព្រោះ គ្រាន់តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Nétanyahu បានចុះពីយន្តហោះមកដល់លើដីភ្លាម នាយករដ្ឋមន្ត្រីឥណ្ឌា បានស្ទុះទៅអោបក្រសោបសមភាគីអ៊ីស្រាអែលយ៉ាងកក់ក្តៅជាទីបំផុត។
ក្នុងឱកាសដំណើរទស្សនៈកិច្ចចំនួន ៥ថ្ងៃនៅឥណ្ឌាចាប់ពីថ្ងៃអាទិត្យម្សិលមិញ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នឹងត្រូវអញ្ជើញទៅទស្សនកិច្ចនៅក្នុងទីក្រុងមួយចំនួនដូចជាទីក្រុងBombay Ahmedabad ឬក៏នៅក្រុង Goujarat ជាដើម។ គួររំលឹកថា សហប្រតិបត្តិការណ៍រវាងឥណ្ឌានិងអ៊ីស្រាអែលនេះ គឺជាសហប្រតិបត្តិការយុទ្ធសាស្ត្រមួយ។ ដោយហេតុថា អ៊ីស្រាអែលគឺជាអ្នកផ្គត់ផ្គង់សព្វាវុធទី៤នៅលើលោក អោយដល់ឥណ្ឌា ជាអាទិ៍ យន្តហោះដ្រូនដែលគ្មានពីឡុតបើកបរនិងមីស៊ីល។
គួរបញ្ជាក់ថា អ៊ីស្រាអែលក្រៅពីការនាំអាវុធចេញយ៉ាងសម្បើមទៅកាន់ប្រទេសឥណ្ឌានោះ ទីក្រុង Tel Aviv ក៏មានបំណងចង់ផ្តល់អោយដល់ទីក្រុងញូដែលី នូវសេវាបច្ចេកទេសដ៏ទំនើបនិងប្រសិទ្ធភាពជាទីបំផុតរបស់អ៊ីស្រាអែល នៅលើវិស័យសន្តិសុខខាងផ្នែកព័ត៌មានវិទ្យា ឬក៏ការបន្យាបទឹកសមុទ្រជាដើម។
គួររំលឹកថា នៅក្នុងឱកាសដំណើរទស្សនកិច្ចនៅឥណ្ឌានេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល មានអមដំណើរដោយអ្នកកិច្ចការជំនួញជាង១៣០នាក់ ដើម្បីពង្រឹងសហប្រតិបត្តិការណ៍សេដ្ឋកិច្ចជាមួួយឥណ្ឌាអោយកាន់តែរ៉ឹងមាំថែមទៀត។
ក៏ប៉ុន្តែនៅលើវិស័យការទូតវិញ ការខិតចូលជិតគ្នារវាងឥណ្ឌានិងអ៊ីស្រាអែលនេះ អាចជួបប្រទះនឹងភាពស្មុកស្មាញ។ ដោយហេតុថា នៅម្ខាង ទីក្រុងញូវដែលី នៅតែបន្តការគាំទ្ររបស់ខ្លួនដល់អាជ្ញាធរប៉ាឡេស្ទីន និងបានបោះឆ្នោតគាំទ្រដល់សេចក្តីសម្រេចរបស់អ.ស.ប.ក្នុងការផ្តន្ទាទោសអ៊ីស្រាអែលដែលបានលើកផ្ទេរស្ថានទូតអាមេរិកមកដាក់នៅទីក្រុង Jérusalem វិញ។
ជាពិសេស ប្រទេសឥណ្ឌា បានរឹតចំណងជាមួយប្រទេស អ៊ីរ៉ង់ កាន់តែខ្លាំងឡើងៗ ហើយចំណែកអ៊ីរ៉ង់វិញ ក៏ជាប្រទេសសត្រូវទី១ដែររបស់អ៊ីស្រាអ៊ែល ជាពិសេស ទីក្រុងTel Aviv បានធ្វើសកម្មភាពយ៉ាងមុតមាំបំផុត ដើម្បី ធ្វើអោយសាធារណៈរដ្ឋអ៊ីស្លាមអ៊ីរ៉ង់មួយនេះស្ថិតនៅទោលឯកានៅលើលោក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ