អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ចិន​បដិសេធ​ព័ត៌មាន​ចំពោះ​​កាត់​បន្ថយ​ទិញ​បំណុល​សហរដ្ឋអាមេរិក​

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី​ថ្ងៃ​ពុធ ទី​១០ មករា​ កន្លង​ទៅ​នេះ ​ទីភ្នាក់​ងារ​សារព័ត៌មាន Bloomberg បាន​អោយ​ដឹង​ថា​ រដ្ឋាភិបាល​ចិន​គ្រោងកាត់​​បន្ថយការ​​​ទិញ​ ឬ​បញ្ឈប់​ទិញ​តែ​ម្តង​នូវ​ប្រាក់​បំណុល​របស់​​សហរដ្ឋ​អាមេរិក។​ សព្វ​ថ្ងៃ​នេះ​ ចិន និង​ជប៉ុន​ជា​ប្រទេស​ដែល​បាន​ទិញ​ប្រាក់​បំណុល​សហរដ្ឋ​ច្រើន​ជាង​បំផុត​លើ​ពិភព​លោក។​ បើ​តាម​ការ​វិភាគ​ ចេតនា​របស់​ចិន​ក្នុង​ការ​បន្ថយ​ ឬ​បញ្ឈប់​ទុញ​ប្រាក់​បំណុល​អាមេរិក​នេះ​ គឺ​គ្រាន់​តែ​ជា​ការផ្ញើ​សារ​​ព្រមាន​ដល់​រដ្ឋាភិបាល​អាមេរិក​តែ​ប៉ុណ្ណោះ។ ព្រមាន​ក៏​ព្រោះ​តែ​លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ គ្រោង​ដាក់​បង្កើត​ឧបសគ្គ​ទប់​ស្កាត់​លំហូរ​ទំនិញ​ផលិត​នៅ​ប្រទេស​ចិន​ចូល​ទឹកដី​សហរដ្ឋ​អាមេរិក។

រូបផែនទីពិភពលោក
រូបផែនទីពិភពលោក RFI/Khmer
ផ្សាយពាណិជ្ជកម្ម

បើ​យោង​តាម​ប្រភព​ស្និទ​នឹង​សំណុំ​រឿង​នេះដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​​បាន​ឲ្យ​ដឹង​ថា​ មន្រ្តី​ជាន់​ខ្ពស់​នៃ​ធនាគារ​កណ្តាល​ចិន​បាន​ផ្ទៀង​ផ្ទាត់​ឡើង​វិញ​នូវ​ចំនួន​ប្រាក់​បំរុង​រូបិយប័ណ្ណ​​បរទេស​ដែល​រដ្ឋាភិបាល​ចិន​បាន​ទិញ​ទុក​ពី​រតនា​គារ​ជាតិ​នៃ​ប្រទេស​មួយ​ចំនួន។​ បើ​យោង​តាម​ប្រភព​នោះ មន្រ្តី​ធនាគារ​កណ្តាល​​ចិន​បាន​ធ្វើ​អនុសាសន៍​ដល់​រដ្ឋាភិបាល​ចិនឲ្យ​កាត់​​បន្ថយ​ការ​ទិញ​ ឬ​ផ្អាក​ការ​ទិញ​តែ​ម្តង​ នូវ​រាល់​ប័ណ្ណ​​បំណុល​ ឬ​សញ្ញា​ប័ណ្ណ​ជា​រូបិយ​ប័ណ្ណ​ ដែល​រតនា​គារ​ជាតិអាមេរិកបាន​បោះពុម្ភ​ផ្សាយ​​ដាក់​លក់ឲ្យ​ធនាគារ​ឯកជន​​ ឬ​រតនាគារ​ជាតិ​បរទេស។

ក្រោយ​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​ភ្លាម​ ​ទីផ្សារ​ភាគហ៊ុន​អាមេរិក​បាន​រង្គោះ​រង្គើមួយ​រយៈ​ខ្លី​កាលពី​ថ្ងៃ​ពុធ​ ទី​១០​ មករា​កន្លង​ទៅ​នេះ។​ ជាពិសេស​ ​តំលៃ​ប្រាក់​ដុល្លារ​អាមេរិក​ក៏​បាន​ធ្លាក់​ចុះ​បន្តិច​ផង​ដែរ​។ ​ក្រោយ​ពីបាន​ដាំ​ក្បាល​ចុះ​មួយ​ភ្លែត​ ក្នុង​ថ្ងៃ​ដដែល​ ទីផ្សារ​ភាគ​ហ៊ុន​អាមេរិក​បាន​ងើបរើ​ឡើង​វិញ។​ ក្រុម​អ្នក​វិនិយោគ​យល់​ឃើញ​ថា​ នេះ​គ្រាន់​តែ​ជា​ការ​គំរាម​របស់​រដ្ឋាភិបាល​ចិនប៉ុណ្ណោះ។​ បើ​តាម​លោក​ Karl Haeling ​បាន​វិភាគ​ឲ្យ​ដឹង​ថា​ នេះ​ជា​ការ​​ផ្ញើ​សារ​របស់​រដ្ឋាភិបាល​ចិន​ទៅ​កាន់​រដ្ឋាភិបាល​​អាមេរិក ក្នុង​ករណី​ណា​ដែល​លោក​ ដូណាល់​ ត្រាំ សំរេច​ចិត្ត​ដាក់ទណ្ឌកម្ម​ប្រឆាំង​​ការ​នាំ​ចេញ​ទំនិញ​ផលិត​នៅ​ប្រទេស​ចិន​ទៅ​លក់​នៅលើ​ទឹកដី​​សហរដ្ឋ​អាមេរិក។

មិន​យូរ​ប៉ុន្មាន​ មួយ​ថ្ងៃ​ក្រោយ​មក​ ពោល​ គឺ​ថ្ងៃ​ព្រហស្បតិ៍​ ទី​១១ មករា​ រដ្ឋាភិបាល​ចិន​បាន​ប្រកាស​បដិសេធ​ច្រាន​ចោល​ព័ត៌មាន​នេះ ដោយ​បាន​ចាត់​ទុក​ថា ទីភ្នាក់ងារ​ព័ត៌មាន Bloomberg ទំនងជាដក​ស្រង់​យក​ប្រភព​មិន​ច្បាស់​ការ​ ឬ​ ទទួល​បាន​ព័ត៌មាន​មិន​ពិត​។ ទីភ្នាក់​ងារ​​ចិនគ្រប់​គ្រងការ​ផ្ទេរ​រូបិយប័ណ្ណ​បរទេស​ (SAFE) ​បាន​ពន្យល់​ថា​ រដ្ឋាភិបាល​ចិន​គ្រប់​គ្រង​ប្រាក់​បំរុង​រូបិយប័ណ្ណ​បរទេស​ប្រកប​ដោយ​លក្ខណៈ​អា​ជីព​ត្រឹម​ត្រូវ។ គឺ ចិន​​គិត​គូរ​ទៅ​លើ​គោលការណ៍​បែងចែក​ការ​វិនិយោគ​ជាច្រើន​ប្រភេទ​ដើម្បី​បន្ថយ​ហានិភ័យ​។ លើស​ពីនេះ​ ក៏​ដើម្បី​រក្សា​សន្តិសុខ​ ក៏ដូច​ជារក្សា​តំលៃ​មូលធន​តំកល់​របស់​ខ្លួនឲ្យ​​បាន​ថ្លៃ​ខ្ពស់​។ ដូចនេះ​ រដ្ឋាភិបាល​ចិន​គ្រប់​គ្រង​ប័ណ្ណ​បំណុល​របស់​អាមេរិក​ប្រកប​ដោយ​លក្ខណៈ​អាជីព​​ ស្រប​ទៅ​តាម​ល័ក្ខខ័ណ្ឌ​ទីផ្សារ​ហិរញ្ញ​វត្ថុ​ និង​ស្រប​ទៅ​តាម​តំរូវ​ការ​នៃ​ការ​វិនិយោគ។

សូម​បញ្ជាក់​ថា​ រដ្ឋាភិបាល​ចិន​មាន​ប្រាក់​បំរុង​រូបិយប័ណ្ណ​បរទេស​ច្រើន​ជាង​គេ​នៅ​លើ​ពិភព​​លោក។​ គិត​មក​ត្រឹម​ខែ​ធ្នូ​ ឆ្នាំ​២០១៧​ កន្លង​ទៅ​នេះ​ ចិន​មាន​ប្រាក់​បំរុង​សរុប​ចំនួន​ ៣ ១៤០ កោដិ​ដុល្លារ​អាមេរិក។​ ក្នុង​នោះ​ ចិន​មាន​​មាន​ប័ណ្ណ​បំណុល​អាមេរិក​ចំនួន​ជាង ១ ០៤៩ កោដិ​ដុល្លារ​អាមេរិក។ មាន​ប្រទេស​ចំនួន​ពីរ​ ដែល​ទិញ​ប័ណ្ណ​បំណុល​អាមេរិក​ទុក​ច្រើន​ជាង​គេ​ គឺ​ ប្រទេស​ចិន និង​ជប៉ុន។​ បើ​តា​ម​សារព័ត៌មាន​ Bloomberg ​សព្វ​ថ្ងៃ​នេះ​ ប្រទេស​ជប៉ុន​បាន​ទិញ​ប័ណ្ណ​បំណុល​អាមេរិក​ទុក​រហូត​ទៅ​ដល់​ ១ ២០០ កោដិ​ដុល្លារ​អាមេរិក។​ ចំនួន​នេះ​បាន​កើន​ឡើង​ទ្វេ​ដង​ក្នុង​រយៈ​ពេល​ ១០ ឆ្នាំ​ចុង​ក្រោយ​នេះ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ជប៉ុន​ក្លាយ​ជា​ម្ចាស់​បំណុល​អាមេរិក​ដ៏​ធំជាង​គេ។

បើ​យោង​តាម​អ្នក​វិភាគ​បាន​ឲ្យ​ដឹង​ថា​ ការ​បែក​ធ្លាយ​ព័ត៌មាន​នេះ​ជា​ចេតនា​របស់​រដ្ឋាភិបាល​​ចិន​ក្នុង​ការ​គំរាម​ដោយ​ប្រយោល​ដល់​រដ្ឋាភិបាល​អាមេរិក។​ ព្រោះ​ចិន​បាន​​ទិញ​ប័ណ្ណ​បំណុល​អាមេរិកច្រើន​នៅក្នុង​ដៃ។​ ហើយ​សព្វថ្ងៃ​នេះ​ ចិន​មិន​សប្បាយ​ចិត្ត​ឡើយ​ចំពោះបំណង​ចង់​ដាក់​​​វិធានការណ៍​រឹត​បន្តឹង​បណ្តូរ​ពាណិជ្ជកម្ម​ចិន​-អាមេរិក​ ដែល​លោក​ ដូណាល់​ ត្រាំ បាន​ប្រកាស​ក្តែងៗ​ម្តង​ហើយ​ម្តង​ទៀត។ ដូច​យើង​បាន​ដឹង​ស្រាប់​ហើយ​ លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ​ ធ្លាប់​បាន​រិះគន់​ជាសាធារណៈ​ជុំវិញ​អតុល្យភាព​​ជញ្ជីង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ចិន-អាមេរិក។​ ហើយ​លោក​ ត្រាំ ធ្លាប់​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​អាមេរិក​បើក​ការ​ស៊ើប​អង្កេត​ និង​គំរាម​ដាក់​ទណ្ឌកម្មចំពោះ​របៀប​ធ្វើ​ពាណិជ្ជកម្ម​​របស់​ចិន​ ដែល​អាមេរិក​ចាត់​ទុក​ថា​ជា​ការ​ប្រកួត​ប្រជែង​មិន​ស្មោះ​ត្រង់។

គួរ​រំលឹក​ផង​ដែរ​ថា​ ព័ត៌មាន​របស់​ទីភ្នាក់​ងារ​ Bloomberg​ ជុំវិញ​ប្រាក់​បំណុល​អាមេរិក​នេះ​ គឺ​គាប់​ជួន​ពេលដែល​សភា​កុង​គ្រែស​អាមេរិក​ទើប​តែបាន​​អនុម័ត​ច្បាប់​ស្តីពី​កំណែ​ទម្រង់​ពន្ធ​របស់​លោក​ ដូណាល់​ ត្រាំ។​ បើ​តាម​ការ​ប៉ាន់​ប្រមាណ​ តាម​រយៈ​កំណែទម្រង់​នេះ​ សហរដ្ឋ​អាមេរិក​នឹង​ខ្ចី​បំណុល​ចំនួន ១​ ពាន់​កោដិ​ដុល្លារ​​បន្ថែម​ទៀត។​ សព្វ​ថ្ងៃ​នេះ សហរដ្ឋ​អាមេរិក​មាន​បំណុល​សាធារណៈ​រហូត​ទៅ​ដល់​ ២ ម៉ឺន​កោដិ​ដុល្លា​រ​អាមេរិក។

យោង​តាម​ការ​សង្កេត​ថ្មី​ៗ​នេះបាន​ឲ្យ​ដឹង​ថា​ ម្ចាស់​បំណុល​អន្តរជាតិ​ដែល​សហរដ្ឋ​អាមេរិក​​ខ្ចី​ប្រាក់​ចាប់​ផ្តើម​លក់​កាតព្វ​កិច្ច​បំណុល​អាមេរិក​ជាបណ្តើរ​ហើយ។​ មាន​ជា​អាទិ​ដូចជា​ធនាគារ​កណ្តាល​ចិន​ និង​ជប៉ុន​ជាដើម​បាន​សំរេច​ចិត្ត​លក់​ប័ណ្ណ​បំណុល​អាមេរិក​បន្ត​ឲ្យ​ធនាគារ​ឯកជន​។​ ​មែនទែន​ទៅ​ បាតុភូត​នេះបាន​កើត​ឡើង​ចាប់​តាំង​ពី​ខែ​វិច្ឆិការ ​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ។​

​ពាក្យ​គំរាម​កំហែង​របស់​លោក​ប្រធានាធិបតី ដូណាល់​ ត្រាំ បាន​ធ្វើ​ឲ្យ​ម្ចាស់​បំណុល​ភ័យ​ខ្លាច។​ កន្លង​មក​ ក្នុង​យុទ្ធនាការ​ឃោសនា​ស្វែង​រក​សំលេង​ឆ្នោត​ លោក​ ដូណាល់​ ត្រាំ ធ្លាប់​បាន​និយាយ​ថា​ ប្រសិន​បើ​អ្នក​ជំពាក់​លុយ​ធនាគារ​ ១០០ ដុល្លារ​ នោះ​អ្ន​ក​នឹង​មាន​បញ្ហា​ជាមួយ​ធនាគារ។​ ផ្ទុយ​ទៅ​វិញ​ ប្រសិន​បើ​អ្នក​ជំពាក់​ធនាគារ​ ១០០ លាន​ដុល្លារ​ អ្នក​ដែល​មាន​បញ្ហា​ធំ​ គឺ​ធនាគារ។​ ហើយ​លោក​ ត្រាំ ក៏​ធ្លាប់​បាន​ព្រលយ​​​ពាក្យ​ថា​ គាត់នឹង​យក​គោល​ការណ៍​នេះ​ទៅ​អនុវត្ត​ជាមួយ​ប្រទេស​ចិន​ និង​ជប៉ុន​ ដែល​ជា​ម្ចាស់​បំណុល​អាមេរិក​ដ៏​ធំជាងគេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ