អានតួអត្ថបទ
អ៊ីស្រាអែល-ឥណ្ឌា

ឥណ្ឌា​​​ស្វាគម​​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​យ៉ាង​កក់ក្តៅ​​​នៅ​​​ឱកាស​​​ដំណើរ​​ទស្សនកិច្ច​​​៥​​ថ្ងៃ​​​​នៅ​​ឥណ្ឌា​​

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benyamin Netanyahu បាន​ចាប់​ផ្តើម​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ចំនួន​៥​ថ្ងៃ​នៅ​​ឥណ្ឌា​ចាប់​ពី​ថ្ងៃ​អាទិត្យ​ទី​១៤​មករា​ទៅ។ ​នៅ​នា​ឱកាស​នោះ នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល ប៉ុនប៉ង​ស្វែង​រក​ការ​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល​ជាតិ​និយម​ឥណ្ឌា​របស់​​លោក Narendra Modi ដែល​ជា​អ្នក​កាន់​​​សាសនា ​Hindou។​នៅ​ទីក្រុង ​New Delhi លោក Narendra Modi បាន​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​​អ៊ីស្រាអែលយ៉ាង​កក់ក្តៅ​ជា​ទី​បំផុត។​

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ Benjamin Netanyahu​ ​និង​សមភាគី​ឥណ្ឌា ​លោក Narendra Modi ​ចូល​រួម​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នៅ​ឯ​វិមាន ​Hyderabad ​ក្នុង​ទីក្រុង​ New Delhi ប្រទេសឥណ្ឌា​ថ្ងៃ​ចន្ទ​ទី​ ១៥​ ​មករា​ឆ្នាំ២០១៨ ​។
នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ Benjamin Netanyahu​ ​និង​សមភាគី​ឥណ្ឌា ​លោក Narendra Modi ​ចូល​រួម​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នៅ​ឯ​វិមាន ​Hyderabad ​ក្នុង​ទីក្រុង​ New Delhi ប្រទេសឥណ្ឌា​ថ្ងៃ​ចន្ទ​ទី​ ១៥​ ​មករា​ឆ្នាំ២០១៨ ​។ REUTERS/Adnan Abid
ផ្សាយពាណិជ្ជកម្ម

នាយក​រដ្ឋមន្ត្រី​​ឥណ្ឌា លោក Nerendra Modi លែង​ខ្ចី​ខ្វល់​ពី​បញ្ហា​​ពិធីសារ​ដែល​ជា​ទំនៀម​ទម្លាប់​របស់​ប្រទេស​ឥណ្ឌា​ទៀត​ហើយ​​។ ពីព្រោះ គ្រាន់តែ​​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​ Nétanyahu បាន​ចុះ​ពី​យន្តហោះ​មក​ដល់​លើ​​ដី​ភ្លាម នាយករដ្ឋមន្ត្រី​ឥណ្ឌា បាន​ស្ទុះ​ទៅ​អោប​ក្រសោប​សមភាគី​អ៊ីស្រាអែល​យ៉ាង​កក់ក្តៅ​​ជាទីបំផុត។

ក្នុង​ឱកាស​​ដំណើរ​ទស្សនៈកិច្ច​ចំនួន ៥​ថ្ងៃ​នៅ​​ឥណ្ឌា​ចាប់ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល នឹង​ត្រូវអញ្ជើញ​ទៅទស្សនកិច្ច​នៅ​ក្នុង​ទីក្រុង​មួយ​ចំនួន​ដូច​ជា​ទីក្រុង​Bombay Ahmedabad ឬ​ក៏​នៅ​ក្រុង Goujarat ជាដើម។ គួរ​រំលឹកថា សហប្រតិបត្តិការណ៍​រវាង​ឥណ្ឌា​និង​អ៊ីស្រាអែល​នេះ ​គឺ​ជា​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​មួយ​។ ដោយហេតុថា អ៊ីស្រាអែល​គឺ​ជា​អ្នក​​ផ្គត់ផ្គង់​សព្វាវុធ​ទី​៤​នៅ​លើ​លោក អោយ​ដល់​ឥណ្ឌា​ ជាអាទិ៍ យន្តហោះ​ដ្រូន​ដែល​គ្មាន​ពីឡុត​បើកបរ​និង​មីស៊ីល។​

គួរបញ្ជាក់ថា អ៊ីស្រាអែល​​ក្រៅ​ពី​ការ​នាំ​អាវុធ​ចេញ​យ៉ាង​សម្បើម​​​ទៅ​កាន់​ប្រទេស​ឥណ្ឌា​នោះ ​​ទីក្រុង Tel Aviv ក៏​មាន​បំណង​ចង់​ផ្តល់​អោយ​ដល់​ទីក្រុង​ញូដែលី​ នូវ​សេវា​បច្ចេកទេស​ដ៏​ទំនើប​និង​ប្រសិទ្ធភាព​ជាទី​បំផុត​របស់អ៊ីស្រាអែល នៅ​លើ​វិស័យ​សន្តិសុខ​ខាង​​ផ្នែក​ព័ត៌មាន​វិទ្យា ឬ​ក៏​ការ​បន្យាប​ទឹក​សមុទ្រ​ជាដើម។​

គួររំលឹកថា ​នៅ​ក្នុង​ឱកាស​​ដំណើរ​ទស្សនកិច្ច​នៅ​ឥណ្ឌា​នេះ ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ មានអមដំណើរ​ដោយ​​អ្នក​កិច្ចការជំនួញ​ជាង​១៣០​នាក់​ ​ដើម្បី​​​​ពង្រឹង​សហប្រតិបត្តិការណ៍​​សេដ្ឋកិច្ច​ជាមួួ​យ​​ឥណ្ឌា​​អោយកាន់តែ​​​រ៉ឹង​មាំ​​ថែម​​ទៀត​។

ក៏ប៉ុន្តែ​នៅ​លើ​វិស័យ​ការទូត​វិញ ការ​ខិត​ចូល​ជិត​គ្នា​រវាង​ឥណ្ឌា​និង​អ៊ីស្រាអែល​នេះ អាច​ជួបប្រទះ​​នឹង​ភាព​ស្មុកស្មាញ។ ដោយហេតុថា នៅ​ម្ខាង ទីក្រុង​ញូវដែលី នៅ​តែ​បន្ត​ការ​គាំទ្រ​របស់​ខ្លួន​ដល់​អាជ្ញាធរ​ប៉ាឡេស្ទីន និង​បាន​​បោះឆ្នោត​គាំទ្រ​ដល់​សេចក្តី​សម្រេច​របស់​​អ.ស.ប.ក្នុង​ការ​​ផ្តន្ទាទោស​អ៊ីស្រាអែល​ដែល​បាន​​លើក​ផ្ទេរ​ស្ថានទូត​អាមេរិក​មក​ដាក់​​នៅ​ទីក្រុង Jérusalem​ វិញ។​

ជាពិសេស ប្រទេស​ឥណ្ឌា បាន​រឹត​ចំណង​ជាមួយ​ប្រទេស អ៊ីរ៉ង់ កាន់តែ​ខ្លាំង​ឡើងៗ ហើយ​​ចំណែក​​អ៊ីរ៉ង់​វិញ​ ​​​ក៏​ជា​ប្រទេស​សត្រូវ​ទី​១ដែរ​​របស់​​អ៊ីស្រាអ៊ែល​ ជាពិសេស ទីក្រុង​Tel Aviv ​ បាន​ធ្វើ​សកម្មភាព​យ៉ាងមុតមាំបំផុត​ ដើម្បី ធ្វើ​អោយ​សាធារណៈរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់​មួយ​​នេះ​​ស្ថិត​នៅ​ទោល​ឯកា​នៅ​លើ​លោក៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ