នុយក្លេអ៊ែរកូរ៉េខាងជើង៖អាមេរិកនិងប្រទេសដៃគូពិភាក្សាគ្នានៅកាណាដា ចិនអវត្តមាន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៥០
ថ្ងៃអង្គារនេះ សហរដ្ឋអាមេរិកនិងប្រទេសជាដៃគូ២០ប្រទេស ជួបពិភាក្សាគ្នា លើសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង រកវិធីធ្វើអោយទណ្ឌកម្មប្រឆាំងក្រុងព្យុងយ៉ាងអាចអនុវត្តបានពេញលេញ ស្មើដៃគ្នារវាងប្រទេសនិមួយៗ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅទីក្រុងVancouver ប្រទេសកាណាដា។ ចិនមិនចូលរួមកិច្ចប្រជុំនេះទេ។
ថ្ងៃអង្គារនេះដែរ កូរ៉េខាងជើងលើកឡើងថា ពាក្យពេចន៍លោកដូណាល់ ត្រាំ ដែលអួតថា មានប៊ូតុងចុចនុយក្លេអ៊ែរធំជាងប៊ូតុងរបស់លោកគឺម ជុងអ៊ុននោះ កូរ៉េខាងជើងប្រដូចការអួតអាងរបស់លោកត្រាំបែបនេះ ទៅនឹងឆ្កែព្រុសដូច្នោះដែរ។
ការអនុវត្តទណ្ឌកម្មលើកូរ៉េខាងជើងកន្លងមក មិនបានធ្វើស្មើដៃគ្នា
កិច្ចពិភាក្សាស្តីពីនុយក្លេអ៊ែរកូរ៉េខាងជើងនៅកាណាដា ថ្ងៃអង្គារនេះ មានទិសដៅរកវិធានការធ្វើអោយប្រទេសនិមួយៗអនុវត្តអោយបានស្មើដៃគ្នា នូវទណ្ឌកម្មអង្គការសហប្រជាជាតិ ប្រឆាំងក្រុងព្យុងយ៉ាង។ កុំអោយឃើញតែប្រទេសជឿនលឿនអនុវត្តជាងគេជាងឯងពេក។
យោងតាមរដ្ឋាភិបាលកាណាដា ការអនុវត្តទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង មិនបានធ្វើឡើងស្មើដៃគ្នា ដោយសារតែប្រទេសខ្លះ មិនសូវមានបទពិសោធន៍ច្រើន ក្នុងរឿងដាក់ទណ្ឌកម្ម។ ម្ល៉ោះហើយ ទើបមានកិច្ចប្រជុំថ្ងៃនេះឡើង គឺធ្វើយ៉ាងណា អោយសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មអោយខ្លាំងលើកូរ៉េខាងជើង។ ទិសដៅធំនៃការអនុវត្តទណ្ឌកម្ម ដូចយើងធ្លាប់ដឹងអញ្ចឹង គឺជំរុញអោយកូរ៉េខាងជើងបោះបង់កម្មវិធីនុយក្លេអ៊ែរ។ ថ្ងៃអង្គារនេះ អាមេរិកអាចនឹងលើកនិយាយពីការពង្រឹងសន្តិសុខតាមផ្លូវទឹក ជុំវិញកូរ៉េខាងជើង ដើម្បីស្ទាក់ចាប់កប៉ាល់ដែលចង់រកស៊ីជាមួយកូរ៉េខាងជើង បំពានទណ្ឌកម្មអង្គការសហប្រជាជាតិ។
យើងធ្លាប់ដឹងហើយ ថាខែមុននេះ លោកដូណាល់ ត្រាំ បានចោទថា ចិនបើកដៃអោយមានការដឺកប្រេងទៅអោយកូរ៉េខាងជើង។ តែចិន បដិសេធរឿងនេះ។ ថ្មីៗនេះទៀត កូរ៉េខាងត្បូងប្រាប់ថា ចាប់បាននាវា ១គ្រឿង ទៅ ២គ្រឿងដែលទំនងជាដឺកប្រេងអោយក្រុងព្យុងយ៉ាង។
បើនៅតែមានកប៉ាល់បន្តរកស៊ីហូរហែជាមួយកូរ៉េខាងជើងបែបនេះ មានន័យថា ទណ្ឌកម្មអង្គការសហប្រជាជាតិត្រូវគេលួចបង្វែរស្រួលៗ ហើយនេះមានតែលើកទឹកចិត្តអោយកូរ៉េខាងជើងបន្តអភិវឌ្ឍន៍គ្រាប់មីស៊ីលទៅវិញទេ។ ជប៉ុនចង់អោយអន្តរជាតិបន្ថែមសម្ពាធកាន់តែធ្ងន់ លើកូរ៉េខាងជើង ទោះត្រូវប្រើមធ្យោបាយអ្វីក៏ដោយចុះ។
ក្រុមជំនាញ៖គ្មានវត្តមានរបស់ចិន កិច្ចប្រជុំប្រហែលគ្មានលទ្ធផលអ្វីប្លែក
ចិនជាដៃគូពាណិជ្ជកម្មចំបងរបស់កូរ៉េខាងជើង ជាតួអង្គសំខាន់ក្នុងការដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង តែចិនបែរជាអវត្តមាន ក្នុងកិច្ចប្រជុំថ្ងៃនេះទៅវិញ។ ក្រុមជំនាញលើកឡើងថា គេមិនអាចរំពឹងលទ្ធផលអ្វីប្លែក ពីការប្រជុំថ្ងៃនេះទេ ព្រោះមិនអាចសម្រេចអ្វីធំដោយគ្មានចិនទេ។ កិច្ចប្រជុំថ្ងៃនេះ ជាការរៀបចំរួមគ្នារវាង លោករិច ធីលឡឺសុន និងនាយករដ្ឋមន្ត្រីការបរទេសកាណាដា គឺលោកស្រីគ្រីស្តៀ ហ្វ្រ៊ីឡិន។ ប៉ុន្តែ អ្នកជំនាញខ្លះលើកឡើងថា មិនដឹងថា ប្រធានាធិបតីអាមេរិកគាំទ្រជំហរលោកធីលឡឺសុន ក្នុងកិច្ចប្រជុំនេះរឺយ៉ាងណាទេ។ ពិនិត្យមើលអោយដល់ទៅ ជំនួបរវាងអាមេរិក និងដៃគូ២០ប្រទេស ថ្ងៃនេះ ជាជំនួបតែរវាងប្រទេសដៃគូសង្គ្រាមកូរ៉េ ឆ្នាំ១៩៥០ដល់១៩៥៣ប៉ុណ្ណោះ។
មុនមានកិច្ចប្រជុំថ្ងៃអង្គារនេះ ល្ងាចមិញនេះ ផ្នែកការទូតកាណាដានិងមន្ត្រីដឺកនាំយោធាជាង២០ប្រទេសបានពិសាអាហាររួមគ្នា ប៉ុន្តែ ខាងចិនគ្មានវត្តមានទេ។ ហើយក៏គ្មានវត្តមានខាងរុស្ស៊ីដែរ។
បងប្អូនកូរ៉េទាំង២កំពុងចរចាគ្នា
បើមើលស្ថានការណ៍ហាក់ដូចធូរស្រាលបន្តិចហើយ ព្រោះប្រទេសបងប្អូនកូរ៉េទាំង២នេះ កំពុងតែចរចាគ្នាឡើងវិញ។ ជាការចរចាដែលប្រទេសទាំង២កាត់ផ្តាច់ តាំងពីចុងឆ្នាំ២០១៥មក។ ទន្ទឹមនេះដែរ ដើម្បីបង្ហាញបំណងល្អ ក្នុងទំនាក់ទំនងទ្វេភាគី រដ្ឋកូរ៉េខាងត្បូងគ្រោងបញ្ចូលកីឡាករកូរ៉េខាងជើងអោយចូលក្នុងក្រុមជាមួយកីឡាករកូរ៉េខាងត្បូង សម្រាប់ការប្រកួតអូឡាំពិក ព្យុងឆាង នៅខែកុម្ភៈខាងមុខនេះ។ រដ្ឋកូរ៉េខាងត្បូងនឹងសុំអោយខាងកីឡាអូឡាំពិកព្យុងឆាង បង្កើនចំនួនកីឡាករក្នុងបញ្ជីពី២៣នាក់ អោយកើនដល់៣០នាក់។ ប៉ុន្តែ ប្រជាជនកូរ៉េខាងត្បូងមួយចំនួនមិនពេញចិត្តនឹងគម្រោងនេះទេ។
ដោយឡែក បើអន្តរជាតិចង់បន្ថែមសម្ពាធធ្ងន់ ហើយអនុវត្តកាន់តែពេញលេញនូវទណ្ឌកម្មអង្គការសហប្រជាជាតិ កូរ៉េខាងជើងក៏អាចប្តូរចិត្តបានគ្រប់ពេលដែរ រឿងថា បន្តចរចាជាមួយកូរ៉េខាងត្បូង រឺក៏វាយប្រហារបែបណាៗនោះ។ យើងធ្លាប់ដឹងហើយ លោកគឺម ជុងអ៊ុនមិន ចូលចិត្តសម្ពាធអន្តរជាតិទេ វាប្រៀបបាននឹងការមើលងាយកូរ៉េខាងជើងដូច្នោះដែរ។ ប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ចែអ៊ីន មានជំហរចរចាជាមួយកូរ៉េខាងជើងមែន តែលោកមូនបានលើកឡើងថា ទាល់តែជាការចរចាក្នុងលក្ខខណ្ឌល្អ។ លោកគឺម ជុងអ៊ុនលឺដូច្នេះមិនពេញចិត្តទេ។ លោកគឺម ជុងអ៊ុន បានចាត់ទុកប្រធានាធិបតីកូរ៉េខាងត្បូងថាជាមនុស្សមិនសមហេតុផលទៀតផង ដែលហ៊ានដាក់លក្ខខណ្ឌមុនដូច្នេះ។
ទោះយ៉ាងនេះក្តី ប្រទេសកូរ៉េទាំង២បានខិតខំបង្ហាញបំណងល្អដាក់គ្នា ដើម្បីកាត់បន្ថយភាពតានតឹង។ ស្ថានភាពទៅមុខយ៉ាងណានោះ មិនហ៊ាននិយាយទេ យើងនៅចាំមើលទៀតចុះ !
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ