អានតួអត្ថបទ
ចិន-កូរ៉េខាងជើង

នុយក្លេអ៊ែរ​កូរ៉េខាងជើង៖ចិន​បរិហារ​ជំនួប​ពិភាក្សា​នៅ​​កាណាដា

ក្រសួងការបរទេស​ចិន​បាន​រិះគន់​ជំនួប​ពិភាក្សា​នៅ​កាណាដា ទាក់ទង​នឹង​បញ្ហា​កូរ៉េខាងជើង ថា​ជាជំនួប​ដែល​មិនត្រឹមត្រូវ ធ្វើឡើង​ចំពេល​ទំនាក់ទំនងបងប្អូន​កូរ៉េ​ទាំង២​កំពុង​ឈានទៅរក​ភាព​កក់ក្តៅ។ ​ជំនួប​ស្តីពី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​​ នៅ​កាណាដា ​​ថ្ងៃអង្គារ​នេះ ជា​ការរៀបចំ​របស់​អាមេរិក ​មាន​ប្រទេស​​ចូលរួម​​ជាង​២០ តែ​ចិន​និង​រុស្ស៊ីអវត្តមាន។

លោក លូ កាង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន
លោក លូ កាង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន NICOLAS ASFOURI / AFP
ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក​លូ កាង បាន​រិះគន់​ជំនួបកំពូល​ស្តីពី​បញ្ហា​កូរ៉េខាងជើង ​ដែលជាជំនួប​ធ្វើឡើង ថ្ងៃអង្គារ​នេះ នៅ​ទីក្រុង Vancouver ប្រទេស​កាណាដា។ ​លោក​លូ កាង​លើកឡើង​ថា ជំនួប​នេះ មិនត្រឹមត្រូវ​តាមច្បាប់ ជាជំនួប​គ្មាន​តំណាង​ចូលរួម។ ជាជំនួប​ធ្វើឡើង​ចំពេលប្រទេស​កូរ៉េ​ទាំង២​កំពុង​មានទំនាក់ទំនង​កក់ក្តៅ​ឡើងវិញ។ ការដែល​​​​ចិន​លើកឡើង​ថា គ្មានតំណាង​ក្នុងជំនួប​នៅ​កាណាដា ក៏​ដោយសារ​​តែ​ចិន និង​រុស្ស៊ីដែល​ជា​សមាជិក​អចិន្រ្តៃយ៍​អង្គការ​សហប្រជាជាតិ និង​​​ជា​តួអង្គ​សំខាន់​ក្នុង​បញ្ហា​កូរ៉េខាងជើង មិនចូលរួម​ជំនួប​​​នេះ​ដែរ។ ​

ជំនួប​ស្តីពី​កូរ៉េខាងជើង ធ្វើឡើង​នៅ​កាណាដា ​​ជា​ការរៀបចំរបស់​អាមេរិក និង​​កាណាដា មានតំណាង​ថ្នាក់ដឹកនាំ​យោធា​ជាង​២០ប្រទេស​ចូលរួម។ ជំនួប​នេះមានទិសដៅ​ធ្វើអោយ​ប្រទេស​នីមួយៗ អនុវត្ត​ទណ្ឌកម្ម​ប្រឆាំង​ក្រុងព្យុងយ៉ាង អោយបាន​ស្មើដៃគ្នា ដាក់សម្ពាធ​អោយ​ធ្ងន់​លើ​កូរ៉េខាងជើង។ ចិន​រិះគន់​ជំនួប​នេះ ព្រោះ​មើលឃើញ​ថា កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង​កំពុង​​ខំ​ស្តារទំនាក់ទំនង​ទ្វេភាគីឡើងវិញ ដោយ​តំណាង​កូរ៉េទាំង២​កំពុង​ចរចា​គ្នា។

ក្រុងព្យុងយ៉ាងបាន​​​សម្រេច​ចិត្ត​បញ្ជូន​កីឡាករ​ជាតិ​អោយ​ទៅចូលរួម​ការប្រកួត​កីឡា​អូឡាំពិក​ នៅ​ព្យុងឆាង នៅ​ខែ​កុម្ភៈ​ខាងមុខ។ ​ក្រុងសេអ៊ូល​វិញ​ក៏​គ្រោង​បញ្ចូល​កីឡាករ​កូរ៉េខាងជើង​អោយ​ចូល​ក្នុង​ក្រុម​ជាមួយ​កីឡា​ជាតិ​កូរ៉េខាងត្បូង​ផងដែរ សម្រាប់​ការ​ប្រកួត​​​នេះ។ ​សម្រាប់​ចិន ​ក្នុង​ពេល​ដែល​អន្តជាតិ​កំពុង​​រក​វិធានការ​​សមស្រប​ ​បែប​សន្តិភាព ​ទាក់ទង​បញ្ហា​នុយក្លេអ៊ែរ​​​កូរ៉េខាងជើង​​ ​អាមេរិ​កបែរជា​រៀបចំជំនួប​ដាក់​សម្ពាធ​ក្រុងព្យុងយ៉ាង បង្កើនភាព​តានតឹង​ទៅវិញ។ សប្តាហ៍​មុន ​ចិន​​​លើកឡើង​រួចហើយ​ថា ជំនួប​នៅកាណាដា​មួយនេះ មានតែ​ធ្វើអោយ​អន្តរជាតិ​បែកបាក់គ្នា​ទៅវិញទេ។

ក្រៅពីចិន កាលពី​ថ្ងៃ​ចន្ទ​​ រុស្ស៊ី​ក៏រិះគន់​ជំនួប​នៅ​កាណាដា​នេះដែរ ថា​ជា​ជំនួប​ ​បំផ្លិចបំផ្លាញ​៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ