អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នុយក្លេអ៊ែរ​កូរ៉េខាងជើង៖​អាមេរិក​​និង​​ប្រទេស​ដៃគូ​​ពិភាក្សា​​គ្នា​​នៅ​​កាណាដា​ ចិន​​អវត្តមាន​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃអង្គារ​នេះ សហរដ្ឋ​អាមេរិក​និង​ប្រទេស​ជាដៃគូ​២០ប្រទេស​ ជួប​ពិភាក្សា​គ្នា លើ​​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង រកវិធី​ធ្វើ​​អោយ​​​​ទណ្ឌកម្ម​ប្រឆាំង​ក្រុងព្យុងយ៉ាង​អាចអនុវត្ត​បាន​ពេញលេញ ស្មើដៃគ្នា​រវាង​ប្រទេស​និមួយៗ។ ​កិច្ចប្រជុំនេះ ធ្វើឡើង​នៅ​ទីក្រុង​Vancouver ​ប្រទេស​កាណាដា។ ចិន​មិនចូលរួម​កិច្ចប្រជុំ​នេះទេ។

លោកស្រី​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងត្បូង Kang Kyung-wha ​និង​កាណាដា Chrystia Freeland ចាប់ដៃគ្នា​នៅ​ក្រុង​Vancouver
លោកស្រី​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងត្បូង Kang Kyung-wha ​និង​កាណាដា Chrystia Freeland ចាប់ដៃគ្នា​នៅ​ក្រុង​Vancouver REUTERS/Ben Nelms
ផ្សាយពាណិជ្ជកម្ម

ថ្ងៃអង្គារ​នេះដែរ​ ​កូរ៉េខាងជើង​លើកឡើងថា ពាក្យពេចន៍​លោកដូណាល់ ត្រាំ ​ដែលអួតថា មាន​ប៊ូតុង​ចុច​នុយក្លេអ៊ែរ​ធំ​ជាង​ប៊ូតុង​របស់​លោក​គឺម ជុងអ៊ុន​នោះ កូរ៉េខាងជើងប្រដូច​​ការអួតអាង​របស់​លោក​ត្រាំ​បែបនេះ ទៅនឹង​ឆ្កែព្រុស​ដូច្នោះដែរ។ ​​

ការអនុវត្ត​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​កន្លងមក ​​​មិនបាន​ធ្វើស្មើដៃគ្នា​

កិច្ចពិភាក្សាស្តីពី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​​នៅ​​​​កាណាដា ថ្ងៃអង្គារ​នេះ ​មានទិសដៅ​រកវិធានការ​ធ្វើអោយប្រទេស​និមួយៗអនុវត្តអោយ​បាន​ស្មើដៃគ្នា នូវ​​ទណ្ឌកម្មអង្គការ​សហប្រជាជាតិ ​​ប្រឆាំង​ក្រុងព្យុងយ៉ាង។ កុំអោយ​​​ឃើញតែ​​ប្រទេស​ជឿនលឿនអនុវត្ត​ជាងគេជាងឯងពេក។

យោងតាម​រដ្ឋាភិបាល​កាណាដា ការអនុវត្ត​ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង មិនបាន​ធ្វើឡើង​ស្មើដៃគ្នា ដោយសារ​តែ​ប្រទេស​ខ្លះ មិនសូវ​មាន​បទពិសោធន៍ច្រើន ក្នុង​​រឿង​ដាក់ទណ្ឌកម្ម​។ ម្ល៉ោះហើយ ទើប​មា​នកិច្ចប្រជុំ​ថ្ងៃនេះឡើង គឺធ្វើយ៉ាងណា​ ​អោយ​សហគមន៍​អន្តរជាតិ​ដាក់ទណ្ឌកម្ម​អោយ​ខ្លាំង​​លើ​កូរ៉េខាងជើង។ ទិសដៅ​ធំ​នៃ​ការ​អនុវត្ត​ទណ្ឌកម្ម​ ដូច​យើង​ធ្លាប់​ដឹង​អញ្ចឹង ​គឺ​ជំរុញ​អោយ​កូរ៉េខាងជើង​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​។ ថ្ងៃអង្គារ​នេះ​ អាមេរិកអាច​នឹង​លើក​និយាយ​ពី​ការពង្រឹង​សន្តិសុខ​​តាម​ផ្លូវទឹក​ ជុំវិញ​កូរ៉េខាងជើង ​ដើម្បី​​ស្ទាក់ចាប់​កប៉ាល់​ដែល​ចង់​រកស៊ី​ជាមួយ​កូរ៉េខាងជើង បំពាន​ទណ្ឌកម្ម​អង្គការ​សហប្រជាជាតិ។ ​​​​

យើងធ្លាប់ដឹង​ហើយ ថា​ខែមុននេះ ​លោក​ដូណាល់ ត្រាំ បាន​ចោទ​ថា​ ចិន​​បើកដៃ​អោយមានការ​​ដឺកប្រេង​ទៅអោយ​កូរ៉េខាងជើង។ តែ​ចិន​ ​បដិសេធ​រឿងនេះ។ ថ្មីៗ​នេះទៀត ​កូរ៉េខាងត្បូង​​ប្រាប់ថា ចាប់បាន​នាវា​ ១គ្រឿង ទៅ ២គ្រឿង​ដែល​ទំនង​ជា​ដឺកប្រេង​អោយ​ក្រុងព្យុងយ៉ាង។

បើ​នៅតែ​មាន​កប៉ាល់​បន្ត​រកស៊ីហូរហែ​​​ជាមួយ​កូរ៉េខាងជើង​បែបនេះ មានន័យ​ថា ទណ្ឌកម្ម​អង្គការ​សហប្រជាជាតិ​ត្រូវគេ​លួចបង្វែរ​ស្រួលៗ ហើយ​នេះ​​​មានតែ​លើកទឹកចិត្ត​អោយ​កូរ៉េខាងជើង​បន្ត​អភិវឌ្ឍន៍​គ្រាប់​​មីស៊ីល​ទៅវិញទេ។ ​ជប៉ុន​ចង់អោយ​អន្តរជាតិ​បន្ថែម​សម្ពាធ​កាន់តែធ្ងន់ លើ​កូរ៉េខាងជើង​ ទោះ​​ត្រូវ​ប្រើ​មធ្យោបាយ​អ្វី​ក៏ដោយចុះ។ ​

ក្រុមជំនាញ៖គ្មានវត្តមាន​របស់​ចិន កិច្ចប្រជុំ​ប្រហែល​គ្មានលទ្ធផល​អ្វីប្លែក

​ចិនជាដៃគូពាណិជ្ជកម្ម​ចំបង​របស់​​កូរ៉េខាងជើង ​​​ជា​តួអង្គ​សំខាន់​ក្នុង​ការដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​​​កូរ៉េខាងជើង​ តែ​ចិន​​បែរជា​អវត្តមាន​ ក្នុង​កិច្ចប្រជុំ​ថ្ងៃ​នេះ​​ទៅវិញ។ ក្រុមជំនាញ​លើកឡើង​ថា ​គេមិនអាច​រំពឹង​លទ្ធផល​អ្វី​ប្លែក​ ពី​ការ​ប្រជុំ​ថ្ងៃ​នេះទេ ព្រោះ​មិនអាច​សម្រេច​អ្វី​ធំ​ដោយគ្មាន​ចិនទេ។ កិច្ចប្រជុំ​ថ្ងៃ​​នេះ ជាការរៀបចំ​រួមគ្នា​រវាង​ ​លោក​រិច ធីលឡឺសុន ​និង​​នាយករដ្ឋមន្ត្រី​ការបរទេស​កាណាដា គឺ​លោកស្រី​គ្រីស្តៀ ហ្វ្រ៊ីឡិន។ ប៉ុន្តែ អ្នកជំនាញ​ខ្លះ​លើកឡើង​ថា មិនដឹងថា ប្រធានាធិបតី​អាមេរិក​គាំទ្រ​ជំហរ​លោក​ធីលឡឺសុន ក្នុង​កិច្ចប្រជុំ​នេះ​​រឺយ៉ាងណា​ទេ។ ពិនិត្យ​មើល​អោយ​ដល់ទៅ ជំនួប​រវាងអាមេរិក និង​ដៃគូ​២០ប្រទេស ថ្ងៃនេះ ​ជាជំនួប​តែ​រវាង​ប្រទេស​ដៃគូ​សង្គ្រាម​កូរ៉េ ឆ្នាំ​១៩៥០ដល់​១៩៥៣​ប៉ុណ្ណោះ។​​ ​

មុន​មាន​កិច្ចប្រជុំ​ថ្ងៃអង្គារ​នេះ ​ល្ងាច​មិញ​នេះ ​ផ្នែកការទូត​កាណាដា​និង​មន្ត្រី​ដឺកនាំ​យោធា​ជាង​២០​ប្រទេស​បាន​ពិសា​អាហារ​រួ​មគ្នា ប៉ុន្តែ ខាង​ចិន​គ្មានវត្តមាន​​ទេ។ ហើយ​ក៏​គ្មានវត្តមាន​​ខាងរុស្ស៊ី​ដែរ។ ​

បងប្អូន​កូរ៉េទាំង២​កំពុង​ចរចាគ្នា

បើ​មើលស្ថានការណ៍​ហាក់ដូច​​ធូរស្រាល​បន្តិច​​ហើយ ព្រោះ​ប្រទេស​បងប្អូន​កូរ៉េ​ទាំង​២នេះ កំពុងតែ​​ចរចា​គ្នាឡើងវិញ។ ជាការចរចា​ដែល​ប្រទេស​ទាំង២​កាត់ផ្តាច់ តាំងពីចុង​ឆ្នាំ​២០១៥មក។ ទន្ទឹម​នេះដែរ ​ដើម្បី​បង្ហាញ​បំណងល្អ ក្នុង​ទំនាក់ទំនង​ទ្វេភាគី ​រដ្ឋ​​កូរ៉េខាងត្បូង​គ្រោង​បញ្ចូល​កីឡាករ​កូរ៉េខាងជើង​អោយចូលក្នុង​ក្រុមជាមួយ​កីឡាករ​កូរ៉េខាងត្បូង សម្រាប់​ការប្រកួត​អូឡាំពិក ព្យុងឆាង ​នៅ​ខែ​កុម្ភៈ​ខាងមុខ​នេះ។ ​រដ្ឋ​កូរ៉េខាងត្បូង​នឹង​សុំអោយ​​​ខាង​​កីឡាអូឡាំពិក​​ព្យុងឆាង ​បង្កើន​ចំនួន​កីឡាករ​ក្នុង​បញ្ជី​ពី​២៣នាក់ អោយ​កើនដល់​៣០នាក់។ ប៉ុន្តែ ប្រជាជន​កូរ៉េខាងត្បូង​មួយចំនួន​មិនពេញចិត្ត​នឹង​គម្រោង​នេះទេ។

ដោយឡែក បើ​អន្តរជាតិ​ចង់​បន្ថែមសម្ពាធ​ធ្ងន់ ហើយ​អនុវត្ត​កាន់តែ​ពេញលេញ​នូវ​ទណ្ឌកម្ម​អង្គការ​សហប្រជាជាតិ កូរ៉េខាងជើង​ក៏អាច​ប្តូរ​ចិត្ត​បានគ្រប់ពេល​ដែរ រឿងថា បន្ត​ចរចា​ជាមួយ​កូរ៉េខាងត្បូង រឺ​ក៏​វាយប្រហារ​បែបណាៗ​នោះ។ យើងធ្លាប់​ដឹងហើយ ​លោក​គឺម ជុងអ៊ុន​មិន​ ​ចូលចិត្ត​សម្ពាធ​អន្តរជាតិ​​ទេ វាប្រៀប​បាន​នឹង​ការ​មើលងាយ​កូរ៉េខាងជើង​ដូច្នោះដែរ។ ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​មូន ចែអ៊ីន​ មានជំហរ​​ចរចា​ជាមួយ​កូរ៉េខាងជើង​​​​មែន តែ​លោក​មូន​បាន​លើកឡើង​ថា ទាល់តែ​ជាការ​ចរចា​ក្នុង​លក្ខខណ្ឌ​​ល្អ។ លោក​គឺម ជុងអ៊ុន​លឺដូច្នេះ​មិនពេញចិត្ត​ទេ។ លោកគឺម ជុងអ៊ុន​ បាន​ចាត់ទុក​ប្រធានាធិបតី​កូរ៉េខាងត្បូងថា​​ជាមនុស្ស​មិនសម​ហេតុផល​ទៀតផង ដែល​ហ៊ាន​ដាក់​លក្ខខណ្ឌ​មុន​ដូច្នេះ។

ទោះ​យ៉ាងនេះ​ក្តី ប្រទេស​កូរ៉េ​ទាំង២​បាន​ខិតខំ​បង្ហាញ​បំណងល្អ​​ដាក់គ្នា ដើម្បី​កាត់បន្ថយ​ភាពតានតឹង​។ ស្ថានភាព​ទៅមុខ​យ៉ាងណា​នោះ មិនហ៊ាន​និយាយ​ទេ យើង​នៅចាំ​មើលទៀតចុះ !

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ