អានតួអត្ថបទ
ភូមា-បង់ក្លាដែស

ភូមា និង​បង់ក្លាដែស​បាន​ព្រមព្រៀង​គ្នា​រៀបចំ​ការ​វិលត្រឡប់​របស់​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​ទៅ​ភូមា​វិញ

នៅ​ថ្ងៃ​អង្គារ ទី១៦ មករា​នេះ រដ្ឋាភិបាល​នៃ​ប្រទេស​ភូមា និង​បង់ក្លាដែស​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រៀបចំ​បញ្ជូន​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​ពី​ប្រទេស​បង់ក្លាដែស​ទៅ​កាន់​ប្រទេស​ភូមា​វិញ។ កិច្ចព្រមព្រៀង​នេះ​ជា​លទ្ធផល​នៃ​ការ​ជជែក​ពិភាក្សា​គ្នា​រវាង​ភាគី​ទាំង​ពីរ​នា​ថ្ងៃ​ចន្ទ ទី១៥ មករា​ក្នុង​ទីក្រុង​ណៃពីដ៏ ប្រទេស​ភូមា។ ក្រសួង​ការបរទេស​បង់ក្លាដែស​បាន​ប្រាប់​ឲ្យ​ដឹង​ថា គម្រោង​ការ​រៀបចំ​បញ្ជូន​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​ទាំង​ជាង ៦៥ ០០០នាក់​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​រយៈពេល ២ឆ្នាំ។ តែ​ក្រសួង​ការបរទេស​ភូមា​នៅ​មិន​ទាន់​បាន​និយាយ​អ្វី​ទាំង​អស់។

ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​នៅ​ក្នុង​ជំរំ​ជនភៀសខ្លួន​ស្ថិត​​ក្នុង​ប្រទេស​បង់ក្លាដែស
ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​នៅ​ក្នុង​ជំរំ​ជនភៀសខ្លួន​ស្ថិត​​ក្នុង​ប្រទេស​បង់ក្លាដែស REUTERS/Tyrone Siu
ផ្សាយពាណិជ្ជកម្ម

អ្វីៗ​ហាក់​នៅ​បន្ត​ស្រពិចស្រពិល​នៅ​ឡើយ​ព្រោះ​ពេល​នេះ គេ​ទទួល​បាន​ព័ត៌មាន​តែ​ពី​ខាង​ភាគី​បង់ក្លាដែស។ តាម​គម្រោង ការ​រៀបចំ​បញ្ជូន​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​ពី​ជំរំ​នៅ​បង់ក្លាដែស​ទៅ​កាន់​ប្រទេស​ភូមា​វិញ​នឹង​ត្រូវ​ចាប់​ផ្តើម​នៅ​សប្តាហ៍​ក្រោយ។ តែ​ភាគី​បង់ក្លាដែស​បាន​អះអាង​ថា គេ​ពិត​ជា​មិន​អាច​តាម​កាលវិភាគ​នោះ​បាន​ឡើយ និង​ថា គេ​ក៏​មិន​ដឹង​នឹង​អាច​ចាប់​ផ្តើម​នៅ​ពេល​ណា​បាន​ដែរ។ អ្វី​ដែល​គេ​អាច​និយាយ​បាន និង​ធ្វើ​បាន​ពេល​នេះ គឺ​ការ​ចុះ​ឈ្មោះ​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​ណា​ដែល​មាន​បំណង​ចង់​វិល​ត្រឡប់​ចូល​ទឹកដី​ភូមា​វិញ។

អ្វី​ដែល​ភាគី​បង់ក្លាដែស និង​ភូមា​បាន​សម្រេច​រួម​គ្នា​នៅ​ក្នុង​ជំនួប​ក្នុង​ទីក្រុង​ណៃពីដ៏​នា​ថ្ងៃ​ចន្ទ ទី១៥ មករា គឺ​ការ​កំណត់​ទម្រង់​ឯកសារ​ដែល​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​ត្រូវ​បំពេញ មុន​នឹង​អាច​បញ្ជូន​ទៅ​កាន់​ភូមា​បាន។ ភាគី​បង់ក្លាដែស​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ថា ជំរំ​បណ្តោះអាសន្ន​ចំនួន ៥កន្លែង​សម្រាប់​ដាក់​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរការ​ក្នុង​ទឹកដី​បង់ក្លាដែស និង ២ទៀត​នៅ​ក្នុង​ទឹកដី​ភូមា។ ខណៈ​នេះ រដ្ឋអំណាច​ភូមា​នៅ​មិន​ទាន់​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ជុំវិញ​ជំនួប​ជាមួយ​ភាគី​បង់ក្លាដែស​នៅ​ឡើយ​ទេ។

ទោះ​ជា​យ៉ាង​នេះ​ក្តី នៅ​មាន​សំណួរ​ជា​ច្រើន​ទៀត​ដែល​គេ​នៅ​មិន​ទាន់​មាន​ចម្លើយ​នៅ​ឡើយ ទី១ តើ​នឹង​មាន​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​ប៉ុន្មាន​នាក់​ដែល​សុខចិត្ត​វិលត្រឡប់​ចូល​ភូមា​វិញ​ដែល​ពួក​គេ​បាន​ទទួល​ការ​រើសអើង? ទី២ តើ​ពួក​គេ​ពិត​ជា​អាច​ចាកចេញ​ពី​ជំរំ​ទៅ​រស់នៅ​ក្នុង​ភូមិ ស្រុក​កំណើត​របស់​ពួក​គេ​វិញ​បាន​ដែរ ឬ​ទេ? និង​សំណួរ​ទី៣ តើ​អង្គការ​សហប្រជាជាតិ​អាច​នឹង​ចូលរួម​ត្រួតពិនិត្យ​លើ​លក្ខខណ្ឌ​នៃ​ការ​វិលត្រឡប់​របស់​ពួក​បាន ឬ​អត់?។ តាម​ទូរទស្សន៍​អង់គ្លេស BBC ភាគី​ភូមា និង​បង់ក្លាដែស​ក៏​បាន​អញ្ជើញ​អង្គការ​សហប្រជាជាតិ​ឲ្យ​ចូលរួម​នៅ​ក្នុង​ជំនួប​ជាមួយ​ខ្លួន​នា​ថ្ងៃ​ព្រហស្បតិ៍ ទី១៥ មករា​ក្នុង​ទីក្រុង​ណៃពីដ៏​ដែរ តែ​ភាគី​អង្គការ​សហប្រជាជាតិ​មិន​បាន​ឆ្លើយ​អ្វី​ទាំង​អស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ