អានតួអត្ថបទ
ចិន-តៃវ៉ាន់​

នាវា​ផ្ទុក​យន្តហោះ​​ចិន​​​បើក​ចូល​ដែន​សមុទ្រ​តៃវ៉ាន់​នៅ​ក្នុ​ង​បរិយាកាស​​តានតឹង​​មួយ​រវាង​តៃវ៉ាន់​និង​ចិន​

នាវា​ផ្ទុក​យន្តហោះ​​ប្រតិបត្តិការណ៍​​តែ​មួយ​​គត់​​របស់​​ប្រទេស​​ចិន​ បាន​​បើក​​​កាត់​​ច្រក​​សមុទ្រ​​​កោះ​តៃវ៉ាន់​​កាលពី​​ថ្ងៃ​​ពុធ​​ម្សិលមិញ​​នៅ​​ក្នុង​​បរិយាកាស​​នៃ​​ភាព​​តានតឹង​​មួយ​​រវាង​​ទីក្រុង​​ប៉េកាំង​​និង​​តៃប៉ិ​-នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​។

នាវាផ្ទុកយន្តហោះកងម៉ារីនចិន​ឈ្មោះ​Liaoning ថត​នៅ​  Dalian ថ្ងៃទី​៦កក្កដា​ ២០១៤
នាវាផ្ទុកយន្តហោះកងម៉ារីនចិន​ឈ្មោះ​Liaoning ថត​នៅ​ Dalian ថ្ងៃទី​៦កក្កដា​ ២០១៤ CHINA OUT AFP PHOTO
ផ្សាយពាណិជ្ជកម្ម

ក្រសួង​ការពារជាតិ​តៃវ់ាន់ បាន​គូស​បញ្ជាក់ឲ្យដឹង​​ថា” នាវា​ផ្ទុក​យន្តហោះ​របស់​ចិន Liaoning និង ​នាវា ​អម​​ដំណើរផ្សេង​ៗ​ទៀត បាន​បើក​ចូល​ក្នុង​​តំបន់​ដែន​​ការពារ​អាកាស​របស់​​តៃវ៉ាន់​តាំង​ពី​ព្រឹក​ព្រលឹម​ម្សិលមិញ​ និង ​បាន​ចេញ​វិញ​នៅ​ពេល​ថ្ងៃ​ត្រង់​។

កងទ័ព​តៃវ៉ាន់ បាន​ចាត់​វិធានការ​តាម​ឃ្លាំមើល​ នៅ​ពេល​ដែល​នាវា​ផ្ទុក​យន្តហោះ​របស់​ចិន​នេះ បាន​ឆ្លងកាត់​ ក៏ប៉ុន្តែ​ ក៏​ពុំ​​បាន​ជូន​ដំណឹង​អ្វី​ ពី​សកម្មភាព​ពុំ​ប្រក្រតី​ណាមួយនោះ​ឡើយ-នេះ​ជា​ការ​គូស​បញ្ចាក់​បន្ថែម​របស់​ក្រសួង​ការពារ​ជាតិ​តៃវ់ាន់ ​ដោយ​​បាន​អំពាវនាវ​កុំ​ឲ្យ​ប្រជាជន​ខ្លួន​​មាន​ការ​ព្រួយបារម្ភ​។

នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​មួយ​របស់​ខ្លួន ក្រសួងការពារជាតិតៃវ៉ាន់ បានលើកបញ្ជាក់​ប្រាប់​ថា ​នាវា​ផ្ទុកយន្តហោះ​របស់​ចិន ធ្លាប់​ត្រូវ​​បាន​គេ​ឃើញ​ជា​លើក​ទី​មួយ​នៅ​ក្នុង​ច្រក​សមុទ្រ ដែល​ខណ្ឌ​ចែក ​រវាង​​ចិន​ដី​គោគ​និង​កោះ​តៃវ៉ាន់​ កាលពី​ខែ​មករា​ឆ្នាំ​ទៅ​មិញ​។ បន្ទាប់មក​ទៀត នាវានេះដែលបាន​លេច​មុខ​សារ​​ថ្មី​​នៅ​​​ខែ​មករា​ឆ្នាំ​​នេះ​ ​បាន​​​ធ្វើដំណើរ​ឆ្ពោះ​ទៅ​កាន់​ភាគ​ខាង​ជើង។​

ដោយឡែក​ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី Tsai Ing-Wen ​​កាលពី​​ជា​ច្រើន​សប្តាហ៍​មុន ធ្លា​ប់​បាន​​ព្រមាន​ប្រឆាំង​នឹង​ការ​វាតទី​និយម​របស់យោធា​ចិន​ដោយ​យោង​ទៅ​លើ​ការ​បង្កើន​​​​សមយុទ្ធ​​ជើង​អាកាស​និង​​ជើង​ទឹកចិន​កាន់តែខ្លាំងឡើងៗ​នៅ​ជុំវិញ​កោះតៃវ៉ាន់ ចាប់តាំង​ពី​លោកស្រី បាន​ឡើង​កាន់​អំណាច​កាល​ពី​ខែ​ឧសភា​ឆ្នាំ​២០១៦​មក។

គួររំលឹកថា ចិន​តែងតែ​ចាត់​ទុក​​កោះ​តៃវ៉ាន់​ ថា​ជា​ដែន​ដី​មួយ​របស់​ខ្លួន​ដែល​ចិន នឹក​​ប៉ង​ប្រាថ្នា​នឹង​ស្រវា​យក​​មក​ក្តោបក្តាប់​​វិញ​នៅ​​ថ្ងៃ​ណា​មួយ។ រីឯ ទំនាក់ទំនង​រវាង​ប៉េកាំង​និង​តៃប៉ិវិញ ក៏បាន​ឡើង​តានតឹង​មួយ​កំរិតថែម​​ទៀត បន្ទាប់ពី​​ប្រធានាធិបតី​តៃវ៉ាន់ បដិសេធ​មិន​​ទទួល​ស្គាល់​ ថា តៃវ៉ាន់​​ជា​ដែនដីមួយរបស់ចិនឡើយ​។​ ហើយ ​យោងតាម​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​ដដែល កងទ័ពជើងអាកាសចិន បាន​​ធ្វើសមយុទ្ធ ចំនួន ​២៥​​លើក​មក​ហើយ​នៅ​ជុំវិញ​កោះ​តៃវ៉ាន់ ​នាចន្លោះ ខែ​សីហា​ឆ្នាំ​២០១៦​និង​នៅ​ពាក់​កណ្តាលខែធ្នូឆ្នាំ ២០១៧៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ