អានតួអត្ថបទ
ភូមា​-រ៉ូហ៊ីងយ៉ា

បាតុករ​​​​ភូមា​​៧​​​នាក់​​ ​ត្រូវ​​​​​​​​ស្លាប់​​នៅ​​ក្នុង​ការ​បាញ់​​បង្ក្រាប​​​ចលនា​​​បាតុកម្ម​​តវ៉ា​​មួយ​​នៅ​​រដ្ឋ​រ៉ាឃីន​​​

នៅភូមា អំពើ​ហិង្សានានា បាន​កើត​ឡើង​កាលពី​ថ្ងៃ​អង្គារ​ទី​១៦​មករា​ម្សិលមិញ​​​​នៅ​រដ្ឋ​រ៉ាឃីន​​​ភាគ​ខាង​លិច​ប្រទេស​។ គឺជា​តំបន់ក្រីក្រ​មួយ​ដែល​​ភាព​តានតឹង​ មាន​​​រួច​​​ទៅ​ហើយ ជាមួយ​នឹង​​​វិបត្តិ​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា ។​ បាតុករ​​ភូមា​ដែលជាអ្នក​កាន់​ព្រះពុទ្ធ​សាសនា​ចំនួន​៧​នាក់ត្រូវ​បាន​ស្លាប់​ដោយ​​ស្នាដៃ​ប៉ូលីស​នៅ​ឱកាស​បាញ់បង្ក្រាប​ចលនា​បាតុកម្ម​​​តវ៉ាមួយ​ ​ហើយ​​​ជន​​​១២​នាក់​ផ្សេង​ទៀតត្រូវ​រង​របួស។ ស្ថានការណ៍​ បាន​វិល​មក​រក​ភាព​ស្ងប់ស្ងាត់​វិញ​ហើយ​នៅថ្ងៃពុធនេះ-បើយោងតាមប្រភព​​នគបាលភូមា។​​

អ្នក​រង​របួស​​បាន​​មក​ដល់​​មន្ទិរ​ពេទ្យ​​នៅ​​ Sittwe ​បន្ទាប់ពី​ត្រូវ​រងរបួស​ដោយ​ការបាញ់រះ​របស់​ប៉ូលីស​​ភូមា​​នៅ​​ឱកាស​បង្រ្កាប​ចលនា​​​បាតុកម្ម​​​នៅល្ងាច​ថ្ងៃ​ទី​​១៦​​មករា​២០១៨​​​
អ្នក​រង​របួស​​បាន​​មក​ដល់​​មន្ទិរ​ពេទ្យ​​នៅ​​ Sittwe ​បន្ទាប់ពី​ត្រូវ​រងរបួស​ដោយ​ការបាញ់រះ​របស់​ប៉ូលីស​​ភូមា​​នៅ​​ឱកាស​បង្រ្កាប​ចលនា​​​បាតុកម្ម​​​នៅល្ងាច​ថ្ងៃ​ទី​​១៦​​មករា​២០១៨​​​ REUTERS/Stringer NO RESALES NO ARCHIVES
ផ្សាយពាណិជ្ជកម្ម

ចាប់តាំងពី​​​ព្រឹក​ថ្ងៃ​ពុធ​នេះ​ម្លេះ រូបថត​របស់​ក្រុម​បាតុករភូមា​​ដែល​ត្រូវ​រង​របួស​ដោយសារ​គ្រាប់​កាំភ្លើង​របស់​​ប៉ូលីស ត្រូវ​​បាន​គេ​​​ផ្សព្វផ្សាយ​យ៉ាងច្រើន​​សម្បើម​នៅ​តាម​បណ្តាញ​សង្គម​ភូមា។សូមបញ្ជាក់​ថា​​ កាលពី​ល្ងាច​ថ្ងៃ​អង្គារ៍​ម្សិលមិញ ប្រជាជន​ភូមា​ដែល​ជា​អ្នក​កាន់​ព្រះពុទ្ធ សាសនា ប្រមាណ​ជា ៥០០០​នាក់ នៅ​ ​ក្រុង Mrauk ភាគ​ខាង​ជើង​នៃ​រដ្ឋ​រ៉ាឃីន ​បាន​នាំ​គ្នា​ចុះ​តាម​ដង​ផ្លូវ​នានា​ ដើម្បីសម្តែងការប្រឆាំងតវ៉ា​​របស់ពួកគេ ​ទល់​នឹង​អាជ្ញាធរភូមា ដែល​​​ហាមឃាត់ ​មិន​អោយពួកគេ​​ ​​​បា្ររព្ធ​​​ពិធី​បុណ្យ​​មួយ​​ដែល​កំណត់​សម្គាល់​​​​​ពី​​ការ​​ខ័ណ្ឌ​​បញ្ចប់ ​​​នៃ​​រាជាណាចក្រ​​​រ៉ាឃីន​​កាល​ពី អំឡុង ​ជាង ២០០ ​ឆ្នាំ ​មុន។​

នៅ​ក្នុង​ពេល​ល្ងាច ក្រុម​បាតុករ បាននាំគ្នា​ដង្ហែរ​​ក្បួន​បាតុកម្ម​​ សំដៅ​ទៅ​កាន់ ​អគារ​របស់​​រដ្ឋមួយ​។ បើតាមការអះអាងរបស់​ប៉ូលីស​ភូមា ​នៅ​ខណៈ​នោះ កងកម្លាំង​សន្តិសុខ​ បាន​​សាកល្បង ធ្វើការ​បំបែកហ្វូង​បាតុករ ​តែ​​ពុំ​បាន​ជោគជ័យ។ នៅពេលនោះហើយ ដែល​​កម្លាំង​សន្តិសុខភូមា បាន​ធ្វើការ​បាញ់រះ​ជា​លើកទីមួយ​ដោយ​ប្រើ​គ្រាប់​ធ្វើ​ពី​កៅស៊ូ ​ និង​ ​បន្ទាប់​មកទៀត ប៉ូលីស បាន​ចាប់​បាញ់​​គ្រាប់​កាំភ្លើង​ពិតៗតែម្តង។ នៅ​ក្នុង​ការ​បាញ់​បង្រ្កាប​​ហ្វូងបាតុករ​​កាលពីម្សិលមិញ​នេះ យោង​តាមប្រភពប៉ូលីស​ភូមាដដែល​​ មនុស្ស​ស្លាប់​មាន​ ៧ ​នាក់​ និង​​អ្នករងរបួស ជាង​ ១២​នាក់។ បាតុកររងរបួសខ្លះៗ ត្រូវ​បាន​គេ​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​​នៅ​ក្រុង​ Sittwe ​ដែលជាទីក្រុង ​របស់​រដ្ឋរ៉ាឃីន។​

គួររំលឹកថា រដ្ឋរ៉ាឃីន បាន​ជួប​ប្រទះ​នឹង​​ភាពតានតឹង​នានា​ជា​ច្រើនមកហើយ។ គឺ​​ ​ជា​ភាព​តានតឹង​ រវាង​ប្រជាជន​ភូមា​​អ្នក​កាន់ព្រះពុទ្ធ​សាសនា​និង​សហគមន៍​​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីង​យ៉ា​​ ​​អ្នក​កាន់​សាសនា​អ៊ីស្លាម។​ ​ដោយហេតុថា ​សហគមន៍​អ្នក​កាន់ព្រះ​ពុទ្ធសាសនា តែងតែចាត់ទុកសហគមន៍ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា​ ជាពួក​​​អន្តោប្រវេស្តន៍រស់នៅ​​​ខុស​ច្បាប់​នៅលើ​ទឹកដី​​ភូមា។ ក្រៅពីនេះ ​ ភាព​តានតឹង ​ក៏​មានផង​ដែរ ​រវាង ​អាជ្ញាធរ​​កណ្តាល​ និង​ប្រជាជន​ភូមា ​ដែល​ភាគច្រើន​​​ជា​អ្នក​កាន់​ព្រះពុទ្ធសានា​នៅ​ក្នុងប្រទេស ​និង​​ដែល​ត្រូវ​បាន​​សហគមន៍ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា​នៅ​រដ្ឋរ៉ាឃីន ចោទប្រកាន់​ថា ជាសហគមន៍ ​រើស​អើង​​ប្រកាន់​​ពូជសាសន៍​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ