អានតួអត្ថបទ
ហុងកុង

មេដឹកនាំ​​ចលនា​​​ប្រជាធិបតេយ្យ​​ហុងកុង​​Joshua Wong ​ត្រូវ​​តុលាការ​​​ផ្តន្ទាទោស​​ជាថ្មី​

ថ្ងៃពុធ​នេះ ​សកម្មជន​ដឺកនា​ចលនា​ប្រជាធិបតេយ្យ​ហុងកុងJoshua Wong ត្រូវ​តុលាការ​​កាត់ទោស​​ ​អោយជាប់ពន្ធនាគារ​៣ខែ ទាក់ទង​នឹង​តួនាទី​របស់​គាត់ ក្នុង​បាតុកម្ម​ទាមទារ​ប្រជាធិបតេយ្យ កាលពី​ឆ្នាំ​២០១៤នោះ។ Joshua Wong​ ធ្លាប់​ត្រូវតុលាការ​កាត់ទោសដាក់​ពន្ធនាគារ​​៦ខែ​រួចហើយ​ កាលពី​ឆ្នាំ​២០១៧ ​ពីបទចោទប្រកាន់​មួយផ្សេងទៀត ក្នុង​ចលនាឆ័ត្រ​ហុងកុង។​

សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង ​Joshua Wong
សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង ​Joshua Wong REUTERS/Bobby Yip
ផ្សាយពាណិជ្ជកម្ម

សកម្មជន​ដឺកនាំ​ចលនា​ប្រជាធិបតេយ្យ​​ហុងកុង ​Joshua Wong ​អាយុ​២១ឆ្នាំ ​ត្រូវបាន​កាត់ទោស​អោយ​ជាប់ពន្ធនាគារ​៣ខែ នៅថ្ងៃពុធនេះ ពីបទ​ប្រមាថ​​តុលាការ ​ក្នុង​បាតុកម្ម​ទាមទារ​ប្រជាធិបតេយ្យ ដែល​គេស្គាល់ថា ជាចលនាឆ័ត្រ​ឆ្នាំ​២០១៤​នោះ។ ប្រមាថ​តុលាការ​ដោយសារ​កាលពីចុងខែ​វិច្ឆិកា​ឆ្នាំ​២០១៤ Joshua Wong និង​បាតុករ​ផ្សេងទៀត ​​​មិនព្រមគោរព​តាម​​​​សេចក្តី​បង្គាប់ផ្លូវច្បាប់​ ដែល​តំរូវអោយ​ពួកគាត់​ចាកចេញ​ពី​តំបន់​ដែលពួកគាត់បោះជំរុំ​​កាន់កាប់។ ​ថ្ងៃពុធ​នេះដែរ ​តុលាការ​​បាន​កាត់ទោស​សកម្មជន​មួយរូប​ទៀតដែរ​​ គឺ​ Raphael Wong អោយគាត់​​ជាប់ពន្ធនាកគារ​៤ខែ​កន្លះ។​

សូមបញ្ជាក់ថា កាលពី​ឆ្នាំ២០១៧ សកម្មជន​Joshua Wong ក៏​ត្រូវ​បាន​តុលាការ​កាត់ទោស​​អោយ​ជាប់​ពន្ធនាគារ​៦ខែដែរ​ ​​ពីបទល្មើស​មួយផ្សេងទៀត​​ ទាក់ទង​​​ការ​ប្រមូលផ្តុំ​​ខុសច្បាប់ ក្នុង​​​​​ចលនា​ឆ័ត្រ២០១៤។ សម្រាប់​បទល្មើស​ប្រមូលផ្តុំ​នេះ Joshua Wong ចាប់ផ្តើម​​អនុវត្ត​​ទទួលទោស​កាលពី​ខែ​សីហា​២០១៧ ប៉ុន្តែ ក្នុងពេល​ត្រូវរង់ចាំ​បន្តឹងឧទ្ធរណ៍​ទាក់ទង​​បទល្មើស​នេះ ​​តុលាការ​ជាន់ខ្ពស់​ហុងកុងបាន​ដោះលែង​អោយ​​គាត់​មានសេរីភាព​ ដោយ​មានការ​បង់ប្រាក់ធានា។

គេមើលឃើញថា ការកាត់ទោស​បណ្តា​សកម្មជន​តវ៉ា​ប្រជាធិបតេយ្យ​ចលនាឆ័ត្រ​ហុងកុង ​ជា​សញ្ញា​​ថា រដ្ឋអំណាច​ក្រុងប៉េកាំង​​បាន​លូកដៃ​ចូល​ប្រព័៍ន្ធ​ច្បាប់​ហុងកុង ផ្ទុយ​ពី​​​​កិច្ចព្រមព្រៀង​ចិន-អង់គ្លេស ទាក់ទង​នឹង​ការ​ប្រគល់​ហុងកុងទៅ​​អោយ​ចិនដីគោក វិញ។ កិច្ចព្រមព្រៀង​​​នេះ​ ​​តំរូវ​​រហូត​ដល់ឆ្នាំ​២០៤៧ ​អោយ​តុលាការ​ហុងកុង​មានភាព​ឯករាជ្យ ​អោយ​ប្រជាជន​​ហុងកុង​មានសិទ្ធិបញ្ចេញមតិ​ជាដើម។ សូមរំលឹកថា ចលនា​ឆ័ត្រ​ឆ្នាំ​២០១៤ បានកើតឡើង​ជាង​២ខែ​​ ក្រោយ​ចិន​បាន​ប្រកាសអោយ​មា​ន​ការ​បោះឆ្នោត​​​សកល ចាប់ពី​ឆ្នាំ​២០១៧ មានបេក្ខជន​ឈរឈ្មោះ​២ទៅ​៣នាក់ ប៉ុន្តែ ​គឺ​ចិន​ជា​អ្នក​ជ្រើសរើស​​បេក្ខជន​ដោយ​ខ្លួនឯង៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ