ភូមាបើកប្រតិបត្តិការកម្ចាត់បានគ្រឿងញៀនមេតាមហ្វេតាមីនច្រើនបំផុតមិនធ្លាប់មាន
រដ្ឋាភិបាលភូមាបានប្រកាសនៅថ្ងៃព្រហស្បតិ៍ទី ១៨ មករានេះ ចាប់បានគ្រឿងញៀនមេតាមហ្វេតាមីន Methamphetamine ដ៏ច្រើនបំផុតមិនធ្លាប់មាន ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងគ្រឿងនៅក្នុងរដ្ឋស្ហាន ភាគខាងកើតនៃប្រទេស។ យុទ្ធនាការចាប់គ្រឿងបានកើនឡើងបួនដងក្នុងរយៈពេល៥ឆ្នាំចុងក្រោយនៅតំបន់អាស៊ីខាងត្បូង ហើយភូមានៅតែជាប្រទេសផលិតគ្រឿងញៀនដ៏ធំជាងគេបំផុតមួយ ក្នុងចំណោមប្រទេសគ្រឿងញៀនធំៗនៅលើលោកដដែល។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៣២
ក្រៅអំពីរឹបអូសបានគ្រាប់ថ្នាំញៀនមេតាមហ្វេតាមីន ជាង៣០លានគ្រាប់ អាជ្ញាធរភូមា ក៏ចាប់បានគ្រឿងញៀនប្រភេទគ្រីស្តាល់មេតាមហ្វេតាមីន ប្រមាណ ១,៧តោនផ្សេងទៀត ដែលគេឱ្យឈ្មោះថា « ice » និងអាភៀនចំនួន៥០២ គីឡូក្រាម។ តម្លៃសរុបនេះគ្រឿងញៀនរឹបអូសបាន មិនតិចជាង៤៤លានអឺរ៉ូទេ។
អ្នកទទួលខុសត្រូវជាន់ខ្ពស់នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងគ្រឿនញៀនភូមា ដែលសុំមិនបញ្ចេញឈ្មោះ បានអះអាងថានេះ គឺជាការរឹបអូសគ្រឿងញៀនដ៏ធំបំផុតមិនធ្លាប់មានធ្វើបានឡើយ ក្នុងប្រវត្តិប្រទេសភូមា។ ប្រតិបត្តិការនេះ ប្រព្រឹត្តទៅក្នុងរដ្ឋShan រដ្ឋភាគខាងកើតនៃប្រទេស ឬតំបន់ត្រីកោណមាស ដែលជាប់ឈ្មោះជាប្រភពជួញដូរគ្រឿងញៀនមេតាមហ្វេតាមីនដ៏ក្តៅគគុក។
ផលិតកម្ម និងការប្រើប្រាស់គ្រឿងញៀនសំយោគ មានសកម្មភាពយ៉ាងផុសផុលបំផុតនៅក្នុងតំបន់ ដោយមានមន្ទីរពិសោធន៍ខុសច្បាប់ដុំដូចផ្សិត ជាពិសេសក្នុងសម័យដែលភូមាស្ថិតក្រោមការដឹកនាំយោធា។ ៩០%នៃចំការអាភៀន គឺដាំដុះបណ្តុំគ្នានៅក្នុងរដ្ឋShan នេះឯង។
បើទោះបីបានបើកធ្វើប្រតិបត្តិការទ្រង់ទ្រាយធំប្រឆាំងនឹងពួកឧក្រិដ្ឋជនគ្រឿងញៀនយ៉ាងណាក្តី ក៏អាជ្ញាធរភូមាមិនអាចបំបែកនិងកម្ចាត់ជំនួញខុសច្បាប់នេះបានដែរ ព្រោះម្យ៉ាងតំបន់នេះស្ថិតក្នុងជម្លោះមិនអាចដោះស្រាយចេញរវាងម្ខាងជាក្រុមយោធានិងម្ខាងទៀតជាកងក្រុមឧទ្ទាមអាវុធ។ ឯជំនួញគ្រឿងញៀនបានក្លាយជាល្បែងនយោបាយនិងហរិញ្ញវត្ថុយ៉ាងស្មុគស្មាញបំផុត នៅីក្នុងប្រទេស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ