អានតួអត្ថបទ

គ្រួសារអ្នកបាត់ខ្លួនជប៉ុន​ចង់​ប្តឹ​ង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ប្រឆាំង​​នឹង​​កូរ៉េខាង​ជើង

គ្រួសារ​ជប៉ុន​ ​មានជំនឿ​ជាក់​ថា ​សាច់​ញាតិរបស់​ខ្លួន​ដែល​​បាត់​ខ្លួន​ ទំនង​ជា​ត្រូវ​បាន​កូរ៉េខាង​ជើង​ចាប់​ជំរិត។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ពួក​គេ​មាន​បំណង​ពឹង​ពាក់​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ឱ្យជួយ​ធ្វើ​ការ​ស៊ើប​អង្កេត​និង ថ្កោល​ទោស​ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង។ នេះ​បើ​តាម​ការ​អះអាង​របស់​សមាគម​ក្រុមគ្រួសារ​រងគ្រោះ នៅ​ថ្ងៃសុក្រ​ទី ១៩ មករា ២០១៨។

ទង់ជាតិ​កូរ៉េខាង
ទង់ជាតិ​កូរ៉េខាង REUTERS/Denis Balibouse/File Photo
ផ្សាយពាណិជ្ជកម្ម

ក្រុមគ្រួសារ​ជន​បាត់​ខ្លួន ព្រមទាំង​អ្នក​គាំទ្រ​​ទាំង​ឡាយ​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នៅសប្តាហ៍​ក្រោយ​តែ​ម្តង ដើម្បី​ស្នើ​សុំ​ទៅ​ស្ថាប័ន​នេះ​ឱ្យ​ធ្វើ​ការ​ថ្កោល​ទោស មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន និង​ដើម្បី​ឱ្យ​តុលាការ​បើក​អង្កេត​សំណុំ​រឿង​សង្ស័យថា​របប​ព្យុងយ៉ាង បាន​ចាប់​ជំរិត​ជនជាតិ​ជប៉ុន​ប្រមាណ​យ៉ាង​ហោច​១០០​នាក់។ នេះ​បើ​តាម​ការ​លម្អិត​របស់​លោក កាហ្សុយហ៊ីរ៉ូ អារ៉ាគី អ្នក​ទទួល​ខុស​ត្រូវ​សមាគម​ជន​រងគ្រោះ​ជប៉ុន។

សមាគម​គាំទ្រ​គ្រួសារ​ជន​រងគ្រោះ ​ប៉ាន់​ស្មាន​ថា​មាន​ជន​ជាតិ​ជប៉ុន​បាត់​ខ្លួន​សរុប​ប្រមាណ​៤៧០​នាក់ ដែល​អាច​មាន​ការ​ជាប់​ពាក់​ព័ន្ធ​នឹង​របប​កូរ៉េខាង​ជើង។ នៅ​ក្នុង​​​ពង្រាង​បណ្តឹង អ្នក​និពន្ធ​បាន​រៀបរាប់​ថា​មាន​ចំណាប់​ថ្នូរ​ជនជាតិ​ជប៉ុន​មិន​តិច​ទេ​ដែល​នៅ​មាន​ជីវិត​រស់​រាន​នៅ​ឡើយ និង​មាន​សេរីភាព​តិច​តួច​បំផុត។ នេះ​បើតាម​ការ​គូស​បញ្ជាក់​បន្ថែម​​របស់​ភ្នាក់ងារ​ព័ត៌មាន​ជប៉ុន​ក្យូតូ។ ចំណែក​រដ្ឋាភិបាលតូក្យូ​វិញ បាន​ប្រកាស​សហការ​យ៉ាង​ស្អិត​ល្មួត​ជាមួយ​នឹង​ក្រុមគ្រួសារ​ជន​រងគ្រោះ ក្នុង​គំនិត​ផ្តួចផ្តើម​ប្តឹង​ទៅតុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។

សូម​បញ្ជាក់​ថា កូរ៉េខាងជើង​ធ្លាប់​បាន​សារភាព​កាលពី​ឆ្នាំ​២០០២ ថា​មាន​ការ​ចាប់​ខ្លួន​ជនជាតិ​ជប៉ុន​ចំនួន ១៣​រូប ដើម្បី​ឱ្យ​ពួក​គេ​បង្រៀនភាសា​និង​វប្បធម៌​ជប៉ុន​ដល់​​ភ្នាក់ងារ​ចារកិច្ច​កូរ៉េខាង​ជើង ប៉ុន្តែ​រដ្ឋាភិបាល​ជប៉ុន​រាប់​ឃើញ​ថា​មាន​ដល់​ទៅ​១៧​នាក់។ មួយ​ខែ​ក្រោយ​ការ​សារភាព ចំណាប់​ថ្នូរ​ជប៉ុន​៥​នាក់ បាន​ទទួល​ការ​អនុញ្ញាត​ឱ្យ​ត្រលប់​មកប្រទេស​វិញ ឯ​៨​នាក់​ផ្សេង​ទៀត បាន​បាត់​បង់​ជីវិត តែ​ព្យុងយ៉ាង​មិន​បាន​ផ្តល់​ភស្តុតាង​មក​ជាមួយ​ទេ។

របាយការណ៍​អង្គការ​សហប្រជាជាតិ ស្តី​ពី​បញ្ហា​សិទ្ធិមនុស្ស​ នៅ​កូរ៉េខាង​ជើង ប្រចាំ​ឆ្នាំ​២០១៤ បាន​ស្មាន​ឃើញ​ថាព្យុងយ៉ាង​ចាប់​ជំរិត​​​​មនុស្ស​ប្រមាណ​២០​ម៉ឺននាក់​ មក​ពី​ប្រទេស​ជា​ច្រើន​ ភាគ​ច្រើន​ជា​ជនជាតិ​កូរ៉េខាង​ត្បូង ដោយ​ត្រូវ​ព្យុងយ៉ាង​ខ្ទប់​ឃាំង​ពេល​ប្រទេស​ត្រូវ​បំបែក​ជា​ពីរ​ និង​អំឡុង​ពេល​សង្គ្រាម​១៩៥០-៥៣។ រាប់​រយ​នាក់​ផ្សេង​ទៀត ក្នុង​នោះ​មាន​ខ្លះ​ជា​ស្ត្រី​ជនជាតិ​លីបង់ ថៃ​ ម៉ាឡេស៊ី សិង្ហបុរី រ៉ូម៉ានី និង​បារាំងផង ត្រូវ​ចាប់​ខ្លួន ឬ​បាត់​ខ្លួន នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​កូរ៉េខាង​ជើង នា​អំឡុង​ពេល​ពី​ឆ្នាំ​១៩៦០-១៩៨០។ នេះ​បើ​តាម​របាយការណ៍​អង្គការ​សហប្រជាជាតិ​ដដែល។ នា​រយៈ​ពេល​ថ្មីៗ​ចុងក្រោយ​នេះ កូរ៉េខាង​ជើង​បាន​ថែម​ទាំង​ចាប់​ខ្លួន​ពលរដ្ឋ​ឯង ជា​ច្រើន​នាក់ទៀត ​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង​និង​ប្រទេស​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ