អានតួអត្ថបទ
ចិន-អាមេរិក

ចិន​ចោទ​នាវាចម្បាំង​អាមេរិក USS Hopper ពី​បទ​រំលោភបំពាន​លើ​អធិបតេយ្យ​របស់​ចិន

នៅ​ថ្ងៃ​សៅរ៍ ទី២០ មករា ប្រទេស​ចិន​តាម​រយៈ​ក្រសួង​ការបរទេស​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​បញ្ជូន​នាវាចម្បាំង​មួយ​ទៅ​បណ្តេញ​នាវាចម្បាំង​អាមេរិក USS Hopper ដែល​បាន​បរ​ចូលក្បែរ​កោះ​មួយ​ស្ថិត​ក្នុង​សមុទ្រចិនខាងត្បូង។ ទីក្រុង​ប៉េកាំង​ដែល​បាន​ចោទ​នាវាចម្បាំង​អាមេរិក​ពី​បទ​ចូលបំពាន​អធិបតេយ្យ​របស់​ចិន​បាន​បញ្ជាក់​ថា វត្តមាន​នាវាចម្បាំង USS Hopper ស្ថិត​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ថ្មប៉ប្រះទឹក​ឈ្មោះ Huangyan ជា​ភាសា​ចិន​ក្នុង​យប់​ថ្ងៃទី១៧ មករា​ដោយ​មិន​បាន​ជូនដំណឹង​ដល់​រដ្ឋអំណាច​ចិន​ទេ។

ចិន​ចោទ​នាវាចម្បាំង​អាមេរិក USS Hopper ពី​បទ​រំលោភបំពាន​លើ​អធិបតេយ្យ​របស់​ចិន
ចិន​ចោទ​នាវាចម្បាំង​អាមេរិក USS Hopper ពី​បទ​រំលោភបំពាន​លើ​អធិបតេយ្យ​របស់​ចិន REUTERS/Nguyen Minh
ផ្សាយពាណិជ្ជកម្ម

ក្រៅ​ពី​ឈ្មោះ​ជា​ភាសា​ចិន Huangyan ថ្មប៉ប្រះទឹក​មួយ​នេះ​ក៏​គេ​បាន​ស្គាល់​ក្រោម​ឈ្មោះ Scarborough ស្ថិត​ចម្ងាយ ២៣០គីឡូម៉ែត្រ​ពី​ប្រទេស​ហ្វីលីពីន និង​ដែល​ចិន តៃវ៉ាន់ រួម​ទាំង​ហ្វីលីពីន​កំពុង​បន្ត​ទាមទារ​ជា​របស់​ខ្លួន។ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក​លូ កាង​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ថា វត្តមាន​នាវា​ចម្បាំង​អាមេរិកាំង​នៅ​ក្នុង​តំបន់​ជា​ការ​រំលោភបំពាន​លើ​អធិបតេយ្យ និង​គំរាមកហែង​សន្តិសុខ​លើ​នាវា​របស់​ចិន​ដែល​ស្ថិត​ក្បែរ​ថ្មប៉ប្រះទឹក​នោះ។

នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ចិន​ដដែល ក្រសួង​ការពារ​ជាតិ​ចិន​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ការ​បញ្ជូន​នាវាចម្បាំង​ចិន​ភ្លាមៗ​ទៅ​កាន់​តំបន់​នោះ​ដើម្បី​ផ្ទៀងផ្ទាត់ និង​រក​អត្តសញ្ញាណ រួច​ធ្វើ​ការ​ព្រមាន​បណ្តេញ​នាវាច្បាំង​អាមេរិកាំង​នោះ​ចេញ​ពី​តំបន់។ ដោយឡែក គេហទំព័រ​នៃ​ទ័ពជើងទឹក​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹង​ថា នាវាចម្បាំង USS Hopper បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ប្រតិបត្តិការ​នៃ​កងពល​ទី៧ និង​បន្ថែម​ថា​នា​ដើម​ខែ​មករា​នេះ បេសកកម្ម​របស់ USS Hopper ទាក់ទង​នឹង​កិច្ចសប្រតិបត្តិការ​ផ្នែក​សន្តិសុខ ការ​អភិវឌ្ឍន៍​នៃ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ និង​ការ​ល្បាត​ជា​ប្រចាំ​នៅ​ក្នុង​តំបន់។

ព័ត៌មាន​ស្តីពី​ឧប្បត្តិហេតុ​នេះ​បាន​កើត​មាន​ឡើង បន្ទាប់​ពី​ក្រសួង​ការពារជាតិ​អាមេរិក​ទើប​បាន​ផ្សព្វផ្សាយ​ឯកសារ​មួយ​នា​ថ្ងៃ​សុក្រ ទី ១៩ មករា​នូវ​យុទ្ធសាស្រ្ត​ថ្មី​មួយ​ដោយ​បាន​ចាត់​ទុក​ចិន និង​រុស្ស៊ី​ជា​ប្រទេស​គំរាមកំហែង​កាន់​តែ​ខ្លាំង។ ឯកសារ​របស់​ក្រសួង​ការពារជាតិ​អាមេរិក​ដដែល​បាន​ចោទ​ចិន​ត្រង់ៗ​ពី​បទ​ប្រើ​តាក់ទិច​សេដ្ឋកិច្ច​ដើម្បី​បំភិតបំភ័យ​លើ​ប្រទេស​ជិតខាងខ្លួន​ក្នុង​គោលដៅ​ពង្រីក​មហិច្ឆតា​យោធា​នៅ​ក្នុង​តំបន់។

ក្រសួង​ការពារជាតិ​ចិន​បាន​ច្រាន​ចោល​លើ​ព័ត៌មាន​នេះ និង​ឆ្លើយ​បក​វិញ​ថា ស្ថានការណ៍​នៅ​ក្នុង​សមុទ្រចិន​ខាងត្បូង​មាន​ស្ថិរភាព​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ រួច​ចង្អុល​មុខ​អាមេរិក​ពី​បទ​បាន​បញ្ជូន​នាវាចម្បាំង​ដោយ​ខុស​ច្បាប់​ទៅ​កាន់​ដែនទឹក​ក្បែរ​ទីប្រជុំកោះ និង​ថ្មប៉ប្រះទឹក​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ