ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/09 12h00 GMT

វិធានការ​ដំឡើង​ពន្ធ​របស់​អាមេរិក​នឹង​អាច​បង្ក​ឲ្យ​មាន​សង្រ្គាម​ពាណិជ្ជកម្ម?

វិធានការ​ដំឡើង​ពន្ធ​របស់​អាមេរិក​នឹង​អាច​បង្ក​ឲ្យ​មាន​សង្រ្គាម​ពាណិជ្ជកម្ម? ផ្ទាំងស្រូប​កំដៅព្រះអាទិត្យ​ត្រូវដំឡើង​នៅលើ​ផ្ទះ​របស់​ប្រជាជន​នៅ​រដ្ឋ​កាលីហ្វនីញ៉ា សហរដ្ឋអាមេរិក ©REUTERS/Mike Blake

    រដ្ឋបាល​អាមេរិក នៅថ្ងៃ​ចន្ទ បាន​សម្រេច​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ពីរប្រភេទ នោះ​គឺ​ផ្ទាំងស្រូបកំដៅ​ព្រះអាទិត្យ ហើយ​និង​ម៉ាស៊ីន​បោកខោអាវ។ ចិន ដែលជា​ប្រទេស​ផលិត​នាំចេញ ផ្ទាំងស្រូប​កំដៅ​ព្រះអាទិត្យ​ច្រើន​ជាងគេ​ក្នុង​ពិភពលោក បាន​សំដែង​ការមិន​ពេញចិត្ត។ ចំណែក​កូរ៉េខាងត្បូង ដែល​នាំចូល​ច្រើន ម៉ាស៊ីន​បោក​ខោអាវ​ទៅ​អាមេរិក បាន​ព្រមាន​រួចហើយ​ថា នឹង​អាច​ដាក់​ពាក្យ​បណ្តឹង ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។

    នៅក្នុង​ពេល​ស្បថ​ចូល​កាន់តំណែង​ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ​ធ្លាប់​បាន​សន្យា​ហើយ​ថា លោក​នឹង​ការពារ​អាមេរិក ពី​ក្រុមប្រទេស​ដែល​លោក​ចោទថា បាន​លួច​ក្រុមហ៊ុន​អាមេរិក និង​សម្លាប់ បំផ្លាញ​ការងារ​របស់​ប្រជាជន​អាមេរិកាំង។ ក្រោយៗ​មក​ទៀត លោក​ដូណាល់ ត្រាំ ធ្លាប់​បាន​រអ៊ូរទាំ ដោយ​ចំហរ​ថា ការដោះដូរ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​មួយចំនួន ដូចជា​ចិន និង​កូរ៉េខាងត្បូង​ជាដើម បាន​ធ្វើ​ឲ្យ​អាមេរិក​ចាញ់​ប្រៀប។

    ការសម្រេច នៅថ្ងៃ​ចន្ទ ក្នុង​ការដំឡើង​ពន្ធ​លើ​ផ្ទាំងស្រូប​កំដៅ​ព្រះអាទិត្យ ហើយ​និង​ម៉ាស៊ីន​បោកខោអាវ ដែល​នាំចូល​ទៅអាមេរិក​បាន​ស្តែង​ឲ្យ​ឃើញថា លោកដូណាល់ ត្រាំ មិនភ្លេច​ទេ ពាក្យ​សន្យា​របស់លោក​ដែលថា នឹង​គិត​ពី​ផលប្រយោជន៍​របស់​អាមេរិក​មុនគេ។ នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​សេតវិមាន អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក លោក​Robert Lighthizer បាន​លម្អិត​ថា នៅ​ឆ្នាំ​ទីមួយ រដ្ឋាភិបាល​នឹង​ដំឡើង​ពន្ធ​ប្រមាណ​៣០ភាគរយ លើ​ផ្ទាំង​ស្រូប​កំដៅ​ព្រះអាទិត្យ​ដែល​នាំចូលមក​ពី​ប្រទេស​ចិន។ ពន្ធ​ទៅលើ​ផ្ទាំងស្រូប​កំដៅ​ព្រះអាទិត្យ​របស់​ចិន នឹង​ថយចុះ មក​នៅ​២៥ភាគរយ នៅ​ឆ្នាំ​ទី១ ២០ នៅ​ឆ្នាំ​ទី៣ និង​១៥ភាគរយ នៅ​ឆ្នាំ ទី៤។

    សម្រាប់​ម៉ាស៊ីន​បោកខោអាវ​ដែល​នាំចូល​ទៅ​អាមេរិក រដ្ឋបាលលោក​ដូណាល់ ត្រាំ​នឹង​កំណត់ពន្ធ​ថ្មី ប្រមាណ ២០ភាគរយ​សម្រាប់​ម៉ាស៊ីន ១លាន២សែន​គ្រឿង​ដំបូង។ សល់​ពីនេះ នឹង​ត្រូវ​គេ​គិត​ពន្ធ​ប្រមាណ​៥០ភាគរយ។

    មន្រ្តី​អ្នកតំណាង​ពាណិជ្ជកម្ម​របស់​សេតវិមាន បាន​និយាយ​ថា វិធានការ​ដំឡើង​ពន្ធ​របស់​លោកដូណាល់ ត្រាំ ធ្វើឡើង​ដើម្បី​ការពារ​កម្មករ ​កសិករ និង​អ្នកជំនួញ​អាមេរិកាំង។ តាម​មន្រ្តីអ្នកតំណាង​ពាណិជ្ជកម្ម​ដដែល លោកដូណាល់ ត្រាំ​សម្រេច​ដំឡើង​ពន្ធ ទៅលើ​ផលិតផល​ទាំងពីរមុខ គឺ​ផ្ទាំងស្រូប​កំដៅ ព្រះអាទិត្យ និង​ម៉ាស៊ីន​បោកខោអាវ គឺ​នៅ​បន្ទាប់​ពី​​គណៈកម្មការ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ព្រឹទ្ធសភា បាន​សន្និដ្ឋានថា ក្រុមហ៊ុន រោងចក្រ​អាមេរិកាំង​រងគ្រោះ​ក្ស័យធន ដោយសារ​តែ​ការនាំចូល​ច្រើន​ហួសហេតុ និង​ក្នុង​តម្លៃថោក នូវ​ផ្ទាំងស្រូបកំដៅព្រះអាទិត្យ ហើយ​និង​ម៉ាស៊ីន​បោកខោអាវ។

    ថ្មីៗនេះ គណៈកម្មការ​របស់​ព្រឹទ្ធសភា​អាមេរិក បាន​បើក​ការស៊ើបអង្កេត​មួយ នៅក្រោយ​ទទួល​បាន​ពាក្យ​បណ្តឹង​ពី​ក្រុមហ៊ុន​អាមេរិកាំង​ពីរ (Suniva និង​Solarworld) ដែល​បាន​តវ៉ា ពី​ការខាតបង់ ដោយសារ តែ​មិន​អាច​ប្រកួតប្រជែង​ជាមួយ ផ្ទាំងស្រូប​កំដៅ​ព្រះអាទិត្យ នាំចូល​មក​ពី​ចិន ដែល​លក់​ក្នុង​តម្លៃ​ថោក ខ្លាំង​ក្នុង​ទីផ្សារ​អាមេរិក។ ក្រុមហ៊ុន​អាមេរិកាំង Whirlpool ដែល​ជា​ភាគី​ម្ចាស់​បណ្តឹង ប្តឹង​ក្រុមហ៊ុន​អេឡិចត្រូនិក កូរ៉េខាងត្បូង ដូចជា​ស៊ាំស៊ុង និង​LG បាន​អបអរ​នឹង​ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល​អាមេរិក ក្នុង​រឿង​ដំឡើង​ពន្ធ​លើ​ម៉ាស៊ីន​បោកខោអាវ ដែល​នាំចូល​អាមេរិក។

    ក្រុមហ៊ុន​អាមេរិកាំង​ដែល​ជា​ម្ចាស់​ដើមបណ្តឹង​អាច​នឹង​ត្រេកអរ​នឹង​ចំណាត់ការ​ដំឡើង​ពន្ធ​របស់​លោកដូណាល់ ត្រាំ ប៉ុន្តែ អ្នកដែល​មិន​សប្បាយចិត្ត​វិញ គឺ​មាន​ច្រើន។ នៅថ្ងៃ​អង្គារ ម្សិលមិញ ក្រសួង​ពាណិជ្ជកម្ម ចិន កូរ៉េខាងត្បូង និង​ម៉ិកស៊ិក ជាដើម ដែល​នាំចូល ផ្ទាំងស្រូប​កំដៅ​ព្រះអាទិត្យ ហើយ​និង​ម៉ាស៊ីន​បោកខោអាវ​ច្រើនជាងគេ ទៅ​អាមេរិក​បាន​ប្រតិកម្ម​រិះគន់​នយោបាយ​អត្មានិយម​របស់​លោកដូណាល់ ត្រាំ។ ចិន​ដែល​ជា​ប្រទេស​ផលិត និង​ផ្គត់ផ្គង់​ផ្ទាំងស្រូប​កំដៅព្រះអាទិត្យ ប្រមាណ ៦០​ភាគរយ ទៅក្នុង​ទីផ្សារ​ពិភពលោក បាន​ព្រមាន​ថា នឹង​រួម​កម្លាំង​ជាមួយ​សមាជិក​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដើម្បី​តស៊ូ​មតិ ការពារ​ផលប្រយោជន៍​របស់​ចិន។  ចិន​មិនបាន​គំរាម​ថា នឹង​ចាត់វិធានការ​សងសឹក​នឹង​អាមេរិក។ សម្រាប់អ្នកជំនាញ ចិន​អាច​នៅមិនទាន់​ធ្វើ​សង្រ្គាម​ពាណិជ្ជកម្ម​សងសឹក​វិញ​នឹង​អាមេរិក ព្រោះថា ចង់ ឬ​មិន​ចង់ បរិមាណ​ទំនិញ​ចិន​នាំចូលទៅ​អាមេរិក មាន​ច្រើន​ជាង​អាមេរិក​នាំចូល​ទៅ​ចិន ដល់​ទៅ ៤​ដង។ ការប្រកាស​សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ​នឹង​អាមេរិក​ នឹង​អាច​ធ្វើ​ឲ្យ​ចិន​ជាអ្នកខាតបង់​ច្រើន​ជាង​អាមេរិក។

    ចំណែក ​កូរ៉េខាងត្បូងឯណោះវិញ ​បាននិយាយ​ថា នឹង​អាច​ដាក់​ពាក្យ​បណ្តឹង ទៅ​ស្ថាប័ន​ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដើម្បី​ដាក់​គំនាប​លើអាមេរិក ឲ្យ​លុប​ចោលទៅវិញ វិធានការ​ដំឡើង​ពន្ធ លើ​ការនាំចូល ម៉ាស៊ីន​បោកខោអាវ​របស់​ក្រុមហ៊ុន​កូរ៉េខាងត្បូង។ សម្រាប់​ក្រុមហ៊ុន​ កូរ៉េខាងត្បូង ស៊ាំស៊ុង ការសម្រេចចិត្ត​ដំឡើងពន្ធ​របស់​រដ្ឋបាល​អាមេរិក​នឹង​ធ្វើ​ឲ្យ​អតិថិជន​អាមេរិកាំង ជាអ្នកខាតបង់ ដោយសារ​តែ​ពួកគេ​ត្រូវ​ចំណាយលុយ​ច្រើន​ជាងមុន និង​មាន​ជម្រើស​តិច​ជាងមុន។ ក្រុមហ៊ុន​អេឡិចត្រូនិក LG បាន​វាយតម្លៃថា ការសម្រេចចិត្ត​របស់​រដ្ឋបាល​អាមេរិក​នឹង​អាច​ប៉ះពាល់​ទៅដល់ការវិនិយោគ របស់​ក្រុមហ៊ុន ដែល​កំពុង​ចាប់ដំណើរការ​ផលិត​ម៉ាស៊ីន​បោកខោអាវ នៅក្នុង​ទឹកដី​អាមេរិក នៅ​រដ្ឋ​តេនេស៊ី។

    ប្រតិកម្ម​រិះគន់ ចំណាត់ការ​ដំឡើង​ពន្ធ​របស់​រដ្ឋបាល​លោកដូណាល់ ត្រាំ មិនមែន​មាន​ត្រឹម​តែ​ពី​រដ្ឋាភិបាល និង​ក្រុមហ៊ុន ​របស់​ចិន កូរ៉េខាងត្បូង និង​ម៉ិចស៊ិក​តែប៉ុណ្ណោះទេ។ ក៏​មានផងដែរ ប្រតិកម្ម​ពី​ខាងអ្នកការពារ​បរិស្ថាន និង​សមាគម​រោងចក្រ​ឧស្សាហកម្ម​ក្នុង​ស្រុក​អាមេរិក នៅក្រោយ​លឺ​ថា រដ្ឋបាល​ត្រាំ នឹង​ដំឡើង​ពន្ធ​លើ​ផ្ទាំងស្រូប​កំដៅ​ព្រះអាទិត្យ។ នៅក្នុង​សេចក្តីថ្លែងការណ៍​របស់ខ្លួន សមាគមឧស្សាហកម្ម​អាមេរិកាំង ផ្នែកថាមពល​ព្រះអាទិត្យ បាន​សំដែងការខកចិត្ត ព្រោះថា វិធានការ​ដំឡើងពន្ធ របស់​លោកដូណាល់ ត្រាំ នឹង​ធ្វើ​ឲ្យ​អាមេរិក​បាត់បង់​ការងារ ជាង​២ម៉ឺន ហើយ​និង​អាច​សម្លាប់ គម្រោងការ​តម្លៃ រាប់ពាន់​លាន​ដុល្លារ ដែលគេ​នឹង​អាច​វិនិយោគ ទៅលើ​វិស័យ​ថាមពល​ព្រះអាទិត្យ នៅ​អាមេរិក។ អ្នកការពារ​បរិស្ថាន​វិញ បារម្ភថា ការដំឡើងពន្ធ​នាំចូល ទៅលើ​ផ្ទាំងស្រូបកំដៅ​ព្រះអាទិត្យ នឹង​អាច​បំបាក់​ទឹកចិត្ត មិន​ឲ្យ​គេ​ប្រើ​ថាមពល​ដែល​បាន​មក​ពី​កំដៅ​ព្រះអាទិត្យ។ ការលើកឡើងនេះ អាច​សមហេតុផល ព្រោះថា នៅក្នុង​ហេតុផល​ការពារ​ផលប្រយោជន៍​សេដ្ឋកិច្ច​អាមេរិក លោកដូណាល់ ត្រាំ ដែល​បាន​ដក​អាមេរិក​ចេញពីកិច្ចព្រមព្រៀង​អន្តរជាតិ​ស្តីពីអាកាសធាតុ នៅ​បាន​សន្យា​ជំរុញ ការធ្វើ​អាជីវកម្ម ផលិត​ប្រេង ដែល​លោក​ចាត់ទុក​ជា​ចលករ​សំខាន់ សម្រាប់​កំណើន​សេដ្ឋកិច្ច​អាមេរិក៕


    ទាក់ទង​នឹង​ប្រធានបទ​នេះ

    • អ៊ិុយក្រែន

      អ៊ុយក្រែន សង់​ស្ថានីយ​អគ្គិសនី​ទី១ ​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ ​នៅក្បែរ​Chernobyl

      ស្វែងយល់បន្ថែម

    • សហរដ្ឋអាមេរិក

      លោកដូណាល់ ត្រាំ បើក​ភ្លើងខៀវ​ឲ្យ​គេ​ជីក ធ្វើ​អាជីវកម្ម​ប្រេង​នៅសមុទ្រ​អាមេរិក

      ស្វែងយល់បន្ថែម

    • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

      អាមេរិក​ជំរុញ​ការប្រើ​ថាមពល​ព្រះអាទិត្យ​ដើម្បី​ប្រឆាំង​​បម្រែ​បម្រួល​អាកាសធាតុ

      ស្វែងយល់បន្ថែម

    1. 1
    2. 2
    3. 3
    4. ...
    5. បន្ទាប់ >
    6. ចុងក្រោយ >
    កម្មវិធីផ្សាយផ្សេងទៀត
     
    សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ