អានតួអត្ថបទ
អាហ្វហ្កានីស្ថាន

ភេរវកម្ម​​​នៅ​​កាប៊ូល៖​​​ ​តួលេខ​​អ្នកស្លាប់​កើនជិត​​១០០នាក់​ អាជ្ញាធរ​​ចាប់ខ្លួន​​ជនសង្ស័យ​​៤នាក់​

តួលេខអ្នកស្លាប់​ក្នុង​ភេរវកម្ម​បំផ្ទុះរថយន្ត​សង្គ្រោះ​បន្ទាន់​នៅ​​ក្រុង​កាប៊ូល អាហ្វហ្កានីស្ថាន​ ​ថ្ងៃសៅរ៍​នេះ ​ពេលនេះ ​កើន​ជិត​១០០នាក់ អ្នក​រងរបួស​១៥៨នាក់។ ​ក្រសួង​មហាផ្ទៃ​អាហ្វហ្កានីស្ថាន​ប្រាប់ថា បាន​ចាប់ខ្លួន​ជនសង្ស័យ​៤នាក់ ក្នុង​ក្របខណ្ឌស៊ើបអង្កេត។ ភេរវកម្ម​នៅ​កាប៊ូល​ថ្ងៃសៅរ៍នេះ ត្រូវបាន​ក្រុមតាលីបង់ ​ប្រកាស​ថា ជា​ស្នាដៃ​របស់​ខ្លួន ជាភេរវកម្ម​ទី៣ ដែល​វាយប្រហារ​អាហ្វហ្កានីស្ថាន គិត​ត្រឹម​តែ​មួយសប្តាហ៍​ប៉ុណ្ណោះ។

បុរស​ទាំងនេះ​ជួយគ្រា​បុរស​រងរបួស​ក្បាល ក្រោយ​មាន​ភេរវកម្ម​បំផ្ទុះ​រថយន្ត​សង្គ្រោះ​នៅ​កាប៊ូល ថ្ងៃ​សៅរ៍ ២៧​មករា​២០១៨​នេះ។
បុរស​ទាំងនេះ​ជួយគ្រា​បុរស​រងរបួស​ក្បាល ក្រោយ​មាន​ភេរវកម្ម​បំផ្ទុះ​រថយន្ត​សង្គ្រោះ​នៅ​កាប៊ូល ថ្ងៃ​សៅរ៍ ២៧​មករា​២០១៨​នេះ។ Reuters
ផ្សាយពាណិជ្ជកម្ម

អង្គការ​ Emergency របស់​អ៊ីតាលី​បាន​ថ្កោលទោស អំពើភេរវកម្ម​បំផ្ទុះ​រថយន្ត​សង្គ្រោះ​បន្ទាន់​នៅ​កាប៊ូល ថា​ជា​អំពើ​ឃាតកម្ម​។ ​យោងតាម​ក្រសួង​មហាផ្ទៃ​អាហ្វហ្កានីស្ថាន ​រថយន្ត​សង្គ្រោះបន្ទាន់​បាន​ចត​នៅ​ចំណត​របស់​មន្ទីរពេទ្យ ចាមួរីយ៉ាត ​ហើយ​ចង់​ឆ្លង​ចូល​​តាម​របាំង​ ​ដើម្បី​​សំដៅ​ទៅ​​ក្រសួង​មហាផ្ទៃ និង​ទីកន្លែង​ក្រុមប្រឹក្សា​ជាន់ខ្ពស់​សន្តិភាព។ ប៉ុន្តែ ប៉ូលិស​បានក្រលេក​​​ឃើញ​ភេរវជន​អត្តឃាត ធ្វើអោយ​ភេរវជន​រូបនេះ​សម្រេច​​បំផ្ទុះ​គ្រាប់បែកពេលនោះ​តែម្តងទៅ។ ​

ក្រោយ​​ភេរវកម្មនៅកាប៊ូល​កើតឡើង​ ក្រុមតាលីបង់​បាន​ប្រកាស​ថា ជាស្នាដៃ​របស់​ក្រុមខ្លួន ដោយ​លើកឡើង​ថា សកម្មជន​ខ្លួន​បាន​បំផ្ទុះរថយន្ត​នៅ​ជិត​ក្រសួង​មហាផ្ទៃ ដែល​ជា​កន្លែង​សំបូរ​កងកម្លាំង​ប៉ូលិស​សំខាន់ៗ។ ក្រុមប្រឹក្សា​ជាន់ខ្ពស់​សន្តិភាព​ជា​ស្ថាប័ន​ទទួលបន្ទុក​ចរចា​ជាមួយ​ក្រុមតាលីបង់។ ការចរចា​ជាមួយ​តាលីបង់​ត្រូវ​បាន​ជាប់គាំង។ ក្រុម​ប្រឹក្សា​សន្តិភាព​គិតថា ខ្លួន​ជា​ផ្ទាំងស៊ីប​​នៃ​ភេរវកម្ម​បំផ្ទុះ​​រថយន្ត​សង្គ្រោះ​នៅថ្ងៃ​សៅរ៍​នេះ។ រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​វិញ សង្ស័យ​បណ្តាញ​ក្រុម​​Haqqani ដែល​ជិតដិត​នឹង​ក្រុមតាលីបង់។ ក្រុម​នេះមានទីតាំងនៅ​ព្រំដែន​ប៉ាគីស្ថាន។

អ្នកស្លាប់​ក្នុង​ភេរវកម្មថ្ងៃសៅរ៍​នេះ ​​​​បាន​កើនចំនួន។ ជនរងគ្រោះមាន​ចំនួន​​ច្រើនពេក ធ្វើអោយ​មន្ទីរពេទ្យ​ ​​មិនអាច​ទទួល​បាន​គ្រប់គ្នា។ រីឯកន្លែង​សង្គ្រោះ​របស់​​អង្គការ​ Emergency វិញ ​ក៏​មិនអាច​ទទួល​បានគ្រប់គ្នា។ ភេរវកម្ម​ថ្ងៃសៅរ៍​នេះ ជា​ភេរវកម្ម​សម្លាប់​មនុស្ស​ច្រើនបំផុត គិតតាំងពី​មាន​ភេរវកម្ម​បំផ្ទុះ​ឡាន​កាំម្ញ៉ុង ក្នុង​តំបន់​ការទូត នៅ​​ចុងខែ​ឧសភា ឆ្នាំមុននេះ។ ​ឆ្នាំមុន ​ភេរវកម្ម​បំផ្ទុះ​កាំម្ញ៉ុង​បាន​សម្លាប់​មនុស្ស​១៥០នាក់ និងបង្ក​របួស​៤០០នាក់។ បើគិតត្រឹមតែ​១​សប្តាហ៍វិញ​​​ ​ភេរវកម្ម​ថ្ងៃសៅរ៍​នេះ ជា​ភេវកម្ម​ទី៣​​វាយប្រហារ​អាហ្វហ្កានីស្ថាន។ ថ្ងៃ​២០មករា​​កន្លងទៅ ក្រុមតាលីបង់​បានប្រកាស​ថា បាន​​វាយប្រហារ​ ​​នៅ​​សណ្ឋាគារ​Intercontinental កាប៊ូល។ ​​ថ្ងៃ​ពុធ​កន្លងទៅ ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម​ប្រកាស​ថា បាន​វាយ​ទីតាំង​អង្គការ Save the Children នៅ​Jalalabad ភាគ​ខាងកើត៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ