អានតួអត្ថបទ
វៀតណាម

វៀតណាម ចោទ​ប្រកាន់​ក្រុម​​វៀតណាម​មួយ ​នៅ​អាមេរិក​ថា ជា​ពួកភេរវជន

ទីក្រុង​ហាណូយ នៅថ្ងៃ​អង្គារ​ទី​៣០​មករា ២០១៨ បាន​ប្រកាស​ចាត់ទុក អង្គការ​វៀតណាម​មួយ ដែល​មាន​មូលដ្ឋាន​ក្នុង​ទឹកដី អាមេរិក ថា ជា​ក្រុមភេរវនិយម។ ការសម្រេច​​នេះ​បាន​ធ្វើឡើង នៅ​ប៉ុន្មាន​សប្តាហ៍​ក្រោយ ដែល​សមាជិក​របស់​ក្រុមនេះ ត្រូវ​បាន​តុលាការ​វៀតណាម​ផ្តន្ទាទោស ពី​បទ​បាន​រៀបចំ​ផែនការ​វាយប្រហារ​បំផ្លាញ ព្រលាន​យន្តហោះ​អន្តរជាតិ វៀតណាម កាលពី​ឆ្នាំ ២០១៧​ឆ្នាំមុន។

ប៉ូលិស​វៀតណាមឈរ​នៅក្រៅ​តុលាការ​វៀតណាម នៅ​ហាណូយ ​នៅ​ថ្ងៃទី​៩​មករា ២០១៨
ប៉ូលិស​វៀតណាមឈរ​នៅក្រៅ​តុលាការ​វៀតណាម នៅ​ហាណូយ ​នៅ​ថ្ងៃទី​៩​មករា ២០១៨ ©REUTERS/Kham
ផ្សាយពាណិជ្ជកម្ម

អង្គការ​វៀតណាម​ដែល​ក្រសួង​សន្តិសុខ​វៀតណាម​ដាក់​ឈ្មោះ​ថា ក្រុម​ភេរវនិយម មាន​ឈ្មោះ ថា រដ្ឋាភិបាល​ជាតិ​បណ្តោះអាសន្ន​របស់​វៀតណាម (PNGV) ដែល​មាន​មូលដ្ឋាន​នៅក្នុង​ទឹកដី​អាមេរិក។ អង្គការ​នេះ​ត្រូវ​បាន​បង្កើតឡើង នៅ​ឆ្នាំ ១៩៩១ ដោយ​ប្រជាជន​វៀតណាម នៅ​បរទេស ក្នុងគោលដៅ​ទាមទារ​ឲ្យ​មាន​ការបោះឆ្នោត​ដោយសេរី និង​យុត្តិធម៌ នៅ​ប្រទេស​វៀតណាម ដែល​កំពុង​កាន់កាប់ បច្ចុប្បន្ន ដោយ​មេដឹកនាំ​ផ្តាច់ការ។ នេះ​បើតាម​ខ្លឹមសារ​របស់​វិបសៃតិ៍​របស់​អង្គការ​មួយ នេះ ដែល​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP។

ប៉ុន្តែ នៅក្នុង​វិបសៃតិ៍​នៅថ្ងៃ​អង្គារ ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម​បាន​ចាត់ទុក​អង្គការ PNGV​ថា ជាអង្គការ​ភេរវនិយម បន្ទាប់​ពី​គេ​រកឃើញថា នៅក្នុង​ចំណោម​ឧក្រិដ្ឋជន ដែល​តុលាការ​វៀតណាម​បាន​ផ្តន្ទាទោស កាលពី​ប៉ុន្មាន​សប្តាហ៍ មាន​១៥នាក់​ហើយ​ជា​សមាជិក​របស់​ក្រុមនេះ។ តុលាការ​បានបើក​សវនការ​ជំនុំជម្រះ​មនុស្ស​មួយក្រុម ដែល​អាជ្ញាធរ​វៀតណាម បាន​ចាប់ខ្លួន ពីបទ​រៀបចំ​គម្រោង​បំផ្ទុះគ្រាប់​ធុងសាំង នៅព្រលាន​យន្តហោះ​អន្តរជាតិ ដ៏​សកម្ម​មួយ នៅ​វៀតណាម កាលពី​ឆ្នាំ ២០១៧។ នៅ​ឆ្នាំ​២០១៥ សមាជិក​របស់​ក្រុមនេះ ៥​នាក់​ក៏ធ្លាប់​ត្រូវ​បាន​ប៉ូលិស​វៀតណាម​ចាប់ខ្លួន ក្នុង​បទ​ព្យាយាម​ទិញ​អាវុធ​ដើម្បី​ធ្វើ​សកម្មភាព​ភេរវកម្ម។

តាម​ក្រសួង​សន្តិសុខ​វៀតណាម សមាជិក​របស់​អង្គការ​PNGV មួយចំនួន ធ្លាប់​ជាអតីត​មន្រ្តីយោធា វៀតណាម​ខាងត្បូង ដែល​បាក់ទ័ព រត់ទៅ​រស់នៅ​ទឹកដី​អាមេរិក នៅក្រោយ​ជ័យជំនះ​របស់​ក្រុមលោកហូជីមិញ ទៅលើ​រដ្ឋាភិបាល​ខាងត្បូង ដែលគាំទ្រ​ដោយ​អាមេរិក។ នៅ​ក្នុងវិបសៃតិ៍​របស់​ក្រសួង​សន្តិសុខ​សាធារណៈ​បាន​ព្រមាន​ដែថា រាល់​អ្នកដែល​ជួយ​ជំរុញ ផ្សព្វផ្សាយ ឬ​ធ្វើការ​ពាក់ព័ន្ធ​ជាមួយ​ក្រុម​នេះ នឹង​រង​ការពិន័យ ការផ្តន្ទាទោស​តាម​ច្បាប់​វៀតណាម។

នៅក្នុង​ប្រទេស​កម្មុយនិស្ត​វៀតណាម អាជ្ញាធរ​តែង​បង្រ្កាប​ទៅលើ​អ្នក​ដែល​ហ៊ាន​រិះគន់ ខ្លួន ក្នុង​បទ​ចោទប្រកាន់​ប្រឆាំង​រដ្ឋាភិបាល ឬ​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល ប៉ុន្តែ កម្រ​នឹង​មាន​បទ​ចោទប្រកាន់​ថា ជា​ក្រុមភេរវនិយម ដែល​អាច​មាន​ទម្ងន់​ស្មើ​នឹង​ទោស​ប្រហារជីវិត។ នេះជា​លើកទី២ ដែល អាជ្ញាធរ​វៀតណាម លើកនិយាយ​ពី​ក្រុមភេរវនិយម បន្ទាប់​ពី​បាន​ចោទ​វៀតណាម​មួយ​ក្រុម ឈ្មោះ Viet Tan ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក ថា ជា​ក្រុមភេរវនិយម មាន​ចេតនា​ញុះញង់​ឲ្យ​មាន​អំពើហិង្សា​នៅ​វៀតណាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ