អានតួអត្ថបទ
ចិន-អង់គ្លេស

នាយករដ្ឋមន្រ្តីអង់គ្លេស បំពេញ​ទស្សនកិច្ច​​ផ្លូវការ​​នៅ​​​​ចិន​​

នាយករដ្ឋមន្ត្រី​អង់គ្លេស បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​មួយ​នៅ​ប្រទេស​ចិន​​ចាប់ពី​ថ្ងៃ​ពុធ​នេះរហូត​ដល់​ថ្ងៃសុក្រ។ ​គោលដៅនៃទស្សនកិច្ចនេះ គឺ​​​ត្រៀមខ្លួន​ដើម្បីព​ង្រឹង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​អង់គ្លេស​ជាមួយ​នឹងបណ្តា​​ប្រទេស​ក្រៅ​​ នៅពេលដែល​អង់គ្លេស​ ចាកចេញពីសហភាពអឺរ៉ុប។

នាយករដ្ឋមន្ត្រី អង់គ្លេស លោកស្រី Theresa May
នាយករដ្ឋមន្ត្រី អង់គ្លេស លោកស្រី Theresa May REUTERS/Toby Melville
ផ្សាយពាណិជ្ជកម្ម

នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោកស្រី Theresa May បាន​ផ្តើម​ដំណើរ​ទស្សនកិច្ច​ជាបឋម​នៅ​ក្រុង​ឧស្សាហកម្ម​ដ៏​ធំ​មួយ​​ក្នុង​​ប្រទេស​ចិន គឺ​នៅ​ ​Wuhan ​នឹង​ស្ថិត​នៅ​ក្នុង​ប្រទេស​នេះ​រហូត​ដល់​ថ្ងៃ​សុក្រខាងមុខ។ ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​នាពេល​នេះ គឺ​ដើម្បី​រឹត​ចំណេង​មិត្តភាព​រវាង​ចិន​និង​អង់គ្លេស​ឲ្យ​កាន់តែ​រ៉ឹងមាំ​ថែមទៀត-នេះ​បើ​យោង​តាម​ក្រសួង​ការបរទេស​ចិន។

ថ្នាក់ដឹកនាំ​អង់គ្លេស​នា​ព្រឹក​មិញ​នេះ បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង​​។​ ​នៅ​ទីនោះ​លោកស្រី May ​ត្រូវ​ជូប​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​ចិន​លោក​ Li Keqiang ។ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក លោកស្រី នឹង​ត្រូវ​ជួប​ប្រាស្រ័យ​ជាមួយ​ប្រធានាធិបតី​ចិន​​លោក Xi Jinping មុន​នឹង​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​នៅ​​ថ្ងៃ​សុក្រ​ខាង​មុខ​​នៅ​ទីក្រុង Shanghai ​ភាគ​ខាង​កើត​ប្រទេស​ចិន។

គួរកត់សំគាល់ថា​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រីអង់គ្លេស​នៅ​​ប្រទេស​ចិន​នា​ពេល​នេះ ត្រូវ​បានប្រព័ន្ធផ្សព្វផ្សាយ​ព័ត៌មាន​អង់គ្លេស ​ចុះ​ផ្សព្វផ្សាយ​យ៉ាង​គគ្រឹគ​គគ្រេង​ដោយ​​ដាក់​ចំណងជើង​យ៉ាង​ធំៗ​ផង​។ គួរំលឹកថា​កាលពី​ថ្ងៃ​អង្គារ៍​ម្សិលមិញ​នៅអង់គ្លេស សភា​ជាន់​ទាប​និង​ជាន់​ខ្ពស់​ បាន​ចាប់​ផ្តើម​ពិភាក្សា​គ្នា​នៅ​លើ​សេចក្តី​ព្រាងច្បាប់​មួយ​ស្តីពី​ការ​ចាកចេញ​របស់​ប្រទេស​អង់គ្លេស​ពី​សហភាព​អឺរ៉ុប។ ជា​សេចក្តី​ព្រាង​ច្បាប់​ដ៏​សំខាន់​ខ្លាំង​​ណាស់​​និង​​ដែល​បំផុស​ឲ្យ​មាន​ការ​ជជែក​ពិភាក្សា​គ្នា​យ៉ាង​ពុះ​កញ្ជ្រោល​។

ទន្ទឹមនេះ​ រដ្ឋាភិបាល​របស់​លោកស្រី Theresa May ក៏​មាន​ភាព​រសាប់​រសល់​ខ្វល់​ចិត្ត​យ៉ាង​​​ខ្លាំងដែរ ​ដោយសារ​ការ​បោះពុម្ភផ្សាយ​នៃ​ប្រព័ន្ធសារព័ត៌មាន​ នូវ ​របាយការ​ផ្ទៃ​ក្នុង​មួយ​ស្តីពី​ការ​ចាកចេញ​របស់​ប្រទេស​អង់គ្លេស​ពី​សហភាពអឺរ៉ុប។ យោងតាម​ឯកសារ​នេះ សេដ្ឋកិច្ច​របស់​អង់គ្លេស​នឹង​អាច​ជួប​ផលវិបាក​នៅ​ពេល​ដើរ​ចេញ​ពី​សហភាព​អឹរ៉ុប​ដែល​គ្រោង​ទុក​នៅ​ក្នុង​ឆ្នាំ ២០១៩ បើទោះបី​ជា​នឹង​សម្រេច​បាន​​នូវ​កិច្ចព្រមព្រៀង​ណា​មួយ​ក្តី។

ដោយឡែក​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​នេះ ​អម​ដំណើរ​លោកស្រី​ May ​មាន​​​​ក្រុម​អ្នកតំណាង​សហគ្រាស​និង​អង្គការ​អង់គ្លេស​ប្រមាណ​ជា​៥០​នាក់​។ ហើយ​នៅ​ឱកាស​ស្នាក់នៅ​ក្នុង​ប្រទេស​ចិន​លោកស្រី​ May នឹង​ត្រូវ​ធ្វើការ​ពិភាក្សា​នៅ​លើ​ប្រធាន​បទ​​ផ្សេងៗ​ជា​ច្រើនទៀត​ដូចយ៉ាង ការ​ប្រែប្រួលអាកាសធាតុ ឬ​ក៏​បញ្ហា​កូរ៉េ​ខាង​ជើង។

រីឯ​ចិន​វិញ ក៏​រំពឹង​ទុក​ដែរ​ថា ប្រទេស​ខ្លួន​នឹង​បាន​ទទួល​នូវ​ការ​គាំទ្រ​ពី​អង់គ្លេស​នៅ​លើ​​គំនិត​​ផ្តួចផ្តើម​របស់​ចិន​ស្តីពី​គម្រោង​វិនិយោគ​ហេដ្ឋរចនាសម្ព័ន្ធ​ដ៏​ធំ​សម្បើមអស្ចារ្យ​មួយ ជាអាទិ៍​នៅ​ក្នុង​តំបន់​អាស៊ី អាហ្វ្រិក តំបន់​ដើមបូព៌ា​និង​នៅ​អឺរ៉ុប។​

ក៏ប៉ុន្តែ ក៏​ដូច​ជា​បណ្តា​ប្រទេស​អឺរ៉ុប​ជាច្រើន​ផ្សេង​ទៀត​ដែរ រដ្ឋាភិបាល​អង់គ្លេស រហូត​មកទល់ពេលនេះ បាន​បង្ហាញ​ពីជំហរ​​ប្រុងប្រយ័ត្ន​ជានិច្ច​របស់​ខ្លួន​នៅ​លើ​សំណុំរឿង​នេះ៕​​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ