អានតួអត្ថបទ
វៀតណាម

អ្នក​ប្រឆាំង​​វៀតណាម​​​៣​​​នាក់​ថ្មី​​​ទៀត ​ទើប​​​ត្រូវ​​​បាន​តុលាការ​​ផ្តន្ទាទោស​​​​ដាក់​​​​ក្នុង​ពន្ធនាគារ​​​​ពី​​​​បទ​​ឃោសនា​​ប្រឆាំង​​នឹង​​រដ្ឋអំណាច​​

នៅ​​វៀតណាម អ្នក​ប្រឆាំង​ចំនួន ៣នាក់​ថ្មីទៀត​​ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ត្រូវ​បាន​អាជ្ញាធរ ផ្តន្ទាទោស ដាក់ពន្ធនាគារ ​​ពី ​៦ ទៅ ​៨ ​ឆ្នំាំ​ ពី​បទ​ធ្វើការ​​ឃោសនា​ប្រឆាំង​នឹង​រដ្ឋ​អំណាច​វៀតណាម​។​ ការ​ផ្តន្ទាទោស​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​ពួក​គេ​ បាន​​​​ផ្សព្វផ្សាយ​​វីឌីអូ​​មួយចំនួន​នៅ​​លើ​​​គេហទំព័រ​​អ៊ីនធ័រណែត​​​ ​​​រិះគន់​​របប​កុម្មុយនិស្ត​​នៅ​​ក្នុង​​ការ​​បន្ត​​ដាក់​​សម្ពាធ​​ទៅ​​លើ​​ក្រុម​​អ្នក​ប្រឆាំងនៅ​ក្នុងប្រទេស។​

ក្រុមអ្នកទោស​ដែលរង់ចាំការដោះលែងពីពន្ធនាគារនៅ Hoang Tien ចម្ងាយ ១០០គម​ពីក្រុង Hanoi​ ថ្ងៃទី​៣០សីហា​​
ក្រុមអ្នកទោស​ដែលរង់ចាំការដោះលែងពីពន្ធនាគារនៅ Hoang Tien ចម្ងាយ ១០០គម​ពីក្រុង Hanoi​ ថ្ងៃទី​៣០សីហា​​ REUTERS/Kham
ផ្សាយពាណិជ្ជកម្ម

លោក Vu Quang Thuan និង​លោក Nguyen Van Dien ដែល​​ជាប់​​ឃុំឃាំង​តាំង​ពី​ខែ​មីនា ២០១៧នោះ​​ ត្រូវ​បាន​​តុលាការ​​​វៀតណាម ផ្តន្ទាទោស​ដាក់​គុក​​​ម្នាក់ ​ចំនួន ​​៨ ​ឆ្នាំ​ និង ​ម្នាក់ ​ទៀត ៦ ​ឆ្នាំ​កន្លះ ពី​​បទ​បាន​ផ្សព្វផ្សាយ​ វីឌីអូ​ចំនួន ១៧​  វីឌីអូ​ ដែល​​​ ​ទិតៀន រិះគន់ លើ​​​រដ្ឋាភិបាល​​វៀតណាម នេះបើយោងតាម​លោក Le Luan មេធាវី​របស់កូនក្តី។​

គួរលឹកថា​​លោក Thuan ដែល​មាន​អាយុ ៥១​ឆ្នាំ​និង​លោក Dien អាយុ​៣៤​ឆ្នាំ ជា​អ្នក​ប្រឆាំង​ជើង​ចាស់​យូរឆ្នាំ​មក​ហើយ ដែល​ធ្លាប់​បាន​និរទេស​ខ្លួន​រស់​នៅ​ប្រទេស​ម៉ាឡេស៊ី​នា​​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

ហើយយោង​តាម​អង្គការ​ការពារ​សិទ្ធិ​មនុស្ស Human Right Watch ​លោក​ Thuan ​ធ្លាប់​បាន​ប៉ុនប៉ង​​សម្លាប់ដោយ​ដុត​ខ្លួនឯង​​នៅក្នុងទីក្រុង​ Kuala Lumpur​ ក្នុងប្រទេសម៉ាឡេស៊ី នៅ​ឆ្នាំ២០១០ នៅ​ខណៈពេល​ដែល​គាត់​បាន​ប្រឆាំង តវ៉ា​ចំពោះ​ការ​បណ្តេញ​អ្នក​ប្រឆាំង​នឹង​រដ្ឋអំណាច​វៀតណាម​ពីរ​នាក់ចេញពីប្រទេសឆ្ពោះទៅ​កាន់​​ប្រទេសម៉ាឡេស៊ី។​​​​

ក្រៅពីអ្នកប្រឆាំងទាំងពីររូបខាងលើនេះ តុលាការ​វៀតណាម ក៏​បាន​ផ្តន្ទាទោស​ផង​ដែរ យុវជន ​Tran Hoang Phuc អាយុ​២៣ ឆ្នាំ ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​ចំនួន​​៦​​ឆ្នាំ ​ពី​បទ​ ​បាន​ជួយ ​​អ្នក​ប្រឆាំង​ទាំង​​ពីរ​រួបនោះ នៅ​ក្នុង​​ការ​រៀបចំដាក់​​ផ្សព្វផ្សាយ​​ វីឌីអូ​ នៅ​លើ​គេហទំព័រ​អ៊ីនធ័រណែត។ ចំពោះមេធាវី​របស់​​យុវជន Phuc ការចោទប្រកាន់របស់តុលាការ​លើកូនក្តី​គាត់​ ថាធ្វើការឃោសនាប្រឆាំងនឹងរដ្ឋវៀតណាមនោះ គឺ​ជារឿង​ដ៏អយុតិធម៌ ពីព្រោះ​ កូន​ក្តី​ របស់​គា​ត់ ​គ្រាន់តែ​ជួយ​នៅ​លើ​​ផ្នែក​បច្ចេកទេសតែប៉ុណ្ណោះ។​​

គួររំលឹកថា យុវជន ​Phuc គឺ​ជា​យុវជន​ម្នាក់​ក្នុង​ចំណោម​បណ្តា​​យុវជន​វៀតណាម​ដែល​ត្រូវ​​បាន​គេ​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុងការ​ជួប​ប្រាស្រ័យ​​ជាមួយលោក​ប្រធានាធិបតី​បារ៉ាក​អូបាម៉ា ​នាឱកាស​ដំណើរ​ទស្សនកិច្ចរបស់​លោក​នៅ​វៀតណាម​ក្នុង​ឆ្នាំ ២០១៦ ក៏ប៉ុន្តែ​យុវជនរូប​​នេះ ត្រូវ​បាន​គេ​ចាប់​ខ្លួន​នៅ​មុន​ពេលដែល​​លោក​អូបាម៉ា​បាន​អញ្ជើញ​មក​ដល់​វៀតណាម នេះបើយោងតាម​អង្គការ​ការពារសិទ្ធិមនុស្ស​ Human Right Watch។

​​យោងតាម​ Human Right Watch ដដែល នៅវៀតណាម សកម្មជន​សិទ្ធិមនុស្ស​ ​យ៉ាង​តិច​ ចំនួន ​២៤ នាក់​ ហើយ ត្រូវ​​បានគេ​ ផ្តន្ទាទោស​កាលពីឆ្នាំមុន ហើយ ២៨​នាក់​ផ្សេង​ទៀត​ ត្រូវ​បានចាប់​ខ្លួន។ សរុប​ បួករួមជាមួយនឹង​ក្រុមអ្នកប្រឆាំង​នឹ​ង​រដ្ឋវៀតណាមផង ​ពួកគេទំាងអស់​​ មានគ្នា ចំនួន ​រាប់​សិបនាក់​ ដែល​កំពុងតែ​ជាប់​ឃុំឃាំង​នៅ​ក្នុង​ពន្ធាគារ​នៅក្នុងប្រទេស៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ