អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចិន​ចរចា​បង្កើត​មូលដ្ឋាន​ទ័ព នៅក្នុង​ទឹកដី​អាហ្វហ្កានីស្ថាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចិន​កំពុង​ជជែក​ជាមួយ​អាហ្វហ្កានីស្ថាន នៅក្នុង​ដំណើការ​បង្កើត​មូលដ្ឋាន​ទ័ព នៅក្នុង​ទឹកដី អាហ្វហ្កានីស្ថាន ដែលស្ថិតនៅ​ជាប់​ព្រំដែន​ចិន និង អាហ្វហ្កានីស្ថាន។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​មន្រ្តី​អាហ្វហ្កានីស្ថាន។ ដោយ​ពង្រឹង​យុទ្ធសាស្រ្ត​យោធា ក្នុង​ប្រទេស​ជិតខាង អាហ្វហ្កានីស្ថាន ចិន​ចង់​ទប់ស្កាត់​កុំ​ឲ្យ​ក្រុមអ៊ីស្លាម​ជ្រុលនិយម​ដែល​ភ្ជាប់ខ្លួន​នឹង​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ក្នុង​ទឹកដី​អ៊ីរ៉ាក់ អាច​ប្រើ​ទឹកដី​អាហ្វហ្កានីស្ថាន ដើម្បី ចូល​ទៅ​វាយប្រហារ​ទឹកដី​ចិន ដូចជា​ខេត្ត​ស៊ីនជាំង ជាដើម ដែល​ស្ថិតនៅ​ជាប់ព្រំដែន​ជាមួយ ប្រទេស​អាហ្វហ្កានីស្ថាន។

រដ្ឋមន្រ្តី​ការបរទេស​អាហ្វហ្កានីស្ថាន​(ឆ្វេង)ចាប់ដៃ​ជាមួយ រដ្ឋមន្រ្តី​ការបរទេស​ចិន និង​ប៉ាគីស្ថាន នៅខែ​ធ្នូ ២០១៧ នៅក្រុង​ប៉េកាំង
រដ្ឋមន្រ្តី​ការបរទេស​អាហ្វហ្កានីស្ថាន​(ឆ្វេង)ចាប់ដៃ​ជាមួយ រដ្ឋមន្រ្តី​ការបរទេស​ចិន និង​ប៉ាគីស្ថាន នៅខែ​ធ្នូ ២០១៧ នៅក្រុង​ប៉េកាំង ©NICOLAS ASFOURI / AFP
ផ្សាយពាណិជ្ជកម្ម

ចិន​កំពុង​ពិភាក្សា​ជាមួយ អាហ្វហ្កានីស្ថាន ដើម្បី​សាងសង់​មូលដ្ឋាន​ទ័ព នៅក្នុង​ទឹកដី​អាហ្វហ្កានីស្ថាន ដែល​ស្ថិតនៅ​ជាប់ព្រំដែន​ជាមួយ​ចិន។ ដំណឹង​នេះ​បាន​លេចលឺ ម្តងហើយ នៅ​ក្រោយ​ជំនួប​ត្រីភាគី ចិន ប៉ាគីស្ថាន និង​អាហ្វហ្កានីស្ថាន នៅទីក្រុង​ប៉េកាំង ដែល​ផ្តោត​ទៅលើ​សហប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម។ នៅសប្តាហ៍មុន ទាំង​ក្រសួង​ការពារ​ជាតិ ចិន និង​អាហ្វហ្កានីស្ថាន​បាន​បដិសេធ ទាត់ចោល ការចុះផ្សាយ​របស់​កាសែត។ នៅ​ឆ្នាំ​២០១៧ ចិន​បាន​សម្ពោធ​មូលដ្ឋាន​ទ័ព​​លើកដំបូង​បង្អស់​នៅ​បរទេស នៅ​ប្រទេស​ជីប៊ូទី។ ចិន​បាន​បដិសេធ​គម្រោង​បង្កើត​មូលដ្ឋានទ័ព​នៅ​បរទេស​នៅ​កន្លែង​ផ្សេងទៀត ប៉ុន្តែ អាមេរិក​វាយតម្លៃថា ចិន​នឹង​បង្កើត​មូលដ្ឋាន​ទ័ព​របស់ខ្លួន ក្នុង​ពេល​ខាងមុខ នៅ​ក្នុង​ទឹកដី​ប៉ាគីស្ថាន។

នៅក្នុង​រឿង​បង្កើត​មូលដ្ឋាន​នៅ​អាហ្វហ្កានីស្ថាន នេះ​មាន​ការចុះផ្សាយ​ព័ត៌មាន​ពីរ​ផ្សេងគ្នា។ ទីមួយ គឺរឿង​ចិន​ចង់​បង្កើត​មូលដ្ឋាន​ទ័ព​របស់ខ្លួន នៅក្នុង​ទឹកដី​អាហ្វហ្កានីស្ថាន។ គឺ​ព័ត៌មាន​នេះ ដែល​ទាំង​ភាគី​ចិន និង​អាហ្វហ្កានីស្ថាន​បាន​បដិសេធ​ថា មិនមែន​ជា​រឿងពិត។ ចំណែក​រឿងមួយ ទៀត គឺ​ការបង្កើត​មូលដ្ឋាន​ទ័ព​ដែរ ប៉ុន្តែ ជា​មូលដ្ឋាន​ទ័ព​ដែល​សាងសង់​ឡើង​សម្រាប់​ទាហាន​អាហ្វហ្កានីស្ថាន។ ព័ត៌មាននេះ ត្រូវ​បាន​បញ្ជាក់ និង​ទទួល​ស្គាល់​ដោយ​អ្នកនាំពាក្យ​របស់​ក្រសួងការពារ​ជាតិ​អាហ្វហ្កានីស្ថាន កាលពី​ថ្ងៃសុក្រ។

អ្នកទទួល​ខុសត្រូវ​ម្នាក់​របស់​ស្ថានទូត​ចិន នៅ​ក្រុង​កាប៊ូល​បាន​ត្រឹម​បញ្ជាក់ថា ចិន​នៅ​បន្តជួយ អាហ្វហ្កានីស្ថាន ដើម្បី​ពង្រឹង​សមត្ថភាព​យោធា​របស់ខ្លួន។

តាម​អ្នកនាំពាក្យ​របស់​ក្រសួងការពារ​ជាតិ​អាហ្វហ្កានីស្ថាន ដកស្រង់សំដី​ដោយ ទីភ្នាក់ងារ​​ព័ត៌មាន​បារាំង AFP កងទ័ព​អាហ្វហ្កានីស្ថាន នឹង​សាងសង់​មូលដ្ឋាន​ទ័ព ប៉ុន្តែ រដ្ឋាភិបាល​ចិន​បាន​សន្យា ជួយ​ទាំងស្រុង គឺ​ផ្តល់​ជំនួយ​លុយ ជួយ​បង្វឹក​ហាត់ និង​បំពាក់អាវុធ​ដល់​យោធា​អាហ្វហ្កានីស្ថាន ដែល​ត្រូវ​ប្រចាំការ​នៅ​មូលដ្ឋាន​ទ័ព ដែល​គ្រោង​នឹង​បង្កើតឡើង​នៅ​លើ​តំបន់ខ្ពង់រាប វ៉ាខាន់ ស្ថិតនៅ ភាគខាងជើង អាហ្វហ្កានីស្ថាន ដែល​នៅ​ជាប់ព្រំដែន​ជាមួយ​ខេត្ត​ស៊ីនជាំង​របស់​ចិន។ អាច​ថា ចិន​ចំណាយ​លុយ​ជួល​មូលដ្ឋានទ័ព​អាហ្វហ្កានីស្ថាន សម្រាប់ ធ្វើ​ជា​របាំង ខែល​ទុក​ការពារ​ខ្លួន ពី​ការវាយ​ប្រហារ​របស់​ក្រុមអ៊ីស្លាម​ជ្រុលនិយម ដូចជា​ពួកឧទ្ទាម តួគីស្ថាន (ចលនា​អ៊ីស្លាម​តួគីស្ថាន​ខាងកើត ETIM) ដែល​ចិនបារម្ភ ថា នឹង​អាច​យក​ទឹកដី​ដាច់ស្រយាល​របស់​អាហ្វហ្កានីស្ថាន ក្បែរ​ខេត្ត​ស៊ីនជាំង​ទៅ​ធ្វើ​ជា​សំបុក ហ្វឹកហាត់ សម្រាប់​បង្ក​អំពើ​ភេរវកម្ម​វាយប្រហារ​ក្នុង​ទឹកដី​ចិន ជាពិសេស​នៅក្នុង​ខេត្ត​ស៊ីនជាំង​ផ្ទាល់​តែម្តង។

មួយវិញទៀត ដោយ​សហការ​ជាមួយ​ទាហាន​អាហ្វហ្កានីស្ថាន នៅ​មូលដ្ឋានទ័ព​ នៅ​ជាប់ព្រំដែន​ស៊ីនជាំង ចិន​ប៉ង​ផងដែរ ទប់ស្កាត់​ការត្រលប់​ទៅវិញ ក្រុមឧទ្ទាម​អ៊ុយហ្គួរ​ដែល​បាន​ចូល​ទៅ​ប្រយុទ្ធកៀកស្មា​ជាមួយ ជាមួយ​ពួកជីហាត អង្គការ​រដ្ឋអ៊ីស្លាម នៅ​ទឹកដី​អ៊ីរ៉ាក់។ នៅ​ខែមីនា ឆ្នាំមុន ក្រុមនេះ ធ្លាប់​បាន​និយាយ​គំរាម​ក្នុង​ភាសា​អ៊ុយហ្គួរ ថា នឹង​វាយប្រហារ​ទៅលើ​ផលប្រយោជន៍​របស់​ចិន នៅក្នុង​ទឹកដី​ចិន។

ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​ចិន នៅ​អាហ្វហ្កានីស្ថាន

ទីក្រុង​ប៉េកាំង មិន​ចំណាយ​លុយ​សម្រាប់​យុទ្ធសាស្រ្ត​យោធា​របសខ្លួន នៅ​បរទេស ទេ បើសិន​ការចំណាយ​នោះ​នឹង​មិន​ផ្តល់​ប្រយោជន៍​សេដ្ឋកិច្ច​ដល់​ចិន។ អាច​ថា យុទ្ធសាស្រ្ត​យោធា​របស់​ចិន នៅ​បរទេស ធ្វើឡើង​ដើម្បី​ការពារ​ផលប្រយោជន៍​សេដ្ឋកិច្ច​តែមួយ​មុខ​របស់​ចិន។

មូលដ្ឋាន​ទ័ព​ដែល​ចិន​គ្រោង​នឹង​ជួយ​សាងសង់ ឲ្យ​កងទ័ព​អាហ្វហ្កានីស្ថាន ស្ថិតនៅ​តំបន់​ភ្នំ ខ្ពង់រាប ដាច់ស្រយាល របស់​អាហ្វហ្កានីស្ថាន ប៉ុន្តែ វា​ស្ថិតនៅព្រំដែន​ជាប់​នឹង​ខេត្ត​ស៊ីនជាំង​របស់​ចិន។ ដូច្នេះ វា​នឹង​បម្រើ​ប្រយោជន៍​ដល់​ចិន ច្រើន​ជាង​ដល់​អាហ្វហ្កានីស្ថាន។ វា​នឹង​ជួយ​ឲ្យ​ចិន​អាច​ទប់ស្កាត់​កុំ​ឲ្យ​ពួកឧទ្ទាម​អ៊ុយហ្គួរ​ដែល​ចូល​ជា​សមាជិក​របស់​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម អាច​ឆ្លង​ពី​អាហ្វហ្កានីស្ថាន​ទៅ​បង្កើនកម្លាំង​នៅ​ខេត្ត​ស៊ីនជាំង​របស់ចិន។

ប៉ុន្តែ ជាមួយ​គ្នា​នេះ​ផងដែរ ដោយ​សហការ​យោធា​ជាមួយ​អាហ្វហ្កានីស្ថាន​នៅ​ព្រំដែន ចិន​ចង់​បាន​ផងដែរ ស្ថិរភាព​សន្តិសុខ នៅក្នុង​តំបន់ ជាពិសេស នៅ​ច្រករបៀង នៅ​ព្រំដែន​ចិន និង​អាហ្វហ្កានីស្ថាន បាន​ចិន​បាន​ចាត់​ទុក​ជាកន្លែង​ចេញចូល សំខាន់​សម្រាប់​ផែនការ​សេដ្ឋកិច្ច ផ្លូវមួយ ខែ្សក្រវ៉ាត់​មួយ​របស់​ចិន។ នៅ​ឆ្នាំមុន ចិន​បាន​គ្រោង​ចង់​បញ្ចូល​អាហ្វហ្កានីស្ថាន ទៅក្នុង​គម្រោង ច្រកផ្លូវ​សេដ្ឋកិច្ច​ចិន ប៉ាគីស្ថាន ដែល​មានតម្លៃ ៥៤ពាន់​លាន​ដុល្លារ។

ស្ថិរភាព និង​សន្តិសុខ​នៅ​អាហ្វហ្កានីស្ថាន ជា​គោលដៅ​ចង់​បាន​របស់​ចិន។ អីចឹង​ហើយ​បាន​ជា​នៅក្នុង​រយៈពេល​៣​ឆ្នាំ​ចុងក្រោយ​នេះ ជំនួយ យោធា​របស់ចិន​សម្រាប់​អាហ្វហ្កានីស្ថាន មាន​ដល់​ទៅ ជាង ៧០​លាន​ដុល្លារ។

ចិន​ដើរតួ​ជា​អន្តរការី​ដើម្បី​សម្របសម្រួល​រវាង​ពួកតាលីបង់ និង​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន

ជំនួយ​យោធា របស់​ចិន សម្រាប់​អាហ្វហ្កានីស្ថាន​ត្រូវ​បាន​អាមេរិក ស្វាគម​ដោយ​ដៃពីរ។ អាមេរិក ដែល​ហាក់ទ័លច្រក​មិនអាច​នាំ​យក​សន្តិភាព​ឲ្យ​អាហ្វហ្កានីស្ថាន។ អាមេរិក ដែល​បាន​ចាក់លុយ រាប់ពាន់​លាន​ដុល្លារ ក្នុង​សង្រ្គាម អាហ្វហ្កានីស្ថាន តាំង​ពី​ឆ្នាំ ២០០១ បាន​បរាជ័យ មិនអាច​នាំភាគគី​ជម្លោះ គឺ​ក្រុមតាលីបង់ ឲ្យ​ចូល​តុចរចា​ជាមួយ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន ដែល​ទទួល​ស្គាល់​ដោយ​អាមេរិក និង​សហគមន៍​អន្តរជាតិ។ ប៉ុន្តែ​ចិន​វិញ អាច​មាន​សង្ឃឹម ក្នុង​រឿង​ចរចា​ច្រើន។ ខុស​ពី​អាមេរិក ដែល​ពួកតាលីបង់​ចោទប្រកាន់​ថា ជាចិន​បាន​មិន​បាន​បញ្ជូន​ទ័ព​ទៅ​ជួយ​ទ័ព​រដ្ឋាភិបាល​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ពួកតាលីបង់។ ចិន​បាន​ចាត់ទុក​ក្រុមតាលីបង់​ជា បក្ស​នយោបាយ ដែល​អាច​ចូលរួម ជា​ភាគី​បង្កើត​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន ទៅថ្ងៃ​អនាគត។ កាលពី​ចុងឆ្នាំ ២០១៦ គេ​បាន​សំគាល់​ឃើញ ថ្នាក់ដឹកនាំ​របស់​តាលីបង់​ត្រូវ​បាន​ចិន​អញ្ជើញ​ឲ្យ​ទៅ​ជួប​ពិភាក្សា​នៅ​ទីក្រុង​ប៉េកាំង នៅក្នុង​ក្របខណ្ឌ​នៃការប្រឹងប្រែង​ស្វែងរក​សន្តិភាព​ឲ្យ​អាហ្វហ្កានីស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ