អានតួអត្ថបទ
រ៉ូហ៊ីងយ៉ា

​រដ្ឋាភិបាល​ភូមា​បដិសេធ​ថា គ្មាន​រណ្ដៅ​កប់​សព​ជនជាតិ​រ៉ូហ៊ីងយ៉ា​នៅ​ក្នុង​រដ្ឋ​រ៉ាក់ឃីន​ទេ

រដ្ឋាភិបាល​ភូមា នៅ​ថ្ងៃ​សៅរ៍ ទី​៣​កុម្ភៈ​នេះ បាន​បដិសេធ​ថា មិន​មាន​សាកសព​ជនជាតិ​រ៉ូហ៊ីងយ៉ា នៅ​ក្នុង​រណ្ដៅ​កប់​សព​ដែល​គេ​រក​ឃើញ​ចំនួន​៥​នៅ​រដ្ឋ​រ៉ាក់ឃីន​ទេ​។ គ្មាន​សាកសព​ជនជាតិ​រ៉ូហ៊ីងយ៉ា​ទេ គឺ​មាន​តែ​ភេរវករ​ចំនួន​១៩​នាក់ ដែល​ត្រូវ​បាន​សម្លាប់ និង​ដុត​សព​នៅ​តំបន់​នោះ​តែ​ប៉ុនណោះ​។ នេះ​បើ​តាម​ការ​អះអាង​ពី​មន្ដ្រី​ភូមា។

ក្មេងស្រី​ ​​រ៉ូហ៊ីងយ៉ា​ដែល​ជាអ្នកភៀសខ្លួន​ រង់ចាំ​ទទួលជំនួយ​​នៅ​ Cox's Bazar ក្នុងប្រទេស​បង់ក្លាដែស​។
ក្មេងស្រី​ ​​រ៉ូហ៊ីងយ៉ា​ដែល​ជាអ្នកភៀសខ្លួន​ រង់ចាំ​ទទួលជំនួយ​​នៅ​ Cox's Bazar ក្នុងប្រទេស​បង់ក្លាដែស​។ REUTERS/Cathal McNaughton
ផ្សាយពាណិជ្ជកម្ម

ការ​បដិសេធ​របស់​រដ្ឋាភិបាល​ភូមា ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹងការ​រក​ឃើញ​របស់​​សារព័ត៌មាន Associated Press ដែល​​ថា មាន​ការ​សម្លាប់​រង្គាល​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា​ពី​សំណាក់​ក្រុម​ទាហាន ក៏​ដូច​ជា​រណ្ដៅ​សព​ជនជាតិ​រ៉ូហ៊ីងយ៉ា​យ៉ាង​ហោច​ណាស់​៥ នៅ​ក្នុង​ភូមិ Gu Dar Pyin នៃ​រដ្ឋ​រ៉ាក់​ឃីន​។

នៅ​ក្នុង​ឃ្លីប​វីដេអូ​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន AP ក្រុម​អ្នក​កាន់​ព្រះពុទ្ធសាសនា និង​​ទាហាន​ភូមា​បាន​ប្រើ​អំពើ​ហិង្សា​យ៉ាង​សាហាវ​ឃោឃៅ​ទៅ​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា ដោយ​ខ្លះប្រើ​កាំបិត ខ្លះ​​ប្រើ​កាំភ្លើង ហើយ​ខ្លះ​ទៀត​មាន​ប្រើ​ដល់​ទៅ​រ៉ុក្កែត​​និង​គ្រាប់​បែក​ដៃ​ផង​។ ជនជាតិ​រ៉ូហ៊ីងយ៉ា ដែល​ស្លាប់ ត្រូវ​គេ​ទម្លាក់​ចូល​ទៅ​ក្នុង​រណ្ដៅ​សាកសព ហើយ​ចាក់​ទឹក​អាស៊ីត​ស្រោច​ពី​លើ​។ បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AP នៅ​ក្នុង​ការ​សម្លាប់​រង្គាល​នេះ អាច​មាន​មនុស្ស​ស្លាប់​ច្រើន​រហូត​ដល់​ទៅ​ជាង​៤០០​នាក់​ឯ​ណោះ​។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍ចុះ​ផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ​គណៈកម្មាធិការ​ព័ត៌មាន​នៃ​រដ្ឋាភិបាល​ភូមា បាន​គូស​បញ្ជាក់​ថា ក្រុម​អធិការកិច្ច​របស់​រដ្ឋាភិបាល​បាន​ចុះ​ទៅ​ស៊ើប​អង្កេត​ពី​សំណុំ​រឿង​នេះ​ដល់​ភូមិ Gu Dar Pyin ហើយ​រក​ឃើញ​ថា ការ​ចុះ​ផ្សាយ​របស់​​សារព័ត៌មាន AP នោះ មិន​មែន​ជា​ការ​ពិត​ទេ​។ បើ​តាម​សេចក្ដី​ថ្លែងការណ៍​ដដែល ក្រុម​អធិការកិច្ច​បាន​រក​ឃើញ​សាកសព​ភេរវករ​ចំនួន​១៩​នាក់ កប់​នៅ​ក្នុង​រណ្ដៅ​។ ប៉ុន្តែ​ថា​តើ​រណ្ដៅ​សព​នោះ​មាន​លក្ខណៈ​យ៉ាង​ណា សេចក្ដី​ថ្លែងការណ៍​របស់​អាជ្ញាធរ​ភូមា​មិន​បាន​បញ្ជាក់​ទេ​។

គួរ​ជម្រាប​ថា កង​ទ័ព​ភូមា បាន​រង​ការ​ចោទ​ប្រកាន់​ពី​ការ​ប្រើ​អំពើ​ហិង្សា​ប្រឆាំង​នឹង​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា កាន់​សាសនា​អ៊ីស្លាម នៅ​រដ្ឋ​រ៉ាក់ឃីន ហើយ​បង្ខំ​ឲ្យ​ពួក​គេ​រត់​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​បង់ក្លាដែស​ក្បែរ​ខាង​។ ចាប់​តាំង​ពី​ខែ​សីហា​ឆ្នាំ​២០១៧​មក ជនជាតិ​រ៉ូហ៊ីងយ៉ាង​ដែល​បាន​ឆ្លង​ដែន​ទៅ​ប្រទេស​បង់ក្លាដែស​មាន​ចំនួន​ជាង​៧​សែន​នាក់ ​ហើយជាង​៦​៧០០​នាក់​ទៀត​ត្រូវ​បាន​សម្លាប់​​។ តាម​រយៈអំពើ​ហិង្សា​​នេះ អង្គការ​សហប្រជាជាតិ ចោទប្រកាន់ពួក​យោធា​ភូមា​ថា​បាន​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជ​សាសន៍​។ ប៉ុន្តែ​រដ្ឋាភិបាល​ភូមាចាត់​ទុក​ទង្វើ​របស់​ខ្លួន​ថា ជា​ការ​បង្ក្រាប​ទៅ​លើ​ពួក​ឧទ្ទាម​ ជា​ជាង​ការធ្វើ​ទុក្ខ​បុក​ម្នេញ​​ទៅ​លើ​ជនជាតិ​ភាគ​តិច​ទៅ​វិញ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ