អានតួអត្ថបទ
កូរ៉េខាងជើង

​អ.ស.ប៖ កូរ៉េ​ខាង​ជើង​លួច​នាំ​ចេញ​ទំនិញហាម​ឃាត់​​ បំពាន​​ទណ្ឌកម្ម​​អន្ដរជាតិ

ប្រទេស​កូរ៉េ​ខាង​ជើង បាន​រំលោភ​បំពាន​លើ​ការ​ដាក់​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ ដោយ​លួច​នាំ​ទំនិញ​ចេញ​ទៅ​បរទេស ហើយ​រក​បាន​ប្រាក់​ចំណូល​ជិត​២០០​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន​។ នេះ​បើ​តាម​របាយការណ៍​ថ្មី​របស់​ក្រុម​អ្នក​ជំនាញ​នៃ​អង្គការ​សហប្រជាជាតិ ដែល​ត្រូវ​បាន​បង្ហាញ​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ទី​២​កុម្ភៈ​។

នាវាអាមេរិក Destroyer របស់កងទ័ពម៉ារីនឈ្មោះ USS McCampbell ស្តាត់ចាប់កប៉ាល់ដឹកទំនិញកូរ៉េខាងជើង​ថ្ងៃទី២៦ ឧសភាមុន​នៅខាងត្បូងទីក្រុងសៀងហៃ។
នាវាអាមេរិក Destroyer របស់កងទ័ពម៉ារីនឈ្មោះ USS McCampbell ស្តាត់ចាប់កប៉ាល់ដឹកទំនិញកូរ៉េខាងជើង​ថ្ងៃទី២៦ ឧសភាមុន​នៅខាងត្បូងទីក្រុងសៀងហៃ។ © Reuters
ផ្សាយពាណិជ្ជកម្ម

ទោះ​ជា​កំពុង​រង​ទណ្ឌកម្ម​ពី​សំណាក់​អង្គការ​សហប្រជាជាតិ​ក៏​ដោយ ក៏​កូរ៉េ​ខាង​ជើង​នៅ​តែ​បន្ត​នាំ​ចេញ​នូវ​ទំនិញ​ហាម​ឃាត់​ជា​ច្រើន​មុន រាប់​ចាប់​តាំង​ពី​ធ្យូង​ថ្ម និង​ដែក​ថែប​ជា​ដើម​។ ធ្យូង​ថ្ម ត្រូវ​បាន​ក្រុង​ព្យុងយ៉ាង​នាំ​ចេញ​ទៅ​​ប្រទេស​ចិន ម៉ាឡេស៊ី កូរ៉េ​ខាង​ត្បូង រុស្ស៊ី និង​វៀតណាម តាម​ផ្លូវ​ទឹក​។ ហើយ​ការ​ដឹក​ជញ្ជូន​នោះ​ទៀត​សោត បាន​ប្រើ​ប្រាស់​វិធី​សាស្ត្រ​ជា​ច្រើន ដើម្បី​ពង្វៀង​ផ្លូវ​មិន​ឲ្យ​គេ​ដឹង​ថា ជា​ទំនិញ​របស់​កូរ៉េ​ខាង​ជើង​។ នេះ​បើ​តាម​របាយការណ៍​ចេញ​ផ្សាយ​ដោយ​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​។ យោង​តាម​របាយការណ៍​ដដែល ​​ការ​នាំ​ចេញ​ទំនិញ​ហាម​ឃាត់​ទាំង​នេះ បាន​ចាក់​បញ្ចូល​ចំណូល​ជិត​២០០​លាន​ដុល្លារ​អាមេរិក​ទៅ​ក្នុង​សេដ្ឋកិច្ច​កូរ៉េ​ខាង​ជើង​ គិត​ត្រឹម​ចន្លោះ​ខែ​មករា ដល់​ខែ​កញ្ញា ឆ្នាំ​២០១៧​​ប៉ុនណោះ​​។

ក្រុម​អ្នក​ជំនាញ​ដដែល​ក៏បាន​រក​ឃើញ​ផង​ដែរ ភស្តុតាង​ដែល​បង្ហាញ​អំពី​កិច្ច​សហប្រតិបត្តិការ​របស់​កូរ៉េ​ខាង​ជើង ជាមួយ​ស៊ីរី និង​ភូមា។ ស៊ីរី និង ភូមា ដែល​បើ​តាម​របាយការណ៍ គឺ​នៅ​តែ​ជា​ប្រទេស​ដែល​បន្ត​ទិញ​អាវុធ​ពី​កូរ៉េ​ខាង​ជើង​។ អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ ឲ្យ​ដឹង​​ថា កូរ៉េ​ខាង​ជើង មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​អភិវឌ្ឍ​កម្មវិធី​អាវុធ​គីមី​សម្រាប់​​ស៊ីរី ហើយ​ថែម​ទាំង​គ្រោង​​ផ្ដល់​មីស៊ីល​បាលីស្ទីក​ទៅ​ដល់​ប្រទេស​ភូមា​ទៀត​ផង​។

គួរ​រំឭក​ជូនថា កាល​ពី​ឆ្នាំ​២០១៧ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បានសម្រេច​​អនុម័ត​ទណ្ឌកម្ម​សេដ្ឋកិច្ច​​ជា​បន្ត​បន្ទាប់​ទៅ​លើ​កូរ៉េ​ខាង​ជើង ក្នុង​គោលដៅ​កាត់​បន្ថយ​ចំណូល​ដែល​​ប្រទេស​នេះ​យក​ទៅ​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​។ ប៉ុន្តែ​ជាការ​ពិត តាម​រយៈ​របាយការណ៍​ចុង​ក្រោយ​នេះ គេ​ដឹង​ថា កូរ៉េ​ខាង​ជើង​នៅ​តែ​គគ្លើន មិន​ខ្វាយ​ខ្វល់​ឬ​ចាប់​អារម្មណ៍​ពី​ទណ្ឌកម្ម​ដែល​អន្ដរជាតិ​ដាក់​មក​លើ​ខ្លួន​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ