ចិនប្រកាសសាកល្បងដោយជោគជ័យ នូវការបាញ់ស្ទាក់ចាប់មីស៊ីលបាលីស្ទិក
ចិនបានប្រកាសធ្វើការសាកល្បងប្រកបដោយជោគជ័យ នូវការបាញ់ស្ទាក់ចាប់មីស៊ីលបាលីស្ទិក ដោយប្រើប្រព័ន្ធការពារបាញ់ពីដីទៅលើអាកាស។ ជាដំណឹងដែលផ្តល់ជូនតាមរយៈសេចក្តីថ្លែងការណ៍ដ៏ខ្លីមួយ នៅថ្ងៃអង្គារទី ៦ កុម្ភៈនេះ និងធ្លាក់មកជួនចំពេលដែលស្ថានភាពនៅឧបទ្វីបកូរ៉េកំពុងបន្តតានតឹងខ្លាំងនៅឡើយ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០៤
ការសាកល្បងបាញ់ស្ទាក់មីស៊ីល រយៈមធ្យម បានប្រព្រឹត្តទៅ កាលពីថ្ងៃចន្ទទី ៥កុម្ភៈម្សិលមិញ និងបានសម្រេចកម្មវត្ថុដូចបំណង ! នេះជាខ្លឹមសារលម្អិតដ៏ខ្លី នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិចិន ដែលបានគូសបញ្ជាក់បន្ថែមទៀតថា ជាការបាញ់សាកល្បង ក្នុងអត្ថន័យការពារ និងគ្មានតម្រង់ទិសប្រឆាំងប្រទេសណាមួយឡើយ !
ប៉ុន្តែការសាកល្បងនេះ ប្រព្រឹត្តទៅក្នុងខណៈដែលស្ថានភាពនយោបាយកំពុងឡើងតានតឹងជាថ្មី រួមរឹតលើកូរ៉េខាងជើង បន្ទាប់ពីមានការផ្តោះប្តូរសារស័ព្ទបែបនិយមសង្គ្រាម រវាងព្យុងយ៉ាងនិងវ៉ាស៊ីនតោន បំផុសឱ្យមានក្តីព្រួយបារម្ភខ្លាំងខ្លាចមានប្រឈមមុខដាក់គ្នាដោយអាវុធ។
ដើម្បីកម្លារកូរ៉េខាងជើង ដែលបើតាមការអះអាងរបស់ភ្នាក់ងារចារកិច្ចអាមេរិក CIA កាលពីចុងខែមករា អាចនឹងមានសមត្ថភាព ក្នុងរយៈពេលពីរបីខែទៀតខាងមុខ វាយប្រហារដល់សហរដ្ឋអាមេរិក ដោយប្រើអាវុធនុយក្លេអ៊ែរ សហរដ្ឋអាមេរិកបានជំនះដាក់ពង្រាយខែលមីស៊ីលប្រឆាំងមីស៊ីល Thaad នៅកូរ៉េខាងត្បូង ដោយមិនខ្វល់នឹងសម្រែកប្រឆាំងរបស់ប៉េកាំង។ នៅក្នុងសេចក្តីសន្ទរកថាប្រចាំឆ្នាំទៅកាន់ប្រជាជាតិ លោកប្រធានាធិបតីអាមេរិក បានព្រមានរាល់គ្រប់សកម្មភាពស៊ុំគ្រលំបណ្តោយឱ្យមានការគំរាមកំហែងនុយក្លេអ៊ែរកូរ៉េខាងជើង ដោយបានចាត់ទុករបបគីមជុងអ៊ុន ថាជារបបផ្តាច់ការដ៏ឃោរឃៅ។ ទប់ស្កាត់មហិច្ឆតានុយក្លេអ៊ែរកូរ៉េខាងជើង បានក្លាយជាអាទិភាពចំបងទីមួយនៃនយោបាយការបរទេសរបស់រដ្ឋាភិបាលលោក ត្រាំ។ ហើយបើតាមអ្នកសង្កេតការណ៍ជាច្រើន ការវាយប្រហាររបបព្យុងយ៉ាងជាកិច្ចការពារ ជាគម្រោងដ៏ហ្មត់ចត់មែនទែនរបស់វ៉ាស៊ីនតោន។
ប្រធានាធិបតីអាមេរិករក្សាជម្រើសយោធាក្នុងការចាត់វិធានការលើកូរ៉េខាងជើង ឯរដ្ឋមន្ត្រីការបរទេស លោក Rex Tillerson វិញ បន្តការពារដំណោះស្រាយតាមផ្លូវការទូត ដើម្បីបញ្ចុះបញ្ចូលឱ្យព្យុងយ៉ាងត្រលប់មកអង្គុយចរចាដោះស្រាយបញ្ហានុយក្លេអ៊ែរ។ លោក Tillerson បានធានាអះអាងជាថ្មី កាលពីថ្ងៃចន្ទម្សិលមិញថា អនុប្រធានាធិបតីអាមេរិក ឬតំណាងវ៉ាស៊ីនតោនមួយចំនួនទៀត អាចនឹងជួបតំណាងផ្លូវការកូរ៉េខាងជើង នៅពេលកីឡាអូឡាំពិករដូវរងារនៅកូរ៉េខាងត្បូងផង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ