អានតួអត្ថបទ

អតីត​នាយករដ្ឋមន្រ្តី​បង់ក្លាដែស​​ត្រូវ​តុលាការ​កាត់ទោស​ដាក់​ពន្ធនាគារ​៥ឆ្នាំ​ពីបទ​ពុករលួយ

លោកស្រី ខាលីដា ហ្ស៊ីយ៉ា (Khaleda Zia) អតីត​នាយករដ្ឋមន្រ្តី​បង់ក្លាដែស ត្រូវ​បាន​តុលាការ​កាត់ទោស​នៅថ្ងៃ​ព្រហស្បតិ៍​នេះ ដាក់​ពន្ធនាគារ ៥ឆ្នាំ ពីបទ​ពុករលួយ ប្រព្រឹត្ត​ក្នុង​អំឡុង​ពេល​ដែល​លោកស្រីកាន់តំណែង​ជា​នាយករដ្ឋមន្រ្តី។ លោកស្រី​ខាលីដា ហ្ស៊ីយ៉ា បាន​បដិសេធ​រាល់​ការ​ចោទប្រកាន់​លើ​លោកស្រី ដោយ​បាន​ចាត់ទុក​ការ​កាត់ទោស​ដាក់ពន្ធនាគារ​លោកស្រី​នៅពេលនេះ​ថា​ជា​រឿង​នយោបាយ។

លោកស្រី ខាលីដា ហ្ស៊ីយ៉ា (Khaleda Zia) អតីត​នាយករដ្ឋមន្រ្តី​បង់ក្លាដែស នៅរដ្ឋធានី​ដាកា កាល​ពីថ្ងៃទី២​មិថុនា ២០១៦ (រូបថតឯកសារ)
លោកស្រី ខាលីដា ហ្ស៊ីយ៉ា (Khaleda Zia) អតីត​នាយករដ្ឋមន្រ្តី​បង់ក្លាដែស នៅរដ្ឋធានី​ដាកា កាល​ពីថ្ងៃទី២​មិថុនា ២០១៦ (រូបថតឯកសារ) STR/AFP
ផ្សាយពាណិជ្ជកម្ម

លោកស្រី ខាលីដា ហ្ស៊ីយ៉ា ដែល​ធ្លាប់​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​ដល់​ទៅ​ពីរលើក គឺ​លើកទី១ ពីឆ្នាំ១៩៩១ ដល់​ឆ្នាំ១៩៩៦ និង​លើកទី២ ​ពី​ឆ្នាំ២០០១ ដល​់ឆ្នាំ២០០៦ បច្ចុប្បន្ន​គឺ​ជា​មេដឹកនាំ​ប្រឆាំង​ដ៏​សំខាន់ និង​ជា​គូប្រជែង​ដ៏​ជូរចត់​​របស់​នាយករដ្ឋមន្រ្តី​បច្ចុប្បន្ន គឺ​លោកស្រី ស្ហេក ហាស៊ីណា (Sheik Hasina)។

នៅ​ក្នុង​ការ​ចោទប្រកាន់​ពីបទ​ពុករលួយ រដ្ឋអាជ្ញា​បង់ក្លាដែស​បាន​ទាមទារ​ឲ្យ​ចៅក្រម​កាត់ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ក៏ប៉ុន្តែ នៅទីបំផុត​ទៅ ចៅក្រម​សម្រេច​ដាក់​ទោស​ត្រឹម​ ៥ឆ្នាំ។ ក៏ប៉ុន្តែ បើទោះបីជា​យ៉ាងនេះក៏ដោយ ការ​កាត់ទោស​ដាក់​ពន្ធនាគារ ៥ឆ្នាំ​​នេះ គឺ​មានន័យថា លោកស្រី ខាលីដា ហ្ស៊ីយ៉ា នឹង​មិន​អាច​ឈរឈ្មោះ​ជា​បេក្ខជន​បានទេ ​នៅ​ក្នុងការ​បោះឆ្នោត​ជាតិ ដែល​គ្រោង​នឹង​រៀបចំ​ធ្វើ​ នៅក្នុង​ឆ្នាំនេះ។

ហេតុដូច្នេះហើយ​បាន​ជា​លោកស្រី ក៏ដូចជា គណបក្ស​របស់​លោកស្រី​បាន​អះអាង​ថា ការកាត់ទោសនេះ ធ្វើឡើង នៅ​ក្នុង​គោលដៅ​តែមួយគត់ គឺ​រារាំង​លោកស្រី​មិន​ឲ្យ​ឈរឈ្មោះ​​ជា​នាយករដ្ឋមន្រ្តី។

គួររំឭកឡើងវិញ​ថា ការចោទប្រកាន់​ពីបទ​ពុករលួយ​លើ​លោកស្រី ខាលីដា ហ្ស៊ីយ៉ា​នេះ បាន​ធ្វើ​ឲ្យ​គណបក្ស​របស់​លោកស្រី​ធ្វើ​ពហិការមិនចូលរួម​ក្នុងការ​បោះឆ្នោត​ម្តងរួចមកហើយ កាល​ពីឆ្នាំ​២០១៤​កន្លងទៅ ដែល​កាលណោះ បាន​បង្ក​ឲ្យ​មាន​បាតុកម្ម​តវ៉ា​ប្រឆាំង​នៅទូទាំង​ប្រទេស។

នៅថ្ងៃ​ព្រហស្បតិ៍​នេះ នៅមុន​ពេល​ប្រកាស​សាលក្រម​ដាក់ទោស​លោកស្រី ខាលីដា ហ្ស៊ីយ៉ា ការ​ប៉ះទង្គិចគ្នា​ដោយ​ហិង្សា​បាន​ផ្ទុះឡើង រវាង​ក្រុម​អ្នក​គាំទ្រ​លោកស្រី និង​កងកម្លាំង​រក្សា​សន្តិសុខ ដែល​រដ្ឋាភិបាល​ដាក់ពង្រាយ​ ដើម្បី​រារាំង​ពួកគេ កុំ​ឲ្យ​ចូល​ទៅ​ក្បែរ​ទីតាំង​តុលាការ។ យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក ការ​ប៉ះទង្គិចគ្នា​នេះ​បាន​កើតឡើង​ជាច្រើន​គីឡូម៉ែត្រ ពី​តុលាការ ហើយ​បាន​បណ្តាល​ឲ្យ​ប៉ូលិស​យ៉ាងតិច ៥នាក់ ត្រូវ​រងរបួស។

នាយក​អង្គការ​សិទ្ធិមនុស្ស Human Rights Watch ប្រចាំតំបន់​អាស៊ី គឺ​លោក ប្រ៊ែត អាដាម បាន​ធ្វើការ​អំពាវនាវ​ នៅថ្ងៃ​ព្រហស្បតិ៍​នេះ ឲ្យ​រដ្ឋាភិបាល​បង់ក្លាដែស​បញ្ឈប់​នូវ​​រាល់​ការ​​ចាប់ខ្លួន ឬ​ឃុំខ្លួនក្រុម​ប្រឆាំង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់ ព្រមទាំង​បាន​លើកឡើង​ថា ការណ៍​ដែល​រដ្ឋាភិបាល​អះអាង​ថា ខ្លួន​គោរព​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​នោះ គឺ​គ្មាន​ន័យ​អ្វីទៀតទេ ក្នុងពេល​ដែល​ខ្លួន​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​អ្នក​ប្រឆាំង​ខាង​នយោបាយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ