ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/02 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/02 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/02 12h00 GMT

ឧបទ្វីបកូរ៉េ៖​កូរ៉េខាងជើង​បង្ហាញ​សាច់ដុំ​យោធា​ក្នុង​ពេល​ដែល​កូរ៉េខាងត្បូង​កំពុង​ត្រៀម​សម្ពោធ​កីឡាអូឡាំពិក

ឧបទ្វីបកូរ៉េ៖​កូរ៉េខាងជើង​បង្ហាញ​សាច់ដុំ​យោធា​ក្នុង​ពេល​ដែល​កូរ៉េខាងត្បូង​កំពុង​ត្រៀម​សម្ពោធ​កីឡាអូឡាំពិក
 
កូរ៉េខាងជើង​បង្ហាញ​សាច់ដុំ​យោធា​ក្នុង​ពេល​ដែល​កូរ៉េខាងត្បូង​កំពុង​ត្រៀម​សម្ពោធ​កីឡាអូឡាំពិក Reuters/KCNA

នៅ​ឧបទ្វីប​កូរ៉េ មួយ​ថ្ងៃ​មុន​កូរ៉េខាងត្បូង​បើក​សម្ពោធ​កីឡាអូឡាំពិក​រដូវរងា​នៅ​ថ្ងៃ​សុក្រ ទី៩ កុម្ភៈ កូរ៉េខាងជើង​បាន​រៀបចំ​ក្បួនព្យុហយាត្រា​នៅ​ទីលាន​គីម អ៊ីលស៊ុង​ក្នុង​ទីក្រុង​ព្យុងយ៉ាង​នា​ថ្ងៃ​ព្រហស្បតិ៍ ទី៨ កុម្ភៈ។ តែ​នៅ​ក្នុង​ក្បួន​ព្យុហយាត្រា​នេះ ទូរទស្សន៍ជាតិ​កូរ៉េខាងជើង​មិន​បាន​ចាក់​ផ្សាយ​បន្ត​ផ្ទាល់​ដូច​លើក​មុខៗ​ទេ។ ទន្ទឹម​គ្នា​នេះ របប​ក្រុង​ព្យុងយ៉ាង​ក៏​បាន​បញ្ជាក់​ថា ខ្លួន​គ្មាន​បំណង​នឹង​ប្រែ​ក្លាយ​វេទិកា​កីឡា​មួយ​នេះ​ទៅ​ជា​វេទិកា​នយោបាយ​ទេ។

ទោះ​ជា​យ៉ាង​នេះ​ក្តី វត្តមាន​របស់​ក្រុមកីឡាករ​កូរ៉េខាងជើង​ក៏​ដូច​ជា​ដំណើរ​ទៅ​ចូលរួម​របស់​គណៈប្រតិភូជាន់ខ្ពស់​កូរ៉េខាងជើង​នៅ​ក្នុង​ពិធី​បើក​សម្ពោធ​នឹង​គ្មាន​ការ​ប្រែប្រួល​ឡើយ។

បំណង​របស់​កូរ៉េខាងជើង​ដែល​បាន​រៀបចំ​ក្បួន​ព្យុហយាត្រា​ពេល​នេះ គឺ​គ្មាន​អ្វី​ក្រៅ​ពី​បន្ត​បង្ហាញ និង​បង្អួត​ពិភពលោក​នូវ​សក្តានុពល​យោធា​របស់​ខ្លួន​ដូច​ដែល​លោក​មនុស្សខ្លាំង​គីម ជុងអ៊ុន​បាន​ថ្លែង​នា​ឱកាស​ក្បួន​ព្យុហយាត្រា​នៅ​ព្រឹកមិញ​ថា កូរ៉េខាងជើង​បាន​ក្លាយ​ជា​រដ្ឋ​មួយ​ដែល​មាន​សមត្ថភាព​ក្នុង​ការ​បង្ហាញ​ប្រាប់​ពិភពលោក​នូវ​លក្ខន្តិក​នៃ​មហាអំណាច​យោធា​កូរ៉េខាងជើងខ្នាត​អន្តរជាតិ។ ម្យ៉ាង​ទៀត ក្បួន​ព្យុហយាត្រា​នេះ​ក៏​ជា​សារ​ព្រមាន​មួយ​ដែល​ក្រុង​ព្យុងយ៉ាង​ចង់​ផ្ញើ​ទៅ​កាន់​អាមេរិក និង​កូរ៉េខាងត្បូង​ដែល​មាន​គម្រោង​ចង់​ធ្វើ​សមយុទ្ធ​រួម​គ្នា​នៅ​ពេល​ខាង​មុខ។

តាម​ធម្មតា កូរ៉េខាងជើង​តែង​រៀបចំ​ក្បួនព្យុហយាត្រា​នៅ​រៀងរាល់​ថ្ងៃទី២៥ ខែមេសា​ដែល​ជា​ថ្ងៃ​បង្កើត​កងទ័ព​បដិវត្តន៍​ប្រជាជន​ក្នុង​ថ្ងៃទី២៥ មេសា ឆ្នាំ ១៩៣២។ តែ​នៅ​ក្នុង​ខែ​មករា​កន្លង​ទៅ​ថ្មីៗ​នេះ កូរ៉េខាងជើង​បាន​ប្រកាស​ពី​ការ​លើក​មក​ធ្វើ​ក្នុង​ថ្ងៃទី៨ កុម្ភៈ​ដែល​ជា​ថ្ងៃ​បង្កើត​កងទ័ពជាតិ​ខាងជើង​ក្នុង​ថ្ងៃទី៨ កុម្ភៈ ឆ្នាំ ១៩៤៨។ កំណត់​សម្គាល់​មួយ​ទៀត ក្បួនព្យុហយាត្រា​របស់​កូរ៉េខាងជើង​ពេល​នេះ​មិន​ត្រូវ​បាន​ទូរទស្សន៍រដ្ឋ​ចាក់​ផ្សាយ​បន្តផ្ទាល់​ដូច​ក្បួនព្យុហយាត្រា​កាល​ពី​ខែ​មេសា ឆ្នាំ ២០១៧​ទេ។

ព័តមាន​ស្តីពី​ក្បួនព្យុហយាត្រា​របស់​កងទ័ព​កូរ៉េខាងជើង​ពេល​នេះ​បាន​ផ្តល់​ដោយ​ប្រភព​រដ្ឋាភិបាល​នៅ​ក្រុង​សេអ៊ូល ពោល​មិនមែន​រដ្ឋាភិបាល​នៅ​ក្រុង​ព្យុងយ៉ាង។ យ៉ាង​ណា​ក៏​ដោយ កូរ៉េខាងជើង​បាន​ចេញ​មុខ​ការពារ​ថា រឿង​ក្បួនព្យុហយាត្រា​ពេល​នេះ​ជា​រឿង​ផ្ទែក្នុង​របស់​កូរ៉េខាងជើង​សុទ្ធសាធ​ដែល​គ្មាន​ជំពាក់​វាក់វិន​នឹង​ការ​រៀបចំ​ល្បែង​កីឡាអូឡាំពិក​នៅ​កូរ៉េខាងត្បូង​ឡើយ។

ល្បែងកីឡាអូឡាំពិក​បាន​ចូលរួម​កាត់​បន្ថយ​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ

វត្តមាន​រួម​គ្នា​រវាង​ក្រុម​កីឡាករ​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង​ជា​សញ្ញា​ដែល​បញ្ជាក់​ពី​ភាព​ធូរស្រាល​នៅ​ឧបទ្វីប​កូរ៉េ។ ពិត​ណាស់​ថា ក្តីសង្ឃឹម និង​ការ​ចង់​បាន​របស់​សហគមន៍​អន្តរជាតិ ពិសេស​ពលរដ្ឋ​កូរ៉េ គឺ​ការ​រលាយ​ចូល​គ្នា​ឡើង​វិញ​រវាង​កូរ៉េទាំង​ពីរ​ដូច​ជា​ការ​រំលំ​ជញ្ជាំង​ក្រុង​ប៊ែរឡាំង​រវាង​អាល្លឺម៉ង់​ខាងកើត និង​អាល្លឺម៉ងខាងលិច​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ១៩៨៩។ ជានិច្ចជាកាល បងប្អូន​បង្កើត​គូសត្រូវ​កូរ៉េ​ទាំង​ពីរ​តែង​ឆក់​ឱកាស និង​ប្រើ​វេទិកា​ល្បែង​កីឡា​អូឡាំពិក​ដើម្បី​ឈាន​ទៅ​រក​ការ​រួបរួម​គ្នា​ឡើង​វិញ។ នៅ​លើក​នេះ​ទៀត កូរ៉េខាងត្បូង​បាន​ឆក់​ឱកាស​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​រៀប​ចំ​កីឡាអូឡាំពិក​ដើម្បី​ជួប​សន្ទនា​ជាមួយ​គណៈប្រតិភូជាន់ខ្ពស់​កូរ៉េខាងជើង​ដែល​ដឹកនាំ​ដោយ​ប្អូនស្រីពៅ​របស់​លោក​គីម ជុងអ៊ុន គឺ​លោកស្រី​គីម យ៉ូជុង​អាយុ ២៨ឆ្នាំ។

មាន​វ័យ​ក្មេង​មែន តែ​លោកស្រី​គីម យ៉ូជុង​ត្រូវ​បាន​គេ​ស្គាល់​ជា​ឥស្សរជន​ដ៏​មាន​ឥទ្ធិពល​នៅ​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​កូរ៉េខាងជើង​សព្វថ្ងៃ។ សារព័ត៌មាន​កូរ៉េខាងត្បូង​ថែម​ទាំង​បាន​ប្រដូច​លោកស្រី​គីម យ៉ូជុង​ទៅ​នឹង​លោកស្រី​អ៊ីវ៉ាន់កា ត្រាំ​ដែល​ជា​កូនស្រី​របស់​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ។ លោកស្រី​អ៊ីវ៉ាន់កា ត្រាំ​ក៏​នឹង​មាន​វត្តមាន​នៅ​ថ្ងៃ​បិទ​ល្បែង​កីឡាអូឡាំពិក​ក្នុង​ទីក្រុង​ព្យុងឆាង ទឹកដី​កូរ៉េខាងត្បូង។ វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៨ កុម្ភៈ​ថា លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​មូ ចៃអ៊ីន​នឹង​រៀបចំ​អាហារ​ថ្ងៃ​ត្រង់​ទទួល​គណៈប្រតិភូ​កូរ៉េខាងជើង​ដឹកនាំ​ដោយ​លោកស្រី​គីម យ៉ូជុង​នៅ​វិមាន​ប្រធានាធិបតី​នា​ថ្ងៃ​សៅរ៍ ទី១០ កុម្ភៈ និង​អាច​មាន​ជំនួប​ជាមួយ​លោកស្រី​គីម យ៉ូជុង​ផង។

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​គម្រោង​ជំនួប​នោះ​នឹង​មាន ឬ​អត់​ទេ ហើយ​បើ​មាន​មែន ក៏​គេ​នៅ​មិន​ទាន់​ដឹង​ពី​ខឹ្លមសារ​នៃ​ជំនួប​នោះ​ដែរ។ អ្វី​ដែល​គេ​អាច​និយាយ​បាន លោកស្រី​គីម យ៉ូជុង​ជា​សមាជិក​ទី១ របស់​ត្រកូល​គីម​កាន់អំណាច​នៅ​កូរ៉េខាងជើង​ដែល​បាន​ឆ្លងដែន​ទៅ​កូរ៉េខាងត្បូង​ដោយ​កាត់​តាម​ខ្សែបន្ទាត់​គូស​ចែក​កូរ៉េ​ទាំង​ពីរ​តាំង​ពី​ក្រោយ​ការ​បិទ​បញ្ចប់​សង្រ្គាម​កូរ៉េ​ក្នុង​ឆ្នាំ ១៩៥៣។

កូរ៉េខាងជើង​បដិសេធ​សន្ទនា​ជាមួយ​តំណាង​អាមេរិក​ក្នុង​ឱកាស​កីឡាអូឡាំពិក​នៅ​កូរ៉េខាងត្បូង

ការ​រៀបចំ​ល្បែង​កីឡាអូឡាំពិក​ជាង ១០ថ្ងៃ​ពិត​ជា​មិន​អាច​ដោះស្រាយ​បញ្ហា​ស្មុគស្មាញ និង​ចម្រូងចម្រាស​រវាង​កូរ៉េ​ទាំង​ពីរ​ដែល​បាន​អូសបន្លាយ​ជាង​កន្លះ​សតវត្ស​បាន​ឡើយ។ តែ​យ៉ាង​ហោច​ណាស់ ក៏​ជា​ឱកាស​មួយ​អនុញ្ញាត​ឲ្យ​បងប្អូន​បង្កើត​គូសត្រូវ​ទាំង​ពីរ ពិសេស​ក្រុម​កីឡាករ​បំភ្លេច​រឿង​ការ​បែកបាក់ និង​រួម​សប្បាយ​ទាំង​អស់​គ្នា​ដែរ។ របប​ក្រុង​ព្យុងយ៉ាង​តែង​មាន​ការ​ប្រយ័ត្នប្រយែង​ខ្លាំង​ដោយ​ចៀសវាង​ធ្វើ​យ៉ាង​ណា កុំ​ឲ្យ​រូបភាព​នៃ​ការ​រៀបចំ​ល្បែងកីឡាអូឡាំពិក​របស់​កូរ៉េខាងត្បូង​ពេល​នេះ​ក្លាយ​ជា​រូបភាព​មួយ​នៃ​ការ​បញ្ចុះបញ្ចូល​ក្នុង​រឿង​នយោបាយ។

អ៊ីចឹង​ហើយ​បាន​ជា​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៨ កុម្ភ របប​ក្រុង​ព្យុងយ៉ាង​បាន​អះអាង​ជា​ថ្មី​ម្តង​ទៀត​ថា ខ្លួន​គ្មាន​បំណង​ណា​មួយ​ដើម្បី​ប្រែ​ក្លាយ​វេទិកា​កីឡាអូឡាំពិក​ពេល​នេះ​ទៅ​ជា​វេទិកា​នយោបាយ​ទេ និង​បន្ថែម​ថា ខ្លួន​ក៏​គ្មាន​បំណង​នឹង​មាន​កិច្ចសន្ទនា​ណា​មួយ​ជាមួយ​គណៈប្រតិភូ​របស់​អាមេរិក​ដែរ។ ឃើញ​ថា ក្រុង​ព្យុងយ៉ាង​បាន​បដិសេធ​ជួប​សន្ទនា​ជាមួយ​អ្នក​តំណាង​អាមេរិក​ដែល​ទៅ​ចូលរួម​នៅ​ក្នុង​ពិធី​រៀបចំ​ល្បែង​កីឡាអូឡាំពិក តែ​នៅ​មិន​ទាន់​មាន​ប្រតិកម្ម​អ្វី​នឹង​គម្រោង​ជំនួប​រវាង​ប្អូនស្រី​របស់​លោក​គីម ជុងអ៊ុន គឺ​លោកស្រី​គីម យ៉ូជុង​ជាមួយ​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​មូចៃអ៊ីន​ឡើយ។

នេះ​ស បញ្ជាក់​ឲ្យ​ឃើញ​ពី​ឆន្ទៈ​របស់​ក្រុង​ព្យុងយ៉ាង​ដែល​ចង់​សម្របសម្រួល​ជាមួយ​ក្រុង​សេអ៊ូល។ រូប​លោក​មូចៃអ៊ីន​ខ្លួន​ឯង​ដែល​ជា​អ្នក​បោះ​ដៃ​មុន​គេ​ទៅ​រក​លោក​គីម ជុងអ៊ុន​ពិត​ជា​យល់​មិន​ច្រឡំ​ទេ​ថា ការ​ដែល​លោក​គីម ជុងអ៊ុន​បាន​បញ្ជូន​ប្អូនស្រី​ខ្លួន​ឲ្យ​ទៅ​ចូលរួម​នៅ​ក្នុង​ពិធី​សម្ពោធ​កីឡាអូឡាំពិក គឺ​ជា​សញ្ញា​វិជ្ជមាន​មួយ​ដែល​បង្ហាញ​ពី​ឆន្ទៈ​របស់​ក្រុង​ព្យុងយ៉ាង​ក្នុង​ការ​កាត់​បន្ថយ​ភាព​តានតឹង​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • កូរ៉េខាងជើង-កូរ៉េខាងត្បូង

    គណប្រតិភូ​កីឡា​អូឡាំពិក​ និងសិល្បៈ​កូរ៉េ​ខាងជើង​ ទៅដល់​កូរ៉េ​ខាងត្បូង ​ដើម្បី​ត្រួត​ពិនិត្យ​ទីតាំង

    ស្វែងយល់បន្ថែម

  • កូរ៉េខាងជើងនិងខាងត្បូង បង្កើត​​ក្រុម​កីឡា​តែមួយ នៅក្នុង​កីឡា​អូឡាំពិក​២០១៨

    ស្វែងយល់បន្ថែម

  • កូរ៉េខាងជើង

    កូរ៉េ​ខាង​ជើង សម្រេច​បញ្ជូន​អត្តពលិក​ទៅ​ចូល​រួម​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងារ​នៅ​កូរ៉េ​ខាង​ត្បូង

    ស្វែងយល់បន្ថែម

  • កូរ៉េខាងជើង-កូរ៉េខាងត្បូង

    កូរ៉េខាងត្បូង​ស្វាគមន៍​ដែល​កូរ៉េខាងជើង ​ចង់​ចូលរួម នៅ​ការប្រកួត​អូឡាំពិក នៅ​ព្យុងឆាង

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ