ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/02 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/02 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/02 12h00 GMT
អាស៊ី

ហ្វីលីពីន​លុប​កុងត្រា​ទិញ​ឧទ្ធម្ភាគចក្រ​កាណាដា បន្ទាប់​ពី​កាណាដា​រិះគន់​រឿង​រំលោភ​សិទ្ធិមនុស្ស

media  
​លោក​ប្រធានាធិបតី​ហ្វីលីពីន​ឌុយទែរតេ Reuters

នៅ​ក្នុង​ប្រទេស​ហ្វីលីពីន លោក​ប្រធានាធិបតី​ឌុយទែរតេ​បាន​បញ្ជា​នា​ថ្ងៃ​សុក្រ ទី៩ កុម្ភៈ​ឲ្យ​លុប​ចោល​កុងត្រា​ទិញ​ឧទ្ធម្ភាគចក្រ​ពី​ក្រុមហ៊ុន​កាណាដា Bell ចំនួន ១៦គ្រឿង​ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ២៣៥លានដុល្លារអាមេរិក។ ការ​សម្រេច​របស់​លោក​ឌុយទែរតេ​ដូច​នេះ​បាន​ធ្វើ​ឡើង មួយ​ថ្ងៃ​ក្រោយ​ពី​រដ្ឋាភិបាល​កាណាដា​របស់​លោក​នាយករដ្ឋមន្រ្តី Justin Trudeau បាន​រិះគន់​លើ​ការ​រំលោភសិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​តាម​រយៈ​នយោបាយ​ប្រឆាំង​គ្រឿងញៀន​របស់​លោក​ឌុយទែរតេ។

« ខ្ញុំ​ចង់​និយាយ​ប្រាប់​កងទ័ព​ឲ្យ​លុប​កុងត្រា​ទិញ​ឧទ្ធម្ភាគចក្រ​ពី​ប្រទេស​កាណាដា។ លុប​កុងត្រា​នោះ​ចោល​ទៅ ហើយ​យើង​នឹង​រក​ទិញ​ពី​ប្រទេស​ផ្សេង​វិញ » នេះ​ជា​ការ​ថ្លែង​របស់​លោក​ប្រធានាធិបតី​ហ្វីលីពីន​ឌុយទែរតេ​ដោយ​ទទួល​ស្គាល់​បន្ថែម​ថា ឧទ្ធម្ភាគចក្រ​ដែល​កម្ម៉ង់​ទិញ​ពី​ក្រុមហ៊ុន​កាណាដា Bell គឺ​សម្រាប់​វាយប្រហារ​លើ​ពួក​ឧទ្ទាម​នៅ​ហ្វីលីពីន។ ការ​សម្រេច​របស់​លោក​ឌុយទែរតេ​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​រដ្ឋាភិបាល​កាណាដា​របស់​លោក​នាយករដ្ឋមន្រ្តី Justin Trudeau បាន​គំរាម​នា​ថ្ងៃ​ព្រហស្បតិ៍ ទី៨ កុម្ភៈ​ថា នឹង​បញ្ឈប់​កុងត្រា​លក់​ឧទ្ធម្ភាគចក្រ​ទៅ​ឲ្យ​កងទ័ព​ហ្វីលីពីន​ដែល​បាន​ចុះ​ហត្ថលេខា​ក្នុង​ខែ​ធ្នូ ឆ្នាំ ២០១៧។

« លោក​នាយករដ្ឋមន្រ្តី និង​រូប​ខ្ញុំ​ផ្ទាល់​បាន​មើល​ឃើញ​យ៉ាង​ច្បាស់​ពី​ការ​រំលោភបំពាន​សិទ្ធិមនុស្ស និង​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ​នៃ​របបដឹកនាំ​របស់​លោក​ឌុយទែរតេ » នេះ​ជា​ការ​ថ្លែង​របស់​លោកស្រី​ប្រមុខ​ការទូត​កាណាដា Chrystia Freeland។ សូម​ជម្រាប​ជូន​ថា​នៅ​កាណាដា កុងត្រា​លក់​ឧទ្ធម្ភាគចក្រ​ទៅ​ឲ្យ​កងទ័ព​ហ្វីលីពីន​ក៏​ទទួល​បាន​ការ​រិះគន់ ទិតៀន​ចាស់ដៃ​ពី​គណបក្សប្រឆាំង​ក្នុង​រដ្ឋាភិបាល​របស់​លោក Trudeau ដែល​បារម្ភ​ពី​ការ​ដែល​កងទ័ព​ហ្វីលីពីន​យក​ឧទ្ធម្ភាគចក្រ​ទាំង​នោះ​ទៅ​សម្លាប់​ជនស៊ីវិល​ស្លូតត្រង់។

រូប​លោក​ឌុយទែរតេ​ខ្លួន​ឯង​បាន​សារភាព​ថា វា​ពិត​ជា​រឿង​ចៀស​មិន​រួច​ដែល​ឧទ្ធម្ភាគចក្រ​ទិញ​ពី​កាណាដា​នឹង​ត្រូវ​យក​ទៅ​ប្រើ​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ពួក​ឧទ្ទាម និង​ពួក​ភេរវជន។ គួរ​រម្លឹក​ជូន​ថា កងទ័ព​ហ្វីលីពីន​បាន​ប្រើ​ឧទ្ធម្ភាគចក្រ និង​យន្តហោះ​ចម្បាំង​ផ្សេង​ទៀត​ជាមួយ​នឹង​កម្លាំង​ថ្មើរជើង​ដើម្បី​វាយប្រហារ​លើ​ជម្រក​របស់​ពួក​ទ័ពព្រៃ​កាន់​សាសនា​អ៊ីស្លាម និង​របស់​ពួក​ឧទ្ទាម​កុម្មុយនិស្ត​នៅ​ទីកន្លែង​ជា​ច្រើន។ យ៉ាង​ណា​ក៏​ដោយ ភាព​ប្រទូស្រ្តាយ​រវាង​ហ្វីលីពីន និង​កាណាដា​ពេល​នេះ​បាន​ធ្លាក់​មក ចំ​ពេល​ដែល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក្រុង​ឡាអេ​ទើប​បាន​ប្រកាស​ពី​ការ​បើក​ស៊ើបអង្កេត​បឋម​លើ​សំណុំរឿង​ចោទ​លោក​ឌុយទែរតេ​ពី​បទ​ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់​ជា​ច្រើន​ពាន់នាក់​នៅ​ក្នុង​នយោបាយ​ប្រឆាំង​គ្រឿងញៀន​របស់​លោក៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ